ភ្នំពេញ៖ នំប៉័ង​ទន់​ល្មើយ​ ផ្ទាប់​​​​សាច់​​ពណ៌​​ក្រហម​ឈ្ងុយ ​​​​​បន្លែ​ស្រស់ៗ ​សាលាដ ខ្ទឹម​បារាំង​​ ចំណិត​ប៉េងប៉ោះ ត្រូវ​បាន​​​បន្ថែម​ទឹក​ជ្រលក់​ឲ្យ​កាន់​តែ​ឆ្ងាញ់។


បឺហ្គឺរ ដែល​ជា​អាហារ​បរទេស បាន​បង្កើន​ប្រជាប្រិយភាព​នៅ​អាស៊ី ដោយ​មាន​ការ​កែច្នៃ​រសជាតិ​ទៅ​តាម​ការ​និយម​របស់​ប្រទេស​នីមួយៗ។

នៅ​ហាង​ Burger Moon ខាង​ក្រោយ​វិទ្យាស្ថាន​វ៉ាន់ដា​ប៊ឺហ្គឺរ​រសជាតិ​​បែប​អាស៊ី​ ជាមួយ​តម្លៃ​ថោក​សមរម្យ បាន​ទាក់​ទាញ​អតិថិជន​​ខ្មែរ​ តាំង​ពី​សិស្ស​សាលា រហូត​ដល់​ភ្ញៀវ​ជា​​លក្ខណៈ​គ្រួសារ មក​ទទួល​ទាន និង​ខ្ចប់​ទៅ​ញ៉ាំ​នៅ​គេហដ្ឋាន​​​​។


ហាង Burger Moon ស្ថិត​នៅក្រោយ​សាលាវ៉ាន់ដា​​​។ រូបថត ហ៊ាន រង្សី


ផ្ដើម​ចេញ​ពី​អាជីវកម្ម​លក់​ប៊ឺហ្គឺរ​លើ​ដង​វិថី រហូត​រំលេច​ជា​រូបរាង​ហាង​បាន​ជាង ៦ ខែ​មក​នេះ អ្នកនាង​ ប៊ុន លីហួង ជា​ម្ចា​ស់​ហាង​​ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖ ​«​យើង​បាន​ផ្តោត​ទៅ​លើ​រសជាតិ​ និង​អនាម័យ​ជា​សំខាន់​ជា​ពិសេស​គ្រឿង​ផ្សំ​ទាំង​​​អស់​ ទាំង​សាច់​ និង​នំ គឺ​ធ្វើ​ដោយ​ខ្លួន​ឯង​ ថ្មីៗ​ស្រស់ៗ​ ដោយ​ទុក​​ប្រើ​សម្រាប់​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​»​។


ម្ចាស់​ហាង​ដែល​មាន​ចំណូល​ចិត្ត​ចម្អិន​​​ម្ហូប​បរទេស​ ​បាន​កែច្នៃ​​​រូបមន្ត​ប៊ឺហ្គឺរ​ទៅ​តាម​ការ​និយម​របស់​អតិថិជន​​ខ្មែរ។​​ នំប៉័ង​​ដុត​ឲ្យ​​មាន​សាច់​ទន់​ ហើយ​​​សាច់​ក៏​ត្រូវ​​បាន​ផ្សំ​គ្រឿង​ដោយ​ខ្លួន​ឯង។ ​​គ្រឿង​ផ្សំ​​មួយ​ចំនួន​ត្រូវ​បាន​នាំចូល​​ពី​ប្រទេស ​ថៃ ​​បំពេញ​បន្ថែម​​ផលិតផល​ក្នុង​ស្រុក​ដែល​មាន​ស្រាប់។

ចំពោះ​រូបមន្ត​ចម្អិន​វិញ ​​អ្នកនាង​ ប៊ុន​ លីហួង​ បញ្ជាក់​ដែរ​ថា​៖ ​«​ខ្ញុំ​បាន​រៀន​បន្ត​មក​ពី​បងប្អូន​ដែល​គាត់​ធ្វើ​ការ​ក្នុង​ហាង​បឺហ្គឺរ​នៅ​ឯ​អាមេរិក​ ហើយ​ខ្ញុំ​ក៏​មាន​បទពិសោធ​ក្នុង​កិច្ចការ​នេះ​អស់​រយៈពេល​ ៣ ឆ្នាំ មក​ហើយ​ដែរ»។

ហាង ​Burger Moon មាន​​បឺហ្គឺរ​សាច់​ជ្រូក​ បឺហ្គឺរ​សាច់​ជ្រូក​អាំង (៤ ០០០ រៀល) បឺហ្គឺរ​សាច់​មាន់ (៥ ០០០ ​រៀល) បឺហ្គឺរ​សាច់​គោ (៨ ០០០ ​​រៀល) បឺហ្គឺរ​សាច់​ជ្រូក​បន្ទះ​​ បឺហ្គឺរ​សាច់​​​​មាន់​ហឹរ​ (៧ ០០០ ​រៀល) បឺហ្គឺរ​ឈុត​ភ្លៅ​មាន់​ចៀន​ (៩ ០០០ ​រៀល) និង​​​បឺហ្គឺរ​ឈុត​ដំឡូង​ចៀន​ (៨ ៥០០ ​​រៀល) ។

ការ​ចម្អិន​ផ្ដោត​លើ​រសជាតិ និង​អនាម័យ គួបផ្សំនឹង​រូបមន្ត​ផ្ទាល់​ពី​ម្ចាស់ហាង​​​​។ រូបថត ហ៊ាន រង្សី

អាហារ​សម្រន់​​មាន ភ្លៅមាន់​ចៀន​ ស្លាប​កណ្តាល​ចៀន គល់​ស្លាប​មាន់​ចៀន​ ដុំ​មាន់​បំពង​ ស្លាប​មាន់​ចៀន​ (៧ ០០០ ​រៀល​​)​ និង ​ដំឡូង​បំពង នំប៉័ង​តួកគី (៣ ៥០០ ​រៀល)។ ​ការ​​​ថែម​​​សាច់​ជ្រូក​បន្ទះ​ គិត​​តម្លៃ ១ ៥០០ ​រៀល និង​​ការ​បន្ថែម​ឈីស ស៊ុត​ចៀន តម្លៃ ១ ០០០ ​រៀល។

ហាង​ Burger Moon បើក​ទទួល​ភ្ញៀវ​ចាប់​ពី​ម៉ោង​ ៩​ ព្រឹក​រហូត​ដល់​ ៩ ​យប់​ និង​​មាន​ភ្ញៀវ​​ចាប់​ពី​ ២០០ ទៅ​ ៣០០​ នាក់​​ ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​​​ ២០ ​ភាគរយ​​​​​ផង​ដែរ​។

Burger Moon ​​ស្ថិត​នៅ​លើ​ដង​ផ្លូវ​ ៤០២​ ខាង​ក្រោយ​វិទ្យាស្ថាន​វ៉ាន់ដា ​ឬ​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ​០១៥ ៦០៥ ០៩៩ និង​ ០១២ ៣៨០ ៣៨៨។ ការ​​កុម្ម៉ង់​ចាប់​ពី​ ១០ ដុល្លារ​ឡើង​ទៅ ​មិន​គិត​តម្លៃ​ក្នុង​ការ​ដឹង​ជញ្ជូនទេ​​​៕