ភ្នំពេញ៖ ដោយ​មាន​សាវតារ​ជីដូន​​បម្រើ​ការ​ក្នុង​ផ្ទះ​បាយ​រាជ​វាំង និង​ម្ដាយ​ជា​អ្នក​ចម្អិន​​អាហារ​​ដ៏​ចំណាន​ស្រាប់ មេ​ចុងភៅ​ល្បី លោក លូ ម៉េង នៅ​ចងចាំ​មិន​ភ្លេច​ពី​រសជាតិ​​គុយទាវ​ឆ្ងាញ់ ដែល​លោក​បាន​ទទួល​ទាន​មុន​ពេល​ទៅ​សាលា​រៀន។


បទពិសោធ​ជីវិត​​ដ៏​ដិត​ដាម​ក្នុង​ផ្ទះ​បាយ​គ្រួសារ​បាន​ធ្វើ​ឲ្យ​អតីត​ចុងភៅ​​​សណ្ឋាគារ​លំដាប់​ផ្កាយ និង​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​នៅ​សិង្ហបុរី និង​ម៉ាឡេស៊ី​ ជាង ​១ ​ទសវត្សរ៍​រូប​នេះ ក្លាយ​ជា​ស្ថាបនិក​​ហាង​ជា​ច្រើន រួម​ទាំង​​ភោជនីយដ្ឋាន អ៊ុយ​គុយទាវ ដែល​​ជំនាញ​ធ្វើ​គុយទាវ​នេះ​ស្រាប់​។


មេ​ចុងភៅ​ដែល​​​ធ្លាប់​ទទួល​ពាន​លើ​ឆាក​អន្តរជាតិ​រូប​នេះ បាន​សរសេរ​​ថា៖ «ម្ដាយ​របស់​ខ្ញុំ​តែងតែ​ចម្អិន​ម្ហូប​ឆ្ងាញ់ៗ ហើយ​គាត់​ពូកែ​ធ្វើ​ម្ហូប​ណាស់ ដែល​នេះ​ជា​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​មក​​លើ​ខ្ញុំ។ ពេល​ខ្ញុំ​មាន​អាយុ ៨ ឆ្នាំ ខ្ញុំ​ធ្លាប់​ជួយ​គាត់​ធ្វើ​គុយទាវ ហើយ​ខ្ញុំ​ចាំ​បាន​រសជាតិ​វា​ឆ្ងាញ់​ខ្លាំង​ណាស់។ ខ្ញុំ​​គិត​ថា ដោយសារ​តែ​ម្ដាយ​ខ្ញុំ ខ្ញុំ​អាច​ញ៉ាំ​គុយទាវ​ឆ្ងាញ់​មុន​ពេល​ទៅ​រៀន។ នេះ​ជា​រឿង​ដែល​ដិតដាម​យ៉ាង​ជ្រៅ​ក្នុង DNA របស់​ខ្ញុំ​»។


លោក លូ ម៉េង​ បាន​លើក​ឡើង​ថា អ៊ុយ​គុយទាវ​​ បាន​ផ្សារ​ភ្ជាប់​ជាមួយ​ដួង​ចិត្ត​លោក ហើយ​លោក​តែងតែ​មាន​​ទស្សន​វិស័យ​មួយ​នៅ​ពេល​ចាប់​ផ្តើម​ធ្វើ​ជា​មេ​ចុងភៅ គឺ​ការ​ធ្វើ​យីហោ​ម្ហូប​អាហារ ដែល​នឹង​ទាក់ទង​ជាមួយ​​​កម្ពុជា​សម្រាប់​ប្រជាជន​កម្ពុជា។


គុយទាវភ្នំពេញ មានទឹកស៊ុបថ្លា ឆ្អឹងស៊ុប គ្រឿង​ក្នុង​ជ្រូក និង​បង្គា។ រូបថត សហការី


លោក លូ ម៉េង បាន​លើក​ឡើង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​មាន​មោទនភាព​ចំពោះ​បេតិកភណ្ឌ​របស់​ពួក​គេ​តាមរយៈ​អាហារ ដែល​រំឭក​ពួក​គេ​ពី​វ័យ​កុមារភាព ឬ​ការ​ចម្អិន​អាហារ​របស់​អ្នក​ម្ដាយ​»។

នៅ​ក្នុង​ចាន​មាន​សំណេរ «គុយទាវ​​ភ្នំពេញ» សរសៃ​គុយទាវ​តូច​មាន​ទឹក​ស៊ុប​ថ្លា អម​ដោយ​គល់​ខ្ទឹម ​ចំណិត​សាច់ សាច់​ជ្រូក​ចិញ្ច្រាំ​ ប្រហិត គ្រឿង​ក្នុង​ជ្រូក ឆ្អឹង​ស៊ុប និង​បង្គា បង្ហើរ​ក្លិន​យ៉ាង​ឈ្ងុយ​មុន​ពេល​លើក​មក​ដល់​តុ​អាហារ។

គុយទាវ​ភ្នំពេញ ដែល​​ចាប់​តាំង​ពី​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​មុន​ ត្រូវ​បាន​ក្រុមហ៊ុន​អាល់មិន​គ្រុប ដែល​គ្រប់គ្រង​យីហោ អ៊ុយ គុយទាវ បាន​ចែកចាយ​សិទ្ធិ​ប្រកប​អាជីវកម្ម​របស់​ខ្លូន​ជា​លើក​ដំបូង កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី ២១ ខែ​កុម្ភៈ ក្រោម​វត្តមាន​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ​លោក ប៉ាន សូរស័ក្តិ។

ក្នុង​​ពិធី​ប្រគល់​វិញ្ញាបនបត្រ​អនុញ្ញាត​​ឲ្យ​ប្រើប្រាស់​ម៉ាក​សមូហភាព «គុយទាវ​ភ្នំពេញ» លោក​​បាន​លើក​ឡើង​ពី​ការ​ផ្សារ​ភ្ជាប់​​ឈ្មោះ​អាហារ​នេះ ​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ត្រួត​ពិនិត្យ​គុណភាព និង​ស្តង់ដា​អនាម័យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ស្គាល់​រសជាតិ​មុខ​ម្ហូប​ខ្មែរ ដែល​មាន​ប្រវត្តិ​ជា​យូរលង់​មក​ហើយ។

គុយទាវ ភ្នំពេញ មាន​នៅ​សាខា អ៊ុយគុយទាវ ភោជនីយដ្ឋាន​យ៉ីសាង គ្រឿង​ហ្គាដិន និង​វើលដាយនីង របស់​អាល់ម៉ិន​គ្រុប៕