ភ្នំពេញ៖​ បើ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ​១៩ មែន​ក្តី​ក៏​សាកល​វិទ្យាល័យ និង​​​វិទ្យាស្ថាន​នានា​​បាន​ត្រៀម​​ខ្លួន​​រួច​ជា​​​​ស្រេច​​​ សម្រាប់​ការ​ប្រកួត​រ៉ូបូត​ថ្នាក់​ជាតិ​​​​​លើ​វិញ្ញាសា​ «បាល់បោះ» ​លើក​ទី​៧ ដែល​បាន​លើក​​​កាល​​បរិច្ឆេទ​​ប្រកួត​កាល​ពី​ខែ​ឧសភា​ មក​​ធ្វើ​នៅ​​​ខែ​តុលា ឆ្នាំ ​២០២០​ ខាង​​​មុខ​នេះ​វិញ​​ និង​ដើម្បី​ឈាន​​​ឆ្ពោះ​​ទៅ​រក​ជើងឯក​​សម្រាប់​ការ​ចូលរួម​​ប្រកួត​កម្រិត​​អន្តរជាតិ ABU Robocon ​2020 ​នៅ​​ដែន​ដី​ប្រទេស​កោះ​ហ្វីជី នា​ឆ្នាំ​នេះ​ផង​ដែរ​។

បើ​​តាម​លោក ប៉ាង ចំណាន ដែល​​​ជា​អ្នក​​គ្រប់គ្រង​ការ​រៀបចំ​កម្មវិធី​ប្រកួត​​ប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​​លើក​ទី៧ ​នេះ​ បង្ហើប​ថា​៖ «​ដោយសារ​​វិបត្ត​កូវីដ ​១៩ ទើប​ការ​ប្រកួត​រ៉ូបូត​ថ្នាក់​ជាតិ​​​ឆ្នាំ​នេះ ​(Robocon Cambodia ​2020) ​ត្រូវ​លើក​ពេល​ពី​ថ្ងៃទី​ ​២ ខែ ឧសភា ឆ្នាំ ២០២០ ​មក​ធ្វើ​នៅ​​ថ្ងៃទី​ ​៣ ខែ ​តុលា ឆ្នាំ ​២០២០ វិញ​ ដែល​ធ្វើ​នៅ​​អគារ​​​​ដំបូល​​​​​ទូក​នៅ​ក្នុង​​​​បរិវេណ​នៃ​សាកល​​​វិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ ក្រោម​​ប្រធាន​​បទ​ថា​ ​«កីឡា​បាល់​ឱប​» ដោយ​​មាន​​ក្រុមហ៊ុន Toyota Cambodia ​​គឺជា​អ្នក​​ឧបត្ថម្ភ​ធំ។


លោក ប៉ាង ចំណាន ​​បន្ត​ថា៖ «ឆ្នាំ​នេះ យើង​មាន​​ក្រុម​និស្សិត​​​ចំនួន​ ១០ ​ក្រុម ​​មក​ពី​​សាកល​វិទ្យាល័យ និង​វិទ្យាស្ថាន​​ចំនួន ៦ ដែល​​បាន​ចូលរួម​ប្រកួត​ប្រជែង​គ្នា​​​​​នៃ​កម្មវិធី​​​ Robocon Cambodia 2020។ ​ក្នុង​​​នោះ​​​មាន​ក្រុម​មក​ពី​​​សាកល​វិទ្យាល័យ​​​ភូមិន្ទ​​ភ្នំពេញ ​(២ ក្រុម) ​មក​​ពី​សាកល​វិទ្យាល័យ​​ជាតិ​គ្រប់គ្រង (១ ក្រុម) វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា(២ ក្រុម) វិទ្យាស្ថាន​​ជាតិ​ពហុបច្ចេកទេស​កម្ពុជា(២ ក្រុម) វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសមៈ (២ ក្រុម)​ និង​វិទ្យាស្ថាន​​ជាតិ​​បណ្តុះបណ្តាល​បច្ចេកទេស (១ ក្រុម)​ ហើយ​​ក្រុម​នីមួយៗ​​អាច​មាន​​សមាជិក​របស់​ខ្លួន​ត្រឹម​តែ​ចន្លោះ​ពី​ ៣ ទៅ ៧ នាក់​ប៉ុណ្ណោះ​»។​


ក្រុម​និស្សិត​តាម​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន ​ពេល​បង្កើត​រ៉ូបូត​ ត្រៀមចូល​រួម​ប្រកួត​។ រូបថត សហ​ការី


លោក ប៉ាង ចំណាន ក៏​​បាន​​​ឲ្យ​​ដឹង​ពី​មូលហេតុ​​នាំ​ឲ្យ​​​ដាក់​ប្រធាន​​​បទ​​ថា «បាល់បោះ» ដែរ​​​​ថា៖​ «ដោយសារ​ Robocon ​ក៏​ជា​ផ្នែក​​មួយ​នៃ​ព្រឹត្តិការណ៍​រ៉ូបូត​អន្តរជាតិ​ឈ្មោះ ​ABU Robocon ខណៈ​​ឆ្នាំ​ ២០២០​ នេះ កោះ​​ហ្វីជី​នឹង​ក្លាយ​ជា​ប្រទេស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត ហើយ​​គេ​​​មាន​សិទ្ធិ​​ជ្រើសរើស​យក​​ប្រធាន​​បទ​តាម​​ការ​ពេញ​ចិត្ត​បាន​​។ កីឡា​បាល់​ឱប ជា​​កីឡា​បែប​​ប្រពៃណី​វប្បធម៌​របស់​​ខ្លួន​ទើប​នាំ​ឲ្យ​ប្រទេស​នេះ សម្រេច​យក​​ប្រធានបទ​កីឡា​​​បាល់​ឱប។​​


ក្រុម​​ទាំង ​១០ មក​ពី​​សាកល​​វិទ្យាល័យ និង​វិទ្យាស្ថាន​ចំនួន ​៦​ នោះ នឹង​​​ប្រកួត​ប្រជែង​គ្នា​ដើម្បី​​ស្វែងរក​ជើងឯក​​​ប្រចាំ​ឆ្នាំ ដែល​នឹង​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​​​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​រ៉ូបូត​​អន្តរជាតិ ​ABU Robocon ​2020 នៅ​​ដែនដី​ប្រទេស​​កោះ​ហ្វីជី ទៀត​ផង​​ក្រោយ​​ពី​ជាប់​ជើងឯក​»។


លោក ប៉ាង ចំណាន ក៏​​​បាន​ពន្យល់​របៀប​​​លេង​កីឡា​បាល់​ឱប​​​ដោយ​​​សង្ខេប​​ដែរ​ថា៖ «​ក្រុម​នីមួយៗ​​មាន​រ៉ូបូត​ចំនួន ​២​។ រ៉ូបូត​ទី១ ត្រូវ​យក​បាល់​ពណ៌​ខៀវ​​ ឬ​ក្រហម (Try Ball) រួច​បោះ​​​បាល់​នោះ ​ឲ្យ​រ៉ូបូត​ទី​២។ ​​រ៉ូបូត​ទី២ ​ពេល​​​​​ទទួល​បាល់​នោះ ​ជោគជ័យ​ត្រូវ​​​យក​​បាល់​ឆ្លង​កាត់​ឧបសគ្គ ​រួច​ដាក់​គោលដៅ​ Try Spots។

រាល់​​ការ​ដាក់​បាល់ Try Ball បាន​ជោគជ័យ​នៅ Try Spots នោះ​ សមាជិក​ក្រុម​អាច​យក​​បាល់ Kick Ball សម្រាប់​រ៉ូបូត​​ទាត់​​នៅ​តំបន់​ចំនួន ៣ Kick Zone ទី១ ទី២ និងទី៣ ខណៈ​​​​ក្រុម​រ៉ូបូត ​នឹង​​ទទួល​បាន​ពិន្ទុ​ខុសៗ​គ្នា​នៅ​ពេល​ទាត់​ចូល​ទៅ​​គោលដៅ (Goal)។​ សម្រាប់​ក្រុម​ណា​​ ដែល​អាច​រក​​ពិន្ទុ​​បាន​ច្រើន​ជាង​គេ​ក្នុង​​​​​រយៈពេល ៣ នាទី​នោះ នឹង​ត្រូវ​​ឈ្នះ​​​​ក្នុង​ការ​ប្រកួត»៕