សៀមរាប៖ ហត់នឿយ និង​អស់​កម្លាំង​ក្រោយ​ពី​ធ្វើ​ដំណើរ​កម្សាន្ត​គយគន់ សម្រស់​ប្រាង្គ​ប្រាសាទ​ដ៏​មហស្ចារ្យ លើ​ទឹក​ដី​អង្គរ​ក្នុង​ខេត្ត​សៀមរាប និង​កំពុង​ស្វែងរក​កន្លែង​សម្រាក ញ៉ាំ​អាហារ រំសាយ​អារម្មណ៍​មែន​ទេ​? ភោជនីយដ្ឋាន Urban Tree Hut មាន​បម្រើ​សេវា ម្ហូប​ខ្មែរ អាស៊ី និង​អឺរ៉ុប​ជាច្រើន​ប្រភេទ ក្នុង​បរិយាកាស​​​បែប​ធម្មជាតិ ភ្ជាប់​នឹង​វប្បធម៌​ខ្មែរ រំលេច​ជា​ចំណី​ចក្ខុ​ដ៏​គួរ​ឲ្យ​ជាប់​ចិត្ត​។


ការ​រចនា​ហាង​ដោយ​ប្រើប្រាស់​គំនិត​ច្នៃ​ប្រឌិត លាយឡំ​នឹង​វប្បធម៌​ខ្មែរ លោក ថាត សុគន្ធរ៉ុង ជា​អ្នក​គ្រប់គ្រង​​បាន​យក​បទពិសោធ​ច្រើន​ឆ្នាំ និង​​​​ចំណេះ​ដឹង​ផ្នែក​បដិសណ្ឋារកិច្ច​​ មក​បម្រើ​ភ្ញៀវ​ខ្មែរ និង​បរទេស​​ ដែល​មក​សម្រាក​កាយ​ញ៉ាំ​​អាហារ ក្រេប​ភេសជ្ជៈ​ លម្ហែ​អារម្មណ៍​ ក្នុង​បរិយាកាស​ធម្មជាតិ​បែប​ស្ងប់ស្ងាត់​​។



អ្នក​គ្រប់គ្រង​វ័យ ៣០ ឆ្នាំ​រូប​នេះ ​បាន​​ឲ្យ​ដឹង​ថា​៖ «Urban Tree Hut មាន​ក្យូស​ញ៉ាំ​អាហារ​ច្រើន​ប្រភេទ មាន​​ទោង​​អង្គុយ មាន​អង្គុយ​ជា​តុ ឬ​កៅអី​ទាប ដែល​ភ្ញៀវ​អាច​មើល​ឃើញ​ដើម​ឈើ​ធំ​ច្រើន ស្រស់​ស្អាត ហាក់បី​ដូច​ជា​​មិនមែន​នៅ​ក្នុង​ទីក្រុង​អ៊ីចឹង»។


នៅ​ក្បែរ​ច្រក​ចូល​មាន​ចម្លាក់​​​ព្រះ​គនេស​ ដែល​ជា​ព្រះ​តំណាង​ឲ្យ​ចំណេះ​ដឹង និង​ក្តី​រីករាយ ក្នុង​ព្រាហ្មណ៍​សាសនា និង​មាន​ការ​តាំង​រទេះគោ ដែល​យាន​​ក្នុង​ការ​ធ្វើ​ដំណើរ និង​បម្រើ​ដល់​ជីវភាព​​ស្រែ​ចម្ការ​​​ពី​សម័យ​មុន​​។


លោក​ សុគន្ធរ៉ុង ​បាន​លើក​ពី​បំណង​នៃ​​ការ​តុបតែង​នេះ​ថា៖ «​យើង​ចង់​ឲ្យ​ក្មេងៗ​ឥឡូវ​បាន​ស្គាល់​ផង​ដែរ ហើយ​យើង​ក៏​មាន​បំណង​បង្ហាញ​វា​ទៅ​បរទេស​​ដែរ ព្រោះ​បរទេស​ខ្លះ​សួរ​ថា វា​ជា​អី​​គេ គេ​សរសើរ​ថា​ស្អាត ហើយ​គាត់​​​ថត​លេង​ទៀត​ផង ហើយ​យើង​ក៏​មាន​ច្នៃ​ក្រមា ដែល​ជា​អត្តសញ្ញាណ​ជាតិ ធ្វើ​ជា​វាំងនន ជុំវិញ​ទោង​ញ៉ាំ​អាហារ​យើង​ដែរ​»​។

ភោជនីយដ្ឋាន​ក៏​មាន​ការ​ច្នៃ​ប្រឌិត​​​យក​​ដប​ទឹក​ក្រូច ឬ​ស្រាបៀរ​មក​រៀប​ជា​រូបភាព​បេះដូង បិទ​ភ្ជាប់​ជញ្ជាំង ដោយ​​ដាក់​អំពូល​នៅ​ខាង​ក្នុង​សម្រាប់​បំភ្លឺ​ពេល​រាត្រី ដែល​បង្កើត​ជា​សម្រស់​ស្អាត​មួយ​បែប​។ ទន្ទឹម​នោះ ក្យូស​ប្រក់​​​ស្បូវ​តាម​លក្ខណៈ​ផ្ទះ​ប្រជាជន​ខ្មែរ​​តាម​ទីជនបទ ដោយ​អប​មាត់​ផ្លូវ​ចូល​​អង្គុយ មាន​តាំង​ឫស្សី​សម្រាប់​ដាក់​​ចន្លុះ ឬ​ហៅ​ថា​ភ្លើង​គប់​ផង​ដែរ​។

ភោជនីយដ្ឋាន​ក៏​មាន​រុក្ខជាតិ​បៃតង​ជា​ច្រើន ​ដើម​ស្លា ដើម​លុយ ដើម​ស្វាយ ដើម​ព្រីង និង​មាន​ផ្កា​ច្រើន​ជា​ច្រើន​ប្រភេទ ចោល​ក្លិន​ពិដោរ​ឈ្ងុយ​ឈ្ងប់​ និង​​ធ្វើ​ឲ្យ​បរិយាកាស​ត្រជាក់​ដល់​ភ្ញៀវ​មក​អង្គុយ​​​ញ៉ាំ​អាហារ អង្គុយ​លើ​ទោង​ ឬ​​​កៅអី​ទាបៗ​​។

Urban Tree Hut បម្រើ​អាហារ​បី​ពេល មាន​ម្ហូប​ខ្មែរ ម្ហូប​អាស៊ី និង​ម្ហូប​បែប​អឺរ៉ុប​។ ​​ម្ហូប​ខ្មែរ​ពិសេស​ប្រចាំ​ហាង​មាន​ដូចជា សម្ល​កកូរ តម្លៃ ១២ ០០០​រៀល​ និង​ម្ជូរ​ក្បាល​ត្រី តម្លៃ ១២ ០០០​ រៀល អាម៉ុក​ខ្មែរ តម្លៃ ១៦ ០០០ ​រៀល រួម​ជាមួយ​ម្ហូប​ខ្មែរ​ជាច្រើន​មុខ​ទៀត​។

តម្លៃ​អាហារ​សមរម្យ និង​ចម្អិន​ផ្ដោត​លើ​អនាម័យ​ខ្ពស់​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ដោយ​ឡែក​ម្ហូប​អាស៊ី​មាន​ដូចជា បុក​ល្ហុង​ជាច្រើន​រសជាតិ តម្លៃ ៦ ០០០ ​រៀល ភ្លា​សាច់គោ​អង្ក្រង តម្លៃ ១២ ០០០​ រៀល ស៊ុប​មាន់​ពិសេស ១៤ ០០០ ​រៀល ត្រី​សាបាក់​ចៀន​បែប​ជប៉ុន តម្លៃ ​១២ ០០០ រៀល និង​មាន​ម្ហូប​ឈុត​អាស៊ី​ជា​ច្រើន​។ រីឯ​ម្ហូប​មាន​ដូចជា Smoked salmon salad តម្លៃ​ ៦ ​ដុល្លារ crispy Pork steak តម្លៃ ៤ ​ដុល្លារ Chicken Cordon Bleu តម្លៃ ៥ ​ដុល្លារ និង​ម្ហូប​ឈុត ​​ជាច្រើន​មុខ​ទៀត​ផង​ដែរ​។

លោក សុគន្ធរ៉ុង បញ្ជាក់​ថា​៖ «​ហាង​យើង​ផ្តោត​លើ​តម្លៃ គឺ​អត់​ថ្លៃ​ទេ សមរម្យ មួយ​ទៀត​យើង​ផ្តោត​សំខាន់​រសជាតិ​ឆ្ញាញ់ និង​អនាម័យ​ខ្ពស់។ សាច់ ​និង​បន្លែ​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំណែក​សេវាកម្ម​រហ័ស ដោយសារ​តែ​យើង​មាន​បុគ្គលិក​ច្រើន និង​ទទួល​បាន​បណ្តុះបណ្តាល​​ជំនាញ​ផ្ទាល់ លើ​សេវាកម្ម​ម្ហូប និង​ភេសជ្ជៈ ហើយ​យើង​ក៏​មាន​បង្រៀន​ភាសា​​អង់គ្លេស ទៅ​កាន់​គាត់​ដែរ ដើម្បី​ពង្រឹង​សមត្ថភាព​ភាសា​ពួក​គាត់​ដែរ​»។​

ហាង​មាន​បម្រើ​អាហារ​ខ្មែរ អាស៊ី និង​បស្ចិមប្រទេស​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

បើក​ដំណើរ​ការ​បាន​ ១ ​ឆ្នាំ Urban Tree Hut ទទួល​បាន​ភ្ញៀវ​ប្រមាណ​ជាង ​១០០ ​​នាក់ ក្នុង​មួយ​ថ្ងៃ និង​បើក​ទទួល​ភ្ញៀវ​ពី​ម៉ោង ៦ ​ព្រឹក ​ដល់​ម៉ោង ១១ យប់​។

ធ្វើ​ដំណើរ​ប្រមាណ​ជា ១ ​គីឡូ​តាម​ផ្លូវ​មាត់​ស្ទឹង​សៀមរាប ឆ្ពោះ​តាម​ស្ពាន​វត្ត​ដំណាក់ តម្រង់​ទៅ​ត្រង់​សាលា​បញ្ញា​​សាស្ត្រ និង​បន្ត​ប្រមាណ​ជាង​ ២០០ ​ម៉ែត្រ Urban Tree Hut ស្ថិត​នៅ ខាង​ឆ្វេង​ដៃ​។ ទូរស័ព្ទលេខ ០១១ ៨០ ០០ ០៤,០៨៧ ៨០ ០០ ​០៤ និង​​ហ្វេសប៊ុក Urban Tree Hut៕

កន្លែង​អង្គុយ​ទម្រេត​ខ្លួន​ ញ៉ាំអាហារ​ដ៏មានផាសុកភាព​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

វីដេអូ៖