ក្រុង​តូក្យូ៖ ទំនង​ជា​ការ​ហោះហើរ​ដ៏​ឡូយ​អស្ចារ្យ តែ​ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​ឲ្យ​ដឹង​ថា ខ្លួន​កាន់​តែ​ខិត​ជិត​ការ​ផលិត​រថយន្ដ​ហោះ​មែន​ទែន​ហើយ ក្រោយ​ពី​ធ្វើ​ការ​ហោះហើរ​សាកល្បង​បាន​ម្ដង​។

វីដេអូ​ឃ្លីប​ពី​ក្រុមហ៊ុន​វិស្វកម្ម​ SkyDrive បាន​បង្ហាញ​ថា រថយន្ដ​ហោះ​ត្រូវ​បាន​​បញ្ជា​ចង្កូត​ដោយ​មនុស្ស​ផ្ទាល់​ ដែល​ប្រើ​ស្លាប​ចក្រ​ចំនួន ៨ ដើម្បី​លើក​តួ​រថយន្ដ​ដ៏​តូច​ច្រឡឹង​ហោះ​ឡើង​ ក្រវែល​ទីលាន​ហោះហើរ​សាកល្បង​។


ប៉ុន្ដែ​ខណៈ​វីដេអូ​ឃ្លីប​បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​រឿង «​Blade Runner» និង​រឿង «​Back to the Future» មាន​ភាព​ស្រឡាំង​កាំង​ ដោយ​ការ​​ធ្វើ​តេស្ដ​ហោះហើរ​សាកល្បង​​មាន​​លក្ខណៈ​ខុស​ប្លែក​ពី​រថយន្ដ​​ហោះ​ក្នុង​ខ្សែ​​ភាពយន្ដ​។


ទោះ​ជា​យ៉ាង​ណា​ក្ដី រថយន្ត​ហោះ​នៅ​​តែ​ជា​​វិធាន​ការ​គេច​ចេញ​ពី​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ដែល​បណ្ដា​ប្រទេស​ជា​ច្រើន​កំពុង​ប្រឈម​។


ក្រុមហ៊ុន​បាន​កោត​សរសើរ​ «​ការ​បង្ហាញ​វត្ដមាន​រថយន្ដ​ហោះ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​​​ជប៉ុន​» និង​បាន​ឲ្យ​ដឹង​ថា រថយន្ដ​ហោះ​នេះ​ត្រូវ​បាន​ផលិត​ក្នុង​ទំហំ​សម្រាប់​មនុស្ស ២ ​នាក់ និង​បាន​ហោះហើរ​ក្រវែល​ទីលាន​រយៈពេល​​ ៤ ​នាទី​ ក្នុង​ពេល​សាកល្បង​។


អគ្គនាយក SkyDrive លោក តូម៉ូហ៊ីរ៉ុ បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «​យើង​ចង់​ដឹង​ច្បាស់​អំពី​សង្គម​ ដែល​រថយន្ដ​ហោះ​អាច​កើត​មាន​ជា​រូបរាង​ និង​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល​នៅ​លើ​អាកាស​»។


រថយន្តហោះ​​​បាន​ក្រវែលទីលាន​រយៈពេល ៤ នាទី ក្នុងពេល​សាកល្បង​។ រូបថត AFP

a

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ខ្លួន​ចង់​ឲ្យ​រថយន្ដ​ហោះ​នេះ​ដំណើរការ​ក្នុង​ប្រទេស​ជប៉ុន ​នៅ​អំឡុង​ឆ្នាំ ​២០៣០ ដោយ​មាន​របាយការណ៍​បាន​លើក​ឡើង​ថា វា​អាច​មាន​តម្លៃ​រហូត​ដល់ ៣០ ​ម៉ឺន​ដុល្លារ​ ​ក្នុង ​១ គ្រឿង​។

រថយន្ដ​ហោះ​មិន​មែន​ជា​ជំហាន​​អភិវឌ្ឍន៍​ដំបូង​របស់​មនុស្ស​ឡើយ​។

ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​បាន​ធ្វើ​តេស្ដ​តាក់ស៊ី​ហោះ​នៅ​ទឹកដី​សិង្ហបុរី​​កាល​ពី​ខែ​តុលា ដោយ​បាន​ឲ្យ​ដឹង​ថា ខ្លួន​រំពឹង​ថា ការ​ច្នៃ​បង្កើត​នេះ​ ដែល​មាន​រូបរាង​ដូច​យន្ដហោះ​​ដ្រូន នឹង​ធ្វើ​បដិវត្ដ​ន៍ទៅ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​នៅតាម​ទីក្រុង​ដ៏​កកកុញ​នានា​។

ក្រុមហ៊ុន Volocopter បាន​ធ្វើ​តេស្ដ​សាកល្បង​តាក់ស៊ី​កៅអី ២ ប្រតិបត្ដិការ​ដោយ​ថាមពល​អាគុយ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ​ជុំវិញ​ពិភព​លោក តែ​ស្ថានភាព​ចរាចរណ៍​នៅ​សិង្ហបុរី​ គឺ​ជា​ចំណុច​ស្នូល​ដំបូង​បំផុត​។

ក្រុមហ៊ុន​ជា​ច្រើន​ទៀត​កំពុង​ធ្វើ​កិច្ចការ​លើ​គម្រោង​ស្រដៀង​គ្នា​នេះ រួមទាំង Boeing, Airbus, Toyota និង​ Hyundai ​ជា​ដើម៕ AFP/HR