ភ្នំពេញ៖ ​​ក្លិន​សណ្តែក​ដី​លីង​ភាយ​ចេញ​ពី​ចាន​អាហារ​ជា​ម្សៅ​ខ្ចប់​​សាច់​ និង​បន្លែ​សាលាដ​ រួច​​ស្រោច​ទឹក​ជ្រលក់​ពី​លើ​​ ដែល​មើល​ទៅ​គួរ​ឲ្យ​ចង់​ទទួល​ទាន​ក្នុង​បរិយាកាស​តន្ត្រី​កំដរ​អារម្មណ៍ និង​កន្លែង​អង្គុយ​មាន​​ផាសុកភាព​។​


ឡា ម៉ាដាម ជា​​​ភោជនីយដ្ឋាន​ហ្វីលីពីន​ បាន​ដំណើរការ​តាំង​ពី​ឆ្នាំ ២០១៦​ ហើយ​ទទួល​បាន​ការ​ពេញ​និយម​​ពី​​ភ្ញៀវ​​បរទេស ជាមួយ​ទីតាំង​​អំណោយផល​ ស្ថិត​លើ​​ដង​ផ្លូវ​​លេខ ៤៤០ កែង​ផ្លូវ​​ ១៣៥ ម្តុំ​ទួល​ទំពូង​។


ក្នុង​បញ្ជីរាយ​មុខ​ម្ហូប​បែប​ឌីជីថល​មាន​រាយ​នាម​​អាហារ​ ៣០​ មុខ ​រួម​ជាមួយ​បង្អែម​ទឹកកក​ឈូស​ ដែល​លក់​ដាច់​បំផុត​ក្នុង​ហ្វីលីពីន​។


អ្នកនាង​​ Anne Chrisrine Waje ជា​ម្ចាស់ហាង​​ ឡា ម៉ាដាម បាន​ប្រាប់​ ​ភ្នំពេញ​ ប៉ុស្តិ៍ ​ថា​៖​ «​ដោយសារ​វប្បធម៌​នៃ​អាហារ​នៅ​ទី​នេះ ​(កម្ពុជា)​ គឺ​ស្រដៀង​នឹង​ម្ហូប​ហ្វីលីពីន​ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​នាំ​យក​ម្ហូប​ហ្វីលីពីន​មក​ប្រទេស ​កម្ពុជា​ ហើយ​ក៏​ដោយសារ​ចំណង់​ចំណូល​ចិត្ត​ចម្អិន​អាហារ​របស់​ខ្ញុំ​ផង​ដែរ​»។


ម្ហូប​ធ្វើពី​ម្សៅខ្ចប់សាច់ និង​បន្លែ រោយសណ្ដែកដី​ភាយក្លិនឈ្ងុយ​​​​​។ ហុង មិនា


ក្នុង​ចំណោម​អាហារ​ទាំង​ ៣០ មុខ​នេះ ចំពោះ​មុខ​ម្ហូប​ដែល​ល្បី​ប្រចាំ​ហាង​មាន​ដូច​ជា​ Fresh Lumpia (៥ ដុល្លារ) Crispy Kare-Kare (៧ ដុល្លារ​) Pork Sinigang (៦ ដុល្លារ) ព្រម​ទាំង​មាន​បង្អែម​ល្បី​លក់​ដាច់​ខ្លាំង​នៅ​ប្រទេស ​ហ្វីលីពីន ​ដូច​ជា​ Halo-Halo, Ieche Flan និង​ Halayang Ube​។

អ្នកនាង​ Anne ដែល​មក​រស់នៅ​កម្ពុជា​ជាង ៨ ឆ្នាំ និង​មាន​អាជីព​ជា​ គ្រូ​បង្រៀន​ភាសា​អង់គ្លេស​បាន​បន្ថែម​ទៀត​ថា​៖ «​នៅ​ភោជនីយដ្ឋាន​យើង​មាន​ភ្ញៀវ​បរទេស​ស្ទើរ​តែ ៨០ ភាគរយ​ទៅ​ហើយ​ និង​មាន​ប្រជាជន​ម្ចាស់​ស្រុក​​ត្រឹម​តែ ២០ ភាគរយ​​នោះ​ទេ​ ប៉ុន្តែ​អ្នក​ខ្លះ​ក៏​ថា​អាហារ​យើង​ស្រដៀង​ទៅ​នឹង​អាហារ​ខ្មែរ​ ចំណែក​អ្នក​ខ្លះ​ទៀត​គាត់​មិន​ចេះ​ញ៉ាំ​ទេ​»។

ជាមួយ​ចុង​ភៅ​​ Alvin និង​ ​Jc មក​ពី​ហ្វីលីពីន​ផ្ទាល់ ឡា ម៉ាដាម បាន​រក្សា​​រសជាតិ​ដើម​នៅ​ចាន​អាហារ ដែល​ទាក់ទាញ​ភ្ញៀវ​ហ្វីលីពីន ខ្មែរ ចិន ថៃ និង​បស្ចិម​ប្រទេស។​

ម្ហូបហ្វីលីពីន​ខ្លះ​ស្រដៀង​អាហារ​ខ្មែរ តែ​រសជាតិ​ខុសគ្នា​ស្រឡះ​​​​​​។ហុង មិនា

ដោយសារ​ឈ្មោះ​​ ឡា​ ម៉ាដាម​ ​​មិន​ទាន់​ពេញ​អត្ថន័យ​នៃ​អាហារ​ហ្វីលីពីន​ ម្ចាស់​ហាង​អាហារ​ហ្វីលីពីន​រូប​នេះ​ ក៏​បាន​បញ្ជាក់​ដែរ​ថា៖ ​«​ការ​ផ្លាស់ប្តូរ​ពី​ ឡា ម៉ាដាម​ មក​ជា​ W&B Bistro Manila ដោយសារ​តែ​យើង​ចង់​សង្កត់​ធ្ងន់​ភោជនីយដ្ឋាន​របស់​យើង​ឲ្យ​ទៅ​ជា​ភោជនីយដ្ឋាន​ហ្វីលីពីន​​នៅ​ភ្នំពេញ​ក្រោម​ពាក្យ​ថា​ ម៉ានីល ដោយសារ​ ម៉ានីល ជា​ឈ្មោះ​នៃ​ទីក្រុង​ ម៉ានីល​ គឺ​ជា​រដ្ឋធានី​របស់​ប្រទេស ​ហ្វីលីពីន​»។

ឡា ម៉ាដាម ឬ W&B Bistro Manila បើក​ទទួល​ភ្ញៀវ​ចាប់​ពី​ម៉ោង​ ១១ ព្រឹក ដល់​ម៉ោង​ ១០ យប់​។ ​​ទំនាក់ទំនង​​​ទូរស័ព្ទ​លេខ​ ០១១ ២៥៨ ១១១ និង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ La Madame៕

វីដេអូ៖