ភ្នំពេញ៖ បំពាក់កង់មុខ ២ និង ១ ខាងក្រោយសម្រាប់រុញតួមុខឲ្យធ្វើចលនា ត្រីចក្រយានយន្តថ្មីឥតកញ្ចក់បិទបាំងបាននាំឲ្យអ្នកដំណើរ ៣-៤ នាក់ អង្គុយលើកៅអីដ៏មានផាសុកភាព ស្រូបយកខ្យល់អាកាស និងគយគន់ ទេសភាពប្រកបដោយសុវត្ថិភាព។
យានជំនិះនេះជាស្នាដៃបុរសជនជាតិខ្មែរលោក សេង រិទ្ធី ដែលតែងដិតដាមនូវបទពិសោធលំបាករបស់ឪពុកម្ដាយក្នុងការប្រើម៉ូតូដឹកកូនចៅ និងអីវ៉ាន់សំពីងសំពោង។
លោក រិទ្ធី បានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «កាលនោះខ្ញុំប្រហែលជាអាយុ ៧-៨ ឆ្នាំ ពួកយើងគ្មានលទ្ធភាពទិញឡានជិះទេ មានតែម៉ូតូ ១ ដែលគាត់តែងតែដឹកអីវ៉ាន់ផងខ្ញុំផងទៅជាមួយ។ ឃើញបែបនេះខ្ញុំគិតក្នុងចិត្តមករហូតថា បើផ្សារម៉ូតូ ២ ជាប់គ្នាវាអាចដូចជាឡានដែរ»។
ក្ដីស្រមៃនេះតែងដក់ជាប់ក្នុងចិត្តរបស់លោក រហូតកាលពី ២ ឆ្នាំមុន លោក រិទ្ធី ក៏បានសន្សំថវិកាផ្ទាល់ខ្លួន គួបផ្សំនឹងឱកាសទទួលការឧបត្ថម្ភពីលោក ស្រី ចាន់ថន ក្នុងការសិក្សាគម្រោងច្នៃត្រីចក្រយានយន្ត។
គំនិតកែច្នៃយានជំនិះក្រៅអាជីពឯកទេសរបស់ខ្លួន ត្រូវបានលោកបញ្ជាក់ប្រាប់ថា៖ «ខ្ញុំរៀនគ្មានគ្រូទេ ដោយមានចំណេះខ្លួនឯងខ្លះ និងមើលតាមអ៊ីនធឺណិតខ្លះ។ ខ្ញុំស្រាវជ្រាវអនុវត្តជាមួយរថយន្ត និងម៉ូតូខ្លួនឯង ដោះដាក់ខ្លួនឯងចុះឡើងរហូតខ្ញុំរកឃើញអ្វីដែលខ្ញុំត្រូវការសម្រាប់ការបង្កើតរបស់ខ្ញុំ»។
បុរសវ័យ ៣៤ ឆ្នាំ រូបនេះ និងកូនជាង ៣ នាក់ ទៀតបច្ចុប្បន្នអាចបង្កើតបានត្រីចក្រយានយន្តចំនួន ២ គ្រឿង ប្រភេទខុសគ្នា ដែលអាចដំណើរបានតាមដងវិថី ហើយគ្រឿងទី៣ កំពុងត្រូវបានកែច្នៃ។
យោងតាមលោក រិទ្ធី ត្រីចក្រយានយន្តគ្រឿងទី១ និងទី២ មានលក្ខណៈប្រហាក់ប្រហែលគ្នាជាមួយកម្លាំង ១១០cc និងអាចបើកបរលើចម្ងាយប្រហែលជា ៥០ គីឡូម៉ែត្រ។
លោកពិពណ៌នាទៀតថា៖ «គ្រឿងទី១ នេះវាមានទំហំធំជាងគ្រឿងទី២ បន្តិចអាចជិះបាន ៤ នាក់ បើដាក់លក់នៅលើទីផ្សារអាចថា ២ ៥០០ ដុល្លារ។ ចំណែកគ្រឿងទី២ ខ្ញុំធ្វើបែបជាឡាន ១ បាំងកន្លះដោយវា តូចជាងទី១ បន្តិចតម្លៃវាគឺ ២ ០០០ ដុល្លារ តែក៏អាចជិះបាន ៣ ទៅ ៤ នាក់ដូចគ្នា»។
បំពាក់ដោយកៅអីអង្គុយបែបរថយន្តស្ព័រ វាអាចសម្រួលដល់អ្នកបើកបរមិនឲ្យចុករួយខ្នង ឬចង្កេះ។ ទោះជាតួមានកង់ ៣ ហើយរាងរៅស្រដៀងរថយន្តក៏ពិតមែន តែយានជំនិះនេះ បំពាក់ប្រព័ន្ធហ្វ្រាំងម៉ូតូ ហើយតួខាងក្រោយធ្វើពីគ្រឿងម៉ូតូសុទ្ធ។
លោក សេង រិទ្ធី បានអះអាងថា៖ «ខ្ញុំសាកល្បងឡើងទួល ជួនកាលមិនចាំបាច់សាងលេខផង ពិសេសជាងនេះទៀតនោះ គឺវាស៊ីសាំងតិចបើប្រៀបធៀបជាមួយឡានផ្សេងៗ»។
ខណៈត្រីចក្រយាន្តគ្រឿងទី១ លោកបានចំណាយពេល ៣ ខែ លោក រិទ្ធី បានបន្ថែមថា៖ «តែគ្រឿងទី២ ខ្ញុំចំណាយត្រឹមតែ ១ ខែកន្លះប៉ុណ្ណោះព្រោះមានបទពិសោធខ្លះហើយពីគ្រឿងទី១ សម្រាប់គ្រឿងទី៣ ដែលកំពុងដំណើរការនេះវិញខ្ញុំសន្មតថា ត្រឹម ២ អាទិត្យនឹងរួចរាល់»។
ខុសប្លែកពីយានជំនិះទាំង ២ ដែលលោកបានធ្វើរួច គ្រឿងទី៣ លោក រិទ្ធី គ្រោងនឹងដំឡើងកម្លាំងម៉ាស៊ីន ២០០cc ដើម្បីឲ្យអតិថិជនអាចជិះបានក្នុងចម្ងាយឆ្ងាយៗ និងឆ្លងខេត្តបានផងដែរ។
មុនឈានដល់ដំណាក់កាលនេះ បុរសដែលមានអាជីពធ្វើផ្ទះចល័តរូបនេះក៏បានរៀបរាប់ពីផលវិបាករបស់លោកថា៖ «ជួនកាលពេលទៅទិញគ្រឿងបន្លាស់ផ្សេងៗ អ្នកលក់គាត់អត់ស្គាល់ អត់យល់ថាយើងចង់បានអី ហេតុនេះខ្ញុំក៏ត្រូវកម្មង់ពីក្រៅប្រទេសដូចជាអាមេរិកជាដើម។ មួយវិញទៀត គឺនៅពេលយើងយកទៅដំឡើងវាអត់ត្រូវ យើងត្រូវប្ដូរចុះឡើង ថវិកាក៏ត្រូវចំណាយច្រើន។ ពួកយើងបរាជ័យច្រើនដងណាស់»។
បុរសដែលធ្លាប់ច្នៃកូនអូប័រតូច និងកង្ហារត្រជាក់ដាក់ក្នុងកង់ ៣ ឥណ្ឌារូបនេះអះអាងថា គ្រឿងបន្លាស់សុទ្ធតែមានគុណភាព។ លោកបញ្ជាក់ថា យានជំនិះទាំងនេះអាចជិះបានយូរអង្វែងណាស់។
ក្នុងការរៀបរាប់ពីយានជំនិះ និងតម្លៃនេះ ជាក់ស្ដែងលោកមិនទាន់បានដាក់លក់នៅឡើយទេ ដោយគ្រឿងទី១ លោកបានប្រគល់ឲ្យលោកឧកញ៉ាដែលបានឧបត្ថម្ភថវិកាផលិត និងគ្រឿងទី២ នៅជាមួយឪពុករបស់លោក។
យ៉ាងណាមិញ លោក រិទ្ធី បានប្រាប់ថា៖ «តែខ្ញុំមានអតិថិជនទាក់ទងមកហូរហែ។ អ្នកខ្លះថែមទាំងកក់លុយទុកមុនទៀត តែខ្ញុំមិនទទួល។ ខ្ញុំថាបើរួចរាល់ពេលណា គាត់មកមើលសិន បើពេញចិត្តចាំយកចុះ»។
ឆ្លើយតបនឹងស្នាដៃកែច្នៃយានជំនិះទាំងនេះ មហាជនដែលបានប្រទះឃើញតាមបណ្ដាញសង្គម អ្នកខ្លះក៏ផ្ដល់យោបល់ឲ្យរូបលោកបន្ថែមកៅអី ឬបង្អួចកញ្ចក់ផ្សេងៗ។
លោកក៏បានព្យាយាមកែច្នៃតម្រូវតាមអតិថិជនដែរ តែចំណុចខ្លះលោកពន្យល់ថា៖ «ថ្វីដ្បិតថាជាអ្នកកែច្នៃមែន តែខ្ញុំក៏មិនអាចតម្រូវតាមពួកគាត់ទាំងអស់ដែរ ព្រោះខ្លះវាមិនត្រូវស្តង់ដា ឬការកំណត់របស់វាបាន ហើយខ្ញុំក៏ពន្យល់ពួកគាត់តាមនោះ»។
សម្រាប់តម្លៃលក់ លោកនឹងព្យាយាមធ្វើឲ្យសមស្របនឹងជីវភាពប្រជាជនខ្មែរក្នុងតម្លៃប្រមាណ ២ ០០០ ដុល្លារ៕