ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្សយ៉ាងតិច ១៧០ នាក់បានស្លាប់ និង ៤២៨ នាក់បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣១៤ ករណី នៅទូទាំងប្រទេសក្នុងខែសីហាដែលតួលេខនេះគឺមានការកើនឡើងចំនួន ២២ លើក អ្នកស្លាប់កើន ២៩ នាក់ និងអ្នករបួសកើន ១៧២ នាក់ បើប្រៀបធៀបទៅនឹងខែកក្កដាកន្លងមក។
របាយការណ៍ផ្សព្វផ្សាយក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែសីហាធ្វើឡើងកាលពីថ្ងៃទី ៩ ខែ កញ្ញា ឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍អំឡុងខែសីហាគឺភាគច្រើននៅភ្នំពេញស្លាប់ ២៩ នាក់ កំពង់ស្ពឺ ១៤ នាក់ និងបន្ទាយមានជ័យ ១១ នាក់ សល់ពីនេះគឺបណ្តាខេត្តមួយចំនួនទៀត។
បើតាមរបាយការណ៍មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ទាំងនេះគឺមកពីការបើកបរលើសល្បឿនកំណត់ ៣៨% មិនគោរពសិទ្ធិ ២៨% មិនប្រកាន់ស្ដាំ ១០% វ៉ាជែង ១០% បត់ ៧% ស្រវឹង ៤% និងកត្តាយានយន្ត ៣%។
លោក ហ៊ឹម យ៉ាន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកមិនអាចសុំអធិប្បាយបានទេពីថ្ងៃម្សិលមិញ។ ប៉ុន្តែលោកបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែសីហាដោយបានដាក់ទិសដៅអនុវត្តមួយចំនួនសម្រាប់មន្ត្រីនគរបាលចរាចរណ៍ដើម្បីផ្ដោតលើបញ្ហាអាទិភាពដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដូចជាការមិនពាក់មួកសុវត្ថិភាព ការបើកលើសល្បឿនកំណត់ ស្រវឹង មិនគោរពសិទ្ធិ ការដឹកជញ្ជូនកម្មករ និងទំនិញ និងលក្ខណៈយានយន្ត។
លោក គង់ រតនៈ នាយកស្ដីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្លែងថា ផែនការរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ស្លាប់ឱ្យមកនៅត្រឹម ៥០% ក្នុងឆ្នាំ ២០២០ ខាងមុខនេះនឹងមិនអាចអនុវត្តបានជោគជ័យឡើយដោយសារការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ចរាចរណ៍កន្លងមកមិនទាន់ពេញលេញនៅឡើយ។
លោកបន្តថា ជាមួយគ្នានេះការកើនឡើងចំនួនផ្លូវថ្នល់ និងយានយន្តកាន់តែច្រើនរួមទាំងការអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ពុំទាន់ពេញលេញ ដោយសារតែខ្វះខាតកញ្ចប់ថវិកាក៏ជាបញ្ហារួមចំណែកធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងផងដែរ។
លោករតនៈបញ្ជាក់ថា៖ «អ៊ីចឹង!ជំហានបន្ទាប់ត្រូវធ្វើបច្ចុប្បន្នភាពទៅលើផែនការចាស់របស់យើង ថាតើយើងគួរកំណត់គោលដៅណាមួយជាសកម្មភាពមានប្រសិទ្ធភាពដែលយើងអាចសម្រេចបាន»។
រដ្ឋាភិបាលបានដាក់ផែនការអនុវត្តចាប់ពីឆ្នាំ ២០១១ ដល់ ២០២០ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ស្លាប់ឱ្យបាន ៥០% ខណៈគេបានព្យាករថា អត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុង ១ ឆ្នាំ នៅឆ្នាំ ២០២០ នឹងអាចកើនឡើងដល់ ៣ ២០០ នាក់ ហើយត្រូវកាត់បន្ថយឱ្យមកនៅត្រឹម ១ ៦០០ នាក់ ខណៈដែលបច្ចុប្បន្នមានមនុស្សពី ៥ ទៅ ៦ នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ៕