ក្រុងតូរ៉ុនតូ៖ នៅ​ក្បែរ​បឹង​អុនតារីយ៉ូ ក្រុមហ៊ុន​បច្ចេកវិទ្យា​កាណាដា មាន​សមត្ថភាព​ប្រកាស​មុន​​​​អំពី​ហានិភ័យ​នៃ​វីរុស​អាថ៌​កំបាំង​ដែល​កើត​ឡើង​ក្នុង​ទីក្រុង​វូហាន របស់​ចិន​។ តើ​ពួក​គេ​បាន​ដឹង​យ៉ាង​ដូច​ម្ដេច? នោះ​គឺ​បច្ចេកវិទ្យា​វៃ​ឆ្លាត​។

BlueDot បាន​អភិវឌ្ឍ​បច្ចេកវិទ្យា ដែល​អាច​ត្រួត​ពិនិត្យ​លើ​អត្ថបទ​កាសែត​រាប់​សែន​រឿង​ក្នុង ​១ ថ្ងៃ​ រួម​ជាមួយ​ព័ត៌មាន​ចរាចរណ៍​ផ្លូវ​អាកាស​ ដើម្បី​ស្វែង​រក​ និង​តាម​ដាន​ការ​រីក​រាលដាល​នៃ​វីរុស​កូវីដ​-១៩​។


វា​បាន​បញ្ជូន​សារ​ប្រុង​ប្រយ័ត្ន​ទៅ​កាន់​អតិថិជន​កាល​ពី​ថ្ងៃទី ៣១ ខែ​ធ្នូ អំពី​ការ​រីក​រាលដាល​នៃ​វីរុស​កូរូណា​ថ្មី តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​អង្គភាព​សុខាភិបាល​សាធារណៈ​ពិភព​លោក​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​។


BlueDot ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូរ៉ុនតូ ​បាន​ធ្វើ​ការ​ទស្សន៍ទាយ​ដ៏​ត្រឹមត្រូវ​លើ​បណ្ដា​ប្រទេស​ដែល​វីរុស​រីកសាយ​ភាយ​ទៅ​ដល់​។


លោក ការ៉ាន់ ខាន់ ស្ថាបនិក​ក្រុមហ៊ុន​បាន​ប្រាប់​ AFP ថា​៖ «អ្វី​ដែល​​យើង​កំពុង​ព្យាយាម​ធ្វើ​គឺ ​ដើម្បី​ផ្សព្វផ្សាយ​ដោយ​ការ​ប្រើ​ទិន្នន័យ​ និង​ការ​វិភាគ​ ក៏​ដូចជា​បច្ចេកវិទ្យា​ឲ្យ​បាន​រហ័ស​ទាន់​ពេលវេលា​។ ច្បាស់​ណាស់​យើង​កំពុង​តែ​តាម​ដាន​ការ​រីក​រាលដាល​នៃ​វីរុស​ឲ្យ​ទាន់​លឿន​បំផុត​»។


Bluedot ប្រើ AI សន្និដ្ឋាន​ផ្អែកលើទិន្នន័យ​របាយការណ៍​​ ៦៥ ភាសា។ រូបថត AFP


លោក ខាន់​ អាយុ ៤៩ ឆ្នាំ ជា​អ្នក​វិភាគ​រោគ​ជា​អ្នក​មាន​គំនិត​បង្កើត​កម្មវិធី​ទូរស័ព្ទ​នេះ​ដំបូង BlueDot បន្ទាប់​ពី​ការ​រាត​ត្បាត​វីរុស​ SARS អំឡុង​ឆ្នាំ ​២០០២ និង​ឆ្នាំ ​២០០៣។

ក្រោយ​ពី​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ ​២០០៤ វា​បាន​ទស្សន៍ទាយ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​ហ្ស៊ីកា (Zika) ឆ្នាំ ​២០១៦ រួច​ហើយ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​ ៤០ នាក់ ជា​ក្រុម​ការងារ​ចម្រុះ​រវាង​គ្រូពេទ្យ​ពេទ្យ​សត្វ អ្នក​ជំនាញ​ជំងឺ​ឆ្លង អ្នក​វិទ្យាសាស្ដ្រ​ផ្នែក​ទិន្នន័យ​ និង​អ្នក​អភិវឌ្ឍ​កម្មវិធី​សូហ្វវែរ​ជាដើម​។

រៀងរាល់ ១៥ នាទី​ម្ដង​ វា​បាន​ស្កេន​របាយការណ៍​ផ្លូវ​ការ​នានា​ វេទិកា​ឯកទេស និង​ប្រភព​ព័ត៌មាន​អនឡាញ​ រួម​ទាំង​ការ​​ស្វែងរក​តាម​ពាក្យ​ពេចន៍ និង​សំណង់​ប្រយោគ​គន្លឹះ។

បច្ចេកវិទ្យា​ប្រាជ្ញា​សិប្បនិម្មិត Bluedot ​អាច​ចាប់​​ព័ត៌មាន​បាន ៦៥ ភាសា​ និង​​តាម​ដាន​ជំងឺ ១៥០ ប្រភេទ​​ខុស​ៗ​គ្នា​៕ AFP/HR