ភ្នំពេញ៖ រសជាតិកាហ្វេជាច្រើនប្រភេទ មុខម្ហូបកុម្ម៉ង់ បូកបន្ថែមដោយបរិយាកាសស្រស់ស្រាយនៃហាងដ៏ធំទូលាយ ទាំងនេះហាក់មិនមានអ្វីខុសប្លែកពីហាងកាហ្វេដទៃឡើយ។
ប៉ុន្ដែអ្វីដែលទាក់ទាញ និងអន្ទងចិត្ដអតិថិជនមកអង្គុយក្រេបកាហ្វេ និងសំកុកសញ្ជឹងគិតរិះរកដំណោះស្រាយនោះ គឺល្បែងផ្គុំរូបមនុស្សយន្ដជ័រ ដែលត្រូវបានដាក់តាំងបង្ហាញក្នុងទូកញ្ចក់គ្រប់សណ្ឋានទម្រង់ នៅហាងកាហ្វេ UrHobby House។
អ្នកស្រី ម៉ឺន ស្រីណែត ឲ្យដឹងថា៖ «UrHobby House ដែលអតិថិជនច្រើនហៅថា ហាងកាហ្វេមនុស្សយន្តមិនមានអ្វីប្លែកពីហាងដទៃទៀតទេ បើគ្មានការដាក់បង្ហាញ និងលក់បណ្ដុំនៃមនុស្សយន្តទាំងនេះ»។
អ្នកស្រីនិយាយពេលអង្គុយពីមុខតុក្កតាមនុស្សយន្ដជាច្រើននៅលើតុថា៖ «ផ្ដើមចេញពីចំណូលចិត្ដរបស់គ្រួសារខ្ញុំ ដែលចូលចិត្ដប្រមូលផ្គុំរូបមនុស្សយន្ដរយៈពេលច្រើនឆ្នាំ ហើយពេលខ្ញុំបើកហាងកាហ្វេ ខ្ញុំមានគំនិតយកវាមកដាក់តាំងបង្ហាញ ពីព្រោះវាជាភាពវិសេសរបស់ហាង»។
មនុស្សជាច្រើនយល់ថា មនុស្សយន្ដដែលជាតួអង្គក្នុងភាពយន្ដល្បីៗរបស់អាមេរិក និងជប៉ុន ទាំងនេះគ្រាន់តែជាតុក្កតាក្មេងលេងប៉ុណ្ណោះ តែម្ចាស់ហាងរូបនេះ បានអះអាងថា នៅជប៉ុនល្បែងផ្គុំមនុស្សយន្ដជាការពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។
អ្នកស្រី ម៉ឺន ស្រីណែត បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «អ្នកចូលចិត្ដមកហាងយើង ពេលឃើញមនុស្សយន្ដពេញរូបរាង គាត់គិតថាវាជាល្បែងដ៏ងាយស្រួល។ ប៉ុន្ដែវាមិនដូចការគិតឡើយ ពេលយកមកផ្គុំ វាគ្រាន់តែជាបំណែកតូចៗដែលបោះពុម្ពភ្ជាប់លើបន្ទះ។ ដំបូង យើងត្រូវយកបន្ទះរូបនោះមកទៅតាមបំណែកនីមួយៗ តែមិនភ្លឺរលោងទេ ដោយយើងត្រូវដុសខាត់ឲ្យស្អាត ដើម្បីងាយស្រួលបិទ និងបាញ់ថ្នាំពណ៌ ក៏ដូចបន្ថែមស្ទិកឃ័រ»។
មើលឃើញពីភាពស្មុគស្មាញនៃល្បែងផ្គុំរូប អ្នកដែលខ្វះការអត់ធ្មត់មិនងាយឆ្លងផុតពីមួយដំណាក់កាលទៅមួយដំណាក់កាលទៀត ពីព្រោះសូម្បីតែរូបផ្គុំតូចមួយក៏ត្រូវចំណាយពេលរាប់ម៉ោងដល់ថ្ងៃ ឬខែ ខណៈមនុស្សយន្ដធំអាចប្រើពេលដល់ឆ្នាំ។
ផ្គួបតម្លៃមុខម្ហូប និងភេសជ្ជៈចន្លោះពី ២ ទៅ ៣ ដុល្លារ មនុស្សយន្ដមានតម្លៃតាមទំហំតូចបំផុតពី ១០ ដុល្លារ និងរហូតដល់រាប់ពាន់ដុល្លារ។
ម្ចាស់ហាងវ័យ ២៩ ឆ្នាំ បានរៀបរាប់ថា៖ «ល្បែងនេះទាំងនេះជួយកាត់បន្ថយស្ដ្រេស និងបង្កើតគំនិតថ្មីៗ។ ស្វាមីខ្ញុំផ្ទាល់ពេលរៀបមនុស្សយន្តទាំងនេះរួចហើយ គាត់ចេះរៀបចំរបស់របរ និងអីវ៉ាន់ក្នុងផ្ទះ ហើយការអត់ធ្មត់គាត់ក៏ប្រសើរឡើងដែរ»។
ហាងទើបតែបើកកាលពីខែកក្កដា ថ្មីៗនេះទទួលអតិថិជនប្រហែល ៣០០ នាក់ ក្នុង ១ ថ្ងៃ ខណៈចុងសប្ដាហ៍គ្មានសល់កៅអីសម្រាប់ភ្ញៀវឡើយ។
ក្រៅពីសេវាកម្មល្អ អតិថិជនក៏ជាប់ចិត្ដនឹងការតុបតែង ដែលរចនារុក្ខជាតិបៃតងស្រស់ទាំងក្នុង និងក្រៅបរិវេណហាង ក៏ដូចជាជួយស្ទួយប្រាជ្ញាដោះស្រាយចំណោទល្បែងផ្គុំរូប។
អ្នកស្រីបន្តថា៖ «យើងមានកម្មវិធីប្រកួតប្រជែងផ្គុំរូប Dioroma competition។ អ្នកប្រកួតត្រូវយក Gundam កែច្នៃជាអីផ្សេង ដូចជារៀបជាសង្គ្រាម ដោយកំណត់ពេលពាក់កណ្ដាលខែក្រោយជាថ្ងៃបញ្ចប់»។
ម្ចាស់ស្រីដែលបើកហាងរចនាប័ទ្មមនុស្សយន្ដតាមចំណូលចិត្ដរបស់ស្វាមីនេះ បានបន្ដថា៖ «ពេលនោះមនុស្សយន្តទាំងអស់នឹងត្រូវយកមកបង្ហាញក្នុងហាង ហើយការវាយតម្លៃពីក្រុម Builder ដ៏មានជំនាញ ហើយភាគច្រើនយើងយកមតិយោបល់ពីភ្ញៀវផ្ទាល់។ បើគាត់ពេញចិត្តមួយណាគាត់អាចបោះឆ្នោត ដែលអាចទទួលជាកាដូសម្រាប់អ្នកឈ្នះ»។
អ្នកស្រីបង្ហើបថា អ្នកស្រីកំពុងតែសាងសង់ UrHobby Station នៅខាងក្រោយហាង ដែលមាន Gundam base ដូចបណ្ដាប្រទេសដទៃ ប្រមូលផ្ដុំទៅដោយមនុស្សយន្ដផ្គុំរួច និងអីវ៉ាន់ថ្មីបំផុតនៅលើពិភពលោកក៏ដូចជាសម្ភារផ្សេងៗទៀត។
អ្នកស្រី ស្រីណែត អះអាងថា នៅឆ្នាំក្រោយអ្នកស្រីត្រៀមបើកសាខា និងលក់ឈ្មោះយីហោ ៣ ទៀត ពីព្រោះមានអតិថិជនសួររកជាច្រើន។
អ្នកស្រីបញ្ជាក់ថា៖ «ហាងរបស់ខ្ញុំមានការបញ្ចុះតម្លៃ ១០ ភាគរយ ជូនអ្នកដែលយកកែវមកផ្ទាល់ខ្លួន»។
UrHobby House ចាប់បើកពីម៉ោង ៧ព្រឹកដល់ម៉ោង ៩ យប់ មានទីតាំងនៅលើផ្លូវ ២០០២ កែងផ្លូវ ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
វីដេអូ៖