លោក សម រង្ស៊ី ថ្លែង​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ទទួល​បាន​ជ័យ​ជម្នះ ៧០ ​ភាគ​រយហើយ​ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​នៅ​កម្ពុជា។ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា​ ៣០​ ភាគ​រយ​ដែល​នៅ​សល់​អាច​ចំណាយ​ពេល​យូរ​ជាង ហើយ​ការ​ប្រកាស​វិល​ត្រឡប់​ថ្ងៃ​ទី​៩ វិច្ឆិកា គឺ​គ្រាន់​តែ​ជា​ការ​ស្ទាប​ស្ទង់​ស្ថានការណ៍។


មុន​ពេល​ឡើង​ជិះ​យន្ត​ហោះ​ពី​ព្រលាន​យន្ត​ហោះ Charles de Gaulle ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង កាល​ពី​ថ្ងៃ​សៅរ៍ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​លះ​បង់​ពី​សំណាក់​អ្នក​គាំទ្រ​របស់​លោក។ លោក​ហៅ​ការ​លះ​បង់​នោះ​ថា ជា​ដើម​ទុន​នយោបាយ​ដ៏​ធំ​សម្រាប់​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ «ជោគ​ជ័យ​របស់​គណបក្ស​យើង​នឹង​បាន​សម្រេច​១០០​ភាគរយ យើង​បាន​សម្រេច​៧០​ភាគ​រយ​យ៉ាង​តិច ដោយ​សារ​ការ​ខំ​ប្រឹង​ប្រែង​របស់​បង​ប្អូន​កូន​ក្មួយ អ្នក​តស៊ូ​ទាំង​អស់។ ដើម​ទុន​នយោបាយ​កាន់​តែ​កើន គឺ​ជ័យ​ជម្នះ​នយោបាយ​កាន់​តែ​ជិត អ៊ីចឹង​ហើយ​មិន​យូរ​មិន​ឆាប់​ ឥឡូវ​យើង​បាន​៧០​ភាគ​រយ មិន​យូរ​មិន​ឆាប់​យើង​គង់​តែ​ឈាន​ដល់​ ១០០ ​ភាគ​រយជា​មិនខាន។

អ្នក​នយោបាយ​បក្ស​ប្រឆាំង​រូប​នេះ​បាន​រស់​នៅ​និរទេស​ខ្លួន​កាល​ពី​ឆ្នាំ​២០១៥ ដើម្បី​គេច​ចេញ​ពី​បណ្ដឹង​ជា​ច្រើន​ករណី​នៅ​តុលាការ​។ លោក​ប្រកាស​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅថ្ងៃ​ទី​៩ វិច្ឆិកា ប៉ុន្តែ​ដំណើរ​វិល​ត្រឡប់​របស់​លោក​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ផែន​ការ​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល ដោយ​សារ​តែ​លោក រង្ស៊ី បាន​ប្រកាស​ចូល​មក​ចាប់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​អំពាវ​នាវ​ឲ្យ​កង​ទ័ព​បែ​ចុង​កាណុង​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រីជាដើម។


ពាក់​ព័ន្ធ​នឹង​ការ​អះ​អាង​ពី​ភាព​ជោគ​ជ័យ​របស់​ខ្លួន អ្នក​វិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ ថ្លែង​ថា៖ «អ្វី​ដែល​គួរ​ឲ្យ​សរសើរ​ដល់​លោក សម រង្ស៊ី មក​ដល់​ពេល​នេះ​គឺ​ថា គាត់​បាន​ប្រែ​ក្លាយ​ខ្លួនគាត់​ឲ្យ​ទៅ​ជា​តួ​អង្គ​មួយ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​សម្រាប់​ពលរដ្ឋ​ក្នុង​ប្រទេស​របស់​គាត់ ដែល​ចង់​បាន​ការ​ផ្លាស់​ប្ដូរ​​​ការ​គ្រប់​គ្រង​ប្រទេស បើទោះ​បី​ជាការ​​ខំ​ប្រឹង​ប្រែង​របស់​គាត់​ធ្វើ​ឡើង​តែ​ម្នាក់​ឯង ហើយ​ពី​​​បរទេស​ទៀត»។


លោក ឡៅ ម៉ុងហៃ បន្ត​ថា លោក សម រង្ស៊ី បាន​សម្រេចក្នុង​ការ​​រក្សា​និង​ពង្រឹង​បំណង​របស់​គាត់​ និង​ប្រជាប្រិយភាព​របស់​គាត់​ផ្ទាល់ ហើយ​សព្វ​ថ្ងៃ​នេះ​លោក​បាន​ក្លាយ​ជា​មនុស្ស​អស្ចារ្យ (ចម្លែក)។

ទោះ​យ៉ាង​ណា​លោក ម៉ុងហៃ យល់​ថា វា​នៅ​តែ​ជា​សំណួរ​ថា​តើ​លោក រង្ស៊ី នៅ​ទី​បញ្ចប់​អាច​សម្រេច​គោល​ដៅ​ក្នុង​ការ​វិល​ត្រឡប់មក​កម្ពុជា ហើយយក​អំណាច​បាន​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ដែល​ទទួល​បាន​ការ​គាំទ្រ​ទាំង​ស្រុង​ពី​កង​ទ័ព និង​កង​កម្លាំង​សន្តិសុខឬ​យ៉ាង​ណា។

លោក ឡៅ ម៉ុងហៃ និយាយ​ថា៖ «៣០ភាគ​រយ​​ទៀត​នៃ​​ដំណើររបស់​លោក (រង្ស៊ី) ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ច្រើន​ជាង​​អ្វី​ដែល​បាន​សម្រេច​៧០​ភាគ​រយដែល​លោក​បាន​អះអាង»។

លោក សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​យល់​ថា លោក​ សម រង្ស៊ី មិន​ត្រឡប់​មក​កម្ពុជា​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​នេះទេ ហើយ​អ្វី​ដែល​លោក​កំពុង​ធ្វើ​គឺ​ដើម្បី​​ឲ្យ​មាន​រលក​នយោបាយ​ប៉ុណ្ណោះ។ លោក​ថា​បើ​លោក​ សម រង្ស៊ី ចង់​មក​កម្ពុជា​វិញ​មែន​នោះ លោក​អាច​ហោះហើរ​ផ្ទាល់​មកកម្ពុជា​ពី​តៃវ៉ាន់ ជប៉ុន ឬ​កូរ៉េ។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​ សម រង្ស៊ី​ ធ្វើ​កាយ​វិកា​នេះ​គឺ​គាត់​មិន​មក​ទេ។ អ៊ី​ចឹង​គាត់​ធ្វើ​ម៉េច​ឲ្យ​មាន​រលក​នយោបាយ គឺ​បញ្ហា​សេដ្ឋកិច្ច​ ​ធ្វើ​ម៉េច​ឲ្យ​ប្រជាជន​ភ័យ​បារម្ភ​ ធ្វើ​ឲ្យ​មាន​អ្នក​ខ្លះ​មិន​ចង់​ចេញ​រក​ស៊ីដោយ​អះអាង​ថា​ដោយសារ​ស្ថានភាព​នយោបាយ ហើយ​មាន​វិបត្តិ​សេដ្ឋកិច្ច»។

លោក​បន្ត​ថា រលក​នយោ​បាយ​បន្ទាប់​គឺ​លោក​ សម រង្ស៊ី ចង់​​ឲ្យ​រដ្ឋាភិបាល​ទប់​ស្ថាន​ភាព​មិន​បាន​ ហើយ​ត្រូវ​​រក​ដំណោះ​ស្រាយ។ លោក​ថា​ ការ​ដោះ​លែង​​លោក កឹម សុខា ថ្ងៃ​បុណ្យ​អុំ​ទូក​នេះក៏​​អាចត្រូវ​បាន​លោក​ សម រង្ស៊ី អះអាង​ដើម្បី​​យក​ពិន្ទុកដែរ​​ថា នោះ​គឺ​ថា «បើ​គ្មាន​ សម រង្ស៊ី រើ​បម្រះ​ទេ កឹម សុខា ក៏​មិន​រួច​ដែរ»។

លោក​ សុខ ទូច​ បញ្ជាក់​ថា៖ «សកម្មភាព​របស់​លោក សម រង្ស៊ី ចង់​ស្ទាប់​ស្ទង់​មើល​ថា​តើ​ស្ថានការណ៍​នយោបាយ​វា​យ៉ាង​ដូច​ម្ដេច។ រឿង​សម រង្ស៊ី មក​ពេល​នេះ​គឺ​មិន​អាច​ទេ ខ្ញុំ​ថា​មិន​មក​ទេ ព្រោះ​ សម រង្ស៊ី មិន​ដើរ​ចូលគុក​ទេ ដាច់​ខាត​មិន​ដើរ​ចូល​គុក»។

លោក សម រង្ស៊ី នា​ពេល​នេះ​កំពុង​ស្ថិត​នៅប្រទេស​ម៉ាឡេស៊ី។ លោក​នឹង​ជួប​ជាមួយ​សមាជិក​សភា​ម៉ាឡេស៊ី​នៅ​ថ្ងៃ​អង្គារ​នៅ​អាគារ​រដ្ឋសភាមឡាស៊ី តប​តាមកា​រអញ្ជើញ​របស់​សមាជិក​សភា លោក​ស្រី Nurul Izzah Anwar។​ លោក​ស្រី Nurul Izzah Anwar​ បាន​អញ្ជើញ​លោក​និង​ភរិយា​ដើម្បី​ពិភាក្សា​អំពី​មាគ៌ា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​សង្គម​ដ៏​ប្រសើរ សម្រាប់​ម៉ាឡេស៊ី និង​កម្ពុជា។

កម្ពុជា​បានស្នើ​សុំ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ចាប់​បញ្ជូន​អ្នក​ដែល​មាន​ដីការ​ចាប់​ខ្លួន រួម​មាន​ទាំង​លោក សម រង្ស៊ី​ ផងដែរ។ លោក​ស្រី មូរ សុខហួរ អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ឃាត់​ខ្លួន​មួយ​រយៈ​ពេល​កាល​ពី​ថ្ងៃ​ពុធដោយ​អាជ្ញាធរ​ម៉ាឡេស៊ី។

ក៏​ប៉ុន្តែ​លោក Datuk Saifuddin Abdullah រដ្ឋ​មន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី​បាន​ថ្លែង​ប្រាប់​សារព័ត៌មានថា ម៉ាឡេស៊ី​មិន​ចាប់​ខ្លួន​ហើយ​ធ្វើ​បត្យាប័ន​ថ្នាក់​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​ទាំង​នោះទេ​ព្រោះ​ពួក​គាត់​មិន​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ខ្មែរ​ទេ។

លោក Datuk Saifuddin Abdullah បាន​ថ្លែង​ថា៖ «យើង​មិន​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា​ដែល​ចង់​ឲ្យ​យើង​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅវិញ​បើ​ពួក​គេ​មក​ដល់​ទី​នេះ។ ពួក​គេ​មក​ទី​នេះ​មិន​មែន​ជា​ពលរដ្ឋ​កម្ពុជា​ទេ។ ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច? យើង​ឲ្យ​ពួក​គេ​ចូល ប៉ុន្តែ​ខ្ញុំសង្ឃឹម​ថា ពួក​គេ​នឹង​មិន​យក​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​ជា​វេទិកា​ប្រមូល​ផ្ដុំ​ចលនា​នយោបាយ​ទេ»៕