ភ្នំពេញ៖ ផ្ដើមពីការលក់ស្វាយជ្រក់តាមអនឡាញ Good Taste/ឆ្ងាញ់ ផ្ទះបាយពុយពុយ បានសម្រេចចិត្តបើកភោជនីយដ្ឋានមួយបន្ទាប់ពីមានសំណូមពរពីអតិថិជនជាច្រើន ដែលនិយមរសជាតិផ្ទះបាយអ្នកស្រី សេរី ហាន់នីកា។
មុនពេលដាក់លក់តាមអនឡាញ ស្វាយជ្រក់គ្រាន់តែជារូបមន្ដអាហារចង្ក្រានបាយផ្ទាល់ខ្លួន ដែលសមាជិកគ្រួសារទទួលទានរួមគ្នា រួចបន្ដទៅកាន់មិត្ដភក្ដិរហូតដល់អ្នកប្រើប្រាស់លើបណ្ដាញសង្គម។
ម្ចាស់ភោជនីយដ្ឋាន អ្នកស្រី សេរី ហាន់នីកា បានឱ្យដឹងថា៖ «ដោយសារគ្រួសារខ្ញុំ និងមិត្ដភក្ដិចូលចិត្តញ៉ាំមុខម្ហូប ដែលយើងដាក់បម្រើនៅក្នុងហាងបច្ចុប្បន្ន នៅពេលដែលញ៉ាំឆ្ងាញ់ ពួកគាត់ក៏ផ្ដល់យោបល់ឱ្យយើងបើកហាងលក់សាកល្បង»។
អ្នកស្រីបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «អាជីវកម្មនេះមានប្រជាប្រិយភាពផ្ដើមចេញពីស្វាយជ្រក់ ហើយក្រោយមក ខ្ញុំបន្ដអាប់ដេតមុខម្ហូបបន្តបន្ទាប់ មានទាំងបុកល្ហុង តាំប៉ា ដែលពេលនោះភ្ញៀវចាប់ផ្ដើមសួររកទីតាំង ដើម្បីមកញ៉ាំផ្ទាល់»។
ផ្ទះបាយពុយពុយ បាន និងកំពុងដំណើរការរយៈពេល ២ ឆ្នាំមកហើយ រួមទាំងការលក់លើអនឡាញរយៈពេល ១ ឆ្នាំផងដែរ។
អ្នកស្រី ហាន់នីកា បាននិយាយថា មុខម្ហូបនៅក្នុងតារាងរាយនាមរបស់ភោជនីយដ្ឋាន ផ្ទះបាយពុយពុយ ភាគច្រើនជារូបមន្ដមកពីថៃ អឺរ៉ុប និងការច្នៃប្រឌិតរបស់ម្ចាស់ភោជនីយដ្ឋានរូបនេះផ្ទាល់។
មុខម្ហូបដែលទទួលបានការពេញនិយម និងណែនាំពីម្ចាស់ភោជនីយដ្ឋាន ដែលជាពិធីការិនីផ្នែកកីឡារូបនេះ បានប្រាប់ឱ្យដឹងថា មុកៈថៈ តាំប៉ាចម្រុះ ក្ដាមពងជ្រក់ អយស្ទ័រ និងបំពងសរសៃជង្គង់មាន់ មានប្រជាប្រិយភាពសម្រាប់អតិថិជន។
មុកៈថៈ និងតាំប៉ាចម្រុះជាមុខម្ហូបថៃដែលមានតម្លៃ ១២ ដុល្លារ។ តាំប៉ា មានតម្លៃចាប់ពី ១២ ដុល្លារ ដោយអាស្រ័យលើអតិថិជនចង់ថែមអ្វីខ្លះ។ តាំប៉ា ស្រដៀងបុកល្ហុង ខុសតែបន្លែច្រើនជាង ដែលរួមមាន ត្រប់ស្រួយ ស្អំ ចេកខ្ចី បុកជាមួយក្ដាម គ្រឿងសមុទ្រ ខ្យង និងត្រីសាលម៉ុន។
ចំណែកឯមុកៈថៈ មានតម្លៃ ១២ ដុល្លារ គឺជាប្រភេទសាច់អាំងដែលមានសាច់ជ្រូកបីជាន់ សាច់គោ ប្រហិតសាច់គោ គ្រឿងសមុទ្រ និងបន្លែជាច្រើនមុខទៀត ជាមួយនឹងទឹកជ្រលក់ដ៏ឆ្ងាញ់ពិសា។
ខណៈអាហារទាំង ២ ជារូបមន្ដមកពីថៃ មុខម្ហូបទូទៅដទៃទៀតមានតម្លៃចាប់ពី ៣ ដុល្លារឡើង ព្រមទាំងស្រាទំពាំងបាយជូរ និងស្រាបៀរជាច្រើនថែមទៀត។
អ្នកស្រី ហាន់នីកា អាយុ ៣៨ ឆ្នាំ បានអះអាងថា៖ «យើងយកផលិតផលផ្គត់ផ្គង់ពីកន្លែងម៉ូយរបស់យើងដែលអាចទុកចិត្តបាន។ យើងដឹងថា វាជារបស់ល្អ មានសុវត្ថិភាព និងស្គាល់ពីប្រភពវាច្បាស់លាស់»។
ពិធីការិនីមានថ្វីមាត់នៅក្នុងកម្មវិធីកីឡាលើកញ្ចក់ទូរទស្សន៍ CTN រូបនេះ បានប្រាប់ថា អ្នកស្រីយកចិត្តទុកដាក់លើគុណភាព និងរសជាតិនៃម្ហូបនីមួយៗសម្រាប់បម្រើជូនភ្ញៀវក៏ដូចជាសេវាកម្ម។
អំឡុងពេលកូវីដ និងអាកាសធាតុប្រែប្រួលនេះ អ្នកស្រីទទួលស្គាល់ថា មួយរយៈនេះ ភោជនីយដ្ឋានធ្លាក់ភ្ញៀវមកទទួលទានផ្ទាល់ខ្លះ តែមួយចំនួននៅបន្ដកុម្ម៉ង់ទិញយកទៅផ្ទះ និងដឹកជញ្ជូនដល់ផ្ទះ។
សម្រាប់អ្នករៀបចំកម្មវិធីផ្សេងៗ ភោជនីយដ្ឋាន ផ្ទះបាយពុយពុយ ធ្វើការបញ្ចុះតម្លៃ ១០ ភាគរយ ចំពោះការកក់ទុកមុន។
អ្នកស្រីបន្ដថា៖ «ជាមួយគ្នានោះ ខ្ញុំចង់ពង្រីកបន្ថែមហាងបន្តិចទៀត ដើម្បីទទួលភ្ញៀវដែលគាត់ចង់រៀបចំកម្មវិធីឱ្យមានភាពស្រួលជាងនេះ ហើយក៏ចង់រៀបចំតាក់តែងឱ្យកាន់តែទាក់ទាញផងដែរ»។
ភោជនីយដ្ឋាន ផ្ទះបាយពុយពុយ បើកដំណើរការរៀងរាល់ថ្ងៃ លើកលែងតែបុណ្យធំៗ ដោយចាប់បើកពីម៉ោង ១១ ព្រឹកសម្រាប់ការដឹកជញ្ជូន ក៏ដូចជាបើកទ្វារចាប់ពីម៉ោង ៤ ល្ងាច ដល់ ១២ អ្រធាត្រ។
Good Taste/ឆ្ងាញ់ ផ្ទះបាយពុយពុយ មានទីតាំងនៅផ្ទះលេខ ២៧៩ ផ្លូវ Polaris គម្រោងទី ៧ នៅក្នុងបុរីប៉េងហួត បឹងស្នោ។ សម្រាប់ព័ត៌មានបន្ថែម សុំចូលទៅកាន់ទំព័រហ្វេសប៊ុក @chhnganh៕
វីដេអូ៖