ភ្នំពេញៈ មូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) បានចេញផ្សាយរបាយការណ៍នៅថ្ងៃទី ១០ មេសាថា គិតចាប់តាំងពីឆ្នាំ ១៩៩៤ មកអត្រាមរណភាពមាតានៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលដែលការប្រើប្រាស់មធ្យោបាយពន្យារកំណើតតាមបែបទំនើបមានការកើនឡើង ថ្វីបើនៅមានកម្រិតក្ដី។
របាយការណ៍បន្តថា អត្រាមរណភាពមាតាបានធ្លាក់ចុះពីជាង ៩០០ នាក់ក្នុងចំណោមកំណើតរស់ចំនួន ១ សែននាក់ក្នុងឆ្នាំ ១៩៩៤ មកនៅត្រឹមតិចជាង ១៧០ នាក់នាពេលបច្ចុប្បន្ន។
រីឯអត្រាប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើបវិញបានកើនឡើងពី ១៩ ភាគរយក្នុងឆ្នាំ ២០០០ មកដល់ ៣៩ ភាគរយ ក្នុងឆ្នាំ ២០១៤។
ទោះជាយ៉ាងណា របាយការណ៍នេះបានបង្ហាញថា អត្រាមរណភាពមាតាដែលធ្លាក់ចុះនេះនៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ខណៈការប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើបក៏នៅមានកម្រិតផងដែរ។
របាយការណ៍សរសេរថា «ការប្រើប្រាស់មធ្យោបាយពន្យារកំណើតបែបទំនើបនៅមានកម្រិតគឺ ៣៩ ភាគរយនៅឆ្នាំ ២០១៤ (៣៣% នៅទីក្រុងនិង ៤០% នៅជនបទ)»។
លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលបានលើកឡើងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលកំពុងប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើឱ្យអត្រាមរណភាពមាតានិងទារកកាន់តែធ្លាក់ចុះ ហើយក៏មិនមានជាឧបសគ្គអ្វីដែរ តែរដ្ឋាភិបាលទាមទារពេលបន្ថែមព្រោះថាមិនអាចសម្រេចភ្លាមៗទេ។
លោកស្រីបន្តថា កិច្ចប្រឹងប្រែងទាំងនោះ មានដូចជា ការដាក់ចេញនូវកម្មវិធីគាំពារសុខភាពដល់ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីសម្រាលកូនដែលមានជីវភាពក្រីក្រតាមរយៈការលើកទឹកចិត្តដោយផ្ដល់ថវិកាជាដំណាក់ៗ ចាប់ពីពួកគេមានកំណើតកូនបាន ៥ ខែ រហូតកូនមានអាយុ ២ ឆ្នាំដែលជាការយកចិត្តទុកដាក់ខ្លាំងរបស់រដ្ឋាភិបាលលើសុខភាពមាតានិងទារក។
លោកស្រីថា៖ «អ៊ីចឹង ការខិតខំរបស់យើងនេះ គឺអនុវត្តតាមអនុសាសន៍របស់សម្ដេចហើយក៏ធ្វើម៉េចដើម្បីពង្រឹងនូវសមត្ថភាពមន្ត្រីយើងបន្ថែមទៀត ជាពិសេសគឺប្រជាពលរដ្ឋយើងត្រូវតែមានការយល់ដឹងលើបញ្ហាហានិភ័យ ដែលអាចកើតឡើងពេលសម្រាលបុត្រហើយត្រូវតែមកត្រួតពិនិត្យផ្ទៃពោះហ្នឹងឱ្យបានគ្រប់ ៤ លើក»។
មន្ត្រីសុខាភិបាលអះអាងថាការចាក់ថ្នាំបង្ការត្រូវធ្វើឱ្យបានគ្រប់ទៅតាមការកំណត់ហើយការសម្រាលកូនត្រូវតែសម្រាលជាមួយគ្រូពេទ្យដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវចៀសវាងទៅកន្លែងផ្សេងគ្មានជំនាញជាហេតុបង្កហានិភ័យដល់ស្ដ្រីជាម្ដាយ។
លោកស្រី ឱ វណ្ណឌីន បន្ថែមថា ចំពោះការប្រើមធ្យោយបាយពន្យារកំណើតបែបទំនើបក៏នៅមានកម្រិតដែរ ដូច្នេះវាក៏ទាមទាររយៈពេលបន្ថែមទៀតសម្រាប់ឱ្យពលរដ្ឋកាន់តែយល់ដឹង។
លោកស្រីថា៖ «អ៊ីចឹង! ក្រសួងសុខាភិបាលជាមួយអង្គការ UNFPA កំពុងរួមសហការគ្នាក្នុងការអប់រំសុខភាពដល់ក្រុមយុវវ័យរបស់យើង តែយើងមិនត្រូវភ្លេចថា កាលដែលយើងពង្រីកនូវសេវាគ្របដណ្ដប់សម្រាប់ក្រុមយុវវ័យនេះគឺយើងធ្វើបានល្អប្រសើរហើយដោយមានការទទួលស្គាល់ពីឆាកអន្តរជាតិតាំងពីឆ្នាំ ២០១៤ ម្ល៉េះ។
កាលពីឆ្នាំ ២០១៤ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលបានពានរង្វាន់ ដោយសារគេចាត់ទុកថា ព្រះរាជាណាចក្រកម្ពុជារបស់យើងអនុវត្តបានជោគជ័យក្នុងការពង្រីកសេវាគ្របដណ្ដប់ជាសកលសម្រាប់សុខភាពបន្តពូជហើយគេរៀនសូត្រពីយើង»។
UNFPA ក៏បានបន្តដែរថា នៅកម្ពុជាស្ដ្រីដែលទើបរៀបការរួច ១២ ភាគរយពុំមានតម្រូវការគ្រប់គ្រាន់សម្រាប់រៀបចំផែនការគ្រួសារ ខណៈការយល់ដឹងរបស់ស្ដ្រី ពិសេសស្ដ្រីវ័យពី ១៥ ដល់ ១៧ ឆ្នាំអំពីមេរោគអេដស៍/ជំងឺអេដស៍ ក៏មានការធ្លាក់ចុះជាងមុន។ ការផ្ដល់កំណើតទាំងនៅវ័យក្មេងចាប់ពីអាយុ ១៥ ដល់ ១៩ ឆ្នាំក៏បានកើនឡើងគឺពី ៤៤ នាក់ក្នុងចំណោម ១០០០ នាក់ក្នុងឆ្នាំ ២០០០ មកដល់ ៥៧ នាក់ក្នុងចំណោម ១០០០ នាក់ក្នុងឆ្នាំ ២០១៥ ហើយអត្រាប្រើមធ្យោបាយពន្យារកំណើតក្នុងចំណោមស្ដ្រីទើបរៀបការរួចចាប់ពីអាយុ ១៥ ដល់ ១៩ គឺមានតែ ២៩,១% ។
បើតាម UNFPA ពិភពលោកត្រូវតែធ្វើការបន្ថែមទៀតដើម្បីធានាឱ្យបានសិទ្ធិបន្តពូជនិងសិទ្ធិរួមភេទសម្រាប់មនុស្សទាំងអស់គ្នា ថ្វីដ្បិតចលនាទាមទារសិទ្ធិនេះតាំងពីឆ្នាំ ១៩៦០ មកបានជួយផ្លាស់ប្ដូរជីវិតស្ដ្រីរាប់រយលាននាក់ក្នុងលោកតាមរយៈការផ្ដល់អំណាចឱ្យស្ដ្រីចេះការពារខ្លួននិងកំណត់ពីអនាគតរបស់ពួកគេក្ដី។
UNFPA បញ្ជាក់ក្នុងរបាយការណ៍ថា «ស្ដ្រីនិងក្មេងស្រីនៅតែប្រឈមរបាំងសេដ្ឋកិច្ចនិងសង្គមនៅគ្រប់ជំហាននៅតាមផ្លូវដែលឆ្ពោះទៅរកសិទ្ធិនិងជម្រើស។ កិច្ចប្រឹងប្រែងនៃចលនាទាមទារសិទ្ធិបន្តពូជកន្លងមកបានធ្វើឱ្យធ្លាក់ចុះយ៉ាងច្រើននៃចំនួនមានផ្ទៃពោះដោយមិនបានព្រាងទុកនិងការស្លាប់របស់ម្ដាយដែលបានជួយឱ្យស្ដ្រីទទួលបានសុខភាពកាន់តែល្អនិងស្ដ្រីរាប់លាននាក់កាន់តែមានជីវិតល្អប្រសើរជាងមុន»៕