ភ្នំពេញ៖ ក្រោយ​ពី​ត្រូវ​បាន​ក្រឡុក​ចាក់​ចេញពី​ធុង បង្គា បង្កង លៀស​សមុទ្រ មឹក​ ក្ដាម ខ្យង ពោត សាច់ក្រ ហតដក បង្កប់​ខ្លួន​លាយឡំ​ក្នុង​សរសៃ​​ស៉្បេហ្គេធី​ និង​ទឹក​ជ្រលក់​ក្រហម​​​ឆ្អិន​ឆ្អៅ​​នៅ​លើ​តុ ធ្វើ​ឱ្យ​ភ្ញៀវ​អង្គុយ​ចាំ​អន្ទះសា​​ភ្លក្ស​ដោយ​​ពាក់​ស្រោមដៃ​​​ចាប់​កាន់​​ផ្ទាល់​តែ​ម្ដង។


គ្រឿង​សមុទ្រ​ក្រឡុក​បាន​ទាក់ទាញ​អតិថិជន​មក​កាន់​ សមុទ្រអនុស្សា ​តាំង​ពី​ហាង​នេះ​​មិន​ទាំង​ទាន់​បើក​ជា​ផ្លូវការ​ មក​ម្ល៉េះ ដោយ​គ្រាន់​តែ​ឃើញ​រូបភាព​ក្នុង​ហ្វេសប៊ុក​ក៏​ល្មម​គ្រប់គ្រាន់​ទាក់​ចិត្ត​​ភ្ញៀវ​​។

បើក​ដំណើរការ​​នៅ​ថ្ងៃ​ទី ៧​ ខែ ​តុលា​ ឆ្នាំ ​២០២០ ​សមុទ្រ​អនុស្សា បាន​ធ្វើ​ឱ្យ​ភ្ញៀវ​នឹក​ដល់​​គ្រឿង​សមុទ្រ​ស្រស់ៗ ជា​ម្ហូប​​​ពិសេស​សម្រាប់​ហាង​នោះ​ផ្ទាល់​តែ​ម្ដង។​


អំពី​អត្ថន័យ​ឈ្មោះ​ហាង​នេះ​ ​លោក ​សុត រដ្ឋា​ បាន​ថ្លែង​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖ ​«សមុទ្រ​គឺ​ព្រោះ​តែ​ហាង​យើង​ផ្ដោត​​ទៅ​លើ​គ្រឿង​សមុទ្រ​ច្រើន»។​


លោក​បាន​បក​ស្រាយ​ទៀត​ថា៖ «ចំណែក​ពាក្យ​ អនុស្សា ​គឺ​មក​ពី​ពាក្យ​អនុស្សាវរីយ៍​ដែល​អាច​បង្ហាញ​ពី​អារម្មណ៍​ថា​អតិថិជន​ ដែល​មក​គាត់​ចាប់​ចិត្ត​ហើយ​នឹក​អាឡោះអាល័យ​កន្លែង​ចាស់​ និង​តែងតែ​មក​ម្ដង​ហើយ​ម្ដង​ទៀត​»។


ទោះជា​មុខ​ម្ហូប​នៅ​ហាង​ជា​ប្រភេទ​គ្រឿង​សមុទ្រ និង​​​មើល​ទៅ​ទំនង​ជា​មាន​តម្លៃ​ខ្ពស់ តែ​លោក ​រដ្ឋា​ បាន​បញ្ជាក់​ប្រាប់​ថា​ តាម​ពិត​ទៅ​តម្លៃ​ត្រឹម​ចន្លោះ​ពី​ ១០ ០០០ ​រៀល​ទៅ​ ២០ ០០០ ​រៀល​ប៉ុណ្ណោះ។

លើកលែង​តែ​គ្រឿង​សមុទ្រ​ក្រឡុក​ ដែល​ក្នុង ​១ ឈុត​វា​គឺ ​៤០ ០០០ រៀល​ និង​អាច​ទទួល​ទាន​បាន ​២​ ទៅ​ ៣ ​នាក់​ និង​មាន​ឈុត ​៦០ ០០០ ​រៀល​ សម្រាប់ ​៤​ ទៅ​ ៥ ​នាក់​។

គ្រឿង​សមុទ្រ​ចម្រុះ​ក​្រឡុកជាមួយ​ េស្ប៉ហ្គេធី ពោត និង​ហតដក​​។ ហុង មិនា

អតិថិជន​ដែល​មក​គ្នា​ច្រើន ​អាច​​កុម៉្មង់ថែម​​​ស៉្បែហ្គេធី​ ១ ​ដុល្លារ ថែម​ហតដក​ ១ ដុល្លារ​​ ថែម​គ្រឿង​សមុទ្រ​ ២ ដុល្លារ និង​ថែម​ពោត​ ១ ដុល្លារ។

ក្រៅ​ពី​គ្រឿង​សមុទ្រ​ក្រឡុក​ មុខម្ហូប​ដែល​ទាក់​ចិត្ត​ភ្ញៀវ​ផ្សេង​ទៀត​មាន​ដូចជា​ បង្គា​ខ្ទឹមស​ នំ​បញ្ចុក ងាវ​ និង​គ្រឿង​សមុទ្រ​អាំង​ឈ្ងុយ​ឆ្ងាញ់។

ម្ចាស់​ហាង​វ័យ​ ២៧ ​ឆ្នាំ​រូប​នេះ​​បាន​ឱ្យ​ដឹង​ថា ​ហាង​របស់​លោក​ក៏​មាន​ការ​លក់​បាយ​ថ្ងៃ​ត្រង់​ផង​ដែរ។

លោក​បាន​រៀបរាប់​ទៀត​ថា​៖ «បច្ចុប្បន្ន​យើង​មាន​ភ្ញៀវ​មក​ស្រស់ស្រូប​អាហារ​ពេល​ថ្ងៃ​យ៉ាង​ច្រើន»​។

សម្រាប់​ម្ហូប​ពេល​ថ្ងៃ ​គឺ​តម្លៃ​ ៩ ០០០ រៀល ​ទាំង​អស់​ ដោយ​លោក ​រដ្ឋា​ ក៏​បាន​បន្ថែម​ថា​៖ «បាយ ​និង​ម្ហូប​ដែល​យើង​បម្រើ​នៅ​ទីនេះ​គឺ​ច្រើនៗ​ណាស់ ​ព្រោះ​​យើង​ចង់​ឱ្យ​ពួក​គាត់​បាន​ហូប​ឆ្អែត​។ ប្រសិន​បើ​ពួក​គាត់​មក​ ៤​ ទៅ ​៥ ​នាក់​ អាច​កុម៉្មង់​ម្ហូប​តែ ​៣ ​មុខ​ក៏​ញ៉ាំ​បរិបូរណ៍​​ដែរ​។ យើង​មិន​ចង់​លក់​នៅ​ក្នុង​តម្លៃ​ថោក​ហើយ​ឱ្យ​ពួក​គាត់​ញ៉ាំ​ស្ទើរៗ​ទេ»។

គ្រឿង​សមុទ្រ​នៅ​ហាង​ សមុទ្រ​អនុស្សា ​​ត្រូវ​បាន​យក​​​ពី​ម៉ូយ​ចម្រុះ​តាម​បណ្ដា​ខេត្ត​​នានា​ដូចជា​ ទឹកដី កំពត​ កំពង់សោម​ និង​ខេត្ត​កោះកុង ជាដើម​។

ភាព​ស្រស់ៗ​នៃ​គ្រឿង​សមុទ្រ ​នេះ​ហើយ​ដែល​ត្រូវ​​បាន​អតិថិជន​​ផ្ដល់​​យោបល់​សរសើរ​តាម​បណ្ដាញ​សង្គម​​ថា ​ឆ្ងាញ់​ហើយ​ចង់​វិល​ត្រឡប់​មក​ញ៉ាំ​ម្ដង​ហើយ​ម្ដង​ទៀត​។

គ្រឿង​សមុទ្រ​អាំង​ស្រស់ៗ និង​បង្គាបំពង​ខ្ទឹមស នៅ​ហាង​សមុទ្រ​អនុស្សា។ហុង មិនា

យ៉ាងណា​មិញ ម្ចាស់​ហាង​រូប​នេះ​ ក៏​បាន​និយាយ​អំពី​បទពិសោធ​​របស់​លោក​ផ្ទាល់​ក្នុង​ការ​ប្តូរ​ពី​អ្នក​ធ្វើ​ការ​មក​ចាប់​អាជីព​រកស៊ី​នេះ​ថា​៖ «ចំពោះ​ហាង​នេះ ​និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​នៅ​ខ្ចី​បទពិសោធ​ច្រើន​ណាស់​។ ខ្ញុំ​មិន​ទាន់​ពេញ​ចិត្ត​នឹង​ការ​រៀបចំ​ហាង​រួមទាំង​សេវាកម្ម​នៅ​ឡើយ​ទេ»។

យ៉ាងណា​មិញ លោក​ សុត រដ្ឋា ​បាន​អះអាង​ថា៖ «តែ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឱ្យ​វា​រីកចម្រើន​បន្ថែម​ទៀត​ ក៏​ដូចជា​ទទួល​ស្វាគមន៍​ពី​មតិ​ស្ថាបនា​របស់​អតិថិជន​គ្រប់​រូប​ផង​ដែរ​។

លោក​រំឭក​ប្រាប់​ឧទាហរណ៍​​ដែល​លោក​បាន​ទទួល​មតិ​រិះគន់​បែប​ស្ថាបនា​ពី​អតិថិជន​យ៉ាង​ដូច្នេះ​ថា៖ «ដូចជា​ថ្មីៗ​នេះ​ គ្រឿង​សមុទ្រ​ក្រឡុក​ ពី​ដើម​យើង​ធ្វើ​មាន​ងាវ​តែ​ដោយ​មាន​មតិយោបល់​ពី​អតិថិជន​ប្រាប់​ថា ​វា​ពិបាក​ញ៉ាំ​យើង​ក៏​សម្រេច​ចិត្ត​ដក​វា​ចេញ​»។

ហាង​សមុទ្រ​អនុស្សា មាន​ទីតាំង​ស្ថិត​នៅ​ជិត ​មន្ទីរពេទ្យ​កុមារជាតិ។ សម្រាប់​អាហារ​ពេល​ថ្ងៃ​ ហាង​​​ចាប់​បើក​ពី​ ១០ កន្លះ​ព្រឹក​​ ទៅ ​១ កន្លះ​រសៀល​ និង​ពេល​ល្ងាច​ចាប់​ពី​ម៉ោង ​៤​ រសៀល ​រហូតដល់​ម៉ោង ៩ ​យប់​​។

ព័ត៌មាន​បន្ថែម​ ឬ​ការ​កុម៉្មង់​អាច​ទំនាក់ទំនង​ទំព័រ​ហ្វេសប៊ុក​ហាង សមុទ្រ​អនុស្សា ​ឬ​ទាក់ទង​តាម​​ទូរស័ព្ទ​​លេខ​ ០១៦​​ ៦៦២​ ១២៩៕

វីដេអូ៖