ភ្នំពេញ៖ ចាប់​ពី​ខែ​ឧសភា​ ឆ្នាំ ២០១៨​ មក​ទល់​ពេល​នេះ ​គឺ​មាន​រយៈពេល ​២ ​ឆ្នាំ​កន្លះ​ហើយ​ ដែល​ហាង​ បឺហ្គឺរ​ស្សាក (Burgershack) ​បាន​លូតលាស់​នៅ​លើ​​ទឹក​ដី​កំពត​ បម្រើ​រសជាតិ​ដ៏​ឆ្ងាញ់​នៅ​កន្លែង​ដ៏​មនោរម្យ​​ដល់​ភ្ញៀវ​ទេសចរ​​​។


ផ្ដើម​ពី​ហាង​​ដ៏​តូច​មួយ​ ដែល​​​ធ្វើ​ឱ្យ​អតិថិជន​ជាប់​ចិត្ត​ជា​ខ្លាំង ​​ភ្ញៀវ​ជា​ច្រើន​បាន​សំណូមពរ​ឱ្យ​ម្ចាស់​ហាង​បើក​សាខា​​មួយ​ទៀត​នៅ​ទីក្រុង​ភ្នំពេញ​ ព្រោះ​​ពួក​គាត់​ចេះ​តែ​ត្អូញ​ថា​ ​​ទាល់​តែ​មក​កំពត​ទើប​បាន​ញ៉ាំ​​​បឺហ្គឺរ​ស្សាក។


គូ​ស្វាមី​ភរិយា​ជនជាតិ​អង់គ្លេស​ Luke ​Macdonald និង​ Holly Churchill បាន​ប្រាប់​ថា​៖ «ពួក​យើង​ក៏​សម្រេច​ចិត្ត​សាកល្បង​បើក​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ខែ​មិថុនា ឆ្នាំ ​២០១៩ ​ហើយ​ឃើញ​ថា ទទួល​បាន​លទ្ធផល​ល្អ​ មាន​អ្នក​គាំទ្រ​គួរ​ឱ្យ​កត់​សម្គាល់​»។


ថ្វី​ដ្បិត​ថា​មាន​បទពិសោធ​រស់នៅ និង​​ធ្វើការ​ជា​ច្រើន​កន្លែង​តាម​បណ្ដា​​ប្រទេស​​អាស៊ី​អាគ្នេយ៍​ តែ​ស្វាមី​ភរិយា​ម្ចាស់​ហាង បឺហ្គឺរស្សាក បាន​ឱ្យ​ដឹង​ថា ​នេះ​​ជា​ហាង​ដំបូង​បង្អស់​របស់​ខ្លួន។


ទិដ្ឋភាព​នៅ​ក្នុង​ហាង​ស្អាត​​​ប្លែក​ជាមួយ​​​គំនូរ​មាន​ពណ៌​ចម្រុះ​ស្រស់​ឆើត ​មាន​ទាំង​​រូប​មនុស្ស​ហា​មាត់​ញ៉ាំ​បឺហ្គឺរ​ រូបតុក្កតា​ល្បីៗ​តាំង​ពី​សម័យ​មុន ​​រូបថត​ ហ្គេម​ ទូរទស្សន៍​ និង​ល្បែង​ជ័រ​ផ្គុំ​ដាក់​នៅ​តាម​តុ​ ដែល​ផ្ដល់​ការ​កម្សាន្ត​​ដល់​ភ្ញៀវ​គ្រប់​វ័យ​។​


ជាជាង​ឱ្យ​កូនៗ​កាន់​តែ​ទូរស័ព្ទ​ ឪពុកម្ដាយ​អាច​នាំ​កូន​លេង​ និង​​រៀប​ជ័រ​ផ្គុំ​ជាមួយ​គ្នា​ ឬ​ក៏​អាច​ទស្សនា​​​​តុក្កតា​ចាស់ៗ​ជាមួយ​គ្នា​ទៀត​ផង​។

ការ​តុបតែង​លម្អ មានគំនូរ និង​តុក្កតា​ហ្គេម ពណ៌ចម្រុះស្រស់ឆើត គឺជាភាពលេចធ្លោរបស់​បឺហ្គឺរស្សាក​​។ហុង មិនា

អ្នកនាង Holly ​ក៏​ប្រាប់​ឱ្យ​ភ្ញៀវ​ដឹង​ថា​៖ «ជា​រៀងរាល់​ល្ងាច​ថ្ងៃ​ចន្ទ​ហាង​យើង​​មាន​ការ​ប្រកួត​លេង​វីដេអូ​ហ្គេម​អ្នក​ឈ្នះ​អាច​មាន​រង្វាន់​ជា​បឺហ្គឺរ ឬ​អ្វី​ក៏​បាន​ដែល​មាន​ក្នុង​ហាង​ និង​ពេល​ខ្លះ​ឈ្នះ​ជា​ទឹក​ប្រាក់​ក៏​មាន​»។

សោភណភាព​ស្អាត​តែ​ម៉្យាង​មិន​គ្រប់គ្រាន់​ទេ។ ប៊ឺហ្គឺរ​ស្សាក ​រីក​ចម្រើន​​ដោយសារ​តែ​រសជាតិ​​​ដ៏​​ឆ្ងាញ់​​។

លោក ​Luke បាន​ប្រាប់​ថា​៖ «កន្លង​មក​យើង​ទទួល​បាន​មតិ​យោបល់​យ៉ាង​ល្អ​ពី​អតិថិជន​។ ពួក​គាត់​ចូលចិត្ត​​ដែល​ហាង​យើង​បម្រើ​បន្លែ​ និង​សាច់​ស្រស់​ ហើយ​រសជាតិ​គឺ​តម្រូវ​សម្រាប់​គ្រប់​ជាតិ​សាសន៍​»។

ម្ចាស់​ហាង​រូប​នេះ​បញ្ជាក់​ទៀត​ថា៖ «ពួក​យើង​បាន​ព្យាយាម​សម្រប​តាម​រសជាតិ​ខ្មែរ​ផង​ដែរ​ ព្រោះ​យើង​ដឹង​ថា​ជនជាតិ​ខ្មែរ​ភាគ​ច្រើន​គាត់​តែងតែ​ថា​អាហារ​បរទេស​សាបៗ​គ្មាន​ជាតិ​ ទើប​យើង​ធ្វើ​យ៉ាង​ណា​​តម្រូវ​ចិត្ត​ភ្ញៀវ​ និង​មាន​របស់​បម្រើ​ពួក​គាត់​គ្រប់គ្នា​»។

លោក​មាន​មេ​ចុងភៅ​​របស់​លោក​នៅ​​កំពត​ដែល​ធ្វើ​ការ​ជាមួយ​គ្នា​តាំង​ពី​ដំបូង​មក​តែងតែ​ឡើង​ចុះ​​ភ្នំពេញ ​ដើម្បី​មក​បង្ហាត់​ និង​មើល​ការ​ខុស​ត្រូវ​ ឱ្យ​ប្រាកដ​​ថា ​បឺហ្គឺរ​​រក្សា​រសជាតិ​ដើម។

លោក​បាន​និយាយ​យ៉ាង​មាន​មោទនភាព​ថា​៖ «អតិថិជន​ដែល​មក​ញ៉ាំ​បឺហ្កឺរ​នៅ​ហាង​យើង ​១ ឆ្នាំ​មុន​ មក​វិញ​ម្ដង​ទៀត​ ពួក​គាត់​នៅ​តែ​អាច​ទទួល​បាន​រសជាតិ​ដើម​»។

បឺហ្គឺរ​ស្សាក ភ្នំពេញ​មាន​ ៩ ប្រភេទ ​ហើយ​ក្នុង​នោះ​មាន ​៣ ប្រភេទ​​សម្រាប់​អ្នក​ហូប​បួស និង​អ្នក​ហូប​តែ​បន្លែ​។

បឺហ្គឺ​រ​ ៣ ​ប្រភេទ​ ដែល​អតិថិជន​ពេញ​និយម​ជាង​គេ​គឺ​ Double Bacon Cheeseburger (សាច់ ៣ ជាន់​ឈីសឌុប​) Spicy Jalapeno Burger (រសជាតិ​ហឹរ​មាន​ម្ទេស​បៃតង) និង Clucking Good (បឺហ្គឺរ​មាន់​ស្រួយ) ដែល​​ពេញ​និយម​​បំផុត​សម្រាប់​ភ្ញៀវ​ខ្មែរ​។

ភ្ញៀវ​ក៏អាចរីករាយ​នឹង​ការលេង​វីដេអូហ្គេម នៅហាង បឺហ្គឺរស្សាក ​ផង​ដែរ​​​។ហុង មិនា

អ្នកនាង ​Holly ជា​ភរិយា​បាន​ប្រាប់​ថា​ បឺហ្គឺរ​នេះ​ចម្អិន​ដោយ​ដាក់​ម្រេច​របស់​ខេត្ត​កំពត​​ដ៏​​​ល្បីល្បាញ​​ទាំង​ក្នុង​ស្រុក និង​នៅ​បរទេស​។

អ្នកនាង​បាន​ឱ្យ​ដឹង​ទៀត​​​ថា​៖ «ថា​ទៅ​​មិនមែន​តែ​ម្រេច​ទេ​ បន្លែ​សាច់​ភាគ​ច្រើន​ ​គឺ​យើង​គាំទ្រ​ទៅ​លើ​ផលិតផល​​ក្នុង​ស្រុក​ទាំង​អស់​។ ពួក​យើង​ព្យាយាម​រក្សា​ភាព​ខ្មែរ​ឱ្យ​បាន​ច្រើន​បំផុត​។

បឺហ្គឺរ​មាន​តម្លៃ​ចាប់ពី​ ៣,៥០ ​ដុល្លារ ទៅ​ ៦ ​ដុល្លារ​។

សម្រាប់​ការ​បន្ថែម​​ដំឡួង​បំពង​ និង​ភេសជ្ជៈ​បន្ថែម ​គឺ​តម្លៃ​ចាប់​ពី​ ៥,៥០ ដុល្លារ ដល់​ ៧,៥០ ដុល្លារ។​

តែ​យ៉ាង​ណា​ក៏​នៅ​តែ​មាន​​របស់​ញ៉ាំ​តម្លៃ​ក្រោម​ ៥ ដុល្លារ និង​ស្លាប​មាន់​តម្លៃ​ត្រឹមតែ ​២ ០០០ ​រៀល​ដែរ។

ទោះ​ជា​អំឡុង​ពេល​មាន​​វិបត្តិ​កូវីដ​ ក៏​ហាង​នៅ​តែ​អាច​ដឹក​ជញ្ជូន​បឺហ្គឺរ​លើស​ពី​ ១០០ ​ប៊ឺហ្គឺរ​ដែរ ក្នុង ​១ ថ្ងៃ​។​

លោក Luke បាន​បញ្ជាក់​ថា៖​ «យើង​ក៏​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​សម្រាប់​អ្នក​ហូប​បួស​ដែរ​ ម្យ៉ាង​យើង​ទទួល​ការ​កុម្ម៉ង់​ភ្លាមៗ​យើង​អាច​តម្រូវ​តាម​ចិត្ត​គាត់​ អ្នក​ចង់​បាន​អ្វី​បន្ថែម​ ឬ​ដក​អ្វី​ចេញ​ក៏​បាន​។ ពួក​យើង​អាច​ចាត់ចែង​បាន​ទាំង​អស់»​​។

ហាង បឺហ្គឺរ​ស្សាក ភ្នំពេញ បើក​ជា​រៀងរាល់​ថ្ងៃ​ពី​ម៉ោង ​១១ ព្រឹក​ ដល់​ម៉ោង ​១ ​រំលង​អធ្រាត្រ​ មាន​ទីតាំង​​​នៅ​ផ្ទះលេខ​ ២១៩ ផ្លូវ​ ៥១​ កែង​ ៣០២ សង្កាត់​បឹង​កេងកង ១ រាជធានី​ភ្នំពេញ៕

វីដេអូ៖