ក្រុង​សៀមរាប៖ ទ្រើង​ននោង​រចនា​ជា​ផ្លូវ​រូង​មិន​ត្រឹមតែ​ផ្ដល់​នូវ​បរិយាកាស​បៃតង​ដ៏​ត្រជាក់​ល្ហឹម​នៅ​​​ពេល​ភ្ញៀវ​ដើរ​ឆ្លង​កាត់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​បន្លែ​ធម្មជាតិ​នេះ​ក៏​បាន​ផ្ដល់​ជា​អាហារ​ស្រស់ៗ​យ៉ាង​ឆ្ងាញ់​​ពិសា​សម្រាប់​ភ្ញៀវ​ផង​ដែរ។


នៅ​អែប​ទ្រើង​ននោង​ឯ​ខាង​ឆ្វេង​ខ្លោង​ទ្វារ​ចូល​ ដើម​ត្រចៀក​ក្រាញ់​ ដុះ​មី​ដេរដាស់​​ជាប់​​​ដី​ដើម​​ត្រាវ រំដេង ខ្ជាយ​ បន្ដ​ទៅ​ក្បែរ​ជើង​តុ​អាហារ​ផ្នែក​បរិវេណ​ខាង​ក្រៅ និង​ទ្រើង​ត្រសក់ ត្រកួន ប៉េងប៉ោះ​ ត្រប់​វែង រង​ដំឡូង​ជ្វា​នៅ​ផ្នែក​ខាង​ស្ដាំ ព្រមទាំង​រង​ម្នាស់​នៅ​ផ្នែក​ខាង​ក្រោយ​ផ្ទះ​ឈើ ​១ ​ខ្នង​។


ផ្ទះ​ឈើ​ដែល​ផ្នែក​ខាង​ក្រោម​ហ៊ុមព័ទ្ធ​ដោយ​កញ្ចក់​ថ្លា​សម្រាប់​​អ្នក​អង្គុយ​ខាង​​ក្នុង​គយគន់​ចម្ការ​ដំណាំ​ គឺជា​ភោជនីយដ្ឋាន​ បន្លែ​ ​​បម្រើ​មុខ​ម្ហូប​អត់​សាច់​ និង​​ផលិតផល​ពី​សាច់​ ជាមួយ​ផលិតផល​បន្លែ​ប្រមូល​ផល​ពី​ចម្ការ​ដំណាំ​ផ្ទាល់​ខ្លួន និង​កសិផល​ប្រជាសហគមន៍​​ខេត្ដ​សៀមរាប​។


នៅ​ម៉ោង ១២ ថ្ងៃ​ត្រង់ យុវជន​បារាំង​​ម្នាក់​ដើរ​ចូល​សំដៅ​តុ​អាហារ​ក្រោយ​ពី​ទទួល​ការ​សំពះ​​​​ស្វាគមន៍​ពី​នារី​​ក្នុង​ឯក​សណ្ឋាន​យ៉ាង​ស្អាត​បាត​ រួច​កុម្ម៉ង់​មុខ​ម្ហូប Fish & Chip។ បើ​ទោះបី​ជា​ Fish & Chip ជា​ឈ្មោះ​ត្រី​យ៉ាង​ណា​ក៏​ដោយ ក៏​វា​ត្រូវ​បាន​ចម្អិន​ឡើង​ពី​ដំឡូង​បារាំង និង​បន្លែ​ត្រយូង​ចេក​បំពង​។


លោក Nicolas Parizentier មក​ពី​​​​​ប្រទេស ​បារាំង ​កាល​ពី ៣ ឆ្នាំ​មុន​ និង​ជា​​អ្នក​បម្រើ​ការ​នៅ​អង្គការ​មួយ​ក្នុង​ក្រុង​​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​​ថា​៖ «​កាល​ពី ២ ឆ្នាំ​មុន ខ្ញុំ​មក​ទី​នេះ​ជាមួយ​មិត្ដភក្ដិ​ ដោយសារ​ម្ហូប​នៅ​ទី​នេះ​ឆ្ងាញ់ ហើយ​ទី​កន្លែង​ក៏​ស្រស់​ស្អាត​ និង​ផាសុកភាព។ វា​មាន​សភាព​ស្ងប់ស្ងាត់​ និង​ស្រស់ស្រាយ​ ហើយ​ខ្ញុំ​ចូលចិត្ដ​»។


ម្ហូប​មិនមានសាច់ រីឯភេសជ្ជៈ​ក៏ចម្រាញ់​ចេញពី​បន្លែ​ផ្លែឈើដែរ។ហុង មិនា

លោក​បាន​បន្ដ​ថា​៖ «​មែន​ហើយ​! ខ្ញុំ​មិន​មែន​ជា​អ្នក​តម​សាច់​ទេ តែ​ខ្ញុំ​ព្យាយាម​ញ៉ាំ​បន្លែ​ឲ្យ​​បាន​ច្រើន និង​កាត់​បន្ថយ​សាច់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ​ខ្ញុំ​បាន​ដឹង​ខ្លួន​ថា ខ្ញុំ​មាន​សុខភាព​ប្រសើរ​ជាង​មុន​។ ខ្ញុំ​ព្យាយាម​​ញ៉ាំ​​អាហារ​អត់​សាច់​ឲ្យ​បាន ៤ ដង​ក្នុង ​១ ​សប្ដាហ៍​។​ នៅ​ភោជនីយដ្ឋាន​នេះ ខ្ញុំ​ចូល​ចិត្ដ​មុខម្ហូប fish & chip ដោយ​​វា​​មាន​ដំឡូង​បារាំង និង​ត្រយូង​ចេក​បំពង​»។

លោក ស៊ីវ ប៉ូឡា ជា​មេ​ចុងភៅ និង​ជា​​ម្ចាស់​ភោជនីយដ្ឋាន​បន្លែ​បាន​និយាយ​​ថា លោក​ផ្ដោត​សំខាន់​លើ​អាហារ​សុខភាព​ទាំង​​ការ​ដក​សាច់​ពី​តារាង​មុខ​ម្ហូប និង​ប្រើប្រាស់​ផលិតផល​កសិផល​ក្នុង​ស្រុក​ ដែល​ដាំ​ដុះ​តាម​ធម្មជាតិ​។

មុន​​ពេល​រៀបចំ​ចម្អិន​ម្ហូប​ឲ្យ​ភ្ញៀវ លោក​បាន​និយាយថា​៖ «​ខ្ញុំ​​យល់​ឃើញ​ថា ការ​ទទួល​ទាន​សាច់​ច្រើន​ចំពោះ​ប្រជាជន​លើ​ពិភព​លោក ធ្វើ​ឲ្យ​ការ​ផលិត​សាច់​​មិន​គ្រប់គ្រាន់​។ ដូច្នេះ កសិដ្ឋាន​ចិញ្ចឹម​ត្រូវ​បន្ថែម​អ័រម៉ូន​ និង​បន្ថែម​ចំណី ​ដើម្បី​ឲ្យ​សាច់​មាន​ការ​ធំ​ធាត់​ឲ្យ​លឿន​ហួស​ពេលវេលា​លូតលាស់​តាម​​​ធម្មជាតិ​»។

លោក​បន្ដ​ថា​៖ «ខ្ញុំ​គិត​គូរ​មិន​ត្រឹម​តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​នោះ​ទេ តែ​ក៏​ជា​បុគ្គលិក​ខ្ញុំ​ផង​ដែរ។ យើង​ភ្លក្ស​ម្ហូប​រៀងរាល់​ថ្ងៃ ទោះបី​ជា​តិចតួច​យ៉ាង​ណា​ក៏​ដោយ តែ​​យើង​ធ្វើ​កាន់​ឆ្នាំ​។ បើ​វា​ប៉ះពាល់ វា​ប៉ះពាល់​ពួក​ខ្ញុំ​មុន​គេ ហើយ​ទាំង​នេះ​ជា​​ចំណុច​តូចៗ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់ប្ដូរ​»។

ជា​ដី​ចម្ការ​តូច​ល្មម​ តែ​ជា​ទីធ្លា​​ដ៏​ធំ​ល្វឹងល្វើយ​ស្ថិត​នៅ​កណ្ដាល​ក្រុង​ ជុំវិញ​បន្ទប់​ភោជនីយដ្ឋាន​បំពាក់​ម៉ាស៊ីន​ត្រជាក់​ គ្មាន​សំឡេង​ថ្លង់ និង​ Wi-Fi នៅ​​​ផ្នែក​ខាង​ក្រោម និង​មាន​តែ​តុ​អាហារ​នៅ​ផ្ទះ​ខាង​លើ​ ភោជនីយដ្ឋាន​បន្លែ​​ ដែល​បង្កើត​ឡើង​​ក្នុង​ឆ្នាំ ​២០១៥ ​រំលេច​សួន​ដំណាំ​ជា​ច្រើន​ប្រភេទ​ ​ដូច​ជា​ ត្រសក់ ត្រប់​ ត្រកួន​ ននោង​ ត្រឡាច ល្ពៅ ត្រាវ ស្លឹក​គ្រៃ​ ជីរ​ ដំឡូង​ជ្វា ​សណ្តែក​កួរ​ ដែល​ដាំ​ឡើង​ដោយ​ប្រើ​តែ​ជី​កំប៉ុស​ធម្មជាតិ​​។

ជំនួស​ឲ្យការ​ដាំផ្កា សួន​ដំណាំ​ផ្ដល់សម្រស់បៃតង និង​​​ជាប្រភព​គ្រឿង​ផ្សំ។ ហុង មិនា

លោក ស៊ីវ ប៉ូឡា បាន​ថ្លែង​មក​ភ្នំពេញ ​ប៉ុស្តិ៍​ ថា​៖​ «​យើង​ចង់​ឲ្យ​ភ្ញៀវ​បាន​ដឹង​ថា​ ម្ហូប​មួយ​ចាន​នេះ​ វា​បាន​មក​ពី​ណា​ខ្លះ​ ហើយ​គ្រឿង​ផ្សំ​ទាំង​អស់​មាន​រូបរាង​ដើម​យ៉ាង​ម៉េច​ ព្រោះ​ថា​ភ្ញៀវ​ខ្លះ​គាត់​មិន​​ស្គាល់​សូម្បី​តែ​ស្លឹក​គ្រៃ​។ ចំណែក​ឯ​ដើម​ត្រប់​ ​គាត់​មិន​ដឹង​ថា​​ស្លឹក​យ៉ាង​ម៉េច​ ផ្លែ​យ៉ាង​ម៉េច​ទេ​ ដោយ​គាត់​បាន​ឃើញ​តែ​អាហារ​នៅ​ក្នុង​ចាន​ស្រាប់ៗ។ ការ​រៀបចំ​​ជំនួស​សួន​​ផ្កា​ដោយ​បន្លែ​ វា​ក៏​ជា​ចំណាប់​អារម្មណ៍​មួយ​សម្រាប់​ភ្ញៀវ​​បាន​ទស្សនា​ ហើយ​ណា​មួយ​ទៀត​​យើង​បាន​ប្រើប្រាស់​​រាល់​ថ្ងៃ​ បើ​យើង​ខ្វះ​គ្រឿង​ផ្សំ​ណា​មួយ ​បេះ​ភ្លាមៗ​តែ​ម្តង​»​។

សំអាង​លើ​​​សួន​ដំណាំ​នៅ​ក្បែរ​​ស្រាប់ ភោជនីយដ្ឋាន​ បន្លែ មិន​ត្រឹម​​តែ​បម្រើ​អាហារ​ប្រើ​ផលិតផល​បន្លែ​ ​ថែម​ទាំង​មាន​លក់​ប្រភេទ​ភេសជ្ជៈ​ចម្រាញ់​ចេញ​​​ពី​ផ្លែ​ឈើ​ស្រស់​ បន្លែ​ស្រស់​ ដូច​ជា​ទឹក​ផ្ទី​ក្រឡុក ទឹក​ស្ពៃក្តោប​ ទឹក​ខ្នុរ​លាយ​ម្នាស់​ជា​ដើម​ រួម​ទាំង ទឹក​សាប​សម្រាប់​​ទទួល​​ភ្ញៀវ​ក៏​មាន​ត្រាំ​ចំណិត​ផ្លែ​ត្រសក់​​​ផង​ដែរ​។ ​

លើក​បង្ហាញ​តារាង​ភេសជ្ជៈ​ដែល​មិន​​មាន​គ្រឿង​កំប៉ុង ​លោក​មេ​ចុងភៅវ័យ ៣៦ ឆ្នាំ ​មាន​ជំនាញ​​ចម្អិន​ម្ហូប​ពី​ប្រទេស ​ស្វ៊ីស ​​រូប​​នេះ​ បាន​ប្រាប់​ថា​៖ «​ហាង​នេះ​​ប្រើ​បន្លែ​ជា​គ្រឿង​ផ្សំ​ម្ហូប​ទាំង​អស់​ដោយ​មាន​បំណង​ស្ទួយ​សុខភាព​អ្នក​ទទួល​ទាន។ តែ​បើ​ខ្ញុំ​លក់​ភេសជ្ជៈ​កំប៉ុង​ វា​ដូច​​ជា​មិន​មាន​ន័យ​គ្រប់គ្រាន់​ថា ស្ទួយ​​សុខភាព​ឡើយ​។ នៅ​ទីនេះ យើង​​មាន​ផលិតផល​ស្រស់ៗ​ជា​ច្រើន​ដែល​យើង​អាច​​ច្នៃ​ជា​ភេសជ្ជៈ​ទទួល​ទាន​យ៉ាង​ឆ្ងាញ់​ពិសា​»។​

មុខ​ម្ហូប​មួយ​ចំនួន ដូចជា Super Food Tofu Burger យក​​តៅហ៊ូ​ជំនួស​សាច់ ​​LokLak Mushroom ផ្សិត​ជា​គ្រឿង​ផ្សំ​សំខាន់​ ​Vegan Fish & Chip យក​ត្រយូង​ចេក​ប្រឡាក់​ម្សៅ​ជំនួស​​សាច់​ត្រី​ Traiditional Khmer Amok ផ្សំ​ពី​បន្លែ​ចម្រុះ​ Traiditional Khmer Curry ​ជា​ប្រភេទ​ការី​ខ្មែរ​អត់​សាច់​​ Grilled Long Eggplant និង Crispy Tofu Tomato & Bean Sprout តម្លៃ​ ចាប់​ពី ៣,៥០ ដុល្លារ​​។

ស្ថាបនិក​នៃ​​​​ភោជនីយដ្ឋាន​ បន្លែ ​លោក ​ប៉ូឡា ដែល​ខិតខំ​​ស្ទួយ​ទាំង​បរិស្ថាន​ដោយ​ព្យាយាម​គេច​ពី​ការ​ប្រើប្រាស់​ប្លាស្ទិក​ បាន​​បញ្ជាក់​​​ថា​៖ ​«ការ​ញ៉ាំ​បន្លែ​វា​ធ្វើ​ឲ្យ​​យើង​មាន​សុខភាព​ល្អ​។ ប៉ុន្តែ​មិន​មាន​ន័យ​ថា ​ទទួល​បាន​សុខភាព​ល្អ​​ភ្លាមៗ​នោះ​ទេ​ ទាល់​តែ​យើង​ព្យាយាម​។ ចំណែក​​បុគ្គលិក​ទាំង​អស់​រួម​ទាំង​ខ្ញុំ​ផ្ទាល់​​ពេល​នៅ​ហាង ​គឺ​ត្រូវ​តែ​ញ៉ាំ​អាហារ​នៅ​ទី​នេះ​ គឺ​បន្លែ​សុទ្ធ​តែ​ម្តង​​។ ប៉ុន្តែ​ពេល​ទៅ​ផ្ទះ​វិញ​ពួក​គាត់​ញ៉ាំ​​អី​ក៏​បាន​»​។

ភោជនីយដ្ឋាន​ បន្លែ ​ស្ថិត​នៅ​ក្នុង​ក្រុង​​សៀមរាប​ តាម​ដង​ផ្លូវ​លេខ​ ២៦ ក្នុង​ភូមិ​​វត្តបូ​ ​បើក​ទ្វារ​ពី​ថ្ងៃ​ពុធ ដល់​ថ្ងៃចន្ទ ពី​ម៉ោង ១១:០០ ព្រឹក​ដល់​ម៉ោង ៩:៣០ យប់​សម្រាក​ថ្ងៃ​អង្គារ​។ សម្រាប់​ព័ត៌មាន​លម្អិត​ សុំ​ចូល​ទៅ​កាន់​​ទំព័រ​ហ្វេសប៊ុក Banllé vegetarian restaurant ឬ​លេខ​ទូរស័ព្ទ ០៨៥ ៣៣០ ១៦០៕ ​

វិដេអូ៖