ភ្នំពេញ៖ ​ក្រុម​​និស្សិត​​ខ្មែរ​ចំនួន​​ ២ ​ក្រុម​​​​​មក​​ពី​វិទ្យាស្ថាន​ជាតិ​​ពហុបច្ចេកទេស​​កម្ពុជា (NPIC​) ​ដែល​បាន​​​ឈ្នះ​​​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​​នៃ​ការ​ប្រកួត​​​​រ៉ូបូត​​​​ថ្នាក់​ជាតិ​​លើក​​​​ទី​​៧ នៅ​​​កម្ពុជា​នោះ​បាន​បន្ត​​ឈ្នះ​រង្វាន់ ​២ ប្រភេទ ​​​នៅ​ក្នុង​ការ​ប្រកួត​​​រ៉ូបូត​​អន្តរជាតិ​ ABU-​Rob​ocon Festival 2020 តាម​អនឡាញ​ នៅ​​ឯ​ប្រទេស​ជប៉ុន ​កាល​​ពី​ថ្ងៃទី ​១២ ខែ ​ធ្នូ​ ឆ្នាំ ​២០២០​។

ការ​ប្រកួត​​រ៉ូបូត​អន្តរជាតិ ABU Robocon Festival 2020 បើ​​តាម​គម្រោង​នៃ​ការ​រៀបចំ​នោះ ​គឺ​ត្រូវ​រៀបចំ​នៅ​​ក្នុង​ប្រទេស​ដែនដី​កោះ​​ហ្វីជី (Fiji) តែ​ដោយសារ​តែ​បញ្ហា​កូវីដ ​១៩ ទើប​​​បាន​សម្រេច​រៀបចំ​តាម​អនឡាញ​ជា​លើក​​ដំបូង​​នៅ​​ប្រទេស​​​ជប៉ុន ​វិញ​​​។​


បើ​តាម​គេហទំព័រ​ផ្លូវ​ការ​ Robocon Cambodia បាន​ឱ្យ​​ដឹង​ពី​លទ្ធផល​នៃ​​ការ​ប្រកួត​រ៉ូបូត​អន្តរជាតិ ABU Robocon Festival 2020 ថា​៖ «ក្រុម​រ៉ូបូត​​កម្ពុជា ​ឈ្នះ​ពាន​រង្វាន់ ​២ ប្រភេទ ពី​កម្មវិធី​ប្រកួត​​រ៉ូបូត​អន្តរជាតិ​ ABU Robocon Festival 2020។ ក្រុម Cambodia B-NPIC02 ឈ្នះ​ពាន​ចំណាត់​ថ្នាក់​លេខ ៥ និង​ក្រុម Cambodia A-NPIC01 ឈ្នះ​ពាន​រង្វាន់​ពិសេស​​ពី​ក្រុមហ៊ុន ROHM។​​ ដោយសារ​តែ​កូវីដ ១៩ ព្រឹត្តិការណ៍​​​ប្រកួត​រ៉ូបូត​ធំ​ប្រចាំ​ទ្វីប​អាស៊ី ​បាន​បង្វែរ​​មក​រៀបចំ​ការ​ប្រកួត​​តាម​អនឡាញ ​ដែល​មាន​​​​ក្រុម​ចំនួន ២១ មក​ពី ១១ ប្រទេស​ ក្នុង​ទ្វីប​អាស៊ី​ចូលរួម។ ក្រុម​​រ៉ូបូត​ទាំង​អស់​ត្រូវ​ផលិត​​រ៉ូបូត​​​ ដើម្បី​ឱ្យ​វា​ដំណើរការ​ទៅ​តាម​​វិញ្ញាសា​ប្រកួត​ ដែល​ឆ្នាំ​នេះ​ គឺ​អំពី​រ៉ូបូត​បាល់​ឱប​។ ចំពោះ​លទ្ធផល​ឆ្នាំ​នេះ ​គឺ​ក្រុម Japan A ចំណាត់​ថ្នាក់​លេខ ១​ ក្រុម Hong Kong A ចំណាត់​ថ្នាក់​លេខ ២ ក្រុម Japan B ចំណាត់​ថ្នាក់​លេខ ៣​ ក្រុម​ China A​ ចំណាត់​​ថ្នាក់​លេខ ​៤។ ​​ចំណែក​​ក្រុម​កម្ពុជា Cambodia B ក្រុម Thailand A និង​​ក្រុម​ Vietnam A ចំណាត់​ថ្នាក់​​លេខ ៥ ស្ទួន»​​​។


ក្រុម​រ៉ូបូត​ Cambodia A-NPIC01 ឈ្នះពាន​​ពិសេសពី​ក្រុម​ហ៊ុន​ ROHM។ រូបថត Robocon Cambodia​



ប្រភព​​ដដែល​បាន​បន្ត​​ទៀត​ថា​​៖ «​ដោយ​ឡែក​​សម្រាប់​​ក្រុម​ Cambodia ​A ក៏​ទទួល​បាន​ពាន​រង្វាន់​ពិសេស​ពី​ក្រុមហ៊ុន​ ROHM​ ផង​ដែរ​។ ​សូម​បញ្ជាក់​ថា​ ​​ក្រុម​រ៉ូបូត​តំណាង​កម្ពុជា​ទាំង ​២​ មក​ពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ដែល​ជា​ជើងឯក​ និង​ជើងឯក​រង​នៃ​ការ​ប្រកួត​​​ប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​​លើក​ទី៧ ​ឆ្នាំ ២០២០ ដែល​រៀបចំ​​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា (TVK)។


ចំណែក​លោក ថ្លាង សុចេន (Mr. Thlang Sochen) ជា​គ្រូ​​ដឹកនាំ​ក្រុម​និស្សិត​​មក​​ពី​វិទ្យាស្ថាន​​​​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ (NPIC​) ​​ក៏​បាន​ឱ្យ​ដឹង​ពី​​អារម្មណ៍​សប្បាយ​ចិត្ត​ទៅ​នឹង​ជ័យជម្នះ​របស់​ក្រុម​និស្សិត​ខ្លួន​ និង​លក្ខណពិសេស​ ដែល​នាំ​​ឱ្យ​ក្រុម​រ៉ូបូត​តំណាង​កម្ពុជា​​ឈ្នះ​​​​ពាន ២ ​ប្រភេទ​នេះ​ដែរ​ថា៖ «​ក្នុង​នាម​ជា​គ្រូ​ និង​តំណាង​ខាង​សាលា​នោះ គឺ​មាន​​ការ​សប្បាយ​ចិត្ត​​ចំពោះ​លទ្ធផល​នេះ ព្រោះ​វា​ជា​​ការ​ទទួល​បាន​ជោគជ័យ​ជា​លើក​ដំបូង​ផង​ដែរ សម្រាប់​កម្ពុជា​ដែល​ធ្លាប់​ចូលរួម​​ប្រកួត​កន្លង​មក​​។ អ្វី​ដែល​ខ្ញុំ​មាន​​សេចក្តី​ត្រេកអរ​រំភើប​ចិត្ត​នោះ គឺ​ក្រុម​និស្សិត​កម្ពុជា​យើង​មាន​ ២ ​ក្រុម​ ទៅ​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ចំនួន​ ២១ ក្រុម ដែល​​មក​ពី​ ១១ ប្រទេស​ក្នុង​តំបន់​អាស៊ី​នោះ។ ក្រុម​យើង​​បាន​​​​ឈ្នះ​​​រង្វាន់​ទាំង​ ២ ​ក្រុម ​តែ​ម្តង ​​ដែល​​​មាន​លក្ខណ​ពិសេស​​ជាង​​គេ​បន្តិច​សម្រាប់​បណ្តា​ប្រទេស​ជិត​ខាង​យើង​ដូច​ជា​ថៃ និង​វៀតណាម​»។

ក្រុម​រ៉ូបូត​ Cambodia B-NPIC02 ឈ្នះពាន​ចំណាត់ថ្នាក់​លេខ ៥ ដូចថៃ និង​វៀតណាម​។ រូប Robocon Cambodia

លោក ថ្លាង សុចេន បន្ត​ឱ្យ​ដឹង​​ពី​លក្ខណ​ពិសេស​នៃ​ក្រុម​រ៉ូបូត​​កម្ពុជា​ ដែល​មាន​ក្រុម​​ Cambodia B ​ឈ្នះ​រង្វាន់​លេខ​ ​៥ ស្ទួន​ដូចជា​ក្រុម​មក​ពី​ប្រទេស​ថៃ និង​វៀតណាម​ និង​ក្រុម​ Cambodia ​A​ ដែល​ឈ្នះ​​បាន​​ពាន​រង្វាន់​ពិសេស​ពី​ក្រុមហ៊ុន​ ROHM​ ថា៖ «សម្រាប់​​ក្រុម​ Cambodia B ​​ដែល​​​ក្រុម​នេះ បាន​ឈ្នះ​លេខ ១ ​ពី​ការ​​ប្រកួត​​​រ៉ូបូត​​​​ថ្នាក់​ជាតិ​​លើក​​​​ទី​៧ ​នៅ​​កម្ពុជា​នោះ ​គឺ​យើង​​ទទួល​បាន​​ការ​វាយ​តម្លៃ​ខ្ពស់​ត្រង់​​​​ចំណុច​​ពិសេស​មួយ ​គឺ​​មាន​​គំនិត​​​ប្រឌិត​ខ្ពស់​ដោយ​ខ្លួន​ឯង​មិន​​ចម្លង​គេ (Unique Idea)​ ដែល​​ត្រូវ​​ខាង​គណៈកម្មការ​​បាន​ផ្តល់​ពិន្ទុ​ជូន​សម្រាប់​ការ​ប្រកួត​នេះ។ ចំណែក​ឯ​ល្បឿន​​​វិញ​ រ៉ូបូត​​​​​ក្រុម​យើង​​​ក៏​មាន​លក្ខណៈ​ល្អ​​ប្រហាក់​ប្រហែល​គ្នា​​ទៅ​នឹង​​ក្រុម​របស់​ថៃ ​និង​វៀតណាម​ដែរ​ទេ​​។

​ចំណែក​ក្រុម​ ​Cambodia ​A​ ដែល​ឈ្នះ​​បាន​ពាន​រង្វាន់​ពិសេស​ពី​ក្រុមហ៊ុន​ ROHM​ នោះ​ ក៏​ទទួល​បាន​​​ការ​វាយ​តម្លៃ​​ខ្ពស់​ខាង​ផ្នែក​​​គំនិត​​ប្រឌិត​ខ្ពស់​ដោយ​ខ្លួន​ឯង​មិន​ចម្លង​គេ (Unique Idea) ដូច​គ្នា​ផង​ដែរ»៕​​​