ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះបុរសជនជាតិវៀតណាមម្នាក់ដែលត្រូវបានតុលាការថ្នាក់ក្រោមផ្តន្ទាទោស ២២ ឆ្នាំពាក់ព័ន្ធករណីជួញដូរថ្នាំញៀន មេតំហ្វេតាមីន ១ កញ្ចប់ធំប្រព្រឹត្តនៅសណ្ឋាគារ ឡាក់គី ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧មករាកាលពីឆ្នាំ ២០១២។
លោកចៅក្រម ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានអង្គហេតុរបស់តុលាការថាកាលពីយប់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១២ កម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃក្រសួងមហាផ្ទៃបានប្រើកម្លាំងបង្កប់ (វិធានញុះញង់) ជាឈ្មួញបានបញ្ជាទិញថ្នាំញៀនពីក្រុមជួញដូរគ្រឿងញៀន ហើយភាគីទាំង ២ បានណាត់គ្នាដើម្បីដោះដូរថ្នាំញៀននៅសណ្ឋាគារឡាក់គីក្នុងខណ្ឌ ៧ មករា។ លោកអានបន្តថាលុះដល់ថ្ងៃណាត់ជួបកម្លាំងសមត្ថកិច្ចបានឆ្មក់ចូលក្នុងបន្ទប់សណ្ឋាគារ ហើយចាប់បានឈ្មោះ ង្វៀង យិនធី អាយុ ៥៥ ឆ្នាំជាមួយកញ្ចប់ថ្នាំញៀនគ្រាប់មេតំហ្វេតាមីន។
សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៣ សម្រេចផ្តន្ទាទោសជនជាប់ចោទដាក់គុក ២២ ឆ្នាំចោទពីបទជួញដូរគ្រឿងញៀនតាមបញ្ញត្តិមាត្រា ៣៣ ថ្មីនៃច្បាប់ត្រួតពិនិត្យគ្រឿងញៀន និងពិន័យប្រាក់ ៤០ លានរៀលចូលថវិការដ្ឋ ។
ប៉ុន្តែ ង្វៀង យិនធី បានឆ្លើយក្នុងសវនាការកាលពីម្សិលមិញថា ករណីនេះខ្លួនមិនបានប្រព្រឹត្តទេ ឯអ្នកប្រព្រឹត្តបានគេចខ្លួនទៅបាត់ហើយ ប៉ុន្តែនគរបាលបានទៅចាប់រូបលោកនៅបន្ទប់ផ្សេង។ ជនជាប់ចោទថា៖ «ខ្ញុំប្តឹងមកនេះព្រោះខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់។ ខ្ញុំមិនបានឃើញគ្រឿងញៀននោះទេ ហើយប៉ូលិសសួរចម្លើយខ្ញុំពេលនោះខ្ញុំស្តាប់ភាសាខ្មែរមិនបានផង។ ប៉ូលិសបានបង្ខំឲ្យខ្ញុំផ្តិតមេដៃខ្ញុំសុំបដិសេធចម្លើយនៅប៉ូលិស និងសូមតុលាការឧទ្ធរណ៍ដោះលែងខ្ញុំវិញ»។
ទោះបីយ៉ាងណាលោកចៅក្រម ប្លង់សំណាង បានប្រាប់ជនជាប់ចោទថា៖ «លោកបានឆ្លើយសារភាពនៅដំណាក់កាលនគរបាលយុត្តិធម៌ទើបបានជាតុលាការថ្នាក់ក្រោមចោទប្រកាន់លោក និងផ្អែកលើការបង្ក្រាបជាក់ស្តែង»។
លោកអគ្គព្រះរាជអាជ្ញារង ហ៊ាន រិទ្ធិ តំណាងមហាអយ្យការបានថ្លែងថា៖ «ខ្ញុំពិនិត្យមើលអង្គហេតុទៅឃើញថា គ្មានឃើញភ័ស្តុតាងច្បាស់លាស់ណាមួយ ដើម្បីដាក់បន្ទុកលើជនជាប់ចោទទេ ហេតុដូច្នេះសូមក្រុមប្រឹក្សាជំនុំជម្រះពិចារណាតាមច្បាប់»។
មេធាវីជនជាប់ចោទថ្លែងថា៖ «បើផ្អែកលើកំណត់ហេតុនគរបាលមិនឃើញដាក់ច្បាស់លាស់ពីចំនួនគ្រឿងញៀនទេ ដូច្នេះសូមតុលាការដោះលែងកូនក្តីខ្ញុំ»។
ក្រោយជំនុំជម្រះលោក ចៅក្រម ប្លង់ សំណាង ថ្លែងថាសាលដីកានេះនឹងប្រកាសនៅថ្ងៃទី ៣០ ខែតុលា៕