ភ្នំពេញៈ រដ្ឋាភិបាលប្រកាសស្វាគមន៍ចំពោះការសុំចុះបញ្ជីគណបក្សនយោបាយរបស់រដ្ឋាភិបាលនិរទេសនៃក្រុមរណសិរ្សរំដោះជាតិខ្មែរ (KNLF) របស់លោក សម សេរី ដែលនឹងចុះបញ្ជីជាផ្លូវការនៅសប្តាហ៍នេះ ខណៈពួកគេកំពុងត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ក្រោយពីក្រុមនេះធ្វើសកម្មភាពនៅក្រៅប្រទេសជាយូរឆ្នាំមកហើយប្រឆាំងនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រណសិរ្សរំដោះជាតិខ្មែរដែលចុះហត្ថលេខាដោយលោក វ៉ន វុត ប្រធានគណៈកម្មការរដ្ឋបាល KNLF កាលពីថ្ងៃសៅរ៍ឲ្យដឹងថានៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះខ្លួននឹងចុះបញ្ជីគណបក្សថ្មីមួយដែលមានឈ្មោះថា «គណបក្សរំដោះជាតិខ្មែរ» នៅក្រសួងមហាផ្ទៃ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានស្វាគមន៍ការត្រឡប់ចូលស្រុកដើម្បីបង្កើតគណបក្សនយោបាយដោយថាជារឿង «ល្អ»។ លោកថ្លែងថា៖ «ខ្ញុំមើលឃើញថារដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់កម្ពុជាបានការពារសិទ្ធិនយោបាយរបស់ពលរដ្ឋម្នាក់ៗលើកលែងតែបុគ្គលដែលត្រូវតុលាការដកសិទ្ធិ ដូច្នេះការត្រឡប់មកបង្កើតគណបក្សគឺជាការធ្វើត្រឹមត្រូវ ការប្រកួតប្រជែងយកប្រជាពលរដ្ឋជាអ្នកសម្រេចក្ដី។ សាលដីការបស់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតគឺមានន័យធំធេងសម្រាប់លទ្ធិប្រជាធិបតេយ្យមានន័យធំធេងសម្រាប់សន្តិភាព និងស្ថិរភាព»។
លោកក៏រំឭកថាពួក «ឧទ្ទាមខ្មែរក្រហម» ដែលកាន់អាវុធនៅក្នុងព្រៃក៏នៅតែអាចចូលមករួបរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាបានដែលជាសមត្ថភាពនៃនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី។
លោកបន្ថែមថា៖ «វាជារឿងល្អ ខ្ញុំថាល្អ។ ខ្ញុំថាអានេះជាសមត្ថភាពរបស់សម្ដេចតេជោ ហ៊ុន សែន លោកបង្ហាញពីស្នាដៃជាមួយខ្មែរក្រហមរួចស្រេចទៅហើយ យើងយកឧទ្ទាមពីក្នុងព្រៃចូលមកជាកម្លាំងជាតិ ដើម្បីកសាងជាតិ។ ដូច្នេះសមត្ថភាពសម្ដេចតេជោ ហ៊ុន សែន លោកបានបង្ហាញពីគុណធម៌ សីលធម៌ និងសមត្ថភាពក្នុងការផ្សះផ្សាជាតិតាមរយៈការអនុវត្តលទ្ធិប្រជាធិបតេយ្យនេះឯង»។
លោក ស៊ីផាន បន្តថាចំពោះសមាជិករណសិរ្សដែលកំពុងជាប់ពន្ធនាគារ ហើយដឹងកំហុស និងសាលក្រមចូលជាស្ថាពរនាយករដ្ឋមន្ត្រីអាចប្រើប្រាស់បុព្វសិទ្ធិក្នុងការស្នើទៅព្រះមហាក្សត្រលើកលែងទោសបាន។
លោកសង្កត់ធ្ងន់ថា៖ «ដូច្នេះការសម្រេចចិត្តក្លាយទៅជាគណបក្ស ល្អបំផុត រួមរស់ រួមសុខ ជាមួយមហាជន...។ យើងដឹងថាមានតែទណ្ឌិតទាំងអស់នោះ ទទួលបានការសម្រេចចុងក្រោយរបស់តុលាការ ហើយទណ្ឌិតទាំងអស់នោះទទួលស្គាល់ទោសកំហុសរបស់ខ្លួន និងមិនប្រឆាំងសាលដីកានោះនឹងបើកផ្លូវជូនសម្ដេចតេជោប្រើប្រាស់បុព្វសិទ្ធិរបស់លោកស្នើសុំទៅព្រះមហាក្សត្រទទួលការកាត់បន្ថយទម្ងន់ទោស ឬក៏ (ដោះ) លែងឲ្យមានសេរីភាព»។
សេចក្ដីប្រកាសព័ត៌មានខាងលើមានខ្លឹមសារថា៖ «គណបក្សរំដោះជាតិខ្មែរជាគណបក្សប្រជាធិបតេយ្យពិតប្រាកដរួបរួមខ្មែរទាំងអស់គ្រប់និន្នាការនយោបាយ ឯកភាពជាតិ សន្តិភាព សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»។ គណបក្សរំដោះជាតិខ្មែរសូមស្វាគមន៍ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសគ្រប់សមាគម គ្រប់គណបក្សនយោបាយទាំងអស់ដែលមានបំណងចង់ចូលរួមកសាងជាតិខ្មែរឲ្យមានភាពរីកចម្រើនសម្បូរសប្បាយ និងរស់នៅដោយមានសេចក្ដីថ្លៃថ្នូរដូចជាតិសាសន៍ដទៃទៀត»។
លោក វ៉ន វុត ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាខាងរដ្ឋាភិបាលបានផ្តល់ «ភ្លើងខៀវ» ឲ្យខាងរណសិរ្សរបស់លោករៀបចំឯកសារដើម្បីចុះបញ្ជីដោយនឹងពិចារណាលើនីតិវិធីច្បាប់បន្ថែម។ លោកក៏សង្ឃឹមថា សមាជិករណសិរ្សរំដោះជាតិខ្មែរទាំងឡាយដែលកំពុងជាប់ពន្ធនាគារនឹងទទួលបានការលើកលែងទោសក្រោយ KNLF ចូលមកធ្វើនយោបាយក្នុងប្រទេសវិញ។
លោកថ្លែងថា៖ «ខាងក្រសួងមហាផ្ទៃគេបានឲ្យខាងខ្ញុំរៀបចំឯកសារដើម្បីចុះបញ្ជី ហើយឥឡូវនេះគេកំពុងពិចារណាលើនីតិវិធីច្បាប់ហើយ។ ពេលដែលខាងខ្ញុំចុះបញ្ជីហើយ រដ្ឋាភិបាលអាចនឹងពិចារណាក្នុងការលើកលែងទោសពួកគាត់ (សមាជិក) រួមនឹងលោកប្រធាន សម សេរី ហើយសមាជិកដែលជាប់ពន្ធនាគារទាំងអស់ គណបក្សបានធ្វើការតែងតាំងជាគណៈកម្មការនាយក»។
លោកបន្ថែមថា៖ «ដោយសារតែកន្លងមកយើងខ្ញុំតែងតែត្រូវបានបក្សកាន់អំណាចចោទប្រកាន់ទម្លាក់កំហុសថា មានបំណងផ្តួលរំលំរដ្ឋាភិបាល អ៊ីចឹងហើយពួកខ្ញុំគ្មានឱកាសធ្វើសកម្មភាពនៅក្នុងប្រទេសបានពេលនេះយើងមើលឃើញពីចំណុចវិជ្ជមានច្រើន ហើយយើងខ្ញុំសង្ឃឹមថាក្រោយបានចុះបញ្ជីបង្កើតបក្សរួចរាល់ហើយនឹងអាចធ្វើសកម្មភាពបានក្នុងស្រុកដោយស្របទៅតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
លោក ធុយ វី អ្នកនាំពាក្យរណសិរ្សរំដោះជាតិខ្មែរឲ្យដឹងកាលពីម្សិលមិញដែរថា ការចុះបញ្ជីគណបក្សរំដោះជាតិខ្មែរគឺជា «សញ្ញាវិជ្ជមានឈានទៅរកការដោះស្រាយវិបត្តិនយោបាយខ្មែរ» ហើយលោកសង្ឃឹមថានឹងទទួលបានការចុះបញ្ជីដោយស្របច្បាប់។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថារដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃនឹងទទួលការចុះបញ្ជីគណបក្សរំដោះជាតិខ្មែរ បើយើងគិតដល់ផលប្រយោជន៍រួមជាធំរបស់ជាតិក៏ដូចជាការគិតគូរដោះស្រាយវិបត្តិនយោបាយរបស់ជាតិខ្មែរយើងទាំងមូលជាធំ។ ខ្ញុំនៅតែមានសង្ឃឹមថារដ្ឋាភិបាលលោកនឹងពិចារណាឲ្យយើងបានចុះបញ្ជីគណបក្សដោយស្របទៅតាមរដ្ឋធម្មនុញ្ញនៃស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេពីម្សិលមិញ។
លោក សម សេរី កាលពីប៉ុន្មានខែមុនត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ខណៈលោកស្នាក់នៅប្រទេសថៃហួសកំណត់ទិដ្ឋាការ ប៉ុន្តែលោកត្រូវបានបញ្ជូនទៅប្រទេសដាណាម៉ាកទីដែលលោកសុំសិទ្ធិជ្រកកោន ទោះបីរដ្ឋាភិបាលសុំបញ្ជូនមកកម្ពុជាក៏ដោយ៕