ភ្នំពេញ: ជាបេនឡានបណ្ដុំដោយមនុស្សអ៊ូអររញ៉េរញ៉ៃតាំងពីព្រឹកព្រលឹមដល់ក្បាលព្រលប់នៅផ្សារអូរឫស្សី មិនស្មានថា យប់ឡើងទីតាំងដដែលនេះប្តូរទៅជាតូបលក់បាយដ៏មានរសជាតិឆ្ងាញ់យ៉ាងនេះសោះ។
ថ្វីដ្បិតថា មិនមែនជាហាងប្រណីតៗមានកន្លែងអង្គុយទូលំទូលាយ ឬសូម្បីតែកង្ហារដាក់បម្រើភ្ញៀវ តែតូបលក់បាយតាមដងវិថីនេះ មានអតិថិជនមកជាហូរហែ ខ្លះមកអង្គុយរង់ចាំទទួលទាននៅកៅអីជ័រ ហើយខ្លះទៀតឆ្លៀតមកកុម្ម៉ង់ខ្ចប់ទៅផ្ទះ។
បន្ទាប់ពីភ្ញៀវបានភ្លក្សបាយឆាសាច់ក្ដាម និងបាយប៉ុន្មានមុខទៀតរបស់អ្នកស្រី ទេព ជាម្ចាស់តូបបាយស្រូបសៀវម៉ៃ ភាពចម្លែកចិត្ត និងចម្ងល់ទាំងឡាយលែងមាន ថែមទាំងជាប់ចិត្តជាមួយស្នាដៃម្ចាស់ហាងដ៏រួសរាយទៀតផង។
អ្នកស្រី ទេព ដែលពេលថ្ងៃជួយអាជីវកម្មរបស់ម្ដាយនៅហាងម៉ាស្សាមុខ កែសម្ផស្ស ហើយពេលព្រលប់ឆ្លៀតលក់ដូរអាហារបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីដើមទងនាំឱ្យអ្នកស្រីបើកតូបលក់បាយនៅផ្សារអូរឫស្សីនេះថា៖ «តាមពិតទៅមុនបងមកបើកទីនេះ បងលក់តែតាមអនឡាញប៉ុណ្ណោះ ហើយទីនេះជាកន្លែងរបស់បងថ្លៃបង តែដោយសារគាត់ឈប់លក់ បងក៏សម្រេចចិត្តសាកល្បងបើកលក់តែម្ដង ហើយតូបនេះទើបតែបើកឆ្នាំទៅកាលពីខែតុលា ថ្ងៃទី ២៥ តែប៉ុណ្ណោះ»។
អ្នកស្រីក៏បានឱ្យដឹងទៀតថា ខ្លួនចេះធ្វើម្ហូបទាំងអស់នេះដោយមិនបានទៅរៀនមកពីណាទេ។ ដោយមានជីតាជាមេចុងភៅ និងថៅកែតុការ អ្នកស្រី ក៏ចាប់បានជំនាញនេះដោយឯកឯងតាំងពីក្មេង។
បច្ចុប្បន្ន តូបអ្នកស្រី ទេព ដាក់លក់បាយតែ ៥ មុខទេ ដោយមិនមានអ្នកជួយគ្រប់គ្រាន់ ហើយស្ថានភាពកូវីដក៏មិនសូវអំណោយផលក្នុងការធ្វើអ្វីបានច្រើនជាងនេះដែរ។
ត្រឹមតែ ៥ មុខរបស់អ្នកស្រី ទេព វាអាចអន្ទងចិត្តភ្ញៀវមកមិនដាច់សូរក្នុងនោះរួមមាន បាយឆាក្ដាមបែបថៃតម្លៃ ១ ចាន ១៦ ០០០៛ បាយគោងៀត តម្លៃ ១០ ០០០៛ បាយឆ្អឹងជំនីរជ្រូកតម្លៃ ៨ ០០០៛ បាយសាច់ជ្រូក ៧ ០០០៛ បាយត្រីងៀត តម្លៃ ៧ ០០០៛ និងមានពងទាខ ពងទាក្រឡុក ពងទាជ័រព្នៅ ថែមក្រៅទៀតផង។ ភ្ញៀវដែលមានក្រពះទូលាយបន្តិច ក៏អាចកុម្ម៉ង់លក្ខណៈបរិមាណឌុបតាមចំណូលចិត្ត។
ក្នុងចំណោមនោះបាយឆាក្ដាមបែបថៃ លេចធ្លោជាងគេដោយវាត្រូវបានរៀបចំឡើងដោយមានសាឡាត់នៅខាងក្រោមហើយបាយឆាពងទា និងសាច់ក្ដាមចាក់ចេញជាពុម្ពរាងមូល ផ្ទាប់ជាមួយប៉េងប៉ោះខ្ចី ទឹកស៊ុប ១ កូនចាន ចានទឹកត្រី និងទឹកត្រីកោះកុងថែមទៀត។ បរិមាណគឺសមរម្យ រសជាតិក៏ឆ្ងាញ់ប្លែក។
រីឯបាយ ៤ មុខទៀតក៏សុទ្ធតែមានរសជាតិឆ្ងាញ់ប្លែកម្យ៉ាងម្នាក់ ដោយគ្រប់បាយមានទឹកជ្រលក់ ជ្រក់ត្រសក់ និងជ្រក់ស្ពៃជូរអែមឆ្ងាញ់ រឹតតែបន្ថែមរសជាតិបាយឱ្យកាន់តែមានឱជារស។
ស្ត្រីវ័យ ២៩ ឆ្នាំ ម្ចាស់តូបលក់បាយឆាល្បីរូបនេះបានរំឭកពីទិដ្ឋភាព និងមតិយោបល់ ២ ដែលអ្នកស្រីទទួលបានហើយចាំមិនភ្លេច យ៉ាងដូច្នេះថា៖ «ថ្ងៃដំបូងដែលបងដាក់លក់បាយឆាក្ដាម ចាំបានថា កាលនោះមានមនុស្សយ៉ាងច្រើនទាំងតេមកកុម្ម៉ង់ ទាំងមកញ៉ាំ។ បងលក់បានជិត ២០០ ប្រអប់ ក៏ប៉ុន្តែវាក៏ធ្វើឱ្យបងធ្វេសប្រហែសដែរ»។
អ្នកស្រីបាននិយាយទៀតថា៖ «ដោយសារការប្រញាប់ បងអត់បានធ្វើដូចក្នុងរូប បងដាក់សាច់ក្ដាមក្រឡុកជាមួយពងទាចៀនហើយគ្របដាក់បាយ។ គេមើលមកដូចចៀនពងទាគ្របពីលើបាយ គាត់យកបងទៅត្រូល ថាបងធ្វើមិនដូចក្នុងរូប។ បងកែតម្រូវហើយនិយាយតាមត្រង់បងមិនបានខឹងគាត់ទេ មានគាត់ទើបបងមានថ្ងៃនេះ»។
អ្នកស្រីក៏បានរំឭកពីបងប្រុសម្នាក់ទៀតដែលខ្លួនចង់អរគុណដូចគ្នាថា៖ «ថ្ងៃទី ១ គាត់មកញ៉ាំបាយនៅតូបបង។ ថ្ងៃទី ២ គាត់មកខ្ចប់បាយទៀត។ គាត់ហៅបងទៅប្រាប់ គាត់ថាបាយអូនឯងឆ្ងាញ់ ហើយការវេចខ្ចប់គឺល្អ តែគួរតែប្ដូរចាន ព្រោះពេលហ្នឹងបងអត់ទាន់បានទិញចានសហ្នឹងទេ។ គាត់ថា អូនឯងកំពុងល្បីក្នុងបណ្តាញសង្គម អ៊ីចឹងអូនឯងកុំធ្វេសប្រហែស»។
ពេលចំនួនអ្នកកើតកូវីដឡើងចុះៗ អ្នកស្រី ទេព ក៏ជួបបញ្ហាដូចគ្នា ប៉ុន្តែប៉ុន្មានថ្ងៃមុនមានប្អូនស្រីម្នាក់ដែលគាត់ជាអ្នកល្បីក្នុង Tik Tok បានមកញ៉ាំហើយបង្ហោះក្នុងផេចគាត់ ពេលនោះក៏មានមនុស្សមកច្រើនវិញហើយនាំគា្នបង្ហាញ Tik Tok ដល់អ្នកស្រីគ្រប់គ្នា។
យ៉ាងណាមិញ អ្នកស្រីក៏ចង់ធ្វើការអរគុណដល់អតិថិជនគ្រប់រូបដែលជួយគាំទ្រ និងជួយបង្ហោះតៗគ្នា អ្នកស្រីបានប្រាប់ថា៖ «បងក៏អរគុណសម្រាប់ការគាំទ្រ។ ថ្ងៃខាងមុខ បងមានបំណងបើកហាងតូចមួយ និងដាក់លក់មុខម្ហូបបន្ថែមទៀតដូចជានំបាញ់ស៊ុងកំពត នំបញ្ចុកណាំយ៉ាគ្រឿងក្នុងជ្រូក និងច្រើនទៀតដែលបងធ្លាប់លក់អនឡាញ»។
តូបលក់បាយស្រូបសៀវម៉ៃចាប់បើកពីម៉ោង ៦ ឬ ៧ យប់ ដោយអាស្រ័យលើភាពលឿន ឬយឺត នៃរថយន្តចេញអស់។ តូបលក់បាយមានទីតាំងនៅខាងមុខផ្សារអូរឫស្សី និងបម្រើភ្ញៀវរហូតដល់ម៉ោង ១២ យប់។ ទូរស័ព្ទលេខ ០៩៦ ៣៣៣៣៣៧៣ និង ០៨៧ ៦០០ ៦៦០ សម្រាប់ការដឹកជញ្ជូន៕