ក្រុងហាណូយ៖ ទោះដេកគិត ក៏កុមារតូចនឹងមិននឹកដល់ការធ្វើកម្មសិទ្ធិលើកំពូលរថយន្ដទំនើបម៉ូដែលស្ព័រ Spider, Centodieci ឬ Aventador នោះទេ។
ទើបអាយុ ១៨ ខែ តែកុមារា ត្រួង ធៀនបាវ មានឱកាសឡើងបញ្ជាដៃចង្កូតរថយន្ដ ហើយនេះជាគុណសម្បត្ដិរបស់ឪពុកឈ្មោះ ត្រួង វ៉ាន់ដាវ ដែលខិតខំច្នៃផលិតរថយន្ដឈើដោយចម្លងចេញពីម៉ូដែលកំពូលរថយន្ដ។
បាក់និញ អាចត្រូវបានចាត់ទុកជាទីក្រុងជាងឈើរបស់វៀតណាម តែបុរសកូនមួយឈ្មោះ ដាវ អាយុ ៣០ ឆ្នាំ មានចំណាប់អារម្មណ៍ខ្លាំងលើម៉ូដែលរថយន្ដប្រណីតៗ Ferraris ជាជាងគ្រឿងសង្ហារិម។
លោកបានផលិតរថយន្ដចម្លងឃ្យូតៗពីឈើឱ្យកូនប្រុសពីម៉ូដែល Bugatti Centodieci។ កុមាររូបនេះក៏មានរថយន្ដកម្មសិទ្ធិ Ferrari និងគម្រោងចុងក្រោយគឺ រថយន្ដឈើម៉ូដែល BMW 326 Hommage ថែមទៀត។ រថយន្ដទាំងនោះសុទ្ធតែផលិតឡើងពីឈើ។
លោក ដាវ បាននិយាយថា៖ «ខ្ញុំបានធំធាត់ក្នុងគ្រួសារជាងឈើ។ ដូច្នេះខ្ញុំពិតជាត្រូវផលិតសម្ភារទាំងអស់ពីឈើ។ ថ្មីៗនេះ ខ្ញុំបានផលិតវីដេអូអំពីការផលិតសម្ភារពីឈើ ហើយវាទទួលបានការពេញនិយមពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស»។
លោក ដាវ ធ្វើការលើគម្រោងរថយន្ដប្រណីតជាមួយជាងឈើ ៣ នាក់ផ្សេងទៀត។ រថយន្ដចុងក្រោយបំផុតនេះត្រូវការពេលផលិត ២ ខែ។
ការកសាងរថយន្ដឈើដែលអាចបើកបរបាន មិនមែនជារឿងលំៗនោះទេ។ វាត្រូវការភាពហ្មត់ចត់ និងជួបបញ្ហានានាដែលលោក ដាវ ត្រូវដោះស្រាយ។
លោកបាននិយាយថា៖ «យើងមានបទពិសោធផ្នែកជាងឈើ តែជួបការលំបាកដែលត្រូវធ្វើឱ្យរថយន្ដឈើដំណើរការទៅមុខ ដូចរថយន្ដពិតប្រាកដ។ រថយន្ដដំបូងរបស់ខ្ញុំជួបការបរាជ័យ តែវីដេអូអំពីរថយន្ដនោះ ដែលខ្ញុំបង្ហោះលើយូរធូបមានអ្នកមើលជាង ២៤ លានដង។ ទើបប៉ុន្មានឆ្នាំមុននេះ ខ្ញុំដឹងក្ដីច្បាស់ពីជំនាញជាងឈើក្នុងភូមិ ដែលធ្លាប់តែផលិតសម្ភារប្រពៃណី និងដឹងអំពីរថយន្ដតូចៗសម្រាប់ក្មេងៗ។ អ៊ីចឹងខ្ញុំមានគំនិតផលិតរថយន្ដឈើពិតតែម្ដង»។
ជាមួយជំនាញជាងឈើ ដែលលោកផ្ដោតលើភាពលម្អិតនៃរថយន្ដ គួបផ្សំក្ដីស្រមើស្រមៃ ទីក្រុងបាក់និញ ជាតំបន់សមទំនងនឹងអាចក្លាយជាទីក្រុងរថយន្ដឈើរបស់វៀតណាមនាពេលអនាគត៕ VNS/HR