ក្រុងប៉ារីស: បុរស​ជនជាតិ​បារាំង​ម្នាក់​ដែល​បង្កើត​ភាពច្នៃប្រឌិត​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ទូទាំង​ប្រទេស​ជាមួយ​ការផលិត​ក្ដារ​ហោះ «Flyboard» បំណង​ឆ្លងកាត់​ដែនសមុទ្រ​អង់គ្លេស (English Channel) ក្រោយ​បរាជ័យ​កាលពី​សប្ដាហ៍​មុន​។

អតីត​ម្ចាស់​ជើងឯក​ស្គី​អាកាស Franky Zapata គ្រោង​ចេញ​ដំណើរ​ពី​ឃុំ Sangatte ភាគ​ខាងជើង​ប្រទេស​បារាំង​នៅ​ថ្ងៃ​អាទិត្យ​លើ​ដំណើរ​រយៈពេល ២០ ​នាទី​ទៅ​កាន់​ឆក St Margaret''s Bay ក្នុង​ក្រុង Dover​។


អ្នកនាំពាក្យ​បាន​ប្រាប់ AFP ថា​៖ «​យើង​បាន​សម្រេច​ចិត្ដ​ប្រើ​ទូក​ធំ​ដើម្បី​បន្ថែម​ប្រេង​ដល់​ក្ដារ​ហោះ​ឡើងវិញ ជា​ប្រភេទ​នាវា​ដែល​នឹង​ដាក់​ក្នុង​ដែនទឹក​បារាំង ដែល​អាជ្ញាធរ​បារាំង​មិន​ទាន់​ផ្ដល់​អាជ្ញាប័ណ្ណ​នៅ​ឡើយ​»​។


ក្ដារ​ហោះ​អនុញ្ញាត​ឲ្យ​លោក Zapata ហោះហើរ​កាត់​អាកាសា​ក្នុង​ល្បឿន ១៩០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង និង​ធ្វើឲ្យ​កង​ទាហាន​បារាំង​ចាប់អារម្មណ៍​។ លោក​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​នៅក្នុង​ពិធី​ព្យុហយាត្រា Bastille Day ថ្ងៃទី​ ១៤ ខែ​កក្កដា នៅ​ទីក្រុង​ប៉ារីស​ជា​កន្លែង​លោក​បណ្ដែត​ខ្លួន​លើ​មហាជន​រួមទាំង​ប្រធានាធិបតី​បារាំង អេម៉ានូអែល ម៉ាក្រុង ផង​ដែរ​។


លោក Zapata បាន​អភិវឌ្ឍ​ក្ដារហោះ​នេះ​កាលពី ៣ ​ឆ្នាំ​មុន និង​បន្ដ​ធ្វើ​កិច្ចការ​នេះ​ទោះ​បាត់បង់​ម្រាមដៃ​ ២ ដោយ​ជាប់​ក្នុង​ម៉ាស៊ីន អំឡុង​ហោះហើរ​សាកល្បង​នៅ​រោង​ជាង​លោក​ក្ដី​។


លោក​បាន​ប្រាប់​វេបសាយ​បារាំង Brut ថា​៖ «​ខ្ញុំ​ត្រូវ​ចរចា​តឹងសរសៃក​ជាមួយ​ភរិយា​ដើម្បី​បន្ត​ផលិត​ក្ដារ​ហោះ​នេះ​។ វា​គឺជា​ស្នាដៃ និង​កិច្ចការ​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ​ហើយ​»៕ HR