ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទីប្រឹក្សាផ្ទាល់ និងជំនួយការចំនួន ១០១ រូប តាមរយៈការតែងតាំងពីប្រមុខរដ្ឋស្តីទី លោកសាយ ឈុំ ដែលអ្នកវិភាគអះអាងថា ជាការធ្វើឲ្យខាតបង់ថវិកានិងធនធានជាតិ។
យោងតាមព្រះរាជក្រឹត្យមួយ ដែលបានចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងនាមប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ គឺ បានបង្ហាញនូវឥស្សរជនចំនួន៤៦រូបត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ និងជំនួយការចំនួន៥៥រូប ដែលការតែងតាំងនេះធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបន្ទាប់ពីលោកបានបញ្ចប់ តំណែងទីប្រឹក្សាផ្ទាល់និងជំនួយការកាលពីអាណត្តិមុន។
ព្រះរាជក្រឹត្យបានចែងថា៖«យើងត្រាស់បង្គាប់តែងតាំងទីប្រឹក្សាផ្ទាល់និងជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
ទីប្រឹក្សាផ្ទាល់របស់លោកហ៊ុន សែន ដែលត្រូវបានតែងតាំងថ្មីនេះ រួមមាន លោក នុត ឈឿម មានឋានៈស្មើទេសរដ្ឋមន្ត្រី លោក រស់ ចន្ត្រាបុត្រ មានឋានៈស្មើទេសរដ្ឋមន្ត្រីបន្ថែមមុខងារបច្ចុប្បន្ន លោកស្រី ខ្លូត ធីតា មានឋានៈស្មើទេសរដ្ឋមន្ត្រី លោកអ៊ុក ចាន់ មានឋានៈស្មើរដ្ឋមន្ត្រី លោកកង កេង មានឋានៈស្មើរដ្ឋមន្ត្រី…។
ដោយឡែក ជំនួយការ រួមមាន លោកនុត បូពិណ្ណារ៉ាមានឋានៈស្មើរដ្ឋលេខាធិការ លោក មិន ចណ្ឌីណាវុធ មានឋានៈស្មើរដ្ឋលេខាធិការបន្ថែមមុខងារបច្ចុប្បន្ន លោក រាល ម៉ារ៉ាវី មានឋានៈស្មើរដ្ឋលេខាធិការ លោកអ៊ាង សុផល្លែត មានឋានៈស្មើរដ្ឋលេខាធិការ…។
ជាមួយគ្នានេះដែរ ប្រមុខរដ្ឋស្តីទីក៏បានសម្រេចតែងតាំងលោក សំហេង បុរស ជារដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា លោក ចាន់ សុវុដ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លេង ផាលី ជារដ្ឋលេខធិការក្រសួងផែនការ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា និង លោកសាន វឌ្ឍនា ជាអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា។
ក៏ប៉ុន្តែ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បាន រិះគន់ ការតែងតាំងទីប្រឹក្សាផ្ទាល់ជំនួយការ និងការតែងតាំង ថ្នាក់ដឹកនាំបន្ថែមទៅក្នុងក្រសួងមួយចំនួននេះ ដោយលោកថា ជាការតែងតាំងតាមសែស្រឡាយនិងបក្ខពួកខ្លួន ហើយថានាំឲ្យមានការខាតបង់ថវិកាជាតិ និងធនធានជាតិ។
លោក សន ជ័យ បានថ្លែងថា៖ «យើងមិនលើកទឹកចិត្តទេការតែងតាំងទីប្រឹក្សាច្រើន ហើយការតែងតាំងទីប្រឹក្សាបើជាសែស្រឡាយ ដោយសារវាធ្វើឲ្យខាតលុយជាតិ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានការពារការតែងតាំងទីប្រឹក្សាផ្ទាល់និងជំនួយការខាងលើសម្រាប់លោកនាយករដ្ឋមន្ត្រី ដោយថាការតែងតាំងនេះគឺជារឿងត្រឹមត្រូវទៅតាមច្បាប់ ហើយគឺជាការចាំបាច់របស់រដ្ឋាភិបាល ហើយថាការចោទថាខាតបង់ថវិកានិងធនធានជាតិគឺជាក្រុមប្រឆាំង។
លោកបបញ្ជាក់ថា៖«វាស្ថិតនៅលើសំណូមពរនិងភារកិច្ចនយោបាយដែលលោកនាយករដ្ឋមន្ត្រីមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើទៅព្រះកុរណាដើម្បីធ្វើការតែងតាំងស្របទៅតាមសំណូមពរនិងការចាំបាច់នៃការងារហើយត្រង់អ្នកណាថាអីថាទៅ»។
លោកបន្ថែមថា៖«ហើយនេះគឺជាសិទ្ធិផ្តាច់មុខរបស់គណបក្សឈ្នះឆ្នោតក៏ដូចជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល… ធ្វើម៉េចក៏មិនពេញចិត្តពួកអ្នកប្រឆាំងដែរឲ្យគាត់ថាទៅតែយើងនៅតែធ្វើទៅតាមការងារចាំបាច់ ដែលត្រូវធ្វើរបស់យើង»។