ភ្នំពេញ៖ ត្រឹមតែរយៈពេល ១០ ខែ ភោជនីយដ្ឋាន Uncle Fu បានធ្វើឱ្យភ្ញៀវចម្រុះជាតិសាសន៍ជាប់ចិត្តនឹងរសជាតិម្ហូបម៉ាឡេស៊ី និងសិង្ហបុរី។
បើកដំណើរការពីចុងឆ្នាំ ២០១៩ ភោជនីយដ្ឋានដាក់ឈ្មោះតាមចុងភៅជនជាតិម៉ាឡេស៊ី ដែលមានបទពិសោធចម្អិនជាច្រើនឆ្នាំនៅបណ្ដាប្រទេសដូចជា ម៉ាឡេស៊ី សិង្ហបុរី អង់គ្លេស ហូឡង់ និងហ្វីលីពីន។
មេចុងភៅរូបនេះបានទាក់ទងប្ដីប្រពន្ធលោក វិកទ័រ និងអ្នកស្រី គ្រីស្ទីណា ដែលធ្លាប់រស់នៅប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៥ ជាមួយសំណើវិនិយោគបើកភោជនីយដ្ឋាន។
អ្នកស្រី គ្រីស្ទីណា ដែលធ្លាប់បម្រើការជានារីអាកាសចរបានប្រាប់ថា៖ «ប្ដីខ្ញុំក៏ជាអ្នកបើកយន្តហោះ ពួកយើងមិនមានអ្នកណាម្នាក់ធ្លាប់មានបទពិសោធបើកហាងពីមុនមកទេ។ ពេលដែលចុងភៅទាក់ទងមកយើង ក្រោយពីពិភាក្សាគ្នា យើងសម្រេចចិត្តបើកហាងតែម្ដង»។
បច្ចុប្បន្នហាង Uncle Fu មានចុងភៅ ២ រូប គឺទី១ គឺចុងភៅម៉ាឡេស៊ី និង ១ ទៀត គឺជាចុងភៅខ្មែរ ដែលទទួលបានការបង្ហាត់បង្រៀនពីចុងភៅម៉ាឡេស៊ីផ្ទាល់តាំងពីមិនទាន់បានបើកហាងនេះ។
អ្នកស្រី គ្រីស្ទីណា បាននិយាយកោតសរសើរពីចុងភៅខ្មែររូបនេះថា៖ «គាត់គឺពូកែធ្វើម្ហូបខ្លាំងមែនទែន អាចនិយាយបានថា ធ្វើឆ្ងាញ់ដូចរសជាតិម៉ាឡេបេះបិទ ឬក៏ពូកែជាងជនជាតិម៉ាឡេមួយចំនួនក៏ថាបាន។ ខ្ញុំកោតសរសើរគាត់ទាំងស្នាដៃធ្វើម្ហូប ចរិត និងការតាំងចិត្តធ្វើការរបស់គាត់»។
ហាងត្រូវបានរៀបចំឡើងបែបលក្ខណៈជាផ្ទះ និងមានបរិយាកាសកក់ក្ដៅដោយអ្នកស្រី គ្រីស្ទីណា ជាអ្នករៀបចំខ្លូនឯងទាំងអស់ រាប់តាំងពីអំពូលភ្លើងម៉ូដផ្ការំដួលតំណាងជាតិខ្មែរ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវបរទេស។
អ្នកស្រីបានរៀបរាប់ទៀតថា៖ «ខ្ញុំចូលចិត្តប្រើរបស់ ដែលមានលក្ខណៈបែបនៅផ្ទះធម្មតា ធម្មជាតិ និងផលិតផលកែច្នៃ ដូចជាការវេចខ្ចប់ ជាជាងប្រើប្រអប់ប្លាស្ទិក ខ្ញុំប្រើជាប្រអប់ក្រដាស សូម្បីតែទុយោប្លាស្ទិកក៏ខ្ញុំមិនប្រើដែរ។ វាពិតជាមិនល្អ និងបង្កភាពកខ្វក់ដល់បរិស្ថានណាស់»។
យ៉ាងណាមិញ រសជាតិអាហារ គឺជាអ្វីដែលអន្ទងចិត្តរបស់អតិថិជនបំផុត ជាពិសេសភ្ញៀវជនបរទេសមកពីចិន ម៉ាឡេស៊ី សិង្ហបុរី អង់គ្លេស អាល្លឺម៉ង់ និងអាមេរិកខាងត្បូង។
មួយរយៈក្រោយនេះ វត្តមានភ្ញៀវក្នុងស្រុកក៏កាន់តែកើនឡើងតាមរយៈការណែនាំប្រាប់តៗគ្នាពីរសជាតិអាហារនៅ Uncle Fu។
មុខម្ហូបដែលមានការពេញនិយម និងមានការណែនាំពីម្ចាស់ហាងដែលនោះគឺ ការីក្បាលត្រី (Curry Fish Head) បង្គាបំពងពងទាប្រៃ (Salted Egg Golden Prawns), ត្រីខត្រប់ឆ្នាំងដី (Claypot Salted Fish with Eggplant) និងស៊ុបឆ្អឹងជំនីរជ្រូក (and Bak Kut Teh)។
ការីក្បាលត្រី មានតម្លៃគិតជាក្រាម ជាសម្លប្រចាំប្រទេសម៉ាឡេស៊ី ដែលមានរសជាតិប្លែកម៉្យាងពីការីខ្មែរ។
បង្គាបំពងពងទាប្រៃ (១៣ ដុល្លារ) ពងទាប្រៃបំពងដាក់ជាមួយប៊័រ និងបង្គា មានរសជាតិប្រៃបន្តិច តែសាច់បង្កាស្រួយស្រិបឆ្ងាញ់ជាប់មាត់។
ស៊ុបឆ្អឹងជំនីរជ្រូក (៥ ដុល្លារ) អាចញ៉ាំក្រោយគេ បន្ទាប់ពីអាហារគោកៗ ដើម្បីប៉ូវកម្លាំងថាមពល។
អាថ៌កំបាំងនៃម្ហូបឆ្ងាញ់ គឺស្ថិតលើគ្រឿងផ្សំ ហើយលោក វិចទ័រ បានអះអាងថា រាល់សាច់ទាំងអស់ទាំងត្រី និងគ្រឿងសមុទ្រសុទ្ធតែស្រស់ គ្មានការរក្សាទុកលើសពី ១ សប្ដាហ៍ទេ។
លោកបាននិយាយយ៉ាងច្បាស់ថា ដំណើរពីសមុទ្រមកដល់លើតុបម្រើភ្ញៀវយ៉ាងច្រើនត្រឹមតែ ៦ ម៉ោងប៉ុណ្ណោះ។
យ៉ាងណាមិញ ដោយសារកត្តាអាកាសធាតុ លោកទម្លាយបញ្ហាប្រឈមដោយឥតមានលាក់លៀមថា៖ «យើងធម្មតាពឹងផ្អែកទៅលើអ្នកនេសាទនៅកែប និងខេត្តព្រះសីហនុ ប៉ុន្តែពេលនោះគ្មានទូកចេញ យើងគ្មានជម្រើស តែយើងក៏បានប្រាប់ភ្ញៀវយើងដោយត្រង់ដូចគ្នាក្នុង ១ សប្ដាហ៍ពេញ យើងមិនមានសាច់ស្រស់ទេ»។
នៅហាង Uncle Fu ក៏មានបន្ទប់ទទួលទានលក្ខណៈឯកជនសម្រាប់ភ្ញៀវ ៦ នាក់ និងមានបន្ទប់ដាក់បានគ្នាច្រើននាក់ទៀតនៅជាន់ខាងលើ។
ដោយមានការគាំទ្រពីភ្ញៀវច្រើនកុះករ អ្នកស្រី គ្រីស្ទីណា មានបំណងចង់រៀបចំផ្ទះបាយឱ្យកាន់តែប្រសើរឡើងសម្រាប់ចុងភៅ។
ទន្ទឹមនឹងនោះ អ្នកស្រីក៏បង្ហើបដែរថា៖ «ពេលនេះខ្ញុំក៏មិនទាន់ដឹងថា ធ្វើយ៉ាងណាដែរ តែសង្ឃឹមអាចពង្រីកហាងបន្ថែម ដើម្បីឱ្យទូលាយជាងនេះសម្រាប់ភ្ញៀវចូលមកទទួលទាន»។
ភោជនីយដ្ឋាន Uncle Fu ស្ថិតនៅលើផ្លូវ ២៩៤ បឹងកេងកង ១ ចាប់បើកពីម៉ោង ១០ ព្រឹកទៅដល់ម៉ោង ២ ថ្ងៃ និង ពីម៉ោង ៥ ល្ងាចដល់ ១០ កន្លះយប់។ ទូរស័ព្ទលេខ ០១០ ៣១៩ ៣១១ សម្រាប់ការកុម្ម៉ង់ខ្ចប់៕
វីដេអូ៖