ភ្នំពេញ៖ ​តាម​សម្ដី​​លោក​ឪពុក​នៃ​សាសនា​កាតូលិក​នៅ​ទីក្រុង​ភ្នំពេញ​ Princella Flavors of Saffron គឺ​ជា​ហាង​គ្រិស្តបរិស័ទ​ប៉ាគីស្ថាន​ទី១​ ដែល​ទទួល​បាន​ការ​ពេញ​និយម​​ និង​ជោគជ័យ​លឿន​បំផុត​ក្នុង​រយៈពេល ​២៥ ឆ្នាំ​កន្លង​មក​។


Princella មាន​ន័យ​ថា ​ជា​ម្ចាស់ក្សត្រី​លើ​ទឹកដី​។ រីឯ ​Flavors of Saffron ជា​រសជាតិ​នៃ​ប្រភេទ​ផ្កា​ម្យ៉ាង ​ដែល​មាន​តម្លៃ​ថ្លៃ ហើយ​ត្រូវ​បាន​​គេ​និយម​ប្រើ​ក្នុង​ភេសជ្ជៈ​។


អ្នកនាង Princella Anum Gill ជា​​ម្ចាស់​ហាង​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ ថា​៖ «Princella គឺ​ជា​ឈ្មោះ​ដែល​ឪពុក​ខ្ញុំ​ជា​អ្នក​ដាក់​សម្រាប់​ហាង​នេះ ​តែ ​Flavors of Saffron គឺ​ខ្ញុំ​ជា​អ្នក​បន្ថែម​ព្រោះ​ខ្ញុំ​គិត​ថា​ វា​មាន​តម្លៃ​ស័ក្ដិសម​នឹង​ឈ្មោះ​របស់​ខ្ញុំ​ដូច​គ្នា​»។​


គ្រួសារ​​របស់​អ្នកនាង Princella ​បាន​​មក​កម្ពុជា​តាំង​ពី​ឆ្នាំ ​២០១៧​ តាម​ការ​ណែនាំ​ពី​មិត្តភក្តិ​ ដើម្បី​មក​សិក្សា​ឱកាស​អាជីវកម្ម​ជាក់​ស្ដែង​នៅ​ទឹកដី​សុវណ្ណភូមិ។​


៣-៤ ​ខែ​ក្រោយ​មក ​ម្ចាស់​ហាងវ័យ​ ២៥ ​ឆ្នាំ​ ដែល​បាន​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​​ជំនួញ​រូប​នេះ​ក៏​សម្រេចចិត្ត​មក​បើក​​ហាង​​​​​នៅ​កម្ពុជា ដោយ​មាន​អ្នក​ម្ដាយ​​នាង​ផ្ទាល់​​ជា​ចុងភៅ​​មាន​បទពិសោធ​ក្នុង​ផ្ទះបាយ​ ១៥ ឆ្នាំ​។


អ្នកនាង​បាន​រៀបរាប់​ថា​៖ «ម៉ាក់​ខ្ញុំ​ចម្អិន​ដោយ​ក្ដី​ស្រឡាញ់​។ មិន​ថា​អ្នក​ណា​ទេ​ ឱ្យ​តែ​ភ្ញៀវ​ដែល​ចូល​មក​គាត់​ចាត់​ទុក​​ពួក​គេ​ដូច​មិត្តភក្តិ​​ខាន​ជួប​គ្នា​យូរ​ហើយ​មក​លេង​គាត់​ម្ដង​អ៊ីចឹង។ ដូច្នេះ​គាត់​តែង​ចង់​ធ្វើ​ម្ហូប​​ឆ្ងាញ់​បំផុត​សម្រាប់​ពួក​គេ​»។

នៅជាន់ខាងលើ​ហាងអាហារ ក៏មានការ​បង្រៀន និង​ការ​ផ្ដល់សេវា​​សាក់​​ហាន់ណា​។ហ៊ាន រង្សី

ជាមួយ​វត្តមាន​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ រួម​ទាំង​ភ្ញៀវ​បស្ចិម​ប្រទេស​ម្ចាស់​ហាង​វ័យ​ក្មេង​រូប​នេះ​បាន​បន្ត​ថា៖ «ភ្ញៀវ​​ដែល​ចូល​មក​អាច​ជឿជាក់​លើ​ទឹក​ដៃ​គាត់​បាន​ ជាពិសេស​​នោះ​គឺ​ហាង​ទទួល​ស្វាគមន៍​​ទាំង​អ្នក​ហូប​បួស​ និង​អ្នក​ហូប​ធម្មតា»​។

អ្នកនាង ​Princella ជា​កូនស្រី​ច្បង​ក្នុង​​គ្រួសារ​បាន​រំឭក​ពី​សម្ដី​អតិថិជន​ខ្មែរ​ម្នាក់ ដែល​ប្ដូរ​ទស្សនៈ​យល់​ឃើញ​ពី​ម្ហូប​ឥណ្ឌា​ ក្រោយ​ពី​​បាន​ញ៉ាំ​អាហារ​ស្នាដៃ​ម្ដាយ​នាង។

នាង​បាន​រំឭក​ទៀត​ថា៖ «​អតិថិជន​មួយ​ទៀត​គាត់​បាន​ចេញ​ទៅ​ដោយ​បន្សល់​នៅ​មតិយោបល់​មួយ​ថា​ នេះ​ជា​កន្លែង​ដែល​អ្នក​មក​ ព្រោះ​ចង់​ទទួល​ទាន​ម្ហូប​ ដែល​ចម្អិន​ចេញ​ពី​ចិត្ត​ ជា​កន្លែង​ដែល​អ្នក​ចង់​បាន​រសជាតិ​ដើម​ និង​ចង់​បាន​ភាព​ជា​គ្រួសារ​»។

ម្ហូប​ដែល​មាន​ការ​ពេញ​និយម​បំផុត​សម្រាប់​បរទេស​គឺ​ Butter Chicken (៦ ដុល្លារ) និង​ Haleem (ចាប់​ពី ៥ ដុល្លារ) និង​សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​គឺ​ Biryani (ចាប់​ពី ៤ ដុល្លារ) និង Aloo Parathas (២ ដុល្លារ)។

Butter Chicken មាន​លក្ខណៈ​​ដូច​​សម្លការី​ តែ​វា​ខាប់​ជាង​ ហើយ​មិន​មាន​បន្លែ​ទេ​។ ម្ហូបនេះ​មាន​លាយ​ទឹក​ប៉េងប៉ោះ​​ និង​គ្រីម​​ក្នុង​នោះ​ផង​ដែរ​។ វា​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា​។

Haleem ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​​គ្នា​នឹង​ Butter Chicken តែ​សាច់​ត្រូវ​បាន​ចិញ្ច្រាំ​ឱ្យ​​ម៉ដ្ឋ មាន​រោយ​ខ្ញី​ ខ្ទឹម​លីង​ពី​លើ​តិចៗ​បន្ថែម​រសជាតិ។ ទាំង ២ មុខ​នេះ​អាច​ញ៉ាំ​បាន​ទាំង​ជាមួយ​បាយ ​និង​នំបុ័ង​។

Biryani​ ស្រដៀង​ទៅ​នឹង​បាយ​ឆាការី​​ តែ​អង្ករ​​​រាង​វែងៗ​ ហើយ​ទន់​ឆា​លាយ​ជាមួយ​សាច់​​​ពណ៌​លឿង​ៗ​។

Aloo Parathas ​ជា​ប្រភេទ​នំបុ័ង​​ស្នូល​ដំឡូង​បារាំង​បុក​​ផ្សំ​នឹង​រសជាតិ​ហឹរ​​តិចៗ​ឆ្ងាញ់ ១ បែប​​។

អ្នកនាង Princella (ឆ្វេង) និង​ម្ដាយ​របស់អ្នកនាង (ឆ្វេងទី២) ជា​ចុងភៅ​ប្រចាំ​ហាង​ផ្ទាល់​។ហ៊ាន រង្សី

ម្ហូប​ក្នុង​ហាង​​​ជា​ប្រភេទ​ម្ហូប​ឥណ្ឌា​ ប៉ាគីស្ថាន​ ប៉ាន់ចាប៊ី​ និង​ឥណ្ឌា​ខាង​ជើង​ ដោយ​គ្រឿង​ផ្សំ​ត្រូវ​បាន​​នាំ​យក​ពី​ប្រទេស​ប៉ាគីស្ថាន ​ផ្ទាល់​តែ​ម្ដង​។

ក្រៅ​ពី​​បើក​​​ហាងអាហារ​​ Princella​ ក៏​បាន​ឱ្យ​​ដឹង​ថា៖​ «រយៈ​ពេល ​៣ ឆ្នាំ​មក​នេះ​ យើង​បាន​ចែក​រំលែក​ពី​វប្បធម៌​យើង​យ៉ាង​ច្រើន​មាន​ទាំង​ក្បាច់​រាំ​ និង​ការ​សាក់​ហាន់ណា​ ដែល​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ឥណ្ឌា​។ យើង​​បាន​បងៀន​​ជាច្រើន​កន្លែង​។ នៅ​ផ្ទះ​​ក៏​មាន​ការ​បង្រៀន​ផង​ដែរ​ ដោយ​​គិត​សេវា​បន្តិចបន្តួច​ប៉ុណ្ណោះ»​។

ទីនេះ​ផ្ដល់​នូវ​បរិយាកាស​​​កក់ក្ដៅ​ ​រាក់ទាក់​ ​ស្និទ្ធស្នាល ដូច​គ្រួសារ​តែ​មួយ​​។ តែ​អ្នកនាង ​Princella​ នៅ​តែ​ចង់​បន្ថែម​​​​ម៉ាស៊ីន​ត្រជាក់​ឱ្យ​​​អតិថិជន​បាន​ត្រជាក់​ស្រួល​ជាង​នេះ​។

នាង​ក៏​បាន​​ផ្ដាំផ្ញើ​ទៅ​អតិថិជន​ថា​៖ «ហាង​នេះ​មិនមែន​ត្រឹម​តែ​ជា​កន្លែង​ដែល​អ្នក​មក​កុម្ម៉ង់​អាហារ​ញ៉ាំ​​ប៉ុណ្ណោះ​ទេ​ តែ​វា​ជា​សមិទ្ធផល​​កើត​ឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​របស់​គ្រួសារ​យើង​។ វា​មិនមែន​គ្រាន់​តែ​ជា​ការ​រក​លុយ​ តែ​ជា​ការ​ផ្ដល់ឥទ្ធិពល​ទៅ​លើ​សហគមន៍​ដែល​នៅ​ជុំវិញ​ បង្ហាញ​ពី​វប្បធម៌​ ជំនឿ​ និង​ភាព​ខ្លាំង​ទៅ​អ្នក​ដែល​ត្រូវ​ការ​វា​ក្នុង​ជីវិត​»។

ហាង ​Princella Flavors of Saffron ​​បើក​ពី​ម៉ោង​ ១០ ​ព្រឹក​ដល់​​ម៉ោង​ ៩ ​យប់​ ស្ថិត​នៅ​លើ​ផ្លូវ ​7A ជិត​​ផ្សារ ​Super Duper ​ទួលទំពូង។​ ​ទូរស័ព្ទ​ដឹក​ជញ្ជូន​លេខ​ ០៨៨ ៦៣០ ៥១២៨ និង ០៨៨ ៦០៩ ៣០៧៦៕

វីដេអូ៖