ភ្នំពេញ: ប្រសិនបើអ្នកស្វែងរកអាហារឆ្ងាញ់ នៅកន្លែងមានភាពសាមញ្ញ តែកក់ក្ដៅ ដូចនៅផ្ទះ ភោជនីយដ្ឋាន Silent នៅម្ដុំស្តុបបូកគោ ផ្ដល់បរិយាកាសស្ងប់ស្ងាត់ និងរសជាតិម្ហូបអាស៊ីឆ្ងាញ់ជាប់ចិត្ត។
ផ្ដើមដំណើរការ កាលពីខែមករា លោក វង្ស ម៉ានិត ជាម្ចាស់ហាង Silent បានផ្ដោតសំខាន់លើបរិយាកាសផ្ដល់ភាពល្ហែល្ហើយ និងអាហារឆ្ងាញ់ផ្ដល់ថាមពលដល់អតិថិជនដែលមិននិយមសំឡេងរំខាន។
ភោជនីយដ្ឋាន Silent ដែលមានន័យថា «ស្ងប់ស្ងាត់» ជាភាសាខ្មែរនោះ ត្រូវបានម្ចាស់ហាងរៀបរាប់ពីការបើកហាងនេះយ៉ាងដូច្នេះថា៖ «ពេលដែលខ្ញុំទៅហាងគេផ្សេងៗ ខ្ញុំរកបរិយាកាសបែបនេះមិនបាន ជាលក្ខណៈដែលយើងជាយើងមិនចាំបាច់ត្រូវធ្វើចរិតថ្លៃថ្នូរពាក់ក្រវាត់ក រៀបឫក ហើយមិនស្ងាត់ពេកមិនថ្លង់ពេក ជាកន្លែងដែលអាចសម្រាកបានដោយស្រួលចិត្ត»។
ដោយមានការជួយគាំទ្រពីមិត្តភក្តិរបស់លោកផ្ទាល់ ក្នុងដំណើរការបើកហាង និងរូបមន្តម្ហូបភាគច្រើនមកពីប្រទេសថៃ ហាង Silent បានបង្កើតជម្រើសមុខម្ហូបដ៏សម្បូរបែប។
លោក វង្ស ម៉ានិត បានរៀបរាប់ទៀតថា៖ «មិត្តភក្តិខ្ញុំគាត់ទៅធ្វើម្ហូបនៅថៃ ជាច្រើនឆ្នាំ ហើយគាត់ក៏មានភោជនីយដ្ឋានផ្ទាល់ផងដែរ ហេតុនេះគាត់មានបទពិសោធយ៉ាងច្រើនរួមទាំងបង្រៀនមេចុងភៅខ្ញុំផ្ទាល់តែម្ដង»។
លោកបានចាត់ទុកថា បរិយាកាសស្ងប់ស្ងាត់បែបសាមញ្ញ និងអាហារឆ្ងាញ់នេះហើយ ដែលជាភាពពិសេសរបស់ហាង Silent និងទាក់ទាញអតិថិជនដែលមិនចូលចិត្តភាពអ៊ូអរ។
ម្ចាស់ហាងវ័យ ៣៣ ឆ្នាំរូបនេះ បានរៀបរាប់ពីហាងរបស់លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «អតិថិជនថែមទាំងអាចរីករាយជាមួយទាំងម្ហូប និង បទចម្រៀងដែលខ្លួនចូលចិត្តនៅក្នុងហាងថែមទៀតផង ដែលវាធ្វើឲ្យខ្ញុំមិនអាចលុប ឬប្ដូរឈ្មោះ [ហាង] នេះ រួមទាំងព្យាយាមរក្សាបរិយាកាសបែបនេះរហូតទៅ»។
មុខម្ហូបបែបថៃ ៣ យ៉ាង ដែលភ្ញៀវពេញនិយមជាងគេ និងទទួលបានការកុម្ម៉ង់ច្រើនបំផុតនោះគឺ ឡាបត្រី ឡាបបង្គា និងមាន់ជើង ៣។
ម្ចាស់ហាងបានរៀបរាប់ពីម្ហូបនេះថា៖ «ឡាបត្រី ភាគច្រើនពេលឮពាក្យថា ឡាប គេតែងគិតដល់សាច់ឆៅ តែរូបមន្តថៃ គឺខុសគ្នា។ តាមការពិតទៅគេយកត្រីទៅបំពងឲ្យល្អ ហើយច្របល់ជាមួយនឹងគ្រឿងហាន់ និងសណ្ដែកដី ហើយផ្ទាប់ជាមួយការ៉ុត និងត្រសក់ជ្រលក់ ទឹកត្រីជូរអែមដ៏ឆ្ងាញ់ពិសា»។
ឡាបបង្គា ប្រហាក់ប្រហែលនឹងឡាបត្រីដែរ តែការប្រើគ្រឿងសមុទ្រធើ្វឲ្យរសជាតិវាមានភាពខុសប្លែកម្យ៉ាងវិញ។ ចំពោះម្ហូប «មាន់ជើង ៣» គ្រាន់តែឈ្មោះក៏ប្លែកទៅហើយ។ ឈ្មោះម្ហូបបែបនិមិត្តរូបនេះមិនមានជើងមាន់ទេ តែវាជាខ្ទឹមជ្រក់ លាយបង្គាក្រៀម គ្រឿង ជីរ ត្រសក់ ការ៉ុត និងសាឡាត់ផងដែរ។
លោក ម៉ានិត បានរៀបរាប់ពីគ្រឿងផ្សំ និងបន្លែ សាច់ ដែលលោកប្រើប្រាស់ក្នុងផ្ទះបាយហាងនេះថា៖ «គ្រឿងផ្សំ និងសាច់ផ្សេងៗយើងយកពីក្នុងស្រុកមែន តែយើងរើសសុទ្ធតែកម្រិតខ្ពស់ ព្រោះយើងជឿថា មុខម្ហូបវាក៏មានរសជាតិ និងគុណភាពទៅតាមគ្រឿងផ្សំដែរ»។
មុខម្ហូបខ្មែរ និងថៃនៅភោជនីយដ្ឋាន Silent មានតម្លៃភាគច្រើនគឺចាប់ពី ២ ដុល្លារទៅ ៦ ដុល្លារ។
រសជាតិអាហារឆ្ងាញ់ បរិយាកាសរ៉ូមេនទិក ក៏ស័ក្ដិសមការក្រេបស្រាក្រហមបារាំង ដែលអតិថិជនអាចកុម្ម៉ង់ ១ ដប ឬ ម្ដង ១ កែវក៏បាន។
ទោះជាយ៉ាងណា បញ្ហាប្រឈមមុខរបស់លោក ម៉ានិត ក៏មិនខុសពីហាងដទៃទៀតដែរ។ វិបត្តិកូវីដ តម្រូវឲ្យលោកបានព្យាយាមរក្សាអនាម័យ មានទាំងទឹកអាល់កុល និងការវាស់កម្ដៅអតិថិជនមុនពេលចូលទទួលទាន។
ជាមួយទំនុកចិត្តលើរសជាតិម្ហូបថៃ ឈ្ងុយឆ្ងាញ់ លោក ម៉ានិត បានទទូចថា៖ «ខ្ញុំចង់ឲ្យភ្ញៀវបានមកសាកល្បងម្ហូបថៃ ដែលគាត់មិនចាំបាច់ទៅដល់បាំងកកទេ ហាង Silent មានស្រាប់ហើយធានារសជាតិតែម្ដង ហើយយើងក៏នឹងភ្ជាប់សេវាកម្មដឹកជញ្ជូនម្ដងទៀតក្នុងពេលឆាប់ៗនេះ»។
ភោជនីយដ្ឋាន Silent មានទីតាំងនៅផ្លូវ ៩៥ សង្កាត់បឹងកេងកង ៣ ម្ដុំស្តុបបូកគោ និងបើកដំណើរការពីម៉ោង ៤ ទៅម៉ោង ១១យប់ សម្រាប់ថ្ងៃ សុក្រ សៅរ៍ និង អាទិត្យ និងបើកពីម៉ោង ៥ ទៅ ១១ យប់ សម្រាប់ ចន្ទ ពុធ និង ព្រហស្បតិ៍ ហើយឈប់សម្រាកជារៀងរាល់ថ្ងៃអង្គារ៕
វីដេអូ៖