ក្រុងប៉ារីស៖ តាក់ស៊ី​ហោះ​អគ្គិសនី​លើ​ដង​ទន្លេ​ទទួល​ជោគជ័យ​ក្នុង​ការ​ធ្វើ​តេស្ដ​សាកល្បង​ដោយ​ក្រុម​អ្នក​ផលិត​ ខណៈ​សេវាកម្ម​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​បែប​ស្ទួយ​បរិស្ថាន​ត្រូវ​បាន​ដាក់​ប្រើ​ថាមពល​អគ្គិសនី​ចរាចរណ៍​ក្នុង​ទីក្រុង​ប៉ារីស​នា​សប្ដាហ៍​នេះ ​ដោយ​ការ​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ​នេះ​។

ដំណើរ​ពី​ប៉ម​ Eiffel Tower ភាគ​ខាង​លិច​ទៅ​កាន់​ព្រះវិហារ Notre Dame កាត់​ផ្ទៃ​ទឹក​ វា​ចំណាយ​ពេល​តែ​ប៉ុន្មាន​នាទី​ ខណៈ​យាន​ទឹក​នេះ​ឆ្លង​កាត់​តាម​បណ្ដោយ​នៃ​ដង​ទន្លេ​។


ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​ម្ចាស់​ទូក​បារាំង Alain Thebault​ តាក់ស៊ី​ហោះ​លើ​ទឹក​​នេះ ​​អត់​មាន​សំឡេង​រំខាន​ និង​គ្មាន​រលក​ ព្រម​ទាំង​មិន​បញ្ចេញ​ឧស្ម័ន​បំពុល​បរិស្ថាន​ ដោយ​ទទួល​បាន​ការ​ឯកភាព​ពី​មន្ដ្រី​ដឹក​ជញ្ជូន​បារាំង​ ដែល​ចង់​ឲ្យ​ទីក្រុង​មាន​ជម្រើស​ដឹក​ជញ្ជូន​ស្ទួយ​បរិស្ថាន​ថ្មី​សម្រាប់​ការ​រៀបចំ​ព្រឹត្ដិការណ៍​អូឡាំពិក​ឆ្នាំ​ ២០២៤ ក្នុង​ទីក្រុង​ប៉ារីស​។


Bubble ស្រដៀង​នឹង​ប្រភេទ​ទូក​ល្បឿន​លឿន​​ជាមួយ​បន្ទះ​កែវ​ក្រែប​ស្ថិត​នៅ​ខាង​ក្រោម​ មាន​អានុភាព​លើក​​តួ​យាន​ខ្ពស់​ផុត​ពី​ផ្ទៃ​ទឹក​ ពេល​វា​ស្ទុះ​ដល់​ល្បឿន​កំណត់​ ដែល​បំពាក់​ថាមពល​ដោយ​អាគុយ​អគ្គិសនី​។


បេសកកម្ម​តាក់ស៊ីហោះ​​នាំ​​ទេសចរ​កម្សាន្ត​​ដោយ​មិនប៉ះពាល់​​បរិស្ថាន​។ រូបថត AFP


ម៉ូដែល​គំរូ​ដំបូង​ ដែល​អាច​ដឹក​មនុស្ស​បាន ៤ នាក់ ត្រូវ​បាន​ធ្វើ​តេស្ដ​បើកបរ​សាកល្បង​ដំបូង​នៅ​ដង​ទន្លេ Seine កាល​ពី​ខែ ​មិថុនា ឆ្នាំ​២០១៧ ដោយ​មាន​វត្ដមាន​អភិបាល​ក្រុង អានណេ ហ៊ីដាល់​ហ្គោ​ ផង​ដែរ​។


ប្រតិបត្ដិករ​យាន​បាន​និយាយ​ថា ពួក​គេ​ទទួល​បាន​​សំណើ​យ៉ាង​ច្រើន​សន្ធឹក​ឲ្យ​ប្រតិបត្ដិការ​យាន​តាក់ស៊ី​នេះ​នៅ​បណ្ដា​ទីក្រុង​ដទៃ ដូចជា ហ្សឺណែវ ម៉ៃអាមី និង សង់ត្រូប៉េ ជា​ដើម​ ។

ក្នុង​ទីក្រុង​ប៉ារីស ​ក្រុមហ៊ុន​​បាន​ចាប់​ដៃ​​ជាមួយ​ប្រតិបត្ដិករ​ទេសចរណ៍​ដែល​​ផ្ដល់​កញ្ចប់​ដំណើរ​កម្សាន្ដ​បែប​ប្រណីត​​លើ​ដង​ទន្លេ Seine​ ។

អគ្គនាយក ​Sea Bubbles និង​ម្ចាស់ជើង​ឯកទូក​ប្រណាំង​ស៊ុយអែត Anders Bringdal បាន​និយាយ​ថា៖ «​វាជា​​​រជ្ជកាល​បៃតង​សម្រាប់​ប្រតិបត្ដិការ​​​តាក់ស៊ី​ហោះ​​ឆ្នាំ ​២០២០»។

តាក់ស៊ី​ នឹង​មិន​​បង្ក​សំឡេង​រំខាន បង្កើត​​​រលក​ និង​មិន​បញ្ចេញ​ឧស្ម័ន​បំពុល​​បរិស្ថាន​នៅទន្លេ​សែន​ ទីក្រុង​ប៉ារីស​នោះ​ទេ​៕ AFP/HR