ភ្នំពេញៈ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ កឹម សុខា ​អតីត​ប្រធាន​បក្ស​ប្រឆាំង ​និង​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ​ដើម្បី​បញ្ចៀស​សម្ពាធ​ផ្សេងៗ ​ជា​ពិសេស​សម្ពាធ​ក្នុង​ការ​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA សម្រាប់​កម្ពុជា។​


លោក ​យ៉េង វីរៈ ​ប្រធាន​គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ហៅ​កាត់​ថា ​GDP បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ ​ក្នុង​គម្រប់​ខួប ​៤ ​ឆ្នាំ ​នៃ​ការ​បង្កើត​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ថា​លោក​ស្វាគមន៍​ចំពោះ​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​រវាង​កម្ពុជា​ និង​ភាគី​សហភាព​អឺរ៉ុប ​ដើម្បី​ឲ្យ​កម្ពុជា​នៅ​តែ​រក្សា​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង ​លោក ​កឹម សុខា ​អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ​ដែល​លោក​ថា​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ និង​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ ដើម្បី​ចៀសវាង​ពី​ការ​ដាក់​សម្ពាធ​ផ្សេងៗ​ពី​អន្តរជាតិ ​និង ​រក្សា​ការងារ​សម្រាប់​ប្រជាជន។​

លោក ​កឹម សុខា ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ កាល​ពី​រំលង​អាធាត្រ​ថ្ងៃទី ៣ ​ខែ ​កញ្ញា ​ឆ្នាំ ២០១៧ ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ ​«ក្បត់​ជាតិ»​ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​របស់​លោក​ កាល​ពី​ឆ្នាំ ២០១៣ ​នៅ​ប្រទេស ​អូស្ត្រាលី ​ដែល​ថា​ លោក​បាន​ទទួល​ដំបូន្មាន​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​នយោបាយ។ ដោយ​លោក​ជាប់​ចោទ​ពី​បទ​ក្បត់​ជាតិ​ គណបក្ស​របស់​លោក​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ កាល​ពី​ថ្ងៃទី ១៦​ ខែ វិច្ឆិកា ​ឆ្នាំ ២០១៧។ កាល​ពី​ខែ ​កញ្ញា​ ២០១៨ ​តុលាការ​បាន​ដោះលែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​​​ ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។​


ភ្នំពេញ​ប៉ុស្តិ៍ ​មិន​អាច​ទាក់ទង​លោក​ យ៉េង វីរៈ​ ដើម្បី​សុំ​ការ​បញ្ជាក់​បាន​ទេ​កាល​ពី​ម្សិលមិញ។​ ប៉ុន្តែ​លោក ឡឹក សុធារ​ អ្នក​នាំពាក្យ​គណបក្ស​ GDP បាន​ថ្លែង​ថា​៖ «ក្នុង​ឱកាស​គម្រប់​ខួប ​៤ ​ឆ្នាំ ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​កាល​ពី​ម្សិលមិញ ​លោក​ប្រធាន​ យ៉េង វីរៈ ​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ដោះលែង​លោក ​កឹម សុខា។ ក្នុង​ន័យ​ទី​១ ​ជំរុញ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ឡើង​វិញ ​ទី​២ ​បើក​ចំហ​នូវ​សិទ្ធិ​នយោបាយ​ដែល​អ្នក​នយោបាយ​អាច​ប្រកួត​ប្រជែង​នៅ​ក្នុង​វិថី​នយោបាយ​បាន​ល្អ»។


លោក ​សុធារ ថ្លែង​ថា ​បើ​លោក​ កឹម សុខា ​មិន​ត្រូវ​បាន​ដោះលែង​ទេ​នោះ ​វា​ជា​ការ​គួរ​ឲ្យ​សោកស្ដាយ ហើយ​ជា​អ្វី​ដែល​ GDP និង​ពលរដ្ឋ​កម្ពុជា​មិន​ចង់​ឃើញ​ និង​មិន​ចង់​បាន។

លោក​ថ្លែង​ថា​៖ «ប្រសិន​បើ​លោក​ កឹម សុខា ​ត្រូវ​បាន​ដោះលែង​នោះ ​នោះ​សម្ពាធ​នានា​នឹង​ថយ​ចុះ​ ហើយ​ការ​ដក ​ឬ​ព្យួរ EBA ប្រហែល​ជា​មិន​អាច​កើត​ឡើង​ទេ​បាទ»។

លោក​បន្ថែម​ថា​ GDP ចង់​ឃើញ​មាន​ការ​ប្រកួត​នយោបាយ​ដោយ​ស្មើភាព​គ្នា ​ហើយ​លោក ​កឹម សុខា ​ហាក់​ដូច​ជា​មិន​មាន​ទោស​កំហុស​ដូច​អ្វី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទេ។

លោក​បញ្ជាក់​ថា​៖ «អ្វី​ដែល​យើង​ចង់​បាន​បំផុត ​គឺ​សេរីភាព​នយោបាយ​ គឺ​អ្នក​នយោបាយ​មិន​គួរ​ត្រូវ​បាន​រឹតត្បិត មិន​គួរ​ត្រូវ​បាន​គំរាម​កំហែង ​មិន​គួរ​ត្រូវ​បាន​រារាំង​ក្នុង​ការ​ធ្វើ​នយោបាយ​ប្រកប​ដោយ​សុចរិត​ទេ»។

លោក ​សុធារ ថ្លែង​ថា ​ការ​ដោះលែង​ដោយ​វិធី​ណា​នោះ ​អាស្រ័យ​លើ​ការ​សម្រេច​របស់​តុលាការ។

ប៉ុន្តែ​លោក​ ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ថា ​ការ​ស្នើសុំ​របស់​ GDP ជា​សិទ្ធិ​សេរីភាព​របស់​គណបក្ស​នោះ​ ប៉ុន្តែ​ការ​ស្នើសុំ​ដែល​ផ្ទុយ​ពី​ច្បាប់​ជា​ធរមាន​ ការ​ស្នើសុំ​នោះ​មិន​មាន​ឥទ្ធិពល​អ្វី​នោះ​ទេ។

លោក​ ម៉ាលីន បាន​ថ្លែង​ថា​៖ «ជា​នីតិវិធី​ច្បាប់ ​គឺ​មិន​មាន​អ្នក​ណា​អាច​ទម្លាក់​ចោល​បទ​ចោទ​ ឬ​ដោះលែង​បាន​ទេ​នៅ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ។ មាន​តែ​តុលាការ​ទេ​ដែល​អាច​សម្រេច​ថា​តើ​គួរ​ទម្លាក់ ​ឬ​មិន​ទម្លាក់​ ហើយ​ត្រូវ​បន្ត​នីតិវិធី​តទៅ​មុខ​ទៀត​ដោយ​របៀប​ណា? ​និង​ផ្អែក​អង្គហេតុ​​អង្គ​ច្បាប់ និង​ភ័ស្តុតាង ​សក្ខីកម្ម​ដែល​មាន​ជា​ធរមាន»។

លោកស្រី ម៉េង សុភារី ​មេធាវី​មួយ​រូប​របស់​លោក​ កឹម សុខា ​បាន​បញ្ជាក់​ពី​ម្សិលមិញ​ថា ​រហូត​មក​ដល់​ពេល​នេះ​ សំណុំ​រឿង​របស់​លោក ​កឹម សុខា​ នៅ​ទ្រឹង​ត្រឹម​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ ​ហើយ​នៅ​ពេល​នេះ​មិន​មាន​អ្វី​វិវត្ត​ថ្មី​ទេ។

លោក ​សុខ ទូច ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា ​ការ​ដោះលែង​លោក ​កឹម សុខា ​គឺ​អាស្រ័យ​លើ​តុលាការ​ និង​ប្រព័ន្ធ​ច្បាប់។ លោក​ថា ​បើ​តុលាការ​ឲ្យ​ដោះលែង ​ហើយ​នៅ​តែ​មិន​មាន​ការ​ដោះលែង​នោះ​ទើប​ជា​បញ្ហា។

លោក​និយាយ​ថា​៖ «ការ​ទាមទារ​របស់​អ្នក​នយោបាយ​ជា​ការ​ទាមទារ ​និង​ជា​សិទ្ធិ​របស់​អ្នក​នយោបាយ ​ប៉ុន្តែ​មនុស្ស​បង្កើត​សង្គម​ សង្កម​បង្កើត​ច្បាប់​។ អ៊ីចឹង​ច្បាប់​ត្រូវ​តែ​គ្រប់គ្រង​សង្គម។ ដូច្នេះ​ទាមទារ​ឲ្យ​សង្គម​មើល​ច្បាប់​ថា​ តើ​គេ​អនុវត្ត​ច្បាប់​ទេ។ បើ​តុលាការ​ចេញ​សាលក្រម​ឲ្យ​ដោះលែង ​ហើយ​នៅ​តែ​មិន​លែង ​អាហ្នឹង​រឿង​ហ្នឹង​ចូល​រឿង​ផ្សេង​ហើយ ​គឺ​សង្គម​មិន​គោរព​ច្បាប់»៕