ភ្នំពេញៈ គ្រាន់​តែ​ក្នុង​រយៈ​ពេល ២​ ឆ្នាំ គឺ​ក្នុង​ឆ្នាំ ២០១៧ និង​ក្នុង​ឆ្នាំ ២០១៨ អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance) បាន​ចាប់​​ម៉ាស៊ីន​អារឈើខ្នាតតូច​​ ចំនួន ២ ៣០០ គ្រឿង ពី​​ក្រុម​ជន​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់រួមទាំ​ង​​​អន្ទាក់​សត្វព្រៃ គ្រឿង​​ចក្រចូក និងឈូសឆាយ និងម៉ាស៊ីន​អារឈើខ្នាតធំ មួយ​ចំនួនទៀត ត្រូវបាន​រឹបអូស​ នៅ​ក្នុង​តំបន់​ការពារ​ព្រៃឈើ​ជួរភ្នំ​ក្រវាញ​ខាងត្បូង។


មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​សារ​អីុមែល​កាលពី​ថ្ងៃទី ៨​ ខែ​ កក្កដា ​ថា ក្នុងចំណោម​ម៉ាស៊ីន​អារឈើ​ទាំងនោះ ត្រូវ​រឹបអូស​បាន​ដោយ​ក្រុម​ល្បាត​ ដែល​មាន​​ការសហការ​គ្នា រវាង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ​របស់​ក្រសួង​បរិស្ថា​ន កង​រាជ​អាវុធហត្ថ ទាហាន និង​បុគ្គលិក​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​​ព្រៃ និង​កំពុង​រក្សាទុក​នៅក្នុង​ទីស្នាក់ការ​កម្មវិធី​ការពារ​ព្រៃ​​​ឈើ​​​តំបន់​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ទាំង ៧ ស្នាក់ការ​ ដែល​ស្ថិតក្នុង​ខេត្ត​ទាំង ៤ គឺ​ខេត្ត​ពោធិ៍សាត់ កោះកុង កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ។

អង្គការ​នេះ​ បាន​លើក​ឡើង​ថា​៖ «រណា​រយន្ត​ដែល​រឹបអូស​បាន​ដោយ​ក្រុម​ល្បាត​នៃ​កម្មវិធី​​ការពារ​ព្រៃឈើ​តំបន់​ជួរ​ភ្នំក្រវា​ញ​ខាង​ត្បូង ជា​កម្មវិធី​រួមគ្នា​រវាង​ក្រសួងបរិស្ថាន​ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃត្រូវបាន​រក្សា​ទុក​នៅ​ស្នាក់ការ​ល្បាត​ដោយ​​​​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​ ជា​អ្នកថែរក្សា​ទុក​ក្នុង​ឃ្លាំង ព្រោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន ជា​មន្ត្រីនគរបាល​យុត្តិធម៌ ឬ​ភ្នាក់​ងារ​នគរបាល​យុត្តិធម៌ និង​ជា​សេនា​ធិការ​ឱ្យ​មន្ទីរ​ និង​ក្រសួងបរិស្ថានមាន​ភារកិច្ច​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​ជា​អ្នក​អនុវត្ត​ន៍ច្បាប់​តំបន់​ការពារ​ធម្មជាតិ»។

លោកស្រី សុ​វណ្ណា ហ្ក​ន​លែ​ត​ (Suwanna Gauntlett) នាយិកា​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​ បាន​សរសេរ​​ក្នុង ​Twitter កាលពី​ថ្ងៃទី ២៦ ខែ​មុន​ថា ម៉ាស៊ីន​អារឈើ​ ១ ​គ្រឿ​ង​ ក្នុង​ចំណោម​ទាំង ២ ៣០០ គ្រឿង គឺ​អាច​អារ​បំផ្លាញ​ព្រៃឈើ​ប្រហែល​ ១​ ហិកតា។

លោក​ស្រី​​បន្ត​​ថា​៖ ​«ក្រុម​ល្បាត​បាន​ចំណាយ​ពេល​ជាច្រើន ​ដើម្បី​ប្រឹង​ប្រែង​ចាប់​អ្នក​កាប់​ឈើ​ខុស​ច្បាប់ និង​រឹបអូស​ម៉ាស៊ីនអារ​​ឈើ​របស់​ពួកគេ»។


ទោះជា​យ៉ាងណា ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ មិនបាន​បង្ហាញ​អំពី​ចំនួន​អ្នក​កាប់​ឈើ​ខុស ច្បាប់​ប៉ុន្មាន​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​ឡើយ។

លោក នេ​ត ភក្ត្រា អ្នក​​នាំ​ពា​ក្យ​ក្រសួងបរិស្ថាន​ថ្លែង​ថា លោក​មិន​ចាំ​អំពី​ទិន្នន័យ​បូកសរុប​នៃ​ចំនួន​អ្នក​កាប់​ឈើ​ខុសច្បាប់​ ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ចាប់ពី​ឆ្នាំ ២០១៧ នោះ​ទេ។

លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ បាន​ថ្លែង​​ដែរ​ថា នៅក្នុង​ការចុះ​ល្បាត​​ព្រៃ​តំបន់​ជួរ​ភ្នំក្រវាញ​ក្នុង​ខេត្តពោធិ៍សាត់​រយៈពេល​ក​ន្លះ​ឆ្នាំ​មកនេះ គឺ​បាន​រកឃើញ​បទល្មើស​ព្រៃឈើ​ចំនួន ២៥ ករណី ហើយ​រឹបអូស​បាន​ម៉ាស៊ីន​អារ​ឈើ​ចំនួន ៥០ គ្រឿ​ង ត្រាក់ទ័រ​សម្រាប់​ទន្ទ្រាន​យក​ដីព្រៃ​ចំនួន ៩ គ្រឿង និង​មាន​ជនល្មើស​ជាង ១០ នាក់ ត្រូវ​ចាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការ។

លោក មរកត ថ្លែង​​បន្តថា ការបំផ្លាញ​តំបន់​ព្រៃឈើ​ក្នុង​ជួរ​ភ្នំក្រវាញ​ ក្នុង​ខេត្តពោធិ៍សាត់ គឺ​មិនទាន់​ថមថយ​នៅឡើយ​ទេ ព្រោះ​បច្ចុប្បន្ន សកម្មភាព​ចូល​ទៅ​ទន្ទ្រាន​យក​ដីព្រៃ​អភិរក្ស​ និង​​ដី​សហគមន៍​ពី​សំណាក់​ពលរដ្ឋ​មកពី​ខេត្ត​ផ្សេង នៅតែ​កើតឡើង​ច្រើន​ដដែល ហើយ​កម្លាំង​សម្រាប់​ចុះ​ល្បាត​ក៏​ខ្វះ​ខាត​​ច្រើន ដោយសារ​មន្ទីរ​មានតែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជាង ៦០ នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​ចុះ​ល្បាត​ជាប្រចាំ​ លើ​ផ្ទៃដី​សរុប​ចំនួន ៦៨ ម៉ឺន ៩ ពាន់​ហិកតា​។

លោក មរកត ថ្លែង​​ថា៖ «ផ្ទៃដី​ និង​កម្លាំង​ចុះ​ល្បាត វា​អត់​សមមាត្រ​គ្នា។ កម្លាំង​គ្រប់គ្រាន់ គឺ​ទាល់តែ ២ រយ​ទៅ ៣ រយ​នា​ក់អី ទាល់តែ​បាន​ប៉ុណ្ណឹង ប៉ុន្តែ​ខ្ញុំ​សុំគេ (ខាង​ក្រសួង) អត់​បាន»។

លោក​ មរកត​ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅពេល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ត្រូវ​ចុះ​ល្បាត គឺ​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ថែមទៀត ដោយសារ​ក្រុម​ជនល្មើស​ ដែល​ចូល​ទន្ទ្រាន​យក​ដីព្រៃ គឺ​ភាគច្រើន​មាន​កម្លាំង​ច្រើនជាង និង​ខ្លះ​​ទៀត​មាន​អាវុធ​ក្នុង​ដៃ ហើយ​បុគ្គលិក​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ ​ដែល​មក​ចូលរួម​ដើរល្បាត គឺ​ម្ដងម្កាល​ប៉ុណ្ណោះ ចំណែក​​ខាង​មន្ត្រីនគរបាល​យុ​ត្តិ​ធ​ម៌ដូច​ជា​​​កង​រាជ​អាវុធហត្ថ និង​មន្ត្រី​ប៉ូលិស​ខេត្ត គឺ​ទាល់​​តែ​ខាង​មន្ទីរ​​បរិស្ថា​ន​​ទៅ​អញ្ជើញ និង​ត្រូវតែ​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ​​ និង​ហូប​​ចុក ទើប​ពួក​គាត់​មក​ចូលរួម។

លោក មរកត ថ្លែង​​ថា៖ «គឺ​ទាល់តែ​ករណី​ធំ បាន​យើង​អញ្ជើញ​ខាង​មន្ត្រី​កងរាជ​អាវុធ​​ហត្ថ​និង​ប៉ូលិស​ចូលរួម ហើយ​ល្បាត​ជាប្រចាំ ​គឺមាន​តែម​ន្ត្រី​បរិស្ថាន​ទេ។ ករណី​ធំ គឺ​ ១ ខែ យើង​​ហៅ​គេ ២ ទៅ ៣ ដង​ហើយ​​ចំណាយ​លុយ​ម្ដង​ពី ២ ទៅ ៣ ​លាន​អីហ្នឹង ព្រោះ​ម៉ា​ជើង​ទៅ ២-៣ ថ្ងៃ»។

រដ្ឋា​ភិបាល​បានសម្រេច​បង្កើ​ត​តំបន់​ជួរ​ភ្នំក្រវាញ​ខាង​ត្បួ​ង ជា​តំបន់​ឧទ្យាន​ជាតិ​លើ​ផ្ទៃដី​សរុប​ចំនួន ៤១០ ៣៩២ ហិកតា ដែលមាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ពោធិ៍​សាត់ កោះកុង កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ដើម្បីឱ្យ​ក្រសួងបរិស្ថាន សហការ​ជាមួ​យ ​ស្ថា​ប័ន​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ខេត្ត​ទាំង ៤ នេះ គាំពារ​បរិស្ថាន អភិរក្ស​ជីវចម្រុះដើម្បី​ប្រើប្រា​ស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរ​ភាព។ បើតាម​លោកប៉ាន់ មរកត តំបន់​ជួរ​ភ្នំក្រវាញ​ខា​ង​​ត្បូង​ ដែល​កើតមាន​បទល្មើស​ច្រើន​ជាង​គេ​ គឺ​នៅ​ក្នុង​ខេត្ត​កោះកុង។

ភ្នំពេញ​ ប៉ុ​ស្ដិ៍ មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​​បាន​ទេ កាលពី​ថ្ងៃ​ម្សិល​​មិញ ដោយ​​លោក​ថ្លែង​ថា កំពុង​ជាប់​រវល់​ប្រជុំ។

លោក ប៉ែន ប៊ុណ្ណា​រ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហ​គមន៍​មូល​ដ្ឋា​ន នៃ​អង្គការ​​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​លើក​ឡើង​​ថា ប្រសិនបើ​មន្ត្រី​ពាក់ព័ន្ធ​ ដែលមាន​នគរបាល​យុត្តិធម៌​និង​មន្ត្រី​ជំនាញ​ខាង​ព្រៃឈើ មិនមាន​ទទួលខុសត្រូវ​ចំពោះ​ការបាត់​​​​បង់​ព្រៃឈើ ហើយ​បែរជា​ឆ្លើយ​ដោះស្រាយ​ថា ខ្វះ​កម្លាំង​ក្នុងការ​ទប់ស្កាត់​បទល្មើសគឺ​តាម​ច្បា​ប់​ព្រៃឈើ មន្ត្រី​ទាំង​នោះ ត្រូវ​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនា​​គារ​ពី ១​ ឆ្នាំ​ទៅ​ដល់ ៥ ឆ្នាំ។

លោកបន្តថា បទល្មើស​ព្រៃ​ឈើ​នឹង​អាច​ថមថយ ប្រសិ​ន​បើ​នគរបាល​យុត្តិធម៌​ទប់​ស្កាត់​ការ​នាំចូល​ម៉ាស៊ីន​អារឈើ​ នៅ​តាម​ព្រំដែន និង​ចុះ​ដកហូត​ម៉ាស៊ីន​អារឈើ​ដែល​ដាក់លក់​គ្មាន​ច្បាប់​អនុញ្ញាត​ នៅតាម​​ទី​ផ្សារព្រមទាំង​លុបបំបាត់​អំពើ​និទណ្ឌ​ភាព​បាន។

លោក ប៊ុណ្ណារ៍ ថ្លែង​ថា៖ «ឧទាហរណ៍​នៅ​ខេត្ត​រតនគិរី​ហ្នឹង ម៉ាស៊ីន​អារឈើ​ លក់​ពេញ​ផ្សារ ​អត់​មាន​ច្បាប់​អនុញ្ញាត​ទេ»៕