ឧកញ៉ា គិត ធាង​ ត្រូវ​តុលាការ​ចោទ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ជិត ៥០ គីឡូ

Content image - Phnom Penh Post
ឧកញ៉ា គិត ធាង ​ជា​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ដែលត្រូវ​តុលាការ​ចោទ​ពាក់​ព័ន្ធ​គ្រឿង​ញៀន។ ហុង មិនា

ភ្នំពេញ: សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ និង​បញ្ជូន​ លោក​ឧកញ៉ា គិត ធាង ដែល​ជា​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ទៅ​ឃុំ​ខ្លួន​ នៅ​ពន្ធ​នាគារ ​​PJ កាល​ពីម្សិល​មិញ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿង​ញៀនជិត ៥០ ​គីឡូ​ក្រាម ​ដែល​​មាន​ការ​ឃាត់​ខ្លួន​មនុស្ស​ជាង ៣០០ នាក់ ដែល​​សមត្ថ​កិច្ច​បាន​ចុះ​បង្ក្រាប​នៅ​​មជ្ឈមណ្ឌល​​កម្សាន្ត​រ៉ុក​ ​ពី​ថ្ងៃ​ទី ២៣ ខែ​ កុម្ភៈ ឆ្នាំ ២០១៩។

សំណុំ​រឿងគ្រឿង​ញៀន​ដ៏ធំ​មួយ​​នេះមិន​មែន​មាន​តែ​លោ​ក​ឧកញ៉ា គិត​ ធាង ម្នាក់​នោះ​ទេ ដែល​ត្រូវ​បាន​តុលាការ​​ធ្វើ​ការ​ចោទ​ប្រកាន់​ គឺ​នៅ​មាន​មនុស្ស​ចំនួន ១៧ នាក់ផ្សេង​ទៀតក៏​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​​រួច​ហើយ ​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ចុះ​បង្ក្រាប​មក​ម្ល៉េះ ខណៈដែល​អ្នក​ប្រើ​ប្រាស់ និង​អ្នក​មិន​​បាន​ប្រើប្រាស់​គ្រឿង​ញៀន​ជាង​ ៣០០​ នាក់​ទៀត​ត្រូវ​បាន​ដោះ​លែង។

លោក អីុ រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា នៅ​រសៀល​ថ្ងៃ​ទី ១២ មីនា​ នេះ លោក សេង លាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជ​ធា​នី​​ បាន​សម្រេច​ឃុំខ្លួន​លោក​ឧកញ៉ា គិត ធាង បណ្ដោះ​​​អាសន្ន ក្រោម​ការ​ចោទ​​ប្រកាន់​ពីបទ​ «ចាត់ចែង សម្រួល​ឲ្យ​មាន​ការ​​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀ​ន និង​បទ​សមគំនិត» ដែល​ប្រព្រឹ​ត្ត​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់កាលពី​ថ្ងៃទី ២៣ ខែ កុម្ភ: ឆ្នាំ ២០១៩ តាម​មា​ត្រា ៤២ និង ៤៤ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿង​​ញៀន និង​មាត្រា ២៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

លោក​បន្ត​​ថា៖​ «ហើយ​រឿង​អ្នក​ពាក់ព័ន្ធ​អ្វីផ្សេងៗទៀត គឺជា​នីតិវិធី​រប​ស់​​តុលាការ​គាត់​កំពុងធ្វើការ​បន្ត​ទៀត»។

ការសម្រេច​ឃុំខ្លួន​លោក ​គិត ធាង នេះ ​ធ្វើ​ឡើង​បន្ទាប់ពី​សមត្ថ​កិច្ច​បា​ន​ទៅ​នាំខ្លួន​ពី​ផ្ទះ​របស់​លោក នៅ​ខណ្ឌ​ទួលគោកទៅកាន់​ស្នងការដ្ឋាន​រាជធានី​ កាលពី​ល្ងាច​ថ្ងៃទី ១១ ខែ​ មីនា​ តាម​ដីកា​របស់​តុលាការ ដើម្បី​សា​កសួរ​ជុំវិញ​ករណីនេះ។ ការ​ឃាត់​ខ្លួន​នេះ​​គឺ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់ពី​​មាន​បញ្ជា​ពី​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​លោក​បាន​ថ្លែង​ទៅកាន់​ក្រុមនិស្សិត​បញ្ចប់​ការ​សិក្សា​​ជាង ៣ ពាន់​​នាក់​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាក​ល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យា​​សាស្ត្រ​សេដ្ឋកិច្ច (RULES) កាលពី​ថ្ងៃទី ១១ មីនា​ ថា កន្លែង​គ្រឿងញៀន​ដែល​នៅ​ជិត​ថ្នាល​បណ្តុះបណ្តាល​មួយ​​នេះ​នឹង​ត្រូវបាន​លុប​បំ​បា​ត់ហើ​យ​រក​មេខ្លោង​ឲ្យ​ឃើញ​ ដោយ​មិនត្រូវ​ឲ្យ​អ្នក​នៅ​ពី​ក្រោយខ្នង​រួចខ្លួន​នោះ​ឡើយ។

លោក ហ៊ុន សែន ថ្លែងថា៖ ​«ក្រសួង​មហា​ផ្ទៃ​នឹង​បន្ត​ចាត់វិធានការ​ លើ​បញ្ហា​នេះបូក​ជាមួយ​ហ្នឹង​ដំណើរការ​ក្តី ​របស់​តុ​​លា​កា​រ​ត្រូវតែ​ម៉ឺងម៉ាត់​ ជាមួ​យ​នឹង​ការមិន​វិលត្រឡប់​នៃ​អំពើ​ពាលាអាវាសែ​ សម្រាប់​កន្លែង​មួយ​នេះ ​ដែល​ត្រូវដាក់​ទោសទណ្ឌ​ឲ្យ​បាន​ធ្ងន់ធ្ងរហើ​យ​ស្វែងរក​ឲ្យ​បាន​ស៊ីជម្រៅ​នូវ​មេខ្លោង​របស់​វា នៅ​កន្លែង​ណា? មិនមែន​រឿង​កម្មករ​តូចតាច រឿងក្តី​តូច​តាច​​ទេ គឺ​រឿង​វា​ជ្រៅ​ទៅ​ពីនេះ អ៊ីចឹង​ត្រូវ​រក​ឲ្យ​ឃើញ ព្រោះ​អ្វី​ដែលមាន​ក្នុង​ដៃ​រួច​មក​ហើយ​ ជា​មធ្យោបាយ​ឈានទៅរក​ការ​ជីក​ឫសគល់​នៃ​អ្នក​ជួញ​គ្រឿងញៀន​ ក៏ដូចជា​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​សំណុំរឿង​មួយ​នេះ»។

ជាមួយ​គ្នា​នេះ លោក ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី និង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​ក្រុងភ្នំពេញ​ ត្រូវតែ​ដោះ​​ស្រាយ​កន្លែង​កម្សាន្ដ​រ៉ុ​ក​នេះ ព្រោះ​វា​មិនមែនជា​រឿង​សាមញ្ញ​ទេ វា​គឺជា​រឿង​ធំ​ណាស់ ដោយសារ​គ្រឿង​ញៀន​ជិត ៥០ គីឡូក្រាម​ឯណោះ។

លោក​បញ្ជា​ក់​ថា៖ «បើ​យើង​មិន​ធ្វើ​ទេ តើ​សង្គម​យើង​ វា​យ៉ាង​ម៉េច? ហើយ​វា​ពាក់ព័ន្ធ​អ្នក​ដែ​ល​​ទទួលខុសត្រូវ​កន្លែង​ហ្នឹង អ្នកនោះ​ ជា​អ្នកទទួល ព្រោះ​ពលរដ្ឋ​ជា​ច្រើ​ន​បាន​រងគ្រោះ ដោយ​សារ​បញ្ហា​នេះ។ អ៊ីចឹង​ករណីនេះ ខ្ញុំ​ចង់​និយាយ​ថា មក​ដល់​​ពេលនេះ យើង​មិនទាន់​រកឃើញ​អ្នក​ទទួល​ខុសត្រូវ​ពិតប្រាកដ​នៅ​ឡើ​យ គ្រាន់តែ​រឹបអូស​វត្ថុតាង​យក​មក​ទេ»។

លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរ​​បាល​ជាតិ និង​ជា​អគ្គលេខាធិការរង ​នៃ​អាជ្ញាធរ​ជាតិ​ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​​បាន​ថ្លែង​កា​ល​ពី​ម្សិលមិញ​​ថា លោក​មិនទាន់​បានទទួល​ព័ត៌មាន​ពី​តុលាការ​ថាតើ​តុលាការ​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា៖ «ហើយ​រឿង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗទៀត​គឺសមត្ថកិច្ច​កំពុង​រក​ជន​ល្មើ​ស​ពាក់ព័ន្ធ​បន្ថែម​ទៀ​ត ប៉ុន្ដែ​ខ្ញុំ​មិនទាន់​អាច​បង្ហាញ​ពី​នីតិវិធី​អ្វី​បន្ថែម​ទៀត​ទេ»។

លោក ស៊ិង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បាន​យល់ឃើ​ញ​​​ថា បន្ទាប់ពី​មានប្រតិកម្ម​ពី​មហាជន និង​លោកនាយក​រដ្ឋមន្ត្រី ទើប​មន្ត្រី​ពាក់ព័ន្ធ​ចាប់ផ្ដើម​ចាត់វិធានការ​ទៅ​លើ​បុគ្គល​ម្នា​ក់​​ ដែលមាន​ឥទ្ធិពល និង​មានទ្រព្យ​សម្បត្តិ​ច្រើន​បែប​នេះ។

លោក​បន្តថា ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ី​វិល លោក​សាទរ​ ចំពោះ​ចំណាត់ការ​នេះ ហើយ​សង្ឃឹម​ថា សមត្ថកិច្ច​ នឹង​បន្ត​នីតិ​វិធី​ស្រាវជ្រាវ​ អ្នក​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត ឬ​ចាត់​វិធាន​​ការ​ នៅ​ទីតាំង​ផ្សេងៗ​បន្តទៀត ព្រោះ​ឥទ្ធិពល​គ្រឿង​ញៀន​ បាន​និង​កំពុង​បំផ្លាញ​អនាគត​យុវជន​យ៉ា​ង​ច្រើន​​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា​៖ «បញ្ហា​ចាត់វិធានការ​ហ្នឹង គឺ​យើង​មិន​ចង់​ថា ចាត់​បាន​មួយ​ករណី​ហើយ ​ស្ងាត់​ទៅវិញ​ទេ គឺ​ត្រូវ​ធ្វើ​បន្តទៀត ព្រោះ​​ច្បាប់​​យើង​ បានចែង​ហើយ​ថា អ្នក​ខុស ​ត្រូវតែ​ទទួល​​ទោស​តាមច្បាប់ អ៊ីចឹង ​ត្រូវតែ​រក​អ្នកធ្វើ​ខុស​ហ្នឹង​មក​ដាក់​ទោស​បន្ត​ទៀត»។

តាម​មាត្រា ៤៤ នៃ​ច្បាប់​ស្តីពី​ការត្រួ​ត​​ពិនិត្យ​គ្រឿង​ញៀន​ បទ​សម្រួល​​ឲ្យ​ប្រើ​​ប្រាស់​ដោយ​ខុស​ច្បាប់​ នូវ​សារ​ធាតុ​​ញៀន អំពើ​ជួល​ទីកន្លែង​ផ្ដល់​ទីក​ន្លែង ឬ​អំពើ​ផ្សេង​ទៀត ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដល់​ការ​ប្រើ​ប្រាស់​​ដោយ​ខុស​ច្បាប់​នូវ​ សារ​ធាតុ​ញៀន​ដែល​ស្ថិត​នៅ​ក្នុង​តារាង​ទី​១ និង​តារាង​ទី​២ គឺ​ជា​បទ​សម្រួល​ឲ្យ​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​ នូវ​សារ​ធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធ​នា​គារ​ពី ១ ​ឆ្នាំ ទៅ ៥ ​ឆ្នាំ។ ក្រៅ​ពីទោស​ដាក់​ពន្ធនាគារ ជន​ល្មើស​អាច​ត្រូវ​ទទួល​បន្ថែម​នូវ​ទោស​ពិន័យ​ជា​ប្រាក់​ពី ២ លាន​រៀល​ទៅ​​ ១០ លាន​រៀល៕