ភ្នំពេញ៖ អគារ​​ដំបូល​ខ្ពស់​ស្រឡះ​ការ​រៀបចំ​តុ​អង្គុយ​ឃ្លាត​​ឆ្ងាយ​ពីគ្នា​ អម​ដោយ​រុក្ខជាតិ​លម្អ​ពណ៌​បៃតង​ស្រស់​ និង​​សំឡេង​រហ៊ឹមៗ​នៃ​បទ​ចម្រៀង​ចម្រុះ​ភាសា​ ធ្វើ​ឲ្យ​​ហាង​កាហ្វេ បឺរឡេប (De Burlap Café) ​ក្លាយ​ជា​​កន្លែង​ទទួល​ទាន​អាហារ​ អង្គុយ​សិក្សា​​ និង​ពិភាក្សា​ការងារ​យ៉ាង​ល្ហែល្ហើយ​​​គ្មាន​ការ​រំខាន​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​។


ចាប់​បើក​ដំណើរការ​​ក្នុង​​ឆ្នាំ​ ២០១៤ នៅ​​ជាប់​សួនច្បារ​មាត់​ទន្លេ​តាខ្មៅ ក្រុង​តាខ្មៅ ហាង​កាហ្វេ​នេះ​បាន​ពង្រីក​សាខា​ថ្មី​របស់​ខ្លួន​លើ​ទឹក​ដី​ចំការ​ដូង​ ស្ថិត​​ក្នុង​ខណ្ឌ​ដង្កោ​នៅ​ទល់​មុខ​វិទ្យាស្ថាន​អគ្គិសនី​កម្ពុជា​រាជធានី​ភ្នំពេញ​​។


ម្ចាស់​ហាង​បាន​សម្រេច​ចិត្ត​បើក​​សាខា​ថ្មី​ ដោយ​រចនា​ទីតាំង​​តាម​បែប​ផែន​​រោងចក្រ​ផលិត​កាហ្វេ​ មាន​​ដាក់​ម៉ាស៊ីន​ផលិត​កាហ្វេ​នៅ​ក្នុង​ហាង។


ជាមួយ​នឹង​​ទីតាំង​ធំ​ទូលាយ​ងាយ​ស្រួល​ក្នុង​ការ​ចត​រថយន្ត​​ ស្ថាបនិក​ហាងកាហ្វេ ​បឺរឡេប បាន​ឲ្យ​ដឹង​ពី​ឈ្មោះ​សាខា​ថ្មី​ថា៖ «​​យើង​បន្ថែម​ពាក្យ Factory ខាង​ក្រោយ​ដោយ​ហេតុថា​ ហាង​ថ្មី​ រៀបចំ​ឡើង​តាម​បែប​រោងចក្រ ​ដែល​មាន​ទីធ្លា​ធំ ក្នុង​នោះ​​យើង​មាន​បំពាក់​ឧបករណ៍​លីង​កាហ្វេ​ និង​ឧបករណ៍​ផ្សេងៗ ​ដើម្បី​ដាក់​តាំង​បង្ហាញ​​អតិថិជន​អំពី​របៀប​ក្នុង​ការ​លីង​ និង​ឆុង​កាហ្វេ​»។​


ប្រិយមិត្ត​ទទួល​ទាន​កាហ្វេ​រាល់​ថ្ងៃ​ ហើយ​ចង់​ដឹង​​ច្បាស់​ពី​ប្រភព​ភេសជ្ជៈ​នេះ​ ហាង​កាហ្វេ បឺរឡេប សាខា​ថ្មី​​ក៏​មាន​ផ្ដល់​នូវ​បទពិសោធ​ថ្មី ឲ្យ​ភ្ញៀវ​ទស្សនា​​វិធីសាស្រ្ត​ផលិត​កាហ្វេ​ពេញ ​១ ​​​ខ្សែ​​ចង្វាក់​ផលិតកម្ម​ ចាប់​តាំង​ពី​ការ​លីង​គ្រាប់​កាហ្វេ ការ​ចម្អិន​​ វេចខ្ចប់​ រក្សាទុក​ និង​ការ​ឆុង​កាហ្វេ​។


សូម្បី​តែ​ឈ្មោះ​ហាង បឺរឡេប (Burlap) ដែល​ជា​ពាក្យពេចន៍​ភាសា​​អង់គ្លេស​ ក៏​មាន​ន័យ​ទាក់ទង​នឹង​បច្ចេកទេស​ទុក​ដាក់​កាហ្វេ​ដែរ។

ស្ថាបនិក​ហាង​កាហ្វេ​ បាន​ពន្យល់​ថា៖ «Burlap ប្រែជា​ភាសា​ខ្មែរ ថា ក្រណាត់​ក្រចៅ​។ បាវ​ក្រចៅ ​មាន​គុណប្រយោជន៍​ច្រើន​ក្នុង​ការ​រក្សា​គុណភាព​គ្រាប់​​កាហ្វេ​ជាង​បាវ​ធម្មតា ព្រោះ​វា​មាន​ខ្យល់​ចេញ​ចូល​​គ្រប់គ្រាន់​ ដែល​មិន​ធ្វើ​ឲ្យ​គ្រាប់​កាហ្វេ​ដុះ​ផ្សិត។ លើស​ពី​នោះ​ ការ​ប្រើប្រាស់​បាវ​ក្រចៅ​ មិន​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ទេ»​។

ក្រៅពី​ឯកទេស​ខាង​កាហ្វេ ហាង ប៊ឺរឡេប នៅមាន​ម្ហូប​បែបខ្មែរ ចិន និង​អឺរ៉ុប​។ រូបថត សហ​ការី

ចំណុច​ពិសេស​របស់​ហាង​​ បឺរឡេប គឺ​រសជាតិ​កាហ្វេ​លីង​ចេញ​ពី​ម៉ាស៊ីន ​ដែល​ត្រូវ​បាន​ផលិត​ដោយ​ខ្លួន​ឯង​ រួម​ជាមួយ​ការ​ប្រើប្រាស់​គ្រាប់​កាហ្វេ​មាន​គុណភាព​ខ្ពស់​មក​ពី​ប្រទេស​ ប្រេស៊ីល​ កូឡំប៊ី​ ឡាវ​ និង​កាហ្វេ​ ដាំដុះ​ដោយ​បងប្អូន​ជនជាតិ​ភាគ​តិច​នៅ​តំបន់​ប៊ូស្រា ខេត្ត​មណ្ឌលគិរី​។

បន្ថែម​ពី​លើ​ភាព​ល្បីល្បាញ​នៃ​ការ​ផលិត និង​ឆុង​កាហ្វេ បឺរឡេប នៅ​ក្រុង​តាខ្មៅ​មាន​បម្រើ​ម្ហូប​បែប​ ខ្មែរ​ ចិន​ និង​អឺរ៉ុប​ ​​អស់​រយៈពេល​ ៦ ឆ្នាំ​មក​ហើយ​ មុន​នឹង​​បើក​ដំណើរការ​សាកល្បង​​​ហាង​បឺរឡេប សាខា​ថ្មី​នៅ​ចំការ​ដូង​កាល​ពី​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ​។

ម្ហូប​ដែល​ទទួល​បាន​ការ​គាំទ្រ​​ច្រើន​ជាង​គេ​សម្រាប់​អាហារ​ពេល​ព្រឹក​មាន​ មីទា​ធម្មតា (៤,៤៩ ​ដុល្លារ) គុយទាវ​ប្រហិត​ត្រី​ (៤,៤៩ ដុល្លារ) បាយ​ឆា​ម្នាស់​ (៤,៩៥ ដុល្លារ)។ អាហារ​ថ្ងៃ​ត្រង់​ មាន​ដូចជា​ សម្ល​ម្ជូរព្រៃ ​(៤,៧៥ ដុល្លារ) មីនី​ភីហ្សា (៣,៩៥ ដុល្លារ) ហាកាវ​ និង​ចាយ៉​​ចំហុយ​ (២,៩៥ ដុល្លារ) នំប៉ាវ​សាស៊ីវ​ និង​នំប៉ាវ​ផ្អែម​ (២,៧០ ដុល្លារ)។

ដោយ​សព្វ​ថ្ងៃ​មនុស្ស​ជា​ច្រើន​​សម្ងំ​នៅ​ក្នុង​ផ្ទះ​ និង​កាត់​បន្ថយ​ការ​ចេញ​ទៅ​ញាំ​អាហារ​ខាង​ក្រៅ​ ហាង​កាហ្វេ​បឺរឡេប ក៏​មាន​សេវាកម្ម​ដឹក​ជញ្ជូន​អាហារ​ដល់​គេហដ្ឋាន សម្រាប់​អ្នក​ដែល​រងាន់​ម្ហូប​ចម្អិន​នៅ​ផ្ទះ​ ហើយ​ចង់​ប្លែក​មាត់​ជាមួយ​រសជាតិ​ស្នាដៃ​​​ចុងភៅ​មាន​បទពិសោធ​។ សេវាកម្ម​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ចម្ងាយ​ក្នុង​រង្វង់​ ​១ គីឡូម៉ែត្រ​ពី​ទីតាំង​ហាង​។

ម្ចាស់​ហាង​កាហ្វេ​បាន​ប្រាប់​ទៀត​​ថា​៖ «សម្រាប់​អាហារ​ពេល​ល្ងាច​ បឺរឡេប ​រៀបចំ​ មុខម្ហូប​ពិសេស​សម្រាប់​អ្នក​ដែល​មាន​គូ​អាច​ក្រេប​រសជាតិ​ស្រា​ក្រហម​ ជាមួយ​សាច់​ស្ដេក​ ក្នុង​បរិយាកាស​បែប​រ៉ូមែនទិក​ ក្នុង​តម្លៃ​ត្រឹម​តែ​​ ២០ ដុល្លារ​ជាង​តែ​ប៉ុណ្ណោះ​។ ​ចំពោះ​អតិថិជន​ដែល​មក​ជា​លក្ខណៈ​គ្រួសារ​អាច​ជ្រើសរើស​ប្រភេទ​ស៊ុប​ឈុត​​តូច​ ពិសេស​សម្រាប់​គ្នា ​៤ នាក់​ (២០ ដុល្លារ)»។

ទិដ្ឋភាព​ធំទូលាយ​ដែល​ជួយ​ឲ្យ​អតិថិជន​រក្សា​គម្លាត​បាន​ល្អ​។ រូបថត សហ​ការី

ជម្រើស​ភេសជ្ជៈ​​កាហ្វេ​មាន​ កាហ្វេ​ទឹក​ដោះ​គោ​ទឹកកក​ (២,៣ ដុល្លារ)​ និង​កាហ្វេ​ទឹកកក​តម្លៃ (២,១ ដុល្លារ)។

ដោយ​​ស្ថាបនិក​ហាង​កាហ្វេ​ក៏​ជា​​ម្ចាស់​ចម្ការ​ផ្លែប៊័រ​នៅ​ខេត្ត​មណ្ឌលគិរី​ ប៊័រ​ក្រឡុក​ស្រស់ៗ​ (២,៨ ដុល្លារ)​​​។ ម្ចាស់​ហាង​ក៏​​​ណែនាំ​ឲ្យ​កុម្ម៉ង់​ ​Ice Green tea (២,៥ ដុល្លារ) ដែល​ឆុង​ឡើង​ពី​ ត្រួយ​តែ​បៃតង​ខ្ចី​ (Matcha) មក​ពី​ប្រទេស ​ជប៉ុន ​ផ្ទាល់​ និង​គ្រាប់​ស្វាយ​ចន្ទី​ក្រឡុក​ (២,៨ ដុល្លារ) មាន​រសជាតិ​ស្រួយៗ​ និង​ក្លិន​ឈ្ងុយ​ពិសេស​។ ចំពោះ​​ភ្ញៀវ​​បរទេស ស្វាយ​ក្រឡុក​ជាមួយ​ផ្លែ​ផាសិន​ (២,៨ ដុល្លារ) ជា​ជម្រើស​ល្អ​បំផុត​។

ម្ចាស់​ហាង​ បឺរឡេប ដែល​មាន​​លក់​ឧបករណ៍​ និង​ម៉ាស៊ីន​​​កាហ្វេ​​គ្រប់​ប្រភេទ​ក៏​រីករាយ​នឹង​ផ្ដល់​ប្រឹក្សា​ចំពោះ​​​អ្នក​ចាប់​អារម្មណ៍​អាជីវកម្ម​កាហ្វេ​ផង​ដែរ។

ក្រៅ​ពី​ផ្ដល់​បទពិសោធ​​ចំណេះ​ដឹង​ដល់​ភ្ញៀវ ​ម្ចាស់​ហាង​កាហ្វេ​បាន​បន្ថែម​ទៀត​​ថា៖ «ពួក​យើង​តែងតែ​យក​ចិត្ត​ទុក​ដាក់​​ទៅ​លើ​សុខភាព​អតិថិជន​ ដូច្នេះ យើង​នឹង​ធ្វើ​ការ​រិះរក​ភេសជ្ជៈ និង​មុខ​ម្ហូប​ថ្មី​បន្ថែម​ទៀត​ដែល​ផ្តល់​ប្រយោជន៍​ដល់​​អតិថិជន និង​ប្រកប​ដោយ​អនាម័យ​ខ្ពស់​ ព្រម​ជាមួយ​សេវាកម្ម​កាន់​តែ​ពិសេស​»៕