ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ACU ប្រកាស​ជ្រើសរើស​មន្ត្រី​ចំនួន​ ៧៥ ​កន្លែង​បន្ថែមទៀត ដើម្បី​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​របស់​ស្ថាប័ន​នេះ​តាមរយៈ​ការប្រឡង​ប្រជែង​ដែល​ការទទួល​ពាក្យ​មាន​រយៈពេល​ ១ ខែ គិត​ចាប់ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃទី​ ២៩ ​ខែ​កុម្ភៈ​ខាងមុខ​។


តាម​សេចក្តី​ជូនដំណឹង​របស់ ACU ចុះ​ថ្ងៃទី ១៤ ខែ​មករា ឆ្នាំ ២០២០ បាន​សរសេរ​ថា ក្របខណ្ឌ​ដែល​ត្រូវ​ជ្រើសរើស​ទាំង ៧៥ កន្លែង​នោះ​គឺ​មាន​ថ្នាក់កណ្តាល​ចំនួន ៥១ ​កន្លែង និង​ថ្នាក់​ខេត្ត​ចំនួន​ ២៤ ​កន្លែង​ដោយ​បេក្ខជន​ត្រូវ​បង់ថ្លៃ​សំណុំ​ឯកសារ​ដាក់ពាក្យ​ប្រឡង​ចំនួន ៥ ​ពាន់​រៀល​ក្នុង​ ១ ​ច្បាប់ និង​បង់ថ្លៃ​សម្រាប់​សុំ​សិទ្ធិ​ប្រឡង​ចំនួន​ ៣៥០០០ ​រៀល​ក្នុង​ ១ ​ច្បាប់​។

សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា​៖ «​បេក្ខជន​ត្រូវ​មក​ទទួល​ពាក្យ និង​ដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​នៅ អ.ប.ព រៀងរាល់​ថ្ងៃ​ពី​ថ្ងៃ​ចន្ទ​ដល់​អាទិត្យ និង​ថ្ងៃបុណ្យ ព្រឹក​ចាប់ពី​ម៉ោង ៧ ​កន្លះ​ដល់​ម៉ោង ១១ កន្លះ និង​រសៀល​ចាប់ពី​ម៉ោង​ ២ ដល់​ម៉ោង ៥ ​ល្ងាច​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ២៩ ខែកុម្ភៈ ឆ្នាំ​ ២០២០»​។

លោក​ ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លើកឡើង​ក្នុង​លិខិត​ថា បេក្ខជន​ដែល​អាចដាក់​ពាក្យ​ប្រឡង​បាន​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ ហើយ​បើ​បេក្ខជន​មាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​មិន​គិតពី​អាយុ​នោះទេ តែបើ​បេក្ខជន​មាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ត្រូវ​មាន​អាយុ​យ៉ាងច្រើន ៤០ ​ឆ្នាំ​។


លោក​បន្តថា ចំណែក​បេក្ខជន​ដែល​មាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ គឺ​ត្រូវមាន​អាយុ​យ៉ាង​ច្រើន​បំផុត ៣៥ ​ឆ្នាំ និង​ថ្នាក់​បរិញ្ញាបត្ររង​ត្រូវ​មាន​អាយុ ២៨ ​ឆ្នាំ ខណៈ​បេក្ខជន​ដែល​បាន​បញ្ចប់​ត្រឹម​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សមមូល​ត្រូវ​មាន​អាយុ​ច្រើន​បំផុត ២៥ ​ឆ្នាំ​។


លោក ឱម យ៉ិនទៀង បន្ថែម​ថា​៖ «​រាល់​លិខិតស្នាម​ពាក់ព័ន្ធ​ត្រូវ​មាន​ការបញ្ជាក់​ទទួល​ស្គាល់​ជាផ្លូវការ និង​ត្រូវ​យក​មក​ជាមួយ​នូវ​ច្បាប់ដើម ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​។ ក្រោយ​ប្រឡង​ជាប់​ជា​មន្ត្រីរាជការ អ.ប.ព បេក្ខជន​ទាំងអស់​ត្រូវ​គោរព​អនុវត្តតាម​បទប្បញ្ញត្តិ​ផ្ទៃក្នុង​របស់ អ.ប.ព​»​។

កញ្ញា ទេព ច័ន្ទសុគន្ធា មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លិខិត​នេះ​គ្រាន់តែ​ជាការ​ប្រកាស​ផ្សព្វផ្សាយ​ជុំវិញ​ការប្រកាស​ប្រឡង​ជ្រើសរើស​មន្ត្រី​ថ្មី​តែប៉ុណ្ណោះ​ដែល​សង្ឃឹមថា​នឹង​មាន​យុវជន​ដែល​មាន​បំណង​ចង់​ក្លាយជា​មន្ត្រីរាជការ​ក្រោម​ក្របខ័ណ្ឌ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

កញ្ញា​បន្តថា​៖ «​ចំពោះមុខ​វិជ្ជា​ប្រឡង កាលបរិច្ឆេទ​ប្រឡង មណ្ឌល​ប្រឡង និង​បញ្ជី​រាយ​នាម​របស់​បេក្ខជន​គណៈកម្មការ​រៀបចំ​ការប្រឡង​នឹង​ជូនដំណឹង​នៅពេល​ក្រោយ​។ ខ្ញុំ​មិនអាច​ជម្រាបជូន​លើស​ពី​នេះ​បានទេ ព្រោះ​រង់ចាំ​ទាល់តែ​ការទទួល​ពាក្យ​បានបញ្ចប់​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ថ្លែង​ពីថ្ងៃ​ទី​ ១៥ ខែមករា​ថា លោក​ចង់ឃើញ​ស្ថាប័ន​នេះ​រៀបចំ​ការប្រឡង​ប្រជែង​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​មាន​រឿង​អាស្រូវ​ដែល​នាំ​ឲ្យ​ខូច​មុខមាត់​ស្ថាប័ន​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ចង់ឃើញ​ហ្នឹង​គឺ​អង្គភាព​នេះ​គឺជា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។ អ៊ីចឹង​នីតិវិធី​នៃ​ដំណើរការ​ប្រឡង​ហ្នឹង​ចាំបាច់​ត្រូវ​ធានា​ឲ្យ​មាន​តម្លាភាព និង​ឆ្លងកាត់​នីតិវិធី​ប្រកួតប្រជែង ដើម្បី​ឲ្យ​មាន​ស្មើភាព នៅក្នុង​ចំណោម​បេក្ខជន​»​។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់ ACU បេក្ខជន​ដែល​ចង់​ដាក់ពាក្យ​ប្រឡង​ត្រូវ​ត្រៀម​​ឯកសារ​មួយចំនួន​ដូចជា​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង ប្រវត្តិរូប សាលាកបត្រ​ឯកត្តជន បង្កាន់ដៃ​ទទួល​ពាក្យសុំ​សិទ្ធិ​ប្រឡង សេចក្តី​ចម្លង​សញ្ញាបត្រ លិខិត​ថ្កោលទោស និង​លិខិត​ពិនិត្យ​សុខភាព​ដោយ​ភ្ជាប់​ជាមួយ​នូវ​រូបថត​ថ្មី ៤ ​គុណ​ ៦ មួយ​សន្លឹក​ផងដែរ​៕