បាត់ដំបង៖ គ្រង​សម្លៀក​បំពាក់​បែប​យុវតី​ឃ្យូតៗ ដៃ​កាន់​ចាន​ម្ហូប​ មុខ​ញញឹម​ពព្រាយ​ កញ្ញា ភួង សុភាដារី ជា​កូន​ពៅ​ក្នុង​គ្រួសារ ដែល​មាន​បងប្អូន ៤ នាក់ បាន​និយាយ​តប​នឹង​សម្ដី​ចាស់ៗ​ដែល​ធ្លាប់​ចំអន់​កូន​ពៅ​​បែប​លេង​សើច​ថា៖ «​កូន​ពៅ​មិន​មែន​អត់​ចេះ​ធ្វើ​អ្វី​នោះ​ទេ ជា​ពិសេស បញ្ហា​ផ្ទះ​បាយ និង​ចង្ក្រាន​ជើង​ឆ្នាំង​»។


ទោះបី​ជា​នោះ​អាច​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​កូន​ពៅ​រូប​នេះ​សម្រេច​ចិត្ដ​បើក​ភោជនីយដ្ឋាន​មួយ​ដោយ​ដាក់​​ឈ្មោះ​ថា «​ផ្ទះ​បាយ​កូន​ពៅ» យ៉ាង​ណា​​ក៏​ដោយ ក៏​កត្ដា​ជំរុញ​កញ្ញា​ សុភាដារី ពិត​ប្រាកដ​នោះ ​គឺ​បំណង​បំពេញ​ភារកិច្ច​ជា​កូន​ល្អ​ដែល​ខ្លួន​អាច​នៅ​ក្បែរ​ និង​ថែ​ទាំ​ឪពុក​ម្ដាយ​ដោយ​ផ្ទាល់​។


កញ្ញា ភួង សុភាដារី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ​ថា​៖ «​ក្រោយ​ពី​ខ្ញុំ​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស ​ចិន ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ស្ថាបត្យកម្ម​មួយ​នៅ​ភ្នំពេញ​។ បាន​ប៉ុន្មាន​ខែ ខ្ញុំ​យល់​ឃើញ​ថា ឪពុក​ម្ដាយ​ខ្ញុំ​ ពួក​គាត់​រស់នៅ​ឆ្ងាយ​ ដោយ​បងៗ​មាន​គ្រួសារ​អស់​។ ខ្ញុំ​មិន​ដាច់​ចិត្ត​ឲ្យ​ពួក​គាត់​រស់នៅ​ដោយ​មិន​បាន​ជួបជុំ​ជាមួយ​កូន​ណា​ម្នាក់​នោះ​ទេ។ ដូច្នេះ ខ្ញុំ​ព្យាយាម​រិះ​រក​វិធី​មក​រស់នៅ​ជាមួយ​គាត់​ទី​នេះ​»។



អនុបណ្ឌិត​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ​​ធានជីន បាន​​មើល​ឃើញ​ពី​កង្វះ​នូវ​ភាព​សម្បូរ​បែប​ចំពោះ​​ភោជនីយដ្ឋាន​​បែប​ផាសុកភាព ដែល​បម្រើ​មុខ​ម្ហូប​អត្ដសញ្ញាណ​អ្នក​បាត់ដំបង។


ម្ចាស់​ហាង​ផ្ទះ​បាយ​កូន​ពៅ ដែល​បើក​ភោជនីយដ្ឋាន​ដើម្បី​បាន​មក​នៅ​ក្បែរ​អ្នក​​មាន​គុណ​ទាំង ​២ បាន​ឲ្យ​ដឹង​ថា​​៖ «​ខ្ញុំ​ផ្ទាល់​ក៏​ចង់​ឃើញ​ខេត្ត​របស់​ខ្លួន​មាន​​ការ​រីក​ចម្រើន ​ក្នុង​នោះ​ម្ហូប​អាហារ​ក៏​ជា​​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​ផង​ដែរ​​​»​។​

នៅ​ភោជនីយដ្ឋាន​ដែល​ត្រូវ​បាន​រចនា​ផ្សារ​ភ្ជាប់​នឹង​ធម្មជាតិ​​ដោយ​ម្ចាស់​ហាង​ផ្ទាល់​នោះ មុខ​ម្ហូប​ប្រចាំ​តំបន់ បុក​​កន្ទុយ​ហេស ដែល​​ចាស់ៗ​និយាយ​តៗ​គ្នា​ថា ​វា​មាន​ប្រវត្តិ​មក​ពី​អ្នក​ស្រុក​បាណន់​ ​​ស្ថិត​ក្នុង​តារាង​មុខ​ម្ហូប​ផ្ទះ​បាយ​កូន​ពៅ និង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​អតិថិជន​គ្រប់​មជ្ឈដ្ឋាន​។

កញ្ញា​កូន​ពៅ​បាន​ឲ្យ​ដឹង​ថា​៖ «បុក​កន្ទុយ​ហេស (៨ ០០០ រៀល) មាន​គ្រឿង​ផ្សំ​ដូច​ជា ​ប្រហុក​ ត្រីឆ្អើរ​ និង​អម្ពិលទុំ​ ឬ​អម្ពិល​ខ្ចី​ ឬ​ក្រូច​ឆ្មារ​ និង​អាច​ជំនួស​ត្រី​ឆ្អើរ​ដោយ​កន្ទា​ទូក។ ​បើ​សិន​ជា​ចង់​ឲ្យ​ម្ហូប​មួយ​មុខ​នេះ​កាន់​តែ​ឆ្ងាញ់​ បុក​បញ្ចូល​គ្នា​បន្ថែម​ម្ទេស​ពណ៌​ក្រហម​ ពិសា​ផ្ទាប់​ជាមួយ​ស្ពៃ​ក្តោប​ ត្រប់​ស្រួយ​ ត្រសក់​ និង​សណ្តែក​កួរ​»។

ម្ហូប​ប្រចាំ​ខេត្ត​បាត់ដំបង និង​ម្ហូប​ពេញនិយម​ដទៃទៀត ដែលកូនពៅ​រៀន​ចម្អិន​ពី​យូធូប​​​។ ហុង មិនា

ដោយសារ​តែ​​បាត់ដំបង​ជា​ខេត្ដ​ជាប់​បឹង​ទន្លេសាប​ដ៏​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ និង​ផ្ដល់​ធនធាន​ត្រី​ដ៏​ច្រើន​សន្ធឹក​ ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ម្ហូប​ច្នៃ​ពី​ត្រី​ជា​​អាហារ​សម្រន់​ប្រចាំ​ខេត្ត​នេះ​​ផង​ដែរ។​ ​​

សង្វាក់​ ​​ដែល​មាន​រូបមន្ត​ដើម​មក​ពី​ជនជាតិ​អ៊ិស្លាម​​ ​ប្រើ​សាច់​ត្រី​លាយ​ជាមួយ​បាយកក ខណៈ​ពលរដ្ឋ​ខ្មែរ​ប្រើ​តែ​សាច់​ត្រី​មួយ​មុខ​។ ​​សង្វាក់ (តម្លៃ ៥ ០០០ រៀល​) ​ត្រូវ​នឹង​អន្លក់​​ផ្ទាប់​ជា​ច្រើន​មុខ​ ​ដូចជា​​ ​​នំ​បញ្ចុក​ ត្រសក់​​ ស្ពៃ​ក្តោប​ សាលាដ ជី ស្លឹក​ចាព្លូ និង​​ជ្រលក់​ទឹក​ត្រី​ផ្អែម​។

យ៉ាងណា​មិញ ម្ហូប​ប្រចាំ​ផ្ទះបាយ​​​កូន​ពៅ គឺ​បាយ​ក្ដាំង​កូន​ពៅ ដែល​​ទទួល​បាន​ការ​កុម្ម៉ង់​ច្រើន​បំផុត​។ ​

កញ្ញា​ម្ចាស់​ហាង​កូន​ពៅ បាន​រៀបរាប់​ត្រួសៗ​ថា​៖ «​​បាយ​ក្តាំង​ត្រូវ​បាន​ហាល​ឲ្យ​ស្ងួត​ យក​មក​បំពង​ រួច​គេ​ពិសា​ជាមួយ​​ទឹក​ជ្រលក់​ដែល​ដាក់​សាច់​ជ្រូក​ក៏​បាន​ សាច់​គោ​ក៏​បាន​ ដែល​​ចម្អិន​ជាមួយ​ពង​ទា​ អំបិល​ ស្ករ​ ប៊ីចេង​ ខ្ទិះ​​​ដូង​ ទឹក​ប៉េងប៉ោះ និង​ម្រេច​ និង​រោយ​ស្លឹក​ខ្ទឹម​ពី​លើ​ មាន​តម្លៃ​ ៨ ០០០ ​​រៀល​»។

បាយ​ក្ដាំង​ ជា​ម្ហូបដ៏​ពេញនិយម​កុម្ម៉ង់ពីភ្ញៀវ​ដែល​មក​កាន់ភោជនីយដ្ឋាន ផ្ទះបាយកូនពៅ​​។ ហុង មិនា

ភោជនីយដ្ឋាន​ ផ្ទះ​បាយ​កូន​ពៅ​ មាន​​មុខ​ម្ហូប​ជា​ច្រើន​ ដូច​ជា មីកូឡា (៥ ០០០ រៀល) ​បាញ់ឆែវ នំគ្រក់ ណែម ចាយ៉ ខ្យង​ស្ងោរ ខ្យង​អាំង (៦ ០០០ រៀល) បុក​ល្ហុង​បាយ​​ដំណើប​ស្លាប​មាន់ (១៤ ០០០-១៨ ០០០ រៀល) កាពិផាវ ទឹក​គ្រឿង​បាត់ដំបង ប្រហុក​ខ្ទិះ (៨ ០០០ រៀល) ប្រហើរ​ទំពាំង​ខ្យង ម្ជូរ​ព្រលិត​​កំពឹស​នឹង​ពង​ត្រី (១០ ០០០ រៀល​) និង​​មាន​មុខ​ម្ហូប​ជា​ច្រើន​ទៀត​ផង​ដែរ​។

ក្រៅ​ពី​មុខ​ម្ហូប​ជា​ច្រើន​ទាំង​នេះ​ដែល​​មាន​រសជាតិ​ឆ្ងាញ់​ ផ្ទះ​បាយ​កូន​ពៅ​ ក៏​មាន​លក់​ជា​ប្រភេទ​បង្អែម​ច្រើន​មុខ​តម្លៃ​ចន្លោះ​ពី ២ ០០០ ទៅ ៣ ០០០ រៀល។

កញ្ញា ភួង សុភាដារី បាន​ប្រាប់​អំពី​ការ​​ប្រើប្រាស់​រូបមន្ដ​មុខ​ម្ហូប​ទាំង​នោះ​ថា​៖ «​​ចំពោះ​រូបមន្ត​វិញ ​ម៉ាក់​បាន​បង្រៀន​តាំង​ពី​តូច ហើយ​ពេល​ខ្លះ​មើល ​Youtube ​គួប​ផ្សំ​នឹង​​រូបមន្ដ​ខ្លះ​ទៀត​ជា​ស្នាដៃ​របស់​ចុង​ភៅ​ប្រចាំ​ហាង​តែ​ម្តង​។ ​​មុខ​ម្ហូប​ទាំង​អស់​ជា​ការ​ជ្រើសរើស​​របស់​ខ្ញុំ​ផ្ទាល់​ ​ដែល​ជា​ចំណូល​ចិត្ដ​របស់​ខ្ញុំ​​»​។

ចាប់​ពី​ម៉ោង​ ១០ ​ព្រឹក​ដល់​ម៉ោង​ ៩​ យប់​ ផ្ទះ​បាយ​កូន​ពៅ​ ​ស្ថិត​នៅ​ផ្ទះ​លេខ​ ​៦៦ ក្រុម ​៥​ ភូមិ​រំចេក ​៤ សង្កាត់​រតនៈ។ ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ​ ០៨៥ ៦៦​ ៩៩ ៩២៕

វីដេអូ៖