ក្រុងប៉េកាំង៖ វាមានភាពរហ័សរហួន ស្ដាប់បញ្ជា និងតែងតែបង្កើតភាពភ្ញាក់ផ្អើល។ ជួបជាមួយសុខនយន្ដ AlphaDog ជារ៉ូបូត ដែលត្រូវបានបង្កើតឡើងពីក្ដីស្រឡាញ់របស់ចិន ដោយការផ្សំបញ្ចូលរវាងធាតុផ្សំជាសត្វចិញ្ចឹម និងបច្ចេកវិទ្យា។
ឆ្កែបច្ចេកវិទ្យាទំនើបបានសេនស័រ និងបច្ចេកវិទ្យាវៃឆ្លាត AI ក្នុងការស្ដាប់ និងមើលឃើញបរិស្ថានជុំវិញខ្លួនរបស់វា ហើយក៏អាចដើរបានថែមទៀត។
លោក ម៉ា ជី ប្រធានផ្នែកបច្ចេកវិទ្យានៅក្រុមហ៊ុន Weilan ដែលផលិតឆ្កែរ៉ូបូតនេះ បាននិយាយថា៖ «វាពិតជាស្រដៀងនឹងសត្វឆ្កែមែនទែនអ៊ីចឹង»។
AlphaDog ត្រូវបានយកលំនាំតាមម៉ូដែល «Spot» ជាម៉ាស៊ីនជើង ៤ ឌីហ្សាញឡើងសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម ដោយក្រុមហ៊ុន Boston Dynamics ដែលបានក្លាយជាតារាល្បីលើអ៊ីនធឺណិតក្រោយបង្ហាញខ្លួនលើវីដេអូយូធូបជាហូរហែរ។
ក្រុមអ្នកផលិតមូលដ្ឋាននៅក្រុងណាន់ជីង បានផ្ដោតលើតម្រូវការអតិថិជន និងបាននិយាយថា ឆ្កែរ៉ូបូត ដែលដើរក្នុងល្បឿនជិត ១៥គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបង្វិលខ្លួនដូចជាឆ្កែជួបម្ចាស់ កំពុងតែពេញនិយមខ្លាំងនៅលើទីផ្សារ។
ក្រុមអ្នកអភិវឌ្ឍបានប្រើបច្ចេកវិទ្យា 5G អ៊ីនធឺណីតល្បឿនលឿនបំផុតជាមួយវេលាឆ្លើយតបល្បឿនបំផុត ដើម្បីប្រតិបត្ដិការរ៉ូបូតដោយស្វ័យប្រវត្ដិ។
ក្នុងការលក់មួយខែដំបូង ឆ្កែយន្ដ AlphaDogs ជាង ១៨០០គ្រឿង ត្រូវបានលក់ ទោះបីជាតម្លៃរបស់វាហាក់ខ្ពស់បន្ដិចគឺ ២៤០០ដុល្លារក្នុងមួយគ្រឿង។
លោក ម៉ា បានប្រាប់ AFP ថា៖ «ការបញ្ជាទិញត្រូវបានធ្វើឡើងពីអ្នកអភិវឌ្ឍកុំព្យូទ័រ អ្នករត់តាមបច្ចេកវិទ្យា ក៏ដូចជាកុមារតូចៗ ដែលចូលចិត្ដគូកនយន្ដនេះ»៕ AFP/HR