ភ្នំពេញ៖ ស្ថិត​នៅ​ម្ដុំ​បឹង​កេងកង Aria D''italia ជា​កន្លែង​ឲ្យ​ភ្ញៀវ​​អង្គុយ​ស្តាប់​ភ្លេង​ ក្រេប​​ស្រា​ក្រហម​ និង​ភ្លក្ស​​ភីហ្សា​រសជាតិ​ដើម​ ចម្អិន​ក្នុង​ឡ​ដុត​អុស ​រក្សា​នូវ​វិធី​ចម្អិន​​ភីហ្សា​ Neapolitan ដែល​ជា​សិល្បៈ​​ម្ហូប​ត្រូវ​បាន​ចុះ​ជា​​​បេតិកភណ្ឌ​វប្បធម៌​អរូបី​អង្គការ​​យូនីស្កូ ​ឆ្នាំ ២០១៧។


Aria D''italia ដែល​មាន​ន័យ​ថា ​ខ្យល់​អ៊ីតាលី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បុរស​អ៊ីតាលី និង​ប្ដី​ប្រពន្ធ​ជនជាតិ​ខ្មែរ​កាល​ពី ១៣ ឆ្នាំ​មុន ទើប​​បុរស​ជនជាតិ​ស្វ៊ីស ​​Daniel Kreis បាន​ទិញ​​បន្ត​​នៅ​ឆ្នាំ ២០១៨។

ម្ចាស់​ហាង​​វ័យ​ ៥០ ឆ្នាំ​​ បាន​​បង្ហើប​ឲ្យ​បាន​ដឹង​ពី​ភាព​លំបាក​នៃ​ការ​ចាប់​ផ្តើម​ដំបូង​ដែរ​ថា​៖​ «​ខ្ញុំ​បាន​ធ្វើ​ឡដុត​អុស​សម្រាប់​ធ្វើ​ភីហ្សា​ កែ​កុនហាង​ថែម​​រូប​គំនូរ​ឲ្យ​រ៉ូមេនទិក​ដូច​នៅ​អ៊ីតាលី ប៉ុន្តែ​អ្វីៗ​មិន​ងាយ​ស្រួល​ទេ។ កាល​ពី​ដំបូង​ ខ្ញុំ​បាន​ជួប​ផល​ពិបាក​មួយ​ដោយ​បុគ្គលិក​របស់​ខ្ញុំ​បាន​លា​​ឈប់​ ហើយ​ខ្ញុំ​ពិបាក​ក្នុង​ការ​ស្វែង​រក​មនុស្ស​ដែល​អាច​ចម្អិន​ភីហ្សា​បែប​ប្រពៃណី​អ៊ីតាលី​ណាស់»។


ក្រៅ​ពី​បន្ថែម​មុខ​ម្ហូប​ស្វ៊ីស​លោក Daniel Kreis មាន​បំណង​ចង់​ឲ្យ​​ ហាង ​Aria D''italia ពោរពេញ​ដោយ​បរិយាកាស​ល្អ​​សម្រាប់​ការ​ជួប​ជុំ​គ្រួសារ​ និង​ការ​ណាត់​ជួប​ដ៏​​រ៉ូមេនទិក​ ដោយ​លោក​បាន​​តុប​តែង​លម្អ​បន្ថែម​​​រូប​គំនូរ​ គោម​ភ្លើង​បែប​រ៉ូមេនទិក​ ធ្វើ​ឲ្យ​ភ្ញៀវ​មាន​​អារម្មណ៍​ថា​ ពួក​គេ​កំពុង​ស្ថិត​នៅ​ប្រទេស ​អ៊ីតាលី ​​ផង​ដែរ​។


បុគ្គលិក​កិនម្សៅ លាប​ទឹក​ប៉េងប៉ោះ និង​ដាក់គ្រឿង​ផ្សំ​នានា​​​។ រូបថត ហ៊ាន រង្សី


លោក​បន្ត​ទៀត​ថា៖ «​​ឥឡូវ​នេះ​ខ្ញុំ​មាន​ក្រុម​ការងារ​ដ៏​ល្អ​មួយ​ដែល​អាច​ផ្តល់​ជូន​នូវ​​​ភីហ្សា​ឆ្ងាញ់​ ហើយ​យើង​ក៏​មាន​ទំនុក​ចិត្ត​លើ​ផ្ទះ​បាយ​របស់​យើង​ផង​ដែរ​ ប្រសិន​បើ​អតិថិជន​មិន​ចូលចិត្ត​អាហារ​​​របស់​យើង​ ពួក​គេ​ក៏​មិន​ចាំបាច់​បង់​ប្រាក់​នោះ​ទេ​»។

ការ​ចម្អិន​ភីហ្សា​នៅ​ក្នុង​ឡ​អុស​ ត្រូវ​បាន​ប្រើប្រាស់​កម្ដៅ​ប្រមាណ​​ ៥០០ អង្សា​សេ​ ដោយ​ប្រើ​រយៈពេល​ចាប់​ពី​ ២ នាទី​នៅ​ក្នុង​ឡ​បែប​ប្រពៃណី​ ភីហ្សា​ គឺ​នឹង​ស្តើង​ស្រួយ​ និង​មាន​ក្លិន​ឈ្ងុយ ខណៈ​ភីហ្សាដុត​ឡ​ហ្គាស ជា​ទូទៅ​ត្រូវ​​ប្រើ​ពេល​រហូត​ដល់ ១៥ នាទី​។

Aria D''italia​ មាន​ភីហ្សា ១៨ រសជាតិ រួម​មាន​រសជាតិ​គ្រឿង​សមុទ្រ សាច់ក្រក សាច់ជ្រូក ​៣ ​ជាន់ សាល់ម៉ុន ឈីស ដែល​មាន​តម្លៃ​ពី ៦,៥ ដុល្លារ ដល់ ១១,៥ ដុល្លារ​។

ភីហ្សា​ត្រូវ​បាន​ចម្អិន​ក្នុងឡ​ដុត​អុស​​ប្រើ​កម្ដៅ​ជិត ៥០០ អង្សា​។ រូបថត ហ៊ាន រង្សី

ក្រៅ​ពី​ភីហ្សា​ Aria D''italia ក៏​មាន​បង្អែម​បរទេស​ដូជា​ Chocolate Mousse (៤ ដុល្លារ) Tiramisu (៤,៥០ ដុល្លារ)។ រីឯ​ភេសជ្ជៈ មាន​​​​កាហ្វេ ស្រាបៀរ និង​​ស្រា​ក្រហម​ ​តម្លៃ​ចាប់​ពី ១,៥០ ​ដល់​ ២៥ ដុល្លារ​។

លោក Kreis បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង ​១ ​ថ្ងៃ​ Aria D''italia ទទួល​បាន​ភ្ញៀវ​​ចាប់​ពី​ ៣០ ទៅ​ ៥០ នាក់​ ដោយ​ ៦០ ភាគរយ ​ជា​ជន​បរទេស និង​ ៤០ ភាគរយ ​ជា​ប្រជាជន​ក្នុង​ស្រុក​។

លោក​រៀប​រាប់​ថា៖ «ភ្ញៀវ​ខ្មែរ​ចូលចិត្ត​​កុម្ម៉ង់​ភីហ្សា ស្ដេក សាលាដ និង​បង្អែម ហើយ​ដាក់​រួម​ចែក​គ្នា​ញ៉ាំ ​ខណៈ​ភ្ញៀវ​បរទេស​គេ​កុម្ម៉ង់ៗ​ម្នាក់ៗ​ ១ មុខៗ ញ៉ាំ​ដោយ​ឡែក​ពីគ្នា»។

Aria D''italia Pizzeria & Bar ស្ថិត​នៅ​ផ្ទះ​លេខ​ ៤១ EO ផ្លូវ​លេខ ៣០១ (កែង​ផ្លូវ ៥៧) សង្កាត់​បឹង​កេង​កង​ ១។ ភោជនីយដ្ឋាន​ចាប់​បើក​ពី​ម៉ោង​ ៥:៣០ នាទី​ល្ងាច ដល់​ម៉ោង ១០:៣០ នាទី​យប់ និង​បិទ​នៅ​រៀងរាល់​ថ្ងៃ​ចន្ទ​។ ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ​ ០១១ ៨៤០ ៧០៥ និង​គេហទំព័រ​​ www.ariaditalia.oizza៕

វីដេអូ៖