ក្រុង​ប្រាជិនប៊ុរី៖ រាប់ចាប់តាំង​ពី​សាលាដ​ «រីករាយ» ​ស៊ុប​​រោយត្រួយ​​កញ្ឆា រហូត​ដល់​​ស្លឹក​កញ្ឆាបំពង​ស្រួយ​ខ្ញោក ទាំង​នេះ​គឺ​ជា​អាហារ​​​ពិសេសៗ​​ស្ថិត​ក្នុង​បញ្ជី​​មុខ​ម្ហូប​​​​ផ្សំ​ពី​កញ្ឆា​នៃ​ភោជនីយដ្ឋាន​​មួយ​​ក្នុង​មន្ទីរ​ពេទ្យ​​ប្រទេស​ថៃ ជាទី​ដែល​អតិថិជន​ជា​ច្រើន​​នាំ​គ្នា​មក​សាកល្បង​រសជាតិ​អាហារជំរុញ​​​អារម្មណ៍​សប្បាយ​ត្រេកត្រអាល​ដល់​មនុស្ស​លោក​។


ជាប្រទេស​ទីមួយ​នៅ​អាស៊ីអាគ្នេយ៍​ដែល​ដាក់​ឲ្យ​ការ​ប្រើប្រាស់​កញ្ឆា​ស្របច្បាប់​ក្នុង​ឆ្នាំ ២០១៨ ប្រទេស​ថៃ ​បាន​ត្រួសត្រាយ​ផ្លូវ​​ឈាន​មុខ​គេ​ក្នុង​​ការ​​ផលិត​កែ​ច្នៃ បន្សុទ្ធ និង​ធ្វើ​ទីផ្សារ​​​ប្រេង​កញ្ឆា ហើយ​រាជាណាចក្រ​នេះ​​ក៏​ស្ទុះស្ទា​នឹង​កើប​ប្រាក់​ពី​ឧស្សាហកម្ម​តម្លៃ​រាប់​សិប​លាន​ដុល្លារ​នេះ​ផង​ដែរ។


រុក្ខជាតិ​កញ្ឆា​នេះ​ផង​ដែរ ទីបំផុត​ក៏​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​សារធាតុ​ញៀន​ណាកូទិក​​នៅប្រទេស​ថៃ ​កាលពី​ខែ​មុន​ ដែល​នេះ​មាន​ន័យ​ថា តាម​មន្ទីរ​ពេទ្យ​មួយ​ចំនួន​​អាច​ប្រើប្រាស់​ស្លឹក ដើម និង​ឫស​របស់​វា​​ជា​អាហារ។


បុគ្គលិក​បម្រើការ​នៅ​កសិដ្ឋាន​ដាំ​កញ្ឆាស្របច្បាប់ សម្រាប់ប្រើប្រាស់ក្នុងការកែច្នៃ​ផលិត និង​​ចម្អិនអាហារ។ រូបថត AFP


ការ​ប្រើប្រាស់​រុក្ខជាតិ​កញ្ឆា​ជា​គ្រឿង​ផ្សំ​ចម្អិន​អាហារ​ ហាក់​បីដូច​ជា​ការ​វិលត្រឡប់​ទៅ​អតីតកាល​របស់ថៃ។ នេះ​បើយោង​តាម​វេជ្ជបណ្ឌិត Pakakrong Kwankhao ដែល​ដឹកនាំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​​ឱសថត​បុរាណ​ថៃ​​អាស្រ័យ​លើ​ភស្ដុតាង​បែប​វិទ្យាសាស្ត្រ នៅ​មន្ទីរពេទ្យ​ Chao Phya Abhaibhubejhr។


អ្នកស្រី​វេជ្ជបណ្ឌិត​បាន​លើកឡើង​ថា៖ «ការប្រើប្រាស់​ស្លឹក​កញ្ឆា​ក្នុងការ​ចម្អិន​​ម្ហូបអាហារ​ គឺ​ជា​វប្បធម៌​របស់យើង​ពី​ដើមស្រាប់​ទៅ​ហើយ»។

អ្នកស្រី​បាន​បន្ត​ទៀត​ថា៖ «កាលពី​អតីតកាល​មុន​ពេល​មាន​បម្រាម​ប្រើប្រាស់កញ្ឆា យើង​បាន​​ប្រើប្រាស់​វា​ក្នុងបរិមាណ​តិច​តួច​សម្រាប់​​ផ្សំគ្រឿង​ម្ហូប ហើយ​យើង​ក៏​ធ្លាប់ប្រើប្រាស់​វា​ជា​ឱសថ​សម្រាល​ជំងឺ​តម្កាត់​នានា​ដែរ»។

ម្ហូបផ្សំគ្រឿង​ពីកញ្ឆា​ក្នុង​បរិមាណ​សមស្រប ដោយ​ម្នាក់​ត្រូវ​បានកំណត់​មិនឲ្យ​លើស ៥​ស្លឹកកញ្ឆា។ រូបថត AFP

កាល​ពី​សប្ដាហ៍​មុន មជ្ឈមណ្ឌលសុខមាលភាព​​របស់​មន្ទីរពេទ្យ​ខាង​លើ​នេះ ក៏​មាន​ភោជនីយដ្ឋាន​​ដែល​ទើប​តែ​សម្ពោធបញ្ជី​រាយ​នាម​មុខ​ម្ហូប​ថ្មី គឺ​អាហារ​ថៃ​មាន​គ្រឿង​ផ្សំ​ពីកញ្ឆា។

ស្ថិត​នៅ​ក្នុង​ផ្ទះបាយ​ដ៏មមាញឹក​​នៃ​មន្ទីរពេទ្យ ​ចុងភៅ​បាន​​​ប្រលាក់​ម្សៅ​ជ្រលក់​ស្លឹក​កញ្ឆា ហើយ​បំពង​វា​ឲ្យ​ឡើង​ពណ៌​​មាស​យ៉ាង​ស្រួយ​ខ្ញោក ខណៈ​​ចុងភៅ​ម្នាក់ទៀត​រោយ​ស្លឹក​កញ្ឆា​នៅ​លើ​ខ្ទះ​មាន​សាច់​ចិញ្ចឹម​លាយ​ម្ទេស។

នៅ​ក្នុង​ចានអាហារ​ចម្អិន​ពី​កញ្ឆា​ស្រស់​ៗ​ទាំង​នេះ​មាន​ផ្ទុកសារធាតុ​ធីអេចស៊ី (THC) តិច​តួច ខណៈ​ដែល​​វេជ្ជបណ្ឌិត Pakakrong ទទូច​​មិន​ឲ្យ​អតិថិជន​ទទួលទាន​ក្នុងបរិមាណ​ច្រើនឡើយ។

អ្នក​ដែល​មានសុខភាព​ខ្សោយ អ្នកជំនាញ​ណែនាំ​ឲ្យ​ទទួលទាន​ត្រឹម​កន្លះ​ស្លឹកកញ្ឆាប៉ុណ្ណោះ។ រូបថត AFP

អ្នកស្រី​បញ្ជាក់ថា អតិថិជន​ម្នាក់​ត្រូវ​បានកំណត់​​ការ​ទទួលទាន​ត្រឹម​តែ ៥ ​ស្លឹក​កញ្ឆា​ប៉ុណ្ណោះ។

អ្នកស្រី​បាន​បន្ត​ទៀត​ថា៖ «ប្រសិន​បើ​នរណា​ខ្សោយ​​ ពួក​គេ​អាច​ជ្រើសរើស​​ម្ហូប​ដែល​ផ្សំ​ពី​កញ្ឆា​​ត្រឹម​តែ​កន្លះ​ស្លឹក​បាន​ហើយ»។

អ្នកស្រី​វេជ្ជបណ្ឌិត​​ថែមទាំង​​ដាស់តឿនទៀត​ថា ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​មាន​បញ្ហា​សុខភាព​​មួយចំនួន​​គួរ​តែ​ចៀស​វាង​អាហារ​មាន​កញ្ឆា​ដាច់ខាត។

អ្នកស្រី​បន្ថែម​ទៀត​ថា ភោជនីយដ្ឋាន​រំពឹង​ថា​នឹង​អាច​ពង្រីក​​សេវាកម្ម​របស់ខ្លួន និង​បម្រើ​ដល់​ជនបរទេស​ពីបស្ចិម​ប្រទេស​ផង​ដែរ។

អតិថិជន​​ទទួលបានអារម្មណ៍​ស្រាលខ្លួន និង​សប្បាយ​រីករាយ​ក្រោមឥទ្ធិពល​កញ្ឆា។ រូបថត AFP

យ៉ាងណាមិញ សម្រាប់ពេលបច្ចុប្បន្ន​នេះ​ ភោជនីយដ្ឋាន​​​មាន​ភ្ញៀវ​ពេញៗ​រួច​ទៅហើយ​​នាវេលា​អាហារ​ថ្ងៃត្រង់ជា​រៀង​រាល់ថ្ងៃ។

អ្នក​មក​ទទួលទាន​អាហារ​កាន់តែ​​ក្អាកក្អាយ​​នៅពេល​ដែល​ឥទ្ធិពល​កញ្ឆា​បាន​ភាយ​សព្វ​សារពាង្គកាយ ជំរុញ​ឲ្យអារម្មណ៍​រីករាយ​​ស្រាល​ខ្លួន​តែ​ម្ដង។

ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​ទាំងនោះ អ្នក​រចនាម៉ូដ​គ្រឿង​អលង្ការ​បារាំង លោក ធៀររី ម៉ារទីណូ បាន​និយាយ​ថា៖ «ពេល​យើង​នាំគ្នា​សើច​រីករាយ​នឹង​អាហារ​ដែល​យើ​ង​បាន​ញ៉ាំ យើង​ភ្លេច​អស់ហើយ​មិនដឹង​ថា​គិត​អីទេ»។

មុន​នឹង​ទទួលទាន អតិថិជន​ថត​សែលហ្វី​សស្លឹក​កញ្ឆា​បំពង ទុកជាអនុស្សាវរីយ៍។ រូបថត AFP

លោក​និយាយ​ទៀត​ថា៖ «ស្លឹក​កញ្ឆា​ចម្អិន​ក្នុង​ម្ហូបនេះ​វា​មានជាតិ​ល្វីង​តិចៗ តែ​រសជាតិអាហារ​ឆ្ងាញ់អស់ទាស់»។

អតិថិជន​ម្នាក់ទៀត អ្នកនាង Arsala Chaocharoen បាននិយាយ​ថា នាង​​បាន​ញ៉ាំអាហារ​ថៃ​ដូច​ចាស់បុរាណ​ធ្លាប់​ទទួលទាន​​ពីសម័យ​មុន​ដែរ។

មុន​ពេល​ដួស​សាលាដហឹរ​ «រីករាយ» ដាក់ចូល​មាត់ ឱសថការី​វ័យ ៣២​ ឆ្នាំ​រូបនេះ​បាន​និយាយ​ថា៖ «ចាន​គុយទាវស៊ុប​​របស់​ខ្ញុំ​​មាន​ដាក់​ស្លឹក​កញ្ឆា ហើយ​តាមពិតទៅ​នេះ​ជា​វិធី​ចម្អិន​ស៊ុប​​តាមបែប​ប្រពៃណីថៃ​តាំងពី​បរមបុរាណ​មក​ម្ល៉េះ»៕ AFP

ស្ថិត​នៅក្នុង​ផ្ទះបាយ ចុងភៅ​មមាញឹក​ក្នុង​ការ​ចម្អិន​ម្ហូប​ផ្សំ​គ្រឿង​ពី​កញ្ឆា។ រូបថត AFP

ស្លឹកកញ្ឆា​ត្រូវ​បាន​កិន​ធ្វើ​ជា​គ្រឿង​ផ្សំ​អាហារ​នានា។ រូបថត AFP

ស្លឹកកញ្ឆា​ប្រលាក់ម្សៅបំពងស្រួយខ្ញោក បម្រើជាមួយ​ទឹកជ្រលក់​ហឹរ​បែបថៃ។ រូបថត AFP