ភ្នំពេញ៖ ​ស្ថិត​នៅ​ទីតាំង​មិន​សូវ​អ៊ូអរ​រំខាន​សោតា ហាង​ Hawaii Noodle​ ផ្ដោត​លើ​រសជាតិ​​អាហារ​បែប​ហុងកុង និង​​ម៉ាឡេស៊ី ​ដ៏​ឆ្ងាញ់ និង​សម្បូរ​បែប​​ ដែល​គ្រប់គ្រាន់​ក្នុង​ការ​ទាក់​ចិត្ត​ភ្ញៀវ​ឱ្យ​ត្រឡប់​មក​ម្ដង​ហើយ​ម្ដង​ទៀត។


អ្នកស្រី​ ដួង ដានី ​ជា​ម្ចាស់​ហាង​​ជនជាតិ​ខ្មែរ​ដែល​មាន​ស្វាមី​ជា​ជនជាតិ​ម៉ាឡេស៊ី បាន​ប្រាប់​ពី​ការ​បើក​ហាង​ថា​៖ «ខ្ញុំ​ដំបូង​​ឡើយ​ត្រឹមតែ​ជា​ស្រ្តី​មេផ្ទះ​មួយ​រូប​ប៉ុណ្ណោះ​ តែ​ដោយសារ​តែ​ចូលចិត្ត​ធ្វើ​ម្ហូប ​និង​ក្រោយ​ពី​ទទួល​បាន​ការ​សរសើរ​​ពី​មិត្តភក្ដិ​​ថា​ ធ្វើ​ម្ហូប​ឆ្ងាញ់​ផង​ ទើប​ខ្ញុំ​ក៏​សម្រេច​ចិត្ត​បើក​សាកល្បង​ហើយ​ក៏​ជោគជ័យ​»។


តែ​ម្ចាស់​ហាង​រូប​ស្រស់​នេះ​ក៏​បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​ជា​អ្នក​ចេញ​​តែ​មុខ​ម្ហូប​ខ្មែរ​ប៉ុណ្ណោះ​ សម្រាប់​មុខ​ម្ហូប​ម៉ាឡេ ​និង​ហុងកុង​ស្វាមី​ខ្ញុំ​ជា​អ្នក​ចេញ​ព្រោះ​គាត់​ធ្លាប់​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​នៅ​ភោជនីយដ្ឋាន​នៅ​​ហុងកុង»​។


ហាង ​ Hawaii Noodle មាន​លក្ខណ​ពិសេស​ត្រង់​ហាង​​មាន​ដាក់​បម្រើ​ម្ហូប​ ៧ ​មុខ​សំខាន់ៗ​ តែ ​១ ថ្ងៃ​ គឺ​មាន​មុខ​ម្ហូប​ ​តែ ​១ មុខ​ប៉ុណ្ណោះ​។


ឧទាហរណ៍​ថ្ងៃ​ចន្ទ ​មាន​មុខ​ម្ហូប​​មី​បង្គា​ហុកគៀន​។ អតិថិជន​ដែល​ចង់​ញ៉ាំ​ម្ហូប​នេះ​ ពួក​គាត់​អាច​មក​ញ៉ាំ​នៅ​ថ្ងៃ​ចន្ទ។


សម្រាប់​មុខ​ម្ហូប​ពិសេស ​៦ ​មុខ​​ទៀត​ អតិថិជន​បើ​ចង់​ញ៉ាំ​គឺ​គាត់​អាច​មក​តាម​កាល​វិភាគ​ក្នុង​ម៉ឺនុយ​មុខ​ម្ហូប​បាន​។

មុខ​ម្ហូប​នេះ​វា​ពិសេស​ព្រោះ​វា​ជា​ម្ហូប​ដើម​របស់​ម៉ាឡេស៊ី​​តែ​ម្ដង​ ហើយ​វា​ប្រៀប​ដូច​ជា​ម្ហូប​តំណាង​ប្រទេស​ដែល​អ្នកស្រី​ ដានី ​បាន​រៀបរាប់​​​ថា​៖ «ដូចជា​​ជនជាតិ​ខ្មែរ​យើង​ពេល​គាត់​នៅ​បរទេស​ហើយ​គាត់​បាន​ញ៉ាំ​​សម្លការី ​នំ​បញ្ជុក​ខ្មែរ ឬ​កកូរ​ ពួក​គាត់​សប្បាយ​ចិត្ត​ណាស់​ ហើយ​ម្ហូប​នេះ​ក៏​ដូចជា​ម្ហូប​ពិសេស​ដែល​ជនជាតិ​ម៉ាឡេស៊ី​ញ៉ាំ​ហើយ​រីករាយ​ និង​ធ្វើ​ឱ្យ​នឹក​ដល់​ប្រទេស​កំណើត​របស់​គាត់​ផង​ដែរ​»។

តែ​មុខ​ម្ហូប​​ក្រៅ​ពី​ ៧ ​មុខ​សំខាន់ ​ហាង​ក៏​មាន​មុខ​ម្ហូប​ជាប់​នៅ​ក្នុង​ម៉ឺនុយ​ជាប់​រហូត​ផង​ដែរ​ ដោយ​តម្លៃ​ចាប់ពី ៣ ដុល្លារ​ឡើង​។

បច្ចុប្បន្ន​ហាង​ក៏​មាន​រៀបចំ​ជា​​បាយ​ប្រអប់​ថ្ងៃ​ត្រង់​ ដែល​មាន​​ម្ហូប ៣ មុខ​ឱ្យ​ជ្រើសរើស​ថែម​ជូន​ទឹកស៊ុប​មួយ និង​ឥតគិត​ថ្លៃ​សម្រាប់​ការ​ដឹក​ជញ្ជូន​​ក្នុង​បរិវេណ​ម្ដុំ​​បឹងកេងកង​ បើ​ទោះ​ជា​កុម្ម៉ង់​ត្រឹម​តែ ១ ​ប្រអប់​ក៏​ដោយ​។

ហាង​បម្រើអាហារ​តាមកាលវិភាគ​ប្រចាំថ្ងៃ​ ក្នុង ១ ស​ប្ដាហ៍ ជាមួយតម្លៃ​ចាប់ពី ៣​ ដុល្លារឡើង​។ ហុង មិនា

ក្នុង​តម្លៃ​ចន្លោះ​ពី ៣ ទៅ ៤ ដុល្លារ​ ​មុខ​ម្ហូប​ទាំង ​៧​ ប្រចាំ​ថ្ងៃ​ក្នុង ១ សប្ដាហ៍​មាន៖​ មី​បង្គា​ហុកគៀន​ នៅ​ថ្ងៃ​ចន្ទ,​ ការី​ភ្លៅ​មាន់ មី ​ឬ​បាយ​ នៅ​ថ្ងៃ​អង្គារ, ​ឡមី នៅ​ថ្ងៃ​ពុធ,​ ឡាំមី​ បង្គា នៅ​ថ្ងៃ​ព្រហស្បតិ៍​ មីការី ស នៅ​ថ្ងៃ​សុក្រ,​ ឆាគុយទាវ​ និង​មីឆា​រសជាតិ​ឥណ្ឌា​នៅ​ថ្ងៃ​សៅរ៍​ និង​បាយឆា​ខ្ទិះ​ដូង​ម៉ាឡេស៊ី​​ និង​ បាយ​ខ្ទិះ​ដូង​ភ្លៅ​មាន់​បំពង​ នៅ​ថ្ងៃ​អាទិត្យ​។​

មីបង្គា​ហុកគៀន​ មាន​តម្លៃ​ ៣,៨០ ដុល្លារ និង​មាន​​ទឹក​ស៊ុប​រម្ងាស់​​ពី​បង្គា។ គ្រឿង​ផ្សំ​ ​​ពិសេស​​ជាមួយ​​ម្ទេស​ ដែល​មាន​ក្លិន​ និង​​រសជាតិ​ប្លែក​ពី​មី​ចម្អិនពី​សាច់​មាន់​ ឬ​ជ្រូក​។

បើក​ដំណើរការ​​កាល​ពី​ឆ្នាំ​ ២០១៣​ ​ហាង​ទទួល​បាន​អតិថិជន​ប្រចាំ​ជា​ច្រើន​។

សម្រាប់​អតិថិជន​ខ្មែរ​ដែល​មក​​ម្ដង​ហើយ​ម្ដង​ទៀត ពួក​គាត់​​​ថែម​ទាំង​ប្រាប់​អ្នកស្រី​ ដានី ​ថា​ តាម​ធម្មតា​ពួក​គាត់​មិន​ដែល​ចូលចិត្ត​ម្ហូប​បរទេស​ទេ​ ព្រោះ​ភាគ​ច្រើន​​ពួក​គាត់​យល់​ថា​ ម្ហូប​បរទេស​តែងតែ​សាប​គ្មាន​រសជាតិ​។

តែ​ពួក​​គាត់​​បែរ​ជា​ប្ដូរ​ទស្សនៈ ក្រោយ​ពី​ភ្លក្ស​ម្ហូប​ Hawaii Noodle ហើយ​ថា ​ហាង​នេះ​ម្ហូប​​ឆ្ងាញ់​ប្លែក​​។

ទីតាំង​លើដង​វិថី​មិនសូវ​អ៊ូអរ ប៉ុន្តែ​រសជាតិ​អាហារ​នៅ Hawaii Noodle គឺ​ជា​អ្វី​ដែលទាក់ចិត្តភ្ញៀវ​ឱ្យមក​ម្ដងហើយ​ម្ដង​ទៀត​។ ហុង មិនា

យ៉ាង​ណា​មិញ ​អ្នកស្រី ដានី​ នៅ​តែ​ប្រាថ្នា​ឱ្យ​ភ្ញៀវ​ស្គាល់​ហាង​កាន់តែ​ច្រើន ដោយ​លើក​ឡើង​ថា​៖ «ខ្ញុំ​ចង់​ផ្សព្វផ្សាយ​​ឱ្យ​ទូលំទូលាយ​ជាង​ហ្នឹង​ ព្រោះ​កន្លង​មក​គឺ​ភាគ​ច្រើន​តែ​អ្នក​ដែល​​ស្គាល់​ ដូច​ដែល​បាន​ឃើញ​​អ៊ីចឹង​បើ​ជិះ​កាត់​គឺ​មិន​ចាប់​អារម្មណ៍​ផង ​ដោយសារ​កន្លែង​រាង​តូច»​។

អ្នកស្រី​បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​បាន​តែ​សង្ឃឹម​ថា ​អាច​ធ្វើ​ឱ្យ​អតិថិជន​​គាត់​កាន់​តែ​បាន​ស្គាល់​រសជាតិ​នៃ​អាហារ​យើង​កាន់​តែ​ច្រើន​»។

Hawaii Noodle ក៏​មាន​ការ​ដឹក​ជញ្ជូន​តាម​​ Food Panda​ និង​​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ​ ០៨៨ ៧៨៨ ៨២០២ ដោយ​ពេលវេលា​កុម្ម៉ង់​ពី​ម៉ោង ១១​ ដល់​ម៉ោង​ ១ ​ថ្ងៃ​។ ហាង​ចាប់​បើក​ពីម៉ោង​ ៨ ​ព្រឹក​ដល់​ម៉ោង​ ៥​ ល្ងាច​ និង​មាន​ទីតាំង​នៅ​ផ្ទះលេខ ​២២៨​ ផ្លូវ​ ៣៧០​ នៅ​សង្កាត់​បឹង​កេងកង១៕

វីដេអូ៖