ភ្នំ​ពេញៈ ​​សាលា​ឧទ្ធរ​ណ៍​កាល​ពី​ថ្ងៃ​ទី ​២​១​ មិ​ថុ​នា​ សម្រេច​ច្រាន​ចោល​ភ្លាម​ៗ​ បន្ទាប់​ពី​ជំ​នុំជម្រះ​បណ្តឹង​សុំ​លុប​ចោល​ប​ម្រាម​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិ​និត្យ​របស់​​តុ​លា​ការ​របស់​អតី​ត​​អ្នក​យក​ព័ត៌មាន​វិទ្យុ​អា​ស៊ី​សេ​រី​ ២ ​នាក់​​ ប៉ុ​ន្តែ​មេ​ធា​វី​​ថា​កូន​ក្តី​រប​ស់​​លោក​គ្មាន​កាតព្វកិច្ច​ជាប់​ការ​ហាម​ឃាត់​ត្រួត​ពិនិត្យ​ដូច​កន្លង​មក​ទៀត​ទេ​ព្រោះ​នៅ​ក្នុ​ង​ដី​កា​ដំ​​ណោះ​ស្រាយ​មួយ​មិន​បាន​សរសេរ​ឲ្យពួក​គាត់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ឡើយ។​


ពាក់​ព័ន្ធ​ការ​សម្រេច​មិន​ពិ​ចារណា ​លើ​ប​ណ្តឹង​ស្នើ​សុំ​លុប​បម្រាម​នៅ​ក្រៅ​ឃុំនេះ​ត្រូវ​បាន​ លោក​ អ៊ួន ​ឈិន ​​ប្រាប់​កាលពី​ម្សិល​មិញ​ថា​កាល​ពី​បើក​សវនាការ​នៅ​ថ្ងៃ​ទី ២​១​ មិថុនា នោះ លោក ​និង​​​លោក ​យាង ​​​សុ​​ជា​មេត្តា ​បាន​ប្រាប់​ចៅ​ក្រម​​ដូច​គ្នា​ថា​ ពួក​លោក​ទាំង​ ២ នាក់​​ ស្នើ​សុំ​ដល់​តុ​លា​ការ​ឲ្យ​លុប​បម្រាម​នេះ​​ចោល​ ដើម្បី​ឲ្យ​​ពួក​គាត់​មាន​ឱ​កាស​រក​ស៊ី​ចិញ្ចឹម​ប្រពន្ធកូន។​

​លោក ឈិន​ ថ្លែង​​ថា​​៖​ «​​យើង​ប្តឹង​ឲ្យ​តុ​លា​ការ​បញ្ចប់​ការ​ដាក់​ពួក​យើង​​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួត​ពិ​និត្យ​របស់​តុ​លា​ការ​​។​ ដូច​ជា​ការ​ហាម​មិន​ឲ្យ​​ចេញ​ទៅ​ក្រៅ​ប្រ​ទេស​ហើយ​ក្នុង​ ១​ ខែ​ ត្រូវ​ទៅ​បង្ហាញ​មុខ​នៅ​ប៉ុស្តិ៍​ន​គរ​បាល​ម្តង ​និង​សុំ​សម្ភារដែល​សមត្ថកិច្ច​រឹប​អូស​តែ​ប៉ុណ្ណឹង​ទេ​​។​​ ពួក​ខ្ញុំ​មិន​បាន​ទាម​ទារ​អ្វី​ឲ្យ​លើស​ពី​នេះ​ទេ»។

​ចំ​ពោះ​​លោក ​សំ ​ចំ​រើន​ ជាមេ​​ធា​វី​ការ​ពារ​សិទ្ធិ​ឲ្យ​លោក​អ៊ួន​ ឈិន​និង​លោក​ យាង​ សុ​​ជា​មេត្តា ​ប្រាប់​​ពី​ម្សិល​មិញ​ដែរ​ថា​ការ​ស្នើ​សុំ​ពី​​ការ​​ស្ថិត​ឲ្យ​​នៅ​ក្រោម​ការ​ត្រួត​ពិ​និត្យ​របស់​តុ​លាការ​នេះ​​ត្រូវ​បាន​លោកចៅ​ក្រម ធូ ​​​មណី ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​បាន​ច្រាន​ចោល​ភ្លាម​ៗ​បន្ទាប់​ពី​ជំ​នុំ​ជម្រះ​​បាន​ជាង ១ ​ម៉ោង​មក​។ ប៉ុន្តែ​ចំពោះ​ការ​ប្តឹង​សារ​ទុក្ខ​នោះ​លោក​នឹង​ត្រូវ​ការពិភា​ក្សា​ជា​មួយ​កូន​ក្តីរបស់លោ​​កសិន​ ថា​តើ​គួរ​បន្ត​ទៀត​ ឬ​យ៉ាង​ណា ​ប៉ុន្តែ​លោក​យល់​ថា​ ​ការ​រំពឹង​ថា​ប្តឹង​សារ​​ទុក្ខ​ មាន​ការ​គិត​តិចតួច​នៅ​ឡើយ។


លោកប្រាប់​ថា​៖​ «​​ចៅ​ក្រម​​ ធូ មណី ថា​​ការ​ស្នើ​សុំ​នោះ​សាលាឧទ្ធរណ៍​មិន​អាច​ទ​ទួល​យក​មក​ពិ​ចារ​​ណា​បាន​ទេ។​ ​មាន​ន័យ​ថា​ តុលា​ការ​មិន​យក​ការស្នើ​សុំ​ទៅ​ធ្វើ​ការ​ពិ​ចារ​ណា ​ឬ​វិនិ​ច័្ឆយ​សេច​ក្តី​ផ្សេ​ងៗ​បាន​ទេ»។​


​​លោក​ប្រាប់​ថា​ មូល​ហេតុ​ដែល​នាំ​ឲ្យ​កូន​ក្តី​របស់​លោក​ប្តឹង​​ទាស់​ចូល​​សា​លា​ឧទ្ធរណ៍​នោះ​ដោយ​សំ​អាង​ថា ​នៅ​​ក្នុង​ដី​កា​​ដំ​ណោះ​ស្រាយ​ផ្ទាល់ ​(ចៅក្រម​ស៊ើប​សួរ​)​ បាន​សរសេរ​ថា​រក្សា​ជន​ត្រូវ​ចោទ​ទាំង​ ២​ នាក់​ ខាង​លើ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួត​ពិនិត្យ​​របស់​តុលាការ​រហូត​ដល់​ថ្ងៃ​ជំ​នុំ​ជម្រះ​។ ​ដោយ​ឡែក​នៅ​ក្នុង​ដី​កា​ដំ​ណោះ​ស្រាយ​មួយ​ទៀត​មិន​បាន​សរ​សេរ​ឲ្យ​កូន​ក្តី​របស់​លោក​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ដែរ​។​ ​គ្រាន់​តែ​សរ​សេរ​ថា​ ​បញ្ជូន​ពួក​គាត់​ទៅ​ជំ​នុំ​ជម្រះ។​ ​បញ្ហានេះ​ហើយ​ទើប​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​ប្តឹង​ឧទ្ធរណ៍។​

លោក​​បញ្ជាក់​ប្រាប់​ថា​កូន​ក្តី​របស់​លោកមិន​ទាន់​ត្រូវ​បាន​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​បើក​ស​វ​នា​ការ​ក្នុង​អង្គ​​សេច​ក្តី​នៅ​​ឡើយ​ទេ​​ ប៉ុន្តែ​លោក​នឹង​ព្យាយាម​​ជំ​រុញ​ឲ្យ​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​បើក​ស​វ​នា​ការ​សំ​ណុំ​រឿង​កូន​ក្តី​របស់​លោក​នៅ​ ក្នុង​អង្គ​សេច​ក្តី​​ឲ្យ​បាន​ឆាប់។

លោក​ អ៊ួន ឈិន​ និង​លោក ​យាង សុធារិន​ ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ១៤​ វិច្ឆិកា​ ឆ្នាំ​ ២០១៧ ​ដោយ​តុលាការ​ចោទប្រកាន់​ពួកគេ​​តាម​មាត្រា​ ៤៤៥ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នៃព្រះ​រាជា​ណាចក្រកម្ពុជា​ពី​​បទ​ប្រគល់​ឲ្យរដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឱ្យមាន​ការ​អន្តរាយ​ដល់​កិច្ចការ​ការពារ​ជាតិ៕