ភ្នំពេញៈ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​(GMAC)​ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ បាន​បង្ហាញ​ការ​ពិត​អំពី​​កម្ពុជា​ទៅ​ឧត្ត​​ម​ស្នង​ការ​សហភាព​​អឺរ៉ុប​​ នៅ​ក្នុង​វេទិកា​បើក​ចំហ​សម្រា​​​ប់​​​​មតិ​យោបល់​សាធារណៈនៅ​ទីក្រុ​​​ង Brussels ​ដោយ​​បាន​ចោទសួរ​អំពី​​​មូល​ហេតុ​ដែល​ប្លុក​ ២​៨​ ប្រទេស​នេះ​​ សម្រេច​ចិត្ត​ចាប់​ផ្តើ​ម​​នីតិ​វិធី​ព្យួរការ​អនុគ្រោះ​​ពាណិ​​​​​​ជ្ជ​​កម្ម​​​ (EBA) សម្រាប់​កម្ពុជា​។ នេះ​បើ​តាម​ប្រធាន​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា។​


ខណៈ​ដែល​ប្រទេស​ជិត​ខាង​របស់​កម្ពុជា​ទើប​តែ​បាន​ចុះ​​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​សេរី​​ ជា​​មួយ​សហភាព​អឺរ៉ុប​ ក្រុម​អ្នក​វិភាគ​ជឿ​​ថា សហភាព​អឺរ៉ុប​​ គិត​​គូរ​អំពី​​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ជាង​បញ្ហា​ផ្សេង​ ​ហើយ​កម្ពុជា​បាន​រៀប​ចំ​ខ្លួន​រួច​ហើយ​ សម្រា​ប់​​ការ​បាត់​បង់​គម្រោង​​អនុគ្រោះ​ពន្ធ​​សម្រាប់​ការ​នាំ​ចូល​ទំនិញ​គ្រប់​យ៉ាង​លើក​លែង​តែ​សព្វាវុធ ​​(EBA)។

លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជាបាន​ថ្លែង​ថា៖ «​​កាល​ពី​ថ្ងៃ​ពុធនៅ​ទីក្រុង Brussels ​មាន​វេទិកា​បើក​ចំហ​​មួយ ​សម្រា​ប់​មតិ​យោបល់​សាធា​រណៈ​​ និង​សម្រាប់​​តំណាង​មក​ពី​ភាគី​ពាក់ព័ន្ធ​​ទាំង​អស់​ ដើម្បី​លើកឡើង ​នូវ​ក្តី​បារម្ភ ​​និង​ដើម្បី​ពិភាក្សា​អំពី​​​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល ​​ពាក់​ព័ន្ធ​ទៅ​នឹង​ការព្យួរ ​EBA»។

លោក​បាន​​ថ្លែង​បន្ត​ថា​៖ «ដូច្នេះ ​ សមាគម​រោងចក្រ​កាត់​ដេរ​ នៅ​កម្ពុជា ជា​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ដំណើរការ​នេះ​។ ​យើង​ធ្វើ​បទ បង្ហាញ​របស់​យើង​ទៅ​ឧត្តម​ស្នងការ​​សហភាព​​អឺរ៉ុប។ ​យើង​បាន​សួរ​​ថា ​ហេតុ​​អ្វី​បាន​ជា​ពួកគេ​ធ្វើ​ដូច្នោះ​​ ផ្អែក​លើ​មូល​ហេតុ​អ្វី​ ​​ហើយ​យើង​បាន​ដាក់​ការ​ពិត​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​ពី​សក្តានុពល»។

សហភាព​អឺរ៉ុប​​បាន​​ចាប់​ផ្តើម​នីតិវិធី​ជា​ផ្លូវ​ការ​​សម្រាប់​ការ​ព្យួរ ​EBA ​ពី​កម្ពុជា​កាល​ពី​ខែ​​កុម្ភៈ។ កាល​ពី​ខែ​មិថុនា ក្រុម​បេស​កកម្ម​ស្វែង​រក​ការ​ពិត​​ របស់​សហ​​​​ភាព​អឺរ៉ុប​បាន​​​មក​ទស្សនកិច្ច​កម្ពុជា​​។ ​ពួក​គេ​នឹង​ធ្វើ​របាយ​ការណ៍​​ស្តីពី​លទ្ធ​ផល​ស៊ើប​អង្កេ​ត​​របស់​ពួក​គេ​​ នៅ​ពាក់​កណ្តាល​ខែ​​សីហា។ ​ប៉ុន្តែ​​សេចក្តី​សម្រេច​ចុង​ក្រោយ ​​នឹង​ធ្វើ​ឡើង​​នៅ​​​ខែ​កុម្ភៈ​ ឆ្នាំ​ក្រោយ។


​សហភាព​អឺរ៉ុប ​​បាន​ថ្លែង​ថា បេសកកម្ម​កាល​ពី​ខែ​មិថុនា ​បាន​​ពិនិត្យ​មើល​ទៅ​លើ​បញ្ហា​សំខាន់​មួយ​ចំនួន​​ក្នុង​ចំណោម​​ក្តី​បារម្ភ​សំខាន់​ៗ​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន​​ការ​រំលោភ​បំពា​ន​​សិទ្ធិ​នយោបាយ​ សេរី​ភាព​នៃ​ការ​បញ្ចេញ​​មតិ​ ​និង​សេរី​ភាព​សមាគម ​សិទ្ធិ​រៀប​ចំ​​ និង​ចរចា​រួម​ ​ការ​រំលោភ​យក​ដី​ធ្លី ​​ដែល​បង្ក​ឡើង​ដោយ​​សម្បទាន​​ដី​សេដ្ឋ​កិច្ច​​ ​ជា​ពិសេស​​នៅ​ក្នុង​វិស័យ​ស្ករស។

​ខណៈ​កម្ពុជា​​​ស្ថិត​នៅ​ក្នុង​ផ្លូវ​ទៅ​រក​​ការ​បាត់​បង់ ​​EBA ​ប្រទេ​ស ​វៀត​ណាម​ ដែល​ជា​ប្រទេស​ជិតខាង​​កាល​ពី​ថ្ងៃ​ទី ៣០ ខែ ​មិថុនា ​បាន​ចុះ​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ ជា​មួយ​សហភាព​អឺរ៉ុប​ ​ហើយ​​សហភាព​អឺរ៉ុប​បាន​ដាក់​​​បញ្ហា​កែ​លម្អ​សិទ្ធិ​មនុស្ស​ ជា​លក្ខខណ្ឌ​ភ្ជាប់​​។ ​ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ជឿ​ថា ​កិច្ច​ព្រម​ព្រៀង​ណា​ក៏​ដោយ​ គឺ​​មាន​គោល​បំណង​គិ​ត​​អំពី​ផល​ប្រយោជន៍​សេដ្ឋកិច្ច។

​លោក គិន ភា ​នាយក​វិទ្យា​ស្ថាន​​ទំនាក់​ទំនង​អន្តរជាតិ​​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា ចំណូល​គឺ​ជា​ប្រធាន​ប​ទ​ពិភាក្សា​នៅ​ក្នុង​ពាណិជ្ជ​កម្ម​​។ ​ដូច្នេះ​ សហភាព​អឺរ៉ុប ​​និង​​វៀតណាម ធ្វើ​អ្វី​ក៏​ដោយ​​ដែល​អាច​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋ​កិច្ច​របស់​ពួកគេ។

លោក​ថ្លែង​ថា៖ «​​វា​ជា​សារ​មួយ​ដល់​កម្ពុជា​​ថា យើ​​ង​ត្រូវ​តែ​គិត​​​អំពី​អត្ថ​ប្រយោ​​​​ជន៍​ជាតិ​។ ​ក្តី​បារម្ភ​​របស់​សហ​​​ភាព​អឺរ៉ុប​​ អំពី​​សិទ្ធិ​មនុស្ស​​ និង​ប្រជា​ធិបតេយ្យ​​​​​​ គឺ​ជា​អ្វី​ដែល​យើង​មិន​ដឹង​ ​ប៉ុន្តែ​អ្វី​ដែល​នៅ​ពី​ក្រោយ​​ គឺ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​​​របស់​ពួក​គេ​។ ដូច្នេះ ទាំង​ក្រុម​ប្រឆាំង​​​ និង​ទាំង​​គណបក្ស​កាន់​អំណាច​​ ត្រូវ​តែ​គិត​​ទ្វេ​ដង​ថា អ្វី​ៗ​គឺ​ដើម្បី​អត្ថប្រយោជន៍​របស់​ពួក​គេ ​[អឺរ៉ុប​ និង​វៀត​ណា​ម] ​មិន​មែន​​ដើម្បី​ជួយ​កម្ពុជា​ក្នុង​ភាព​ស្មោះ​ត្រង់​នោះ​ទេ»។

លោក​បាន​ថ្លែង​ថា ​លោក​​បាន​ឃើញ​ថា អ្នក​នយោបាយ​​ ពីអតី​ត​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​​គណបក្ស​ប្រឆាំង​​ចង់​ឃើញ​ឲ្យ​មាន​ការ​ដក ​EBA ខណៈ​ដែល​រដ្ឋា​ភិបាល​​​ខិត​ខំ​ព្យាយាម​រក្សា​វា​។ ​ប៉ុន្តែ​លោក​បាន​ថ្លែង​ថា ​រដ្ឋា​ភិបាល​កម្ពុជា​ មិនអាច​ដោះ​ដូរ​​ការ​អនុគ្រោះ​ពាណិជ្ជ​កម្ម​​ជា​មួយ​នឹង​​​អធិបតេយ្យ​ភាព​​បាន​ទេ​។ ដូច្នេះ រដ្ឋាភិបាល​​ជ្រើស​រើស​ធ្វើ​ពិពិធ​កម្ម​​ពាណិជ្ជ​កម្ម​​​ដោយ​នាំ​ចេញ​​ផលិត​ផល​ទៅ​ទីផ្សារ​ដទៃៗ​ទៀត​ក្រៅ​ពី​សហភាព​អឺរ៉ុប។

លោក Bradley Jensen Murg ​ជំនួយ​ការ​សាស្រ្តាចារ្យ​​​ ផ្នែក​វិទ្យា​សាស្រ្ត​នយោបាយ​​ និង​ការ​សិក្សា​អំពី​អាស៊ាន​​បាន​ថ្លែង​ថា ​តាម​ទស្សនៈ​របស់​លោ​ក ​ការ​ដក ​EBA ដោយ​សហភាព​អឺរ៉ុប ​​នឹង​ធ្វើ​ឲ្យ​​​ខូច​កិត្តិយស​​ផ្ទាល់​របស់​សហភាព​អឺរ៉ុប ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​ខ្លួន។​

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ពិត​ជា​មិនយល់​​អំពី​សហភាព​អឺរ៉ុប​ចុះ​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ដ៏​ធំ​ជា​មួយ​ចិន​ដែល​ជា​ប្រទេស​មួ​យ ​​ដែល​ធ្លាប់​មាន​អំពើ​ប្រល័យ​ពូជសាសន៍​វប្បធម៌​​ប្រឆាំង​នឹង​​ជនជាតិ Uighur របស់​ខ្លួន​ ​ហើយ​ថ្មី​ៗ​នេះ​ទៀត ​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​វៀត​ណាម​ ​ដែល​មាន​ចំណាត់​ថ្នាក់​ពិន្ទុ​សិទ្ធិ​មនុស្ស​​​ទាប​ជាង​កម្ពុជា»។

លោក​បាន​បន្ត​ថា​៖ «​​ចំពោះ​អ្នក​សេដ្ឋ​កិច្ច​នយោបាយ​ដូច​ជា​​​ខ្លួន​ខ្ញុំ​ផ្ទាល់​​ ​ចំពោះ​ការ​​ធ្វើ​បែប​នេះ​គឺ​ថា សហភាព​អឺរ៉ុប​គិត​គូរ​អំពី​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​លុះ​ត្រា​​តែ​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​​ មិន​ធំ​ខ្លួន [សម្រាប់​ខ្លួន​] ​ហើយ​បាន​កត់​សម្គាល់​ថា ដាន​ជើង​​ និង​ទីផ្សារ​សេដ្ឋ​កិច្ច​​អឺរ៉ុប​ធំ​ខ្លាំង​ជាង​នេះ ​​​គឺ​នៅ​ប្រទេស​ ចិន ​និង​វៀតណាម ​​បើ​ធៀប​នឹង​កម្ពុជា​»។

​លោក​បាន​ថ្លែង​ថា ​វា​សំខាន់​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បន្ត​​​កិច្ចខិត​ខំ​ប្រឹង​ប្រែង​​​ខ្លាំង​របស់​ខ្លួន​ដើម្បី​រក្សា​ EBA ដើម្បី​​ធានា​​កំណើន​សេដ្ឋ​កិច្ច​រឹង​មាំ​​ជា​បន្ត។

ប៉ុន្តែ​​អ្នក​វិភាគ​នយោបាយ​ លោក ឡៅ ម៉ុង​ហៃ​ ​ថ្លែង​ថា ​សេចក្តី​ថ្លែង​ការណ៍​​ជា​បន្ត​បន្ទា​ប់​របស់​រដ្ឋា​ភិបាល កម្ពុជា​​​អំពី ​EB​A និង​វិធាន​ការ​​របស់​រដ្ឋា​​ភិបាល​ ​​ដើម្បី​កាត់​បន្ថយ​ចំណាយ​ផលិ​ត​​កម្ម​​​បាន​បង្ហាញ​ថា ​​រដ្ឋា​​ភិបាល​រៀប​ចំ​ទទួ​ល​យក​​ការ​ដក​ EBA​ ក្នុង​វេលា​ណា​មួយ​នា​ពេល​ខាងមុខ៕