ភ្នំពេញ: ចំណាយ​ពេល​ត្រឹម​តែ​មួយ​​នាទី​​នៅ​បន្ទប់​ទទួល​ភ្ញៀវ​របស់​លោក អៀ សារ៉ាបុត្រ ឧបករណ៍​បច្ចេកវិទ្យា VR (Virtual Reality) របស់​លោក នឹង​នាំ​អ្នក​ទៅ​កាន់​ពិភព​ចក្កវាឡ​មួយ​រំពេច ជាមួយ​បទពិសោធ​ប៉ះ​ស្ទាប​ភព​ ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ។

ស្ថាបនិក Virtual Reality Cambo​dia រូប​នេះ​​ មាន​បំណង​​ចង់​ពង្រីក​វិសាលភាព​បច្ចេកវិទ្យា​​ដ៏​ទំនើប​នេះ​ឲ្យ​កាន់​តែ​ទូលំទូលាយ​សម្រាប់​ប្រជាជន​ខ្មែរ​ ដែល​ពី​មុន​មក​ពុំ​ធ្លាប់​ទទួល​បាន​បទពិសោធ​ពី​ការ​ប្រើប្រាស់ VR ឡើយ។


មុន​ពេល​​​លោក​ សារ៉ាបុត្រ​ ផ្ដើម​ការ​វិនិយោគ​នៅ​ឆ្នាំ ២០១៦ ​ មនុស្ស​មិន​ច្រើន​ទេ​នៅ​ប្រទេស ​កម្ពុជា ​ដែល​មាន​ឱកាស​បាន​សាកល្បង​​ប្រើ hardware ទើប​​ច្នៃ​បង្កើត​ថ្មី​បំផុត ដូចជា Oculus Rift របស់​ហ្វេសប៊ុក និង Vive ពី​ក្រុមហ៊ុន HTC ជាដើម។


ស្ថាបនិក​ក្រុមហ៊ុន​​រូប​នេះ បាន​ប្រាប់​​ភ្នំ​ពេញប៉ុស្តិ៍​ ថា ​ការ​បង្កើត​​​ Virtual Reality Cambodia នេះ គឺ​​ផ្ដើម​ចេញ​​ពី​ចំណូល​ចិត្ត​ស្រឡាញ់​​ផ្នែក​បច្ចេកវិទ្យា​ពិតៗ​របស់​លោក ក្រោយ​ពេល​លោក​បាន​​​ស្គាល់​របក​គំហើញ​ថ្មីៗ​ ដែល​ផ្ដល់​សក្ដានុពល​ក្នុង​ការ​កែប្រែ​អន្តរ​ទំនាក់ទំនង​រវាង​មនុស្ស និង​ពិភព​​​ជាក់​ស្ដែង អំឡុង​ពេល​​រស់នៅ​សហរដ្ឋ​អាមេរិក​។


លោកបង្ហាញ​ពី​ AR​​ ដែល​អាចដាក់​​ទិដ្ឋភាព​ច្នៃ​ លើទីតាំង​ជាក់ស្ដែង។ ហុង មិនា


ថ្លែង​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ដែល​បំពាក់​​ដោយ​ឧបករណ៍​ទំនើប​ចុង​ក្រោយ​នេះ លោក សារ៉ាបុត្រ បាន​បញ្ជាក់​ថា៖ «សម្រាប់​ខ្ញុំ អ្វី​ដែល​យើង​ឃើញ​នេះ វា​តំណាង​ឲ្យ​ការ​វិវឌ្ឍ​ជំហាន​បន្ទាប់​នៅ​ក្នុង​បរិស្ថាន​មួយ​ថ្មី​ដាច់​ស្រឡះ ជា​ទី​ដែល​យើង​​មាន​អារម្មណ៍ និង​អន្តរកម្ម​​ជាមួយ​​អ្វីៗ​ជុំវិញ​ខ្លួន ហាក់​បី​ដូច​ជា​​យើង​ស្ថិត​នៅ​ក្នុង​​ពិភព​នោះ​ពិតៗ»។


នេះ​ជា​ដំណើរ​ដ៏​វែង​ឆ្ងាយ​មួយ​សម្រាប់​​​​ស្ថាបនិក​ខ្មែរ​អាមេរិក លោក អៀ សារ៉ាបុត្រ ដែល​បាន​ភៀស​ខ្លួន​ពី​ប្រទេស​​កំណើត​ទៅ​​រស់នៅ​សហរដ្ឋ​អាមេរិក និង​​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ ៣០ ឆ្នាំ​ក្រោយ​នោះ។​

លោក​​​មាន​បំណង​បញ្ជ្រាប​​ការ​ប្រើប្រាស់​បច្ចេកវិទ្យា extended reality (XR), augmented reality (AR) និង​ VR ដើម្បី​​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​អាច​ស្វែងយល់​ពី​គុណ​សម្បត្តិ​របស់​វា ដូច​នឹង​បទ​ពិសោធ​របស់​លោក​ដែរ។

ស្ថិត​នៅ​ក្នុង​បន្ទប់​​​ដាក់​តាំង​ឧបករណ៍​ទំនើប​ទាំង​នេះ លោក អៀ សារ៉ាបុត្រ បាន​​ពន្យល់​បង្ហាញ​ពី​បច្ចេកវិទ្យា​នេះ ដោយ​​បំពាក់​ឧបករណ៍​នៅ​ភ្នែក​ និង​​ដៃ ធ្វើ​ឲ្យ​អ្នក​ពាក់​​ហាក់​កំពុង​​ស្ថិត​ក្នុង​លំហ​​​​មាន​ភព និង​ព្រះចន្ទ ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ​​ធ្វើ​ចលនា​ជុំវិញ​ខ្លួន​ ។

កិច្ចការ​​របស់​ Virtual Reality Cambodia គឺ​ជា​ការ​កសាង​គ្រឹះ​ថ្មី​នៅ​​​កម្ពុជា ទោះ​ជា​លោក សារ៉ាបុត្រ អះអាង​ថា បច្ចេកវិទ្យា AR, XR និង VR ត្រូវ​បាន​ប្រើប្រាស់​នៅ​បណ្ដា​ប្រទេស​ជឿនលឿន​​រួច​មក​ហើយ​ក៏​ដោយ។

ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​​ Hiverlab នៅ​សិង្ហបុរី​ លោក សារ៉ាបុត្រ ដែល​ជា​នាយក​គ្រប់គ្រង​​នៅ Hiverlab កម្ពុជា បាន​អភិវឌ្ឍ​​បច្ចេកវិទ្យា VR សម្រាប់​ការ​​បណ្ដុះបណ្ដាល​នៅ​​​អាកាស​យានដ្ឋាន Changi សិង្ហបុរី។​ លោក​ក៏​​ធ្លាប់​មាន​ស្នាដៃ​ក្នុង​ការ​ប្រើ​បច្ចេកវិទ្យា​នេះ​​ទៅ​អភិវឌ្ឍ​គំនូរ​ដ៏​ល្បីល្បាញ​ឈ្មោះ​ថា «come alive» នៅ​សារមន្ទីរ​​អាល្លឺម៉ង់ និង​ការ​ថត​ជា​វីដេអូ ៣៦០ ដឺក្រេ នៅ​សារមន្ទីរ​ទួលស្លែង​ផង​ដែរ។

បច្ចុប្បន្ន លោក សារ៉ាបុត្រ កំពុង​តែ​​ស្ថាបនា​ប្រព័ន្ធ​អេកូឡូហ្ស៊ី​សម្រាប់​បច្ចេកវិទ្យា​នេះ ដើម្បី​ឲ្យ​វា​កាន់​តែ​ងាយ​ស្រួល​ និង​ផ្ដល់​លទ្ធភាព​ប្រើប្រាស់​ដល់​មនុស្ស​កាន់​តែ​ច្រើន​​នៅ​កម្ពុជា ទាំង​ការ​ផ្ដល់ hardware និង​software ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត។

អ្នក​ចាប់​អារម្មណ៍​នឹង​បច្ចេកវិទ្យា​​ដែល​លោក​នាំ​មក​នេះ ​​អាច​​ពាក់​ឧបករណ៍​​ស្វែង​យល់​ពី​ការ​រចនា​ផ្ទះ និង​អគារ ដោយ​នេះ​គឺ​ជា​អ្វី​ដ៏​ទាក់ទង​មួយ​សម្រាប់​​បណ្ដា​​អ្នក​វិនិយោគ​អចលនទ្រព្យ​ ខណៈ​ពួក​គេ​អាច​បង្ហាញ​ពី​គម្រោង​របស់​ខ្លួន​ទៅ​កាន់​អតិថិជន​នៅ​ប្រទេស​​ផ្សេង​ផង​ដែរ។

ក្រុមហ៊ុន​ Virtual Reality Cambodia ផ្ដល់បទពិសោធ​ដល់​កុមារ​ជា​សិស្សានុសិស្ស​ ១៥០០ នាក់​​​​កាលពី​ឆ្នាំមុន​។សហការី

លោក សារ៉ាបុត្រ បាន​ឲ្យ​ដឹង​ថា៖ «យើង​​ប្រើ AR ក្នុង​ការ​ផ្ដល់​រូបភាព 3D ពី​គំរូ​អចលនទ្រព្យ​ ដែល​អាច​​យក​ទៅ​​ដាក់​បញ្ចូល​នៅ​ទីតាំង​ពិត​ប្រាកដ ដោយ​ប្រើប្រាស់​ស្មាតហ្វូន​ក្នុង​ការ​បង្ហាញ​រូបភាព​គំរូ​សាកល្បង​នៃ​អគារ និង​ការ​រចនា​ខាង​ក្នុង​បន្ទប់​ជាដើម»។

ជំនួយ​បច្ចេកវិទ្យា​នេះ​ អាច​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​​អាច​លក់​​អចលនទ្រព្យ​របស់​ពួក​គេ​ទៅ​ឲ្យ​ភ្ញៀវ​នៅ​ចិន ហុងកុង តៃវ៉ាន់ ថៃ និង​សិង្ហបុរី ជាដើម។

ឈាន​មុខ​គេ​ក្នុង​ការ​នាំ​យក VR នៅ​កម្ពុជា លោក សារ៉ាបុត្រ បាន​និយាយ​ថា ប្រទេស​កំណើត​របស់​លោក​​មាន​អំណោយផល​ល្អ​បំផុត​​ក្នុង​ការ​អភិវឌ្ឍ​​បច្ចេកវិទ្យា ដោយសារ​តែ​កម្ពុជា​បាន​ចាប់​យក​​ឧស្សាហកម្ម ៤.០ ជា​ពិសេស​គឺ​ប្រព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល។

ក្រុមហ៊ុន​របស់​លោក ជា​​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​បាន​ទទួល​ជំនួយ​ពី​កម្មវិធី​ដឹកនាំ​សហគមន៍​ របស់​ហ្វេសប៊ុក​ជាមួយ​បេសកកម្ម​ដ៏​ស្រប​នឹង​ឆន្ទៈ​ «ផ្ដល់​អំណាយ​ដល់​មនុស្ស​ក្នុង​ការ​បង្កើត​សហគមន៍ និង​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​​ពិភព​លោក​កាន់​តែ​នៅ​ជិត​គ្នា»។

លោក​​បាន​សម្ដែង​ចំណាប់​អារម្មណ៍​ថា៖ «ខ្ញុំ​ពិត​ជា​ជឿជាក់​ថា លំហូរ​បច្ចេកវិទ្យា​ពិត​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ពេល​អនាគត ក្នុង​ការ​ផ្សារ​ភ្ជាប់​សេដ្ឋកិច្ច​ឌីជីថល។ ដូច្នេះ​​​គោល​នយោបាយ​គាំទ្រ​​ការ​អប់រំ​ដោយ​ប្រើ VR និង​ AR ជា​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​គោលដៅ​ដ៏​ត្រឹមត្រូវ»។

ដូច្នេះ​ហើយ ក្រុមហ៊ុន​របស់​លោក​បាន​​ផ្ដល់​ឱកាស​ដល់​កុមារ ១ ៥០០ នាក់​ ទទួល​បទពិសោធ​ពី​ការ​សិក្សា​តាមរយៈ​ឧបករណ៍ VR នៅ Lab EdTech កាល​ពី​ឆ្នាំ​មុន។ ក្រុមហ៊ុន​ក៏​សង្ឃឹម​ថា​​នឹង​ជម្នះ​បញ្ហា​តម្លៃ​ដ៏​ថ្លៃ​នៃ​ឧបករណ៍​ ដើម្បី​បង្កើន​ឱកាស​ឲ្យ​មនុស្ស​​កាន់​តែ​ច្រើ​នៅ​កម្ពុជា​អាច​ទទួល​បាន​បទ​ពិសោធ​ដ៏​ទំនើប​នេះ។

ជាមួយ​ទស្សន​វិស័យ​ឆ្ពោះ​ទៅ​មុខ លោក សារ៉ាបុត្រ ជឿ​ថា​ អនាគត​របស់​មនុស្ស​ស្ថិត​នៅ​លើ​បច្ចេកវិទ្យា​ណាណូ ហើយ​កម្ពុជា​ក៏​អាច​ជា​ប្រទេស​មួយ​ឈាន​មុខ​គេ​លើ​វិស័យ​នេះ ដរាប​ណា​បច្ចេកវិទ្យា​ទាំង​នេះ​ ត្រូវ​បាន​បញ្ចូល​ក្នុង​ការ​សិក្សា​របស់​​ក្មេងៗ​ជំនាន់​ក្រោយ​ ដែល​នឹង​ក្លាយ​ជា​អ្នក​អភិវឌ្ឍន៍​នា​ថ្ងៃ​អនាគត។

លោក សារ៉ាបុត្រ បាន​បន្ត​ថា៖ «ស្ដាប់​ទៅ​វា​ដូច​ជា​រឿង​វិទ្យាសាស្ត្រ​បែប​ប្រឌិត ប៉ុន្តែ​វា​ពិត​ជា​អាច​ទៅ​រួច​នៅ ៥០ ឆ្នាំ​អី​ទៀត​ ដោយ​ពេល​នោះ មនុស្ស និង​ម៉ាស៊ីន​ឌីជីថល នឹង​ចាប់​ផ្ដើម​ផ្សារ​ភ្ជាប់​គ្នា ​ហើយ​នឹង​មាន​មនុស្ស​បំពាក់​ដោយ augmented implants និង​បច្ចេកវិទ្យា​ដែល​នឹង​បង្កើន​សមត្ថភាព​រាងកាយ និង​ខួរ​ក្បាល​របស់​ពួក​គេ​ផង​ដែរ»។

លោក​បន្ត​ទៀត​ថា៖ «កម្ពុជា​​ឆាប់​រហ័ស​ក្នុង​ការ​​ចាប់​យក​បច្ចេកវិទ្យា​ថ្មី ហើយ​យើង​ក៏​កំពុង​​ធ្វើ​ការ​ខ្នះខ្នែង​នាំយក​​អ្វី​ដែល​ថ្មី​មក​ចែក​រំលែក​ជាមួយ​មនុស្ស​ឲ្យ​កាន់​តែ​ច្រើន​ តាម​មធ្យោបាយ​ដ៏​ច្នៃ​ប្រឌិត ដើម្បី​ឲ្យ​ពួក​គេ​អាច​ស្វែងយល់​​ថា ​តើ​ពួក​គេ​អាច​រីករាយ និង​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពី​វា។ វា​មិនត្រឹម​តែ​ផ្ដល់​ការ​កម្សាន្ត​ទេ ថែម​ទាំង​ជា​មធ្យោបាយ​ផ្សារ​ភ្ជាប់​មនុស្ស​ក្នុង​សង្គម មក​ស្វែង​យល់ និង​បង្កើត​មាតិកា​​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​​ផង​ដែរ»៕

វីដេអូ៖