ខឹង​ហៅ​ស្រី​ខារ៉ា​អូខេ​មិន​បាន​បាញ់​របួស​សន្តិសុខ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន


ភ្នំពេញៈ បុរស ២នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួនភ្លាមៗកាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃអាទិត្យ នៅមុខ​ហាង​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បន្ទាប់ពី​ប្រើ​អាវុធ​បាញ់​ជាច្រើន​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​សន្តិសុខ​ម្នាក់​របួសធ្ងន់ ព្រោះតែ​ខឹង​ហៅ​នារី​ខា​រ៉ា​ខេ​ទៅ​ដេក​មិនបាន។

លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹងថា ករណី​បំផ្ទុះ​អាវុធ​កាលពី​រំលង​អា​ធ្រា​ត្រ​យប់​ថ្ងៃអាទិត្យ​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនភ្លាមៗ ឥឡូវ​ខាង​ជំនាញ​កំពុង​ចាត់ការ​រឿងនេះ។ លោក​អធិការ​មិនបាន​លម្អិត​ឲ្យ​ដឹង​ពី​ចំណាត់ការ​ទៅលើ​ជនបង្ក​ហិង្សា​បាញ់បោះ​សេរី​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់​ខ្លី​ថា៖«រឿងនេះ គេ​កំពុងធ្វើការ​ហើយ»។

សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យ​ដឹង​ដែរ​ថា ហេតុការណ៍​ផ្ទុះអាវុធ​នេះ​បង្កឡើង​ដោយ​បុរស២នាក់​បន្ទាប់ពី​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ ក្នុង​ក្លិប​ឌី​យ៉ា​ម៉​ង់ ចប់​កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃអាទិត្យ ហើយ​ពេល​ចេញពី​បន្ទប់ បាន​តាម​ហៅ​នារី​ខារ៉ាអូខេ​ម្នាក់​ទៅជា​មួយ តែ​នារី​នោះ​ប្រកែក ទើប​ម្នាក់​ក្នុងចំណោម​ពួកគេ​ទាញ​កាំភ្លើង​ម៉ា​កឡុក បាញ់​គំរាម​នារី​នោះ​ជាច្រើន​គ្រាប់ មាន​បាញ់​ឡើងលើ​ផង​និង​បាញ់​ភ្ជុ​ច​ដី​ផង បណ្តាល​ឲ្យ​ផ្លាត​ទៅ​ត្រូវ​សន្តិសុខ​ម្នាក់​ដែល​យាម​នៅ​ទីនោះ​របួសធ្ងន់ និង​បន្សល់​សំបក​គ្រាប់​លើដី៣-៤គ្រាប់​ផង។

សមត្ថកិច្ច​ប្រាប់​រូបនេះ​ទៀតថា ក្រោយ​បង្កហេតុ​ជនសង្ស័យ​បាន​ព្យាយាម​គេច​ពី​ទី​កើតហេតុ តែ​ដោយ​កម្លាំង​ល្បាត​របស់​នគរបាល​មូលដ្ឋាន​នៅក្បែរនោះ ពួកគេ​ក៏ត្រូវ​ឃាត់ខ្លួន​បានភ្លាមៗតែម្តង។ ជនបង្ក​ត្រូវ​សមត្ថកិច្ច​នាំយកមក​ឃុំខ្លួន​នៅ​អធិការ​រដ្ឋា​ន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ​ពី​មូលហេតុ ប៉ុន្តែ​ដោយ​ជន​ទាំង២នាក់ ជា​មនុស្ស​របស់​មន្ត្រី​ថ្នាក់​ធំ​ម្នាក់​និង មាន​អន្តរាគមន៍​ពី​មន្ត្រី​នោះ​ផង ទើប​គេ​មិន​ហ៊ាន​បង្ហើប​ប្រាប់​ពី​អត្តសញ្ញាណ​ជនបង្ក​និង​រងគ្រោះ​ឲ្យ​បានដឹង​ទេ៕

ព័ត៌មានថ្មីៗ