ភ្នំពេញៈ សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បានប្រកាស​សាល​ដីកា​លើ​អតីត​ចៅ​សង្កាត់រង​ទី២ ម្នាក់​មក​ពី​អតីត​គណបក្ស សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ​ដដែល បន្ទាប់​ពី​បើក​សវនាការ​កាល​ពី​ថ្ងៃ​ទី ២០ កុម្ភៈ​ពាក់ព័ន្ធ​បាតុកម្ម​ហិង្សា​វាយ​ស្នាក់ការ​គយ និង​ដុត​បំផ្លាញ​រថយន្ត ៦ គ្រឿង​នៅ​សង្កាត់-ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មានជ័យ​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៥។


នៅក្នុង​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ លោក ចៅក្រម ញូ​ង ធុល បាន​អាន​សាល​ដីកា​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​ថា​តាម​ចម្លើយ​របស់ ឈ្មោះ ចៅ វាសនា កាល​ពី​ថ្ងៃ​បើក​សវនា​ការ​បាន​បដិសេធ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​រហូត។​ប៉ុន្តែ​បើ​ផ្អែក​តាម​អង្គ​ហេតុ​និង​ដើម​បណ្តឹង​ដែល​ជា​មន្ត្រី​គយ​ថា ឈ្មោះ​ចៅ វាសនា​នៅ​ថ្ងៃ​កើត​ហេតុ បាន​មាន​វត្តមាន​នៅ​ទីនោះ​រហូត។

លោក​ចៅក្រម​ថ្លែងថា៖ «តាម​អង្គហេតុ​បង្ហាញថា នៅ​ថ្ងៃ​កើតហេតុ ជនជាប់​ចោទ​បាន​ឈរ​នៅ​មុខ​មន្ទីរពេទ្យ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ហើយ​បាន​ឮ​សម្រែក​របស់​ក្រុម​កម្មករ​ថា​ឈ្មោះ ​ម៉ៅ​ស៊ុន (កម្មករ​ត្រូវ​ប៉េអឹម​វាយ) ស្លាប់​ហើយ។ ពេល​ឮ​ដូច្នេះ​ឈ្មោះ​ ចៅ វាសនា បាន​ស្រែក​ថា ម៉េច​ក៏​សម្លាប់​ពលរដ្ឋ​ខ្ញុំ។ ផ្តើម​ចេញ​ពី​ការ​ស្រែក​នេះ បាន​បញ្ឆេះ​កំហឹង​ក្រុម​កម្មករ​ឲ្យ​សម្រុក​ចូល​ស្នាក់ការ​គយ​រួច​វាយ​កម្ទេច​ទ្រព្យ​សម្បត្តិ​និង​ដុត​បំផ្លាញ​រថយន្ត​អស់​ប្រមាណ ៦ គ្រឿង​ទៀត។ចំពោះ​ខាង​សមត្ថកិច្ច​គយ​ដែល​ជា​ដើម​បណ្តឹង​បាន​អះអាង​ថា សមត្ថកិច្ច​គយ​បាន​ថត​វីដេអូ​ឃ្លីប​ផ្តិត​យក​រូបភាព​ឈ្មោះ ចៅ វាសនា តាំង​ពី​ចាប់ផ្តើម​ផ្ទុះ​ហិង្សា​បាតុកម្ម​រហូត​ដល់​ចប់​ផង​ដែរ»។

លោក​ចៅក្រម បាន​បញ្ជាក់ថា៖ «យោង​អង្គហេតុ​និង​សាក្សី​ដែលជា​ដើមបណ្តឹង ក្រុម​ប្រឹក្សា​យល់​ឃើញ​ថា​ឈ្មោះ​ ចៅ វាសនា ពិត​ជា​បាន​បង្ក​បទ​ញុះញង់​ដល់​ក្រុម​កម្មករ​ពិត​ប្រាកដ​មែន។ដូច្នេះ​យល់​ថា សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ដែល​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ឲ្យ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ​គឺ​ត្រឹមត្រូវ​តាម​ច្បាប់​ហើយ ហើយ​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​ទោស​នោះ​នៅ​ដដែល។ បើ​ជន​ជាប់​ចោទ​មិន​សុខ​ចិត្ត​គាត់​មាន​សិទ្ធិ​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​រយៈពេល ១ ខែ​គិត​ពី​ថ្ងៃ​ប្រកាស​សាល​ដីកា​នេះ​ទៅ»។


ជុំវិញ​ការប្រកាស​សាលដីកា​តម្កល់​ទោស​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក​ ជូង ជូងី មេធាវី​របស់​លោក ចៅ ​វាសនា ​ដើម្បី​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​ដែរ តែ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ។


តាម​អង្គហេតុ កាលពី​ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៥ ក្រុម​កម្មករ​អូស​រទេះ​បាន​នាំគ្នា​តវ៉ា​នៅ​មុខ​ស្នាក់ការ​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយ​មានជ័យ ដោយ​ស្រែក​ឲ្យ​សមត្ថកិច្ច​គយ​ប្រចាំ​ច្រកទ្វារ​ប៉ោយប៉ែត​ឈប់​ទារ​លុយ​ពន្ធ ៧០ បាត​ក្នុង ១ រទេះ​និង​បាន​ទាមទារ​ឲ្យ​មន្ត្រី​គយ​ចេញ​ពី​ស្នាក់ការ​មក​ដោះស្រាយ​ជាមួយ​ពួកគេ។​លុះ​ការ​តវ៉ា​អូស​បន្លាយ​ដល់​ម៉ោង​ជាង ១០ នៅ​ថ្ងៃ​ដដែល ស្រាប់​តែ​ក្រុម​អ្នក​តវ៉ា​បាន​យក​រទេះរុញ​របស់​ពួកគេ​ផ្ងារ​ជើង​ឡើង​លើ​បិទ​ផ្លូវ និង​ចាក់​សាំង​ដុត​កង់​ឡាន​ផង បើ​ទោះ​ជា​មាន​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ក្តី។

អង្គហេតុ​បង្ហាញ​បន្តថា លុះដល់​ម៉ោង ១២ ថ្ងៃត្រង់ ក្រុម​អ្នកតវ៉ា​បាន​នាំគ្នា​សម្រុក​ចូល​បរិវេណ​ស្នាក់ការ​គយ​និង​បាន​វាយ​បំផ្លាញ​ការិយាល័យ​គយ​រួម​នឹង​ដុត​បំផ្លាញ​រថយន្ត​អស់​ចំនួន ៦ គ្រឿង​ផងដែរ៕