ភ្នំពេញ៖ Al''tacos លក់​អាហារ​សម្រន់​រសជាតិ​ដើម​ពី​រដ្ឋ​កាលីហ្វ័រនីញ៉ា​ខាង​ត្បូង បាន​ទាក់​ទាញ​អតិថិជន​ឆៀង​ចូល​សាក​ភ្លក្ស​អាហារ​វប្បធម៌​​ម៉ិកស៊ិក​នៅ​ម្ដុំ​បឹង​កេងកង​ ១​។


គ្រឿង​ផ្សំ​ទាំង​អស់​មិន​ត្រឹម​តែ​ត្រូវ​បាន​​ធ្វើ​ឡើង​ដោយ​ស្នាដៃ​ផ្ទាល់​នោះ​ទេ តែ​អាហារ​ចិញ្ចើម​ផ្លូវ​​ម៉ិកស៊ិក​នេះ​​ជា​​សមិទ្ធផល​នៃ​ក្ដី​នឹក​រឭក​ផង​ដែរ ពី​ព្រោះ​វា​ជា​ស្នាដៃ​​កូន​ខ្មែរ​កាត់​អាមេរិក​​មក​ពី​រដ្ឋ​កាលីហ្វ័រនីញ៉ា​ខាង​ត្បូង​។


លោក អេលែន តាន់ ​កូន​កាត់​ខ្មែរ-អាមេរិក ​​ជា​ស្ថាបនិក​ Al''tacos ​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖​ «​ឪពុក​​​ខ្ញុំ​បាន​ចេញ​ពី​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៨០ បាន​ទៅ​រស់នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ខាង​ត្បូង​ ហើយ​ខ្ញុំ​នៅ​ទី​នោះ​ និង​​​ត្រឡប់​មក​រស់នៅ​កម្ពុជា​ធ្វើ​ការ​នៅ​​មជ្ឈមណ្ឌល​​​កម្ចាត់​មីន​កម្ពុជា​ និង​បើក Al''tacos​»​។


អាហារ​សម្រន់​ ឈុត​តាកូ ២ និង​ភេសជ្ជៈ ១ តម្លៃ ៣,២៥ ដុល្លារ​។ហុង មិនា


ស្ថាបនិក​នៃ​ Al''tacos ​ដែល​​​គេ​ស្គាល់​ថា​ជា​គូស្នេហ៍​​ចម្រៀង​ស្រី​ឯករាជ្យ​​ អេដា បាន​​បន្ដ​ថា​៖​ «​ខ្ញុំ​ធ្លាប់​បាន​ចូល​រៀន​នៅ​សាលា​ធ្វើ​ម្ហូប​មុន​ពេល​ត្រឡប់​មក​កម្ពុជា។​ ខ្ញុំ​ខាន​​ញ៉ាំ​ តាកូ​ អំឡុង​ពេល​ខ្ញុំ​មក​នៅ​កម្ពុជា​ ហើយ​មិន​ត្រឹមតែ​ចង់​ញ៉ាំ​ដោយ​ខ្លួន​ឯង​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​​ចែក​រំលែក​បទពិសោធ​ដល់​ប្រជាជន​នៅ​កម្ពុជា​ផង​ដែរ​ ហើយ​ខ្ញុំ​ក៏​​គិត​ថា ​រសជាតិ​វា​នឹង​មាន​ប្រជាប្រិយភាព​ចំពោះ​ប្រជាជន​កម្ពុជា​ ទើប​ខ្ញុំ​បើក​ហាង​នេះ ​( Al''tacos )»។


តូប​អាហារ​រំលេច​ពណ៌​លឿង និង​ខៀវ អះអាង​ពី​ការ​ប្រើ​គ្រឿង​ផ្សំ​​គ្មាន​ជាតិ​គីមី​ ​ដែល​​ភាគ​ច្រើន​ជា​​ផលិតផល​​កសិករ​កម្ពុជា​ និង​មិន​ប្រើ​​ប្លាស្ទិក​។

នៅ​ក្នុង ​១ ​ខែ Al''tacos បាន​លក់​ប្រភេទ​​អាហារ​សម្រន់​នាំ​រូបមន្ដ​មក​ពី​​​រដ្ឋ​កាលីហ្វ័រញ៉ា​ខាង​ត្បូង​ បាន​រហូត​ដល់​ទៅ​ ៤ ០០០ ដុំ​ ​ដែល​អតិថិជន​​កម្ពុជា​​ ​​មាន​ចំនួន​ប្រមាណ​​ ៧៥ ភាគរយ ​នៃ​ភ្ញៀវ​ទាំង​អស់​។

លោក អេលែន តាន់ កូន​កាត់ខ្មែរ​-​អាមេរិក ស្ថាបនិក Al' tacos។ ហុង មិនា

Al''tacos ​មាន​លក់​ តាកូ និង​ណាឆូ ​ជាមួយ​ជម្រើស​សាច់​ជា​ច្រើន​ប្រភេទ ​ដូចជា ​សាច់​គោ​កូរ៉េ សាច់​មាន់​ និង​តៅហ៊ូ ទាំង​សម្បក​ទន់ និង​​សម្បក​ស្រួយ​សម្រាប់​ជ្រើសរើស​ដូច​គ្នា​។ តាកូ​ មាន​តម្លៃ​ ៦ ២០០ រៀល​ និង​ណាឆូ តម្លៃ ១២ ៣០០ រៀល នំពោត​ស្រួយ​ តម្លៃ​ ៤ ១០០ ​រៀល​ និង​ជ្រក់​ប៉េងប៉ោះ​ ២ ១០០ រៀល​។

Al''tacos ក៏​មាន​​ជា​ប្រភេទ​​​ តាកូ ២ រួម​ជាមួយ​ភេសជ្ជៈ​ ១ កំប៉ុង​ (៣,២៥ ដុល្លារ) តាកូ ២ ភេសជ្ជៈ​ ១ កំប៉ុង និង​នំពោត​ស្រួយ​ ជ្រក់​ប៉េងប៉ោះ (៤ ដុល្លារ)។ ក្រៅ​ពី​នេះ ​ក៏​មាន​សាច់​សម្រាប់​បន្ថែម​ ២ ៧០០ រៀល គ្រឿង​ផ្សំ​​ ២ ១០០ រៀល​ និង ​TORTILLA​ ២ ១០០ រៀល​ផង​ដែរ​។

Al''tacos មាន ​២ សាខា​ និង​បើក​ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ម៉ោង​ ៩:៣០ នាទី​ព្រឹក ដល់​ ៩ យប់​។ សាខា​ទួល​គោក​ ​នៅ​ផ្ទះ​​ ៩៧ C ផ្លូវ ៥៩០ ទូរស័ព្ទ​​ ០៨១ ៨២២ ២៦២។ សាខា​បឹង​កេងកង​ ១ ​​នៅ​ផ្ទះ​ ​២២ ផ្លូវ ២៧៨ និង​​ទូរស័ព្ទ​​ ០៨១ ៨២២ ៦៥២៕​