ភ្នំពេញ៖​ និស្សិត​ចំនួន ៩ ​ក្រុម ​​មក​ពី​​​​​​សាកល​វិទ្យាល័យ​ និង​វិទ្យាស្ថាន​​ចំនួន​ ​៦ កំពុង​​តែ​​​​​មមាញឹក​​​ផលិត​រ៉ូបូត​​រៀងៗ​ខ្លួន ដើម្បី​​​ប្រញាប់​បញ្ចប់​យក​ទៅ​​​ប្រកួត​ប្រជែង​កម្មវិធី​​រ៉ូបូត​​​​ថ្នាក់​​​​​ជាតិ​លើក​​ទី ៧ (Robocon Cambodia 2020) នៅ​ថ្ងៃទី ​២ ខែ ឧសភា ឆ្នាំ ​២០២០ ​ខាង​មុខ​នេះ ដែល​ធ្វើ​នៅ​ឯ​អគារ​​ដំបូល​​​​​ទូក​​ ​​​បរិវេណ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​ប្រធានបទ​ថា​ ​«កីឡា​បាល់ឱប» ដោយ​​មាន​​ក្រុមហ៊ុន Toyota Cambodia ​គឺជា​អ្នក​​ឧបត្ថម្ភ​ធំ។

បើ​តាម​លោក ប៉ាង ចំណាន ជាអ្នក​​គ្រប់គ្រង​ការ​រៀបចំ​កម្មវិធី​ប្រកួត​​ប្រជែង​រ៉ូបូត​លើក​ទី ​៧ ​នេះ​ បង្ហើប​ឲ្យ​ដឹង​​ពី​ក្រុម​ចូលរួម​​​ថា៖ ​«ឆ្នាំ​នេះ យើង​មាន​​និស្សិត​ចំនួន​ ៩ ​ក្រុម ​​មក​ពី​​សាកល​វិទ្យាល័យ និង​វិទ្យាស្ថាន​​ចំនួន ៦ ដែល​​នឹង​ត្រូវ​ចូលរួម​ប្រកួត​ប្រជែង​គ្នា​​​​​នៃ​កម្មវិធី​​​ Robocon Cambodia 2020។ ​ក្នុង​​​នោះ​​ រួម​​មាន ក្រុម​មក​ពី​​​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មាន ​(២ ​ក្រុម) មក​ពី​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង (១ ក្រុម) វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​(២ ក្រុម) វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ​(២ ក្រុម) វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសមៈ ​(១ ក្រុម)​ និង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​​បច្ចេកទេស (១ ក្រុម)​»។​


ក្រុម​និស្សិត​សាកល​វិទ្យាល័យ​ជាតិគ្រប់គ្រង ​ផលិត​រ៉ូបូត​សម្រាប់​ឆ្នាំ ២០២០។ សហ​ការី


លោក ប៉ាង ចំណាន ក៏​​បាន​បន្ត​ឲ្យ​ដឹង​ពី​មូលហេតុ​​នាំ​ឲ្យ​​​ដាក់​ប្រធាន​​បទ​​ ដែរ​​​​ថា៖​ «ដោយសារ​ Robocon ​ក៏​ជា​ផ្នែក​​មួយ​នៃ​ព្រឹត្តិការណ៍​រ៉ូបូត​អន្តរជាតិ ABU Robocon ខណៈ​​ឆ្នាំ​ ២០២០​ នេះ កោះ​​ហ្វីជី ​នឹង​ក្លាយជា​ប្រទេស​ធ្វើ​ជា​​​​​​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត ហើយ​​គេ​​​មាន​សិទ្ធិ​​ជ្រើសរើស​យក​ប្រធាន​បទ​តាម​​ការ​ពេញ​ចិត្ត​បាន​។ កីឡា​បាល់​ឱប ជា​​កីឡា​បែប​ប្រពៃណី​វប្បធម៌​របស់​​ខ្លួន​ទើប​នាំ​ឲ្យ​ប្រទេស​នេះ សម្រេច​យក​ប្រធានបទ​កីឡា​​​បាល់​ឱប។​​ ក្រុម​​ទាំង​ ៩ មក​ពី​​សាកល​វិទ្យាល័យ និង​វិទ្យាស្ថាន​ចំនួន ​៦​ នោះ នឹង​​​ប្រកួត​ប្រជែង​គ្នា​ដើម្បី​​ស្វែងរក​ជើងឯក​​​ប្រចាំ​ឆ្នាំ ដែល​នឹង​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​​​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​រ៉ូបូត​​អន្តរជាតិ ​ABU Robocon ​2020 នៅ​​កោះ​ហ្វីជី ផង​ដែរ​»។


លោក ប៉ាង ចំណាន ក៏​​​បាន​ពន្យល់​របៀប​​​លេង​កីឡា​បាល់​​​ឱប​​​​​ ដោយ​​​សង្ខេប​​ដែរ​ថា៖ «​ក្រុម​នីមួយៗ​​មាន​រ៉ូបូត​ចំនួន​ ២​។ រ៉ូបូត​ទី១ ត្រូវ​យក​បាល់​ពណ៌​ខៀវ​​ ឬ​ក្រហម (Try Ball) រួច​បោះ​​​បាល់​នោះ ​ឲ្យ​រ៉ូបូត​ទី​២។​​រ៉ូបូត​ទី២ ​ពេល​​​​​ទទួល​បាល់​នោះ ​ជោគជ័យ ត្រូវ​​​យក​​បាល់​ឆ្លង​កាត់​ឧបសគ្គ ​រួច​ដាក់​គោលដៅ​ Try Spots។ រាល់​​ការ​ដាក់​បាល់ Try Ball បាន​ជោគជ័យ​នៅ Try Spots នោះ​ សមាជិក​ក្រុម អាច​យក​​បាល់ Kick Ball សម្រាប​​រ៉ូបូត​​ទាត់​​នៅ​តំបន់​ចំនួន ៣ Kick Zone 1 ទី 2 និងទី 3 ខណៈ​ដែល​ក្រុម​រ៉ូបូត​នឹង​​ទទួល​បាន​ពិន្ទុ​ខុសៗ​គ្នា ​នៅ​ពេល​ទាត់​ចូល​គោលដៅ Goal។​ ក្រុម​ណា​​រក​ពិន្ទុ​បាន​ច្រើន​ជាង​គេ​​​រយៈពេល ៣ នាទី នឹង​ឈ្នះ​ក្នុង​ការ​ប្រកួត»៕​


ក្រុមរ៉ូបូត​​និស្សិត​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្រាប់​ឆ្នាំ​ ២០២០​។ រូបថត សហ​ការី