ភ្នំពេញ៖ អំឡុង​ពេល​វិបត្តិ​កូវីដ ១៩ ជា​វេលា​ដែល​មេ​ចុងភៅ​ខ្មែរ​កាណាដា​​​ យេន ចាន់ធី ងាក​​មក​សញ្ជឹង​គិត​​ដល់​​ម្ហូប​​សាវតារ ដែល​ជំរុញ​ឲ្យ​​លោក​បើក​ហាង​ក្នុង​​​ក្ដី​ស្រមៃ​។


លោក ចាន់ធី ដែល​ជា​ម្ចាស់​ហាង «ទូក» (Touk) ក្រោយ​ពី​ជោគជ័យ​នឹង​ជំនួញ​​ភោជនីយដ្ឋាន​ប៉ុន្មាន​កន្លែង​ផ្សេង​ទៀត​​នោះ បាន​សស្រោកសស្រាំ​នឹង​​បេសកកម្ម​ផ្សព្វផ្សាយ​រសជាតិ​ដ៏​សម្បូរ​នៃ​ម្ហូប​ខ្មែរ ​ដោយ​ប្រើប្រាស់​គ្រឿង​ផ្សំ​ក្នុង​ស្រុក​។


ចុងភៅ​​មាន​បទពិសោធ​ធ្វើ​ការ​​ជាមួយ​កំពូល​ចុង​ភៅ​ល្បីៗ​​ក្នុង​លោក រួម​មាន Ferran Adria និង Adoni Aduriz រូប​នេះ​ បាន​​​ធ្វើ​ការ​បម្រើ​​រសជាតិ​ និង​ផ្សារ​ភ្ជាប់​​ប្រវត្តិ​ម្ហូប​​ខ្មែរ​​ទៅ​កាន់​អតិថិជន​នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា តាមរយៈ​គម្រោង​​​ Introduction to Cambodian Gastronomy។


មេ​ចុងភៅ​វ័យ ​៣២ ​ឆ្នាំ​រូប​នេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​​៖ «គោលដៅ​ខ្ញុំ ​គឺ​ជា​ការ​ណែនាំ​ឲ្យ​អតិថិជន​បាន​ស្គាល់​ពី​របៀប​ធ្វើ ​និង​គ្រឿង​ផ្សំ​ខ្មែរ​។ ខ្ញុំ​ចង់​បើក​ឲ្យ​អតិថិជន​យល់​ឲ្យ​ទូលំទូលាយ​ពី​វប្បធម៌​ខ្មែរ​ និង​បញ្ជាក់​ថា ​ម្ហូប​ខ្មែរ​ក៏​ដូចជា​ម្ហូប​ល្បីៗ​នៅ​ក្នុង​ពិភព​លោក​​ផង​ដែរ​ និង​សង្ឃឹម​ថា​ អាច​នាំ​ម្ហូប​ខ្មែរ​ទៅ​លំដាប់​មួយ​ទៀត»។


ក្រោយ​ពី​​ប្រថុយ​ប្រថាន​​បើក​ហាង​ ទូក​ នៅ​រដូវកាល​កូវីដ​ លោក ចាន់ធី ត្រូវ​បាន​ទទួល​ស្គាល់​តាមរយៈ​ទំព័រ​​មុខ​បណ្ដាញ​​​ព័ត៌មាន​​ល្បីៗ​ដូចជា​ Bon Appetite។


បូក​រួម​ជាមួយ​បទពិសោធ​ចម្អិន​ម្ហូប​​​នៅ​បរទេស ​និង​ជាពិសេស​ការ​ចិញ្ចឹម​បី​បាច់​​ដោយ​​រសជាតិ​អាហារ​គ្រួសារ​ខ្មែរ​ពី​​ជីដូន​​ លោក​ក៏​មាន​គំនិត​បង្កើត​ជា​វគ្គ​អាហារ​ខ្មែរ​ ​ដែល​ចែកចេញ​ជា​ ៤ ​ភាគ​។

ទី១- ​Essential Techniques និយាយ​ពី​តិចនិក​របស់​លោក​ ដែល​ប្រើ​ក្នុង​ការ​ចម្អិន​មាន ​ស្ងោរ​ ចៀន​ អាំង​ និង​​ប្រឡាក់ គ្រឿង​ផ្សេងៗ។

ទី២-Pillars of Flavour គឺ​ផ្ដោត​លើ​រសជាតិ​របស់​ខ្មែរ​ ដែល​មាន​ទាំង​របៀប​ធ្វើ​យ៉ាង​ណា ​និង​ប្រើ​អ្វី​ខ្លះ​ឲ្យ​បាន​រសជាតិ​ប្រៃ​ ផ្អែម​ ជូរ​ ល្វីង​។

ទី៣-Guilty Pleasures ផ្ដោត​​ទៅ​លើ​ការ​រស់នៅ​របស់​លោក​នៅ​កាណាដា​ ហើយ​រៀន​អំពី​ម្ហូប​អាហារ​ខ្មែរ​ដោយ​​សម្រប​​ខ្លួន​ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​ម្នាក់​នៅ​កាណាដា​។

ទី៤-Celebration គឺ​ផ្ដល់​ចំណេះ​ដឹង​ទៅ​លើ​ម្ហូប​​​ខ្មែរ​ ដែល​​ពេញ​និយម​​បម្រើ​ភ្ញៀវ​ក្នុង​​ពិធី​សំខាន់ៗ​ដូចជា​ មង្គលការ​ និង​ជប់លៀង​ជាដើម​។

បង្អែម​ការ៉េម​ត្រាវ​ ត្រូវបាន​រៀបចំ​រចនា​មួយ​កម្រិត​ថែម​ទៀត​។ រូបថត សហការី

កាល​វិភាគ​ក្នុង​ការ​បម្រើ​វគ្គ​ម្ហូប ត្រូវ​បាន​លោក យេន ចាន់ធី​ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា៖ «ចំពោះ Essential Techniques បាន​ធ្វើ​រួច​ហើយ​ កាល​ពី​ខែ​កញ្ញា និង Pillars of Flavour ក្នុង​ខែ​តុលា ​នេះ​។ បាន​ឃើញ​ថា​មាន​អតិថិជន​ចូលរួម​ជា​ច្រើន​ ​ត្រឹម​រយៈពេល​ ៦ ​ទៅ​ ៨ ​ម៉ោង​ប៉ុណ្ណោះ​អាហារ​ត្រូវ​បាន​លក់​ដាច់​អស់​»។

លោក​បន្ត​ថា៖ «ចំពោះ​ពីរ​ភាគ​បន្ត​ទៀត​ ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ធ្វើ​នៅ​ខែ​វិច្ឆិ​កា​នេះ​ ព្រោះ​បច្ចុប្បន្ន​ ក្រុង​ម៉ុងរ៉េអាល់​ស្ថិត​នៅ​ក្នុង​ការ​រឹត​បន្តឹង​ចំពោះ​ការ​ធ្វើ​ដំណើរ​នៅ​ឡើយ​។ តែ​ទោះ​ជា​យ៉ាង​ណា ភ្ញៀវ​​នៅ​តែ​អាច​កុម្ម៉ង់​ម្ហូប​ចេញ​ទៅ​ក្រៅ​បាន»​។

លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​ក្នុង​​ការ​រៀបចំ​ណែនាំ​ពី​ម្ហូប​អាហារ​​ប្រទេស​ខ្មែរ ​នេះ​ លោក​មាន​បញ្ជី​​មុខ​ម្ហូប​​ដែល​សរសេរ​​ជា​​​ភាសា​ខ្មែរ​ដោយ​ប្រើប្រាស់​ព្យញ្ជនៈ​អង់គ្លេស​។ ​ពេល​នោះ​អតិថិជន​ដែល​​មិន​យល់​ លោក​នឹង​ប្រើប្រាស់​ឱកាស​​ពន្យល់​បក​ស្រាយ​ពី​អាហារ​នីមួយ​ៗ​។

ឈុត​​អាហារ​ខ្មែរ​ប្រណីត​​​​មាន​​តម្លៃ ១២៥ ដុល្លារ​​ បូក​រួម​ទាំង​ស្រា សម្រាប់​មនុស្ស​ម្នាក់​ ដោយ​រួម​មាន​អាហារ​​ ៧ ​មុខ​ បម្រើ​ផ្សារ​ភ្ជាប់​នឹង​​ការ​រៀបរាប់​ពី​​ប្រវត្តិ​ម្ហូប​នីមួយៗ​​​។

មេ​ចុងភៅ ​ចាន់ធី ​និយាយ​​ថា៖ «ខ្ញុំ​ធ្វើ​បែប​នេះ​ ដើម្បី​ឲ្យ​ពួក​គាត់​បាន​យល់​បន្ថែម​ ព្រោះ​ម្ហូប​លើក​មក​គាត់​អាច​នឹង​ឃើញ​តែ​សាច់​ បន្លែ ស៊ុប។​ វា​ជា​រសជាតិ​ខ្មែរ​មែន ​តែ​តិចនិក​ដែល​ខ្ញុំ​ប្រើ​គឺ​លើស​ពី​នោះ​។ វា​បញ្ចូលរួម​ទាំង​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ជា​របៀប​អន្តរជាតិ»​។​

មេចុងភៅ​ខ្មែរ​កាណាដា លោក យេន ចាន់ធី អាយុ ៣២ ឆ្នាំ ស្ថាបនិក​ហាង ទូក​។ រូបថត សហការី

កន្លង​មក​ លោក​បាន​ទទួល​មតិ​យោបល់​សរសើរ​យ៉ាង​ច្រើន ​ទាំង​ពី​អតិថិជន​ខ្មែរ ​និង​កាណាដា​​។

លោក ចាន់ធី បាន​ស្រង់​មតិ​យោបល់​​​ទាំង​អស់​សំណើច​​ថា៖ «ពេល​ខ្ញុំ​កំពុង​បុកល្ហុង​ មាន​​អ៊ំ​ស្រី​ខ្មែរ​ម្នាក់​ប្រាប់​ខ្ញុំ​ថា ​អាអូន​កុំ​ដាក់​ទឹក​ខ្មេះ​ច្រើន​ពេក​ ជូរ​ណាស់​ដាក់​ក្រូច​ឆ្មារ​​វិញ​។ វា​គួរ​ឲ្យ​​ចងចាំ​នៅ​ពេល​ដែល​​មាន​ប្រជាជន​ខ្មែរ​ជួយ​កែ​ខ្ញុំ​ពី​អ្វី​ដែល​ខ្ញុំ​ធ្វើ​ខុស​ ព្រោះ​ដូចជា​ជីដូន​ខ្ញុំ​អ៊ីចឹង»។

លោក​បន្ត​ថា៖ «​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែល​ឃើញ​ខ្មែរ​ដូច​គ្នា ​​ហើយ​​មាន​កូន​ខ្មែរ​​កាណាដា​ពួក​គាត់​អាច​មក​ញ៉ាំ​​ជុំ​គ្នា​នៅ​ទីនេះ​ ​​ពិត​ជា​រំភើប​ណាស់​»។​

បច្ចុប្បន្ន​លោក​កំពុង​តែ​ផ្លាស់​ប្ដូរ​​ផ្ទះ​បាយ​អាមេរិក ឲ្យ​​ទៅ​ជា​ផ្ទះ​បាយ​ខ្មែរ​ តែ​វា​ជា​កិច្ចការ​​លំបាក​បន្តិច​ ព្រោះ​​ឧបករណ៍​ប្រើប្រាស់​មិន​ដូច​គ្នា​។

លោក​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​មហិច្ឆតា​នា​​ថ្ងៃ​អនាគត ដោយ​លោក​​​សង្ឃឹម​ថា​ នឹង​អាច​ចម្អិន​ហូប​ថ្វាយ​គ្រួសារ​​​រាជវង្ស​ទូទាំង​ពិភព​លោក​។​

លោក ចាន់ធី បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​ក៏​សង្ឃឹម​ថា​ទូក​អាច​មាន​ទីតាំង​នៅ​ខ្មែរ​នៅ​ថ្ងៃ​មុខ​ផង​​ដែរ​ ហើយ​ក៏​ជា​បំណង​ចិត្ត​ដែល​ខ្ញុំ​ចង់​ធ្វើ​ការ​ជាមួយ​ចុងភៅ​​ខ្មែរ​ផ្លាស់​ប្ដូរ​បទពិសោធ​ ដើម្បី​ដឹង​​ថា​ ម្ហូប​ខ្មែរ​ដើរ​ដល់​ណា​ហើយ​តិច​និក​អី​ខ្លះ​​ដែល​មាន​ការ​គាំទ្រ​ច្រើន​​​បច្ចុប្បន្ន»​៕