សង្ខេប​ព័ត៌មានសេដ្ឋកិច្ចជាតិ​សំខាន់ៗ​ប្រចាំ​សប្តាហ៍


អ្នក​លក់​កំពុង​លើក​បាវ​អង្ករ​នៅ​តូប​លក់​អង្ករ​ជិត​រាជាយស្ម័យ​យាន​រាជធានី​ភ្នំពេញ
អ្នក​លក់​កំពុង​លើក​បាវ​អង្ករ​នៅ​តូប​លក់​អង្ករ​ជិត​រាជាយស្ម័យ​យាន​រាជធានី​ភ្នំពេញ ម៉ៃ វីរៈ

ភ្នំពេញៈ ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករធំ​ៗ​កំពុង​សម្លឹង​មើល​ឱកាស​ពង្រីក​ទីផ្សារ​អង្ករ​ក្រអូប​ទៅ​អាមេរិក​ដោយ​រំពឹង​ថា ប្រទេស​នេះ​នឹង​​ក្លាយ​ជា​ទី​ផ្សារ​ដ៏ ​សំខាន់​មួយ​នា​ពេល​ខាង​មុខ។

គម្រោង​បង្កើន​ការ​នាំ​ចេញ​ទៅ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទី​មួយ របស់​ពិភព​លោក​មួយ​នេះ គឺជា​ផ្នែក​មួយ​ដែល​អ្នក​នាំ​ចេញ​ព្យាយាម​ធ្វើ ​ពិពិធកម្ម​ទីផ្សារ​នាំ​ចេញ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ ស្រប​ពេល​សមត្ថភាព​ផលិត និង​ការ​ផ្គត់​ផ្គង់​​អង្ករ​របស់​កម្ពុជា​សម្រាប់​ទីផ្សារ​អន្តរជាតិ​​មាន​កំណើន​កាន់​តែ​ខ្លាំង៕

ភ្នំពេញៈ កម្ពុជា​បាន​នាំ​ចេញ​កង់​មាន​តម្លៃ​​ជាង ៣០០ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ដែល​ភាគ​ច្រើន​នៃ​ផលិត​ផល​នេះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ អឺរ៉ុប ជា​ទី​ដែលការ​ប្រើប្រាស់​កង់​មាន​ការ​ពេញ​និយម ខណៈ​ការ​នាំ​ចូល ពី​កម្ពុជា​មិន​ជាប់​កាតព្វកិច្ច​ពន្ធ​គយ។ ទិន្ន​ន័យ​បង្ហាញ​ថា នៅ​រយៈ​ពេល​ប្រាំ​មួយ​ខែ​ដំ​បូង​ឆ្នាំ ២០១២ សហភាព​អឺរ៉ុប​បាន​នាំ​ចូល​កង់ ៥១៩ ៣៨៩​ គ្រឿង​ពី​កម្ពុជា​គឺ​បាន​កើន​ឡើង​ពី ១៣៩ ៩៨៨ គ្រឿង​ធៀប​រយៈពេល​ដូច​គ្នា​នៅ​​ឆ្នាំ​២០១១៕

ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​សហការ​ជាមួយ​សហគមន៍​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា បាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ«​ក្រម​​សីលធម៌» សម្រាប់​ឧស្សាហកម្ម​ស្រូវ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ក្តី​ព្រួយ​បារម្ភ​របស់​សហភាព​អឺរ៉ុប ដែល​បាន​លើក​ឡើង​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៣ ថា អង្ករ​កម្ពុជា​ដែល​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​អឺរ៉ុប​មាន​លាយ​ជាមួយ​អង្ករ​ពី​ប្រទេស​វៀតណាម។ សហភាព​​អឺរ៉ុប​ជា​ទី​ផ្សារ​អង្ករ​ធំ​មួយ​របស់​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ៕

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​សេវា​រថយន្ត​ក្រុង​សាធារណៈ​នៅ​តាម​បណ្តោយ​មហា​ វិថី ម៉ៅសេទុង និង​វិថី កម្ពុជា​ក្រោម នា​ពេល​ឆាប់ៗ​ខាង​មុខ​ដើម្បី​បង្កើន​ទិសដៅ​ចរាចរណ៍​សម្រាប់​អ្នក​ដំណើរ​ខណៈ​ សេវា​នេះ​កំពុង​ត្រូវ​បាន​អនុវត្ត​សាកល្បង​អស់​ជាង​កន្លះ​ខែ នៅ​លើ​ផ្លូវ​តែ​មួយ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា សាលា​រាជធានី​មាន​គម្រោង​ដំណើរការ​សេវា​រថយន្ត​ក្រុង​សាធារណៈ​ខ្សែ ទី២ និង ទី៣ គឺ​តាម​បណ្តោយ​វិថី ម៉ៅ សេទុង និង កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​សិក្សា ពី​លទ្ធភាព និង​បញ្ហា​ប្រឈម​នានា​ដើម្បី​អាច​ដំណើរការ​គម្រោង​នៅ​លើ​វិថី​ទាំង​ពីរ។ លើស​ពី​នេះ សាលា​រាជធានី​ក៏​បាន​សម្រេច​បន្ត​ដំណើរការ​ជា​ផ្លូវ​ការ​សេវា​រថយន្ត​ សាធារណៈ​នៅ​លើ​ផ្លូវ មុនីវង្ស នៅ​ពេល​គម្រោង​សាក​ល្បង​ត្រូវ​បញ្ចាប់​ដោយ​សារ​សង្កេត​ឃើញ​មាន​ការ​គាំទ្រ​ ពី​អ្នក​ប្រើ​ប្រាស់។

ភ្នំពេញៈ តម្លៃ​មាស​នៅ​ទីផ្សារ​ក្នុង​ស្រុក​បាន​កើន​ឡើង​បន្តិច​នៅ​ខែ​ទី​ពីរ​ដើម ឆ្នាំ ២០១៤ នេះ បន្ទាប់​ពី​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ឆ្នាំ ២០១៣។ គិត​ត្រឹម​ថ្ងៃ​ពុធ សន្ទស្សន៍​តម្លៃ​មាស​បាន​កើន​ដល់ ១ ៦១០ ដុល្លារ​ក្នុង​មួយ​តម្លឹង​កើន ៨,៤៤ ភាគរយ បើ​ធៀប​នឹង​តម្លៃ​មាស​ក្នុង​ខែ មករា ឆ្នាំ ២០១៤។ នេះ​បើ​តាម​របាយ​ការណ៍​សន្ទស្សន៍​ទំនិញ​ចេញ​ផ្សាយ​ដោយ​ក្រសួង ពាណិជ្ជកម្ម។

របាយ​ការណ៍​បង្ហាញ​ថា មាស​បន្ត​ធ្លាក់​ថ្លៃ​ពី ១ ៩៥០ ដុល្លារ​ក្នុង​មួយ​តម្លឹង​នៅ​ដើម​ខែ មករា ឆ្នាំ ២០១៣ មក​ត្រឹម ១៤៨០ ដុល្លារ​នៅ​បំណាច់​ឆ្នាំ។ តម្លៃ​មាស​នៅ​បន្ត​នៅ​ទ្រឹង​ត្រឹម ១ ៤៨០ ដុល្លារ​ក្នុង ខែ មករា ឆ្នាំ ២០១៤។

ភ្នំពេញៈ សេវា​ធានា​រ៉ាប់​រង «ហានិភ័យ​លើ​ដំណាំ​កសិ ឧស្សាហកម្ម» នៅ កម្ពុជា ត្រូវ​គេ​រំពឹង​ថា នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ក្នុង​រយៈ​ពេល ៣ឆ្នាំ ខាង​មុខ ខណៈ​វិស័យ​នេះ​កាន់​តែ​មាន​ការ​រីក​ចម្រើន។ ធានា​រ៉ាប់រង ហ្វ័រតេ (Forte) ជា​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ដំបូង និង​តែ​មួយ​គត់​ដែល​កំពុង​អនុវត្ត​សេវាកម្ម​នេះ។

ព័ត៌មានថ្មីៗ