ភ្នំពេញ៖ សំងំលាក់កាយក្នុងទីក្រុងកៀកបង្កើយ ភោជនីយដ្ឋាន ព្រែកតាសេកម្ហូបខ្មែរ ជាទីកន្លែងកម្សាន្ត តាមក្យូសស្ងប់ស្ងាត់ អមដោយដើមឈើធំៗ ម្លប់ត្រឈឹងត្រឈៃ គួបជាមួយសម្រស់បុប្ផាចម្រុះពណ៌ ចោលក្លិនក្រអូបសាយ ស័ក្ដិសមសម្រាប់អ្នកហត់នឿយពីការងារ ឬការសិក្សាមកលម្ហែខួរក្បាល គេងសម្រាកកាយ ភ្លក្សអាហារខ្មែរឈ្ងុយឆ្ងាញ់ ប្លែកៗជាច្រើនមុខ។
បើកដំណើររយៈពេល ៦ ឆ្នាំ ភោជនីយដ្ឋានព្រែកតាសេកម្ហូបខ្មែរ មានទីតាំងស្ថិតនៅភូមិព្រែកតាសេកសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ដោយធ្វើដំណើរចេញពីរង្វង់មូល តាព្រហ្មស្ពានជ្រោយចង្វារ ឬព្រហ្មមុខ ៤ ទៅតាមបណ្តោយផ្លូវក្រោមស្ពានជ្រោយចង្វារទៅត្រង់ ចម្ងាយជាង ៥ គីឡូម៉ែត្រ ឬធ្វើដំណើរពីរង្វង់មូលនាងទេពមច្ឆា ឆ្លងកាត់ស្ពានបាឡេបត់ឆ្វេងជាង ២ គីឡូម៉ែត្រ រួចបត់ឆ្វេងប្រមាណ ១០០ ម៉ែត្រ ដល់ផ្លូវទ័លបត់ស្តាំតែបន្តិច យើងនឹងដល់ភោជនីយដ្ឋានព្រែកតាសេកម្ហូបខ្មែរ។
លោក មុត ឧត្តម ម្ចាស់ភោជនីយដ្ឋានព្រែកតាសេកម្ហូបខ្មែរ បានឲ្យដឹងពីមូលហេតុបង្កើតភោជនីយដ្ឋាននេះថា៖ «ខ្ញុំចូលចិត្តដើរញាំអាហារ និងចូលចិត្តកន្លែងមានក្យូស អង្គុយលេងត្រជាក់ៗអ៊ីចឹង ដល់អ៊ីចឹងខ្ញុំមានអារម្មណ៍គិតថា ចង់ឃើញកន្លែងត្រជាក់អ៊ីចឹង ក៏រៀបចំធ្វើទៅ ព្រោះទីកន្លែងនេះ វាអំណោយផល ម្យ៉ាងពីមុនទីតាំងនេះជាភោជនីយដ្ឋានស្រាប់ ហើយម្ចាស់នៅទីនេះកាលពីមុន គាត់សេងវាឲ្យយើងបន្ត»។
ដោយឡែកសម្រាប់ការដាក់ឈ្មោះថា ភោជនីយដ្ឋានព្រែកតាសេកម្ហូបខ្មែរ ម្ចាស់ភោជនីយដ្ឋាននេះ បញ្ជាក់ថា ដោយសារតែភោជនីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្នុងភូមិព្រែកតាសេក ទើបដាក់ថាព្រែកតាសេក ចំណែកការដាក់បន្ថែមឈ្មោះថា ម្ហូបខ្មែរ គឺដោយសារតែលោកចូលចិត្តញ៉ាំម្ហូបខ្មែរ និងមានជំនាញធ្វើម្ហូបខ្មែរ ហើយចង់ផ្សព្វផ្សាយម្ហូបឲ្យប្រជាជនបានស្គាល់ និងភ្លក្សរសជាតិឆ្ញាញ់ពិសេសរបស់ម្ហូបខ្មែរ។
សាងសង់លើផ្ទៃដី ១ ហិកតា កន្លះ ភោជនីយដ្ឋាននេះ មានក្យូសឈើ ប្រក់ដំបូលស្បូវសម្រាប់អង្គុយលម្ហែ សរុបចំនួន ២៤ ក្បូស ដែលបែងចែកជា ២ ប្លុក គឺប្លុកខាងមុខមានចំនួន ១០ ក្យូស ជាប្រភេទក្យូសផ្ទាល់នឹងដី ដែលមានទាំងក្យូសធម្មតា ទទួលភ្ញៀវបានចំនួន ១០ នាក់ ក្យូសធំទទួលភ្ញៀវបានចំនួន ២០ នាក់ និងក្យូស វីអាយភី ដែលរចនាដោយកញ្ចក់ព័ទ្ធជុំវិញដាច់ដោយឡែក អាចទទួលភ្ញៀវបានចំនួន ៣០ នាក់ ចំណែកប្លុកខាងក្រោយមានចំនួន ១៤ ក្យូស ជាក្យូសសង់នៅស្រះទឹក សម្រាប់តម្រូវចិត្តអ្នកដែលមកកម្សាន្ត ទស្សនាទិដ្ឋភាពធម្មជាតិស្រះធម្មជាតិ។
លោក មុត ឧត្ដម អាយុ ៣៤ ឆ្នាំ បានរៀបរាប់ពីចំណុចពិសេសភោជនីយដ្ឋានព្រែកតាសេកម្ហូបខ្មែរថា៖ «កន្លែងយើងស្អាត ស្ងាត់ល្អមិនរញ៉េរញ៉ៃ ល្អសម្រាប់អ្នកចង់សម្រាក ត្រជាក់ចិត្ត មានជំនោរខ្យល់ដូចខាងមាត់ទន្លេអ៊ីចឹង អត់ក្តៅទេ មានកន្លែងចតឡានធំទូលាយ យើងមានសួនផ្កាជាច្រើនដូចជា ឈូករ័ត្ន ស្បៃរឿង ផ្កាកង្ហារ និងផ្កាផ្សេងទៀត។
យើងមានដំណាំដាំខ្លួនឯង និងសម្រាប់ធ្វើអាហារផងដូចជា ល្ពៅ ននោង ត្រឡាច ពោតបារាំង ខាត់ណាជាដើម គ្មានជាតិគីមីទេ ហើយយើងមានមាន់ស្រែស្រាប់ យើងចិញ្ចឹម និងទិញពីអ្នកភូមិ ព្រោះថាមាន់ស្រែពេលយកមកធ្វើម្ហូប គឺឆ្ងាញ់ណាស់ ពេលខ្លះយើងក៏ចិញ្ចឹមអត់ទាន់ដែរ ពេលលក់ដាច់ពេកមួយថ្ងៃអស់ ១០ ក្បាល ហើយយើងមានចុងភៅដែលមានជំនាញ ព្រោះគាត់ធ្លាប់បានធ្វើជាមេចុងភៅតុការមានបទពិសោធយូរឆ្នាំ»។
ម្ហូបប្រចាំភោជនីយដ្ឋាននេះមានដូចជា មាន់ស្រវឹង ដែលចំណាយពេលចម្អិនជិត ១ ម៉ោង ដោយត្រូវយកមាន់ប្រឡាក់គ្រឿងដុតជាមួយស្រាបៀរ និងហ៊ុមព័ទ្ធមាន់ឲ្យហប់ កម្តៅដោយភ្លើងឲ្យមាន់ឆ្អិនបន្តិចម្តងៗ ដែលមានតម្លៃ ៦ ម៉ឺនរៀល មាន់ដុតប្រហុក តម្លៃ ៦ ម៉ឺនរៀល ខ្យងតម្លៃ ២ ម៉ឺនរៀល និងមានម្ហូបខ្មែរ ដូចជា សម្លកកូរ ប្រហើរ សម្លក់ ត្រីដុត ដែលមានតម្លៃ ៣ ម៉ឺនរៀល និងមានម្ហូបក្លែមជាង ១០០ មុខទៀត។
បើកទទួលភ្ញៀវចាប់ពីម៉ោង ៨ ព្រឹក និងបិទរហូតដល់អស់ភ្ញៀវ ដោយថ្ងៃធម្មតា ភោជនីយដ្ឋាននេះ មានភ្ញៀវស្ទើរគ្រប់ក្យូស និងថ្ងៃចុងសប្តាហ៍ ទទួលបានភ្ញៀវច្រើនចេញចូលបណ្ដាក់គ្នា។
ទៅថ្ងៃអនាគត លោក គ្រោងបង្កើតអ្វីៗប្លែកជាងនេះបន្ថែមទៀត ដូចជាកន្លែងស្ទូចត្រី និងកន្លែងក្មេងលេង កន្លែងលេងទឹក និងកម្សាន្តផ្សេងៗទៀត។ ទំនាក់ទំនងទូរស័ព្ទ ០១២ ៩៧ ០០ ៧៧, ០១៦ ៦១ ៨៧ ៩៧, ០១៦ ៤០៥៥ ៩៥ ឬហ្វេសប៊ុក៖ ព្រែកតាសេកម្ហូបខ្មែរ៕
វីដេអូ៖