ជន​សង្ស័យ​ម្នាក់​រំលោភ​សម្លាប់​យាយ​ជី​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ខេត្ត


handcuffs-vector
handcuffs-vector

បាត់ដំបងៈ បុរស​ញៀន​ស្រា​រួច​ចាប់​រំលោភ​ដូន​ជី​ម្នាក់​រួច​ច្របាច់​ក​សម្លាប់ នៅ​វត្ត​អូរ​ស្បែក​ប្រើស ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង កាល​ពី​យប់​ថ្ងៃ​ចន្ទ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់​ដំបង​កសាង​សំណុំ​រឿង​បញ្ជូន​មក​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ពុធ​នេះ។

លោក ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្ត​បាត់​ដំបង​បាន​ឲ្យ​ដឹង​ថា ជន​ល្មើស​ដែល​សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក​បញ្ជូន​មក​ពាក់​ព័ន្ធ​អំពើ​រំលោភ​សេពសន្ថវៈ​រួច​ធ្វើឃាត​លើ​ដូនជី​ម្នាក់​យ៉ាង​ព្រៃ​ផ្ស​នោះ​ត្រូវ​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ពុធ​នេះ។

លោក​ប្រាប់ថា «ជន​ដៃ​ដល់​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង​នឹង​ត្រូវ​មាន​ទោស ព្រោះ​គេ​ធ្វើ​អំពើ​ឃោរឃៅ​ទៅ​លើ​ជន​រង​គ្រោះ ហើយ​តុលាការ​នឹង​ចាត់​ការ​គេ​តាម​នីតិវិធី​ច្បាប់»។

លោក សុង សុភ័ក្ត្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក​ប្រាប់ថា ជនសង្ស័យ​ឈ្មោះ សា​វ៉េ​ត គឹម​ហាប់ អាយុ២២ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ចំណែក ដូនជី​រងគ្រោះ​ឈ្មោះ វី នី អាយុ៧៧ឆ្នាំ ស្រុកកំណើត​នៅ​ជាមួយ​ជនល្មើស​ដែរ និង​បានមក​ស្នាក់នៅ​ក្នុង​វត្ត​អូរ​ស្បែង​ប្រើស​ជាមួយគ្នា។

លោក​អធិការ​រំឭកថា រវាង​ដូនជី​រងគ្រោះ​និង​ជនសង្ស័យ​គ្មាន​ទំនាស់​អ្វី​នឹង​គ្នា​ទេ ប៉ុន្តែ​ថ្ងៃកើតហេតុ​ជនសង្ស័យ​ផឹកស្រា​ជោក លុះដល់​ម៉ោងជាង៩យប់ គេ​ក៏​ចូលទៅក្នុង​ខ្ទម​ដូនជី​ដែល​ស្នាក់នៅ​តែម្នាក់ឯង រួច​ចាប់បង្ខំ​ជនរងគ្រោះ​រំលោភ​រហូត​បានសម្រេច។ ប៉ុន្តែ​សម្រែក​ហៅ​ឲ្យ​គេ​ជួយ​​របស់​​ដូនជី ធ្វើ​ឲ្យ​ផ្អើល​ដល់​តាជី យាយជី នាំគ្នា​ទៅ​មើល ហើយក៏​បានឃើញ​ជនសង្ស័យ​ដើរ​ចេញពី​ខ្ទម​ដូនជី​រងគ្រោះ។

ក្រោយពី​សមត្ថកិច្ច​ចុះមក​ពិនិត្យ​តាម​ការរាយការណ៍​ពី​តាជី​យាយជី​ក្នុង​វត្ត ជនសង្ស័យ​ដែល​សម្ងំ​លាក់ខ្លួន​ក្នុង​វត្ត ត្រូវបាន​ចាប់ខ្លួនភ្លាមៗនោះ គឺ​បន្ទាប់ពី​សមត្ថកិច្ច​ចុះទៅ​ពិនិត្យឃើញ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ដោយ​លើ​សាកសព​ឃើញ​មាន​ស្នាម​ជាំ​នៅ​បំពង់ក។ តាម​នគរបាល​ជំនាញ អះអាងថា ជនសង្ស័យ​បាន​ច្របាច់ក​ជនរងគ្រោះ​កុំ​ឲ្យ​ស្រែក រហូត​ដាច់ដង្ហើម​ស្លាប់​តែម្តង។

ព័ត៌មានថ្មីៗ