បាត់ដំបង: ដៃចាប់ហែកជើងកណ្ដុរអាំងធ្យូងឯតូបតាមចិញ្ចើមផ្លូវមួយនៅភាគខាងលិចកម្ពុជា លោក យិត សារីន ចូលចិត្ដទទួលទានសាច់កណ្ដុរ និងបាយសក្លែមស្រាបៀរ។
លោកនិយាយថា៖ «វាមានរសជាតិឈ្ងុយឆ្ងាញ់»។
កណ្ដុរស្រែអាំងមិនសុទ្ធតែជាជម្រើសអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់សម្រាប់មនុស្សគ្រប់រូបនោះទេ តែនៅទីជនបទនៃខេត្ដបាត់ដំបង កណ្ដុរអាំងពេញនិយម ដោយសារវាជាអាហារមានតម្លៃថោក និងងាយស្រួលចម្អិន ដោយកណ្ដុរអាំងធុនតូចមួយក្បាលមានតម្លៃ ១ ០០០ រៀល ខណៈអាធំមានតម្លៃ ៥ ០០០ រៀល។
កណ្ដុរស្រែត្រូវបានទទួលទានជាទូទៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ពេលប្រជាជនខ្មែរស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរក្រហម ខណៈដែលកង្កែប រពីង និងសត្វល្អិតដទៃទៀត ត្រូវបានចាត់វាទុកជាអាហារស្រោចស្រង់ជីវិត។
ពេលនេះ កណ្ដុរឆ្អិនក្លាយជាអាហារថ្ងៃត្រង់មានតម្លៃថោកសម្រាប់កម្មករ និងកសិករ ទោះជាមានការនិយាយខុសៗគ្នាពីជាតិវាយ៉ាងណាក៏ដោយ។
លោក សារីន បានប្រាប់ AFP ថា សាច់កណ្ដុរមិនខុសពី «សាច់មាន់ ឬសាច់គោ» នោះទេ ខណៈអ្នកដទៃទៀតនិយាយថា វាមានរសជាតិស្រដៀងសាច់ជ្រូកច្រើនជាង។
លោកគឺជាអតិថិជនម្នាក់ និងជាទេសចរជាតិ ដែលឆៀងចូលតូបកណ្ដុរអាំងចិញ្ចើមផ្លូវក្រៅក្រុងបាត់ដំបង ដែលកណ្ដុរអាំងត្រូវបានតាំងបង្ហាញដង្ហែជាមួយទឹកអំបិលម្រេច។
អ្នកស្រី ម៉ាលីស ជាអ្នកលក់កណ្ដុរអាំងម្នាក់ អាហារសម្រន់នេះមានការពេញនិយមខ្លាំងតាំងពីអ្នកស្រីដាក់លក់ជាងមួយទសវត្សរ៍មុន និងលក់បាន ២-៣ គីឡូក្រាម ក្នុងមួយថ្ងៃ។
បច្ចុប្បន្ន អ្នកស្រី ម៉ាលីស អាចលក់ក្នុងបរិមាណ ២០ គីឡូក្រាមក្នុងមួយថ្ងៃ ដែលទទួលបានការគាំទ្រពីភ្ញៀវខ្មែរធ្វើដំណើរឆ្លងកាត់តាមរថយន្ដវ៉ែន និងភ្ញៀវបរទេសដែលចង់ដឹងចង់ឃើញម្ដងម្កាល។
រដូវវិស្សមកាលបុណ្យទានអ្នកស្រីអាចលក់កណ្ដុរធំៗរហូតដល់ ១៨០ ក្បាល ក្នុងមួយថ្ងៃនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ឬបុណ្យអុំទូកជាដើម។
ដោយច្រានចោលនូវក្ដីបារម្ភអំពីសុខភាពដោយការបរិភោគកណ្ដុរអាំង អ្នកស្រី ម៉ាលីស បានលើកឡើងថា កណ្ដុរស្រែរបស់ខ្លួនចាប់នៅតាមស្រែ និងមិនប៉ះពាល់ចំពោះសុខភាពអ្នកទទួលទានឡើយ។
អាជីវកររូបនេះ បាននិយាយពេលកំពុងចាប់ប្រែសាច់អាំងភាយក្លិនយ៉ាងឈ្ងុយថា៖ «កណ្ដុរ ទាំងនេះមានសុខភាពល្អជាងសាច់ជ្រូក និងមាន់ទៅទៀត។ ពួកវាស៊ីតែមើមឈូក និងគ្រាប់ស្រូវប៉ុណ្ណោះ»។
ទោះបីជាមានការនិយមច្រើនយ៉ាងណាក៏ដោយ ក៏មនុស្សជាច្រើននៅតែមានអារម្មណ៍ញញើតកណ្ដុរអាំង។
អ្នកស្រី ម៉ាលីស និយាយទាំងទឹកមុខញញឹមពព្រាយថា៖ «ពួកគេមានអារម្មណ៍ថា វាគួរឲ្យខ្ពើម»៕ AFP/HR