ក្រុងប៉េកាំង: ក្រុមហ៊ុនហ្គេមទូរស័ព្ទធំបំផុតមួយរបស់ចិនកំពុងដាក់លក់កម្មវិធីណាត់ជួបស្នេហ៍ភេទទី ៣ ដ៏ពេញនិយម Grindr ក្នុងតម្លៃ ៦០៨ លានដុល្លារ ក្រោយមានសម្ពាធពីអាជ្ញាធរអាមេរិកជុំវិញកង្វល់លើការប្រើប្រាស់ទិន្នន័យអ្នកចុះឈ្មោះ។
ក្រុមមន្ដ្រីសន្ដិសុខជាតិក្នុងក្រុងវ៉ាស៊ីនតោនបារម្ភថា វេទិកាសង្គមអនឡាញ ដែលបានហៅខ្លួនឯងថា ជាបណ្ដាញសង្គមធំបំផុតក្នុងលោកសម្រាប់ក្រុម LGBT អាចត្រូវបានប្រើដោយរដ្ឋាភិបាលចិនដើម្បីរកប្រាក់ផ្លូវងងឹតពីជនជាតិអាមេរិកដោយមានការអនុញ្ញាតពីរដ្ឋាភិបាល។
Beijing Kunlun Tech បានបោះទុនលើកម្មវិធីទូរស័ព្ទនេះក្នុងឆ្នាំ ២០១៦ និងបានទិញហ៊ុនទាំងអស់រយៈពេល ២ ឆ្នាំបន្ទាប់ក្នុងតម្លៃសរុប ២៤៥ លានដុល្លារ តែត្រូវបានរំសាយដោយមន្ដ្រីអាមេរិកកាលពីឆ្នាំមុន។
ក្រុមហ៊ុននឹងលក់ហ៊ុន ៩៨,៥៩ ភាគរយរបស់ Grindr ទៅឲ្យក្រុមហ៊ុន San Vicente Acquisition មានមូលដ្ឋាននៅរដ្ឋដេឡាវែរ សហរដ្ឋអាមេរិក។
ឯកសារបានបង្ហាញថា កិច្ចព្រមព្រៀងនេះនៅរង់ចាំការអនុម័តពីគណៈកម្មការអាមេរិកដែលមានអំណាចសិក្សាពីការទិញលក់ទាក់ទងនឹងប្រាក់វិនិយោគបរទេស។
Grindr បានរងនូវការចោទប្រកាន់ជាច្រើនលើកច្រើនសាចំពោះការគ្រប់គ្រងទិន្នន័យមិនត្រឹមត្រូវ ក្រោមភាពជាម្ចាស់របស់ក្រុមហ៊ុន Beijing Kunlun។
វេទិកាសង្គមនេះបានបំពានបទប្បញ្ញត្តិឯកជនភាពរបស់សហភាពអឺរ៉ុបដោយការចែករំលែកទិន្នន័យ GPS អាយុ ភេទរបស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុនភាគីទី ៣ ដើម្បីជួយធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យចំគោលដៅ។ នេះបើយោងតាមរបាយការណ៍ពីក្រុមអង្គការសិទ្ធិអ្នកប្រើប្រាស់ន័រវែស៕ HR